ក្រុមមន្ត្រីនៃអង្គការសង្គមស៊ីវិល បានចាត់ទុក បទបញ្ជារបស់ក្រសួងមហាផ្ទៃ ដែលស្នើឲ្យអភិបាលរាជធានីខេត្ត ឃ្លាំមើលសកម្មភាពនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន មុនថ្ងៃសវនាការលើបណ្តឹងរំលាយគណបក្សប្រឆាំង ថាជាចេតនាបំបិទសិទ្ធិពលរដ្ឋក្នុងការអនុវត្តសិទ្ធិនយោបាយ និងបញ្ចេញមតិហើយក៏ជាការរំលោភលើរដ្ឋធមនុញ្ញកម្ពុជាផងដែរ។
ក្នុងលិខិតជូនលិខិតជូនដំណឹងមួយ ដែលមានកម្រាស់ ១ទំព័រ ចុះពីថ្ងៃទី១៣ ខែវិច្ឆិកាកន្លងទៅ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាឱ្យចៅហ្វាយក្រុង និងខេត្តនានា ក្នុងខ្លឹមសារដើមថា៖
«ខ្ញុំសូមជម្រាបជូនឯកឧត្តម លោកជំទាវអភិបាលនៃគណៈអភិបាលរាជធានីខេត្ត ជ្រាបថា ដើម្បីគ្រប់គ្រង តាមដានសភាពការណ៍ និងដោះស្រាយបញ្ហានានា បានទាន់ពេលវេលា និងឆាប់រហ័ស នៅតាមរដ្ឋបាលរាជធានី ខេត្តក្រសួងមហាផ្ទៃស្នើឯកឧត្តម លោកជំទាវ រៀបចំក្រុមការងារប្រចាំបញ្ជា សម្រាប់តាមដាន និងដោះស្រាយបញ្ហានានាពាក់ព័ន្ធនឹងឧបាយកលផ្តួលរំលំរដ្ឋអំណាចស្របច្បាប់នៅកម្ពុជា ចាប់ពីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ តទៅ និងរាយការណ៍មកក្រសួងមហាផ្ទៃ»។
លោក អ៊ិន គង់ជិត មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សរបស់អង្គការលីកាដូ ប្រចាំខេត្តកោះកុង មានប្រសាសន៍ប្រាប់ VOA នៅថ្ងៃអង្គារនេះថា អាជ្ញាធរបានចាប់ផ្តើមបង្កើនការឆែកឆេរប្រជាពលរដ្ឋ ដែលធ្វើដំណើរចេញចូលខេត្តចាប់តាំងពីថ្ងៃអាទិត្យមក ដោយអាជ្ញាធរបានស្ទាក់សួរអ្នកដំណើរចេញចូលនៃផ្នែកមួយចំនួនរបស់ខេត្តកោះកុង។អ្នកការពារសិទ្ធិមនុស្សរូបនេះបន្តថា សកម្មភាពរបស់អាជ្ញាធរបានបន្តរហូតដល់ថ្ងៃអង្គារនេះ។
«យើងឃើញថា ដាក់កម្លាំងហ្នឹង គឺបានឆែកឆេរ និងសួរនាំអ្នកដំណើរទាំងអស់គ្រប់ៗគ្នាសួរនាំ ទៅណាមកណាអីណ៎ា។ បាទអាហ្នឹងវា អីចឹងសកម្មភាពទាំងអស់ហ្នឹងវា ប៉ះពាល់ទៅដល់សេរីភាពរបស់ប្រជាពលរដ្ឋ ទាំងក្នុងការធ្វើដំណើរ ទាំងក្នុងការសម្តែងមតិ ហើយនិងសេរីភាព សិទ្ធិនយោបាយរបស់គាត់ អីចឹងទៅណា៎! បាទ!»។
ការសម្រេចរឹតបន្តឹងផ្នែកសន្តិសុខ ទូទាំងប្រទេសកម្ពុជារបស់ក្រសួងមហាផ្ទៃ ធ្វើឡើង២ថ្ងៃមុនពេលតុលាការកំពូលបើសវនាការលើបណ្តឹងស្នើសុំរំលាយគណបក្សសង្គ្រោះជាតិ ដែលគេស្គាល់ថាជាដៃគូប្រជែងដ៏ធំរបស់បក្សកាន់អំណាចរបស់លោក ហ៊ុន សែន នៅក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៨។
លោក អ៊ិន គង់ជិត យល់ថា ចំណាត់ការរបស់ក្រសួងមហាផ្ទៃ បានបង្ហាញពីការភ័យខ្លាច ជ្រុលហួសហេតុ ចំពោះហេតុការណ៍ដែលមិនអាចនឹងកើតមានឡើង ក្នុងនោះមានចលនាបះបោរឬក៏សកម្មភាពធ្វើបដិវត្តន៍។
«តាមដែលខ្ញុំសង្កេតមើលទិដ្ឋភាព នៅក្នុងខេត្តកោះកុងនេះគឺ ដូចជាពុំមានអ្នកណាមួយដែលមានគំនិតផ្តួចផ្តើម ឬចង់ទៅប្រមូលផ្តុំគ្នាធ្វើបដិវត្តន៍ពណ៌ផ្តួលរំលំរដ្ឋាភិបាលដូចអត់ទេ ពីព្រោះរាល់ថ្ងៃហ្នឹង ប៉ូលិសប៉ុស្តិ៍គ្រប់ឃុំ ប៉ូលិសប៉ុស្តិ៍គ្រប់ឃុំហ្នឹងបាន តាមដានទៅលើសកម្មភាពប្រជាពលរដ្ឋនៅក្នុងភូមិ តាមភូមិហ្នឹងឡើងជាប់លាប់បាទ។ អីចឹងសូម្បីតែប្រជាពលរដ្ឋចេញទៅណាៗ ទៅគាត់ធ្វើដំណើរទៅភ្នំពេញ ដែលមានកិច្ចការងារផ្ទាល់ខ្លួន គ្រាន់តែគាត់ឈឺថ្កាត់ទៅព្យាបាលហ្នឹង ក៏សួរនាំគាត់ដែរ»។
នៅមុនការចេញបទបញ្ជារបស់លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង បានចេញសេចក្តីជូនដំណឹង ដោយបានស្នើឲ្យប្រជាពលរដ្ឋរក្សាភាពស្ងៀមស្ងាត់ ហើយថាខ្លួននឹងចាត់ការលើសកម្មភាពណាមួយ ក្នុងការទៅរារាំងចំណាត់ការរបស់តុលាការកំពូល ដែលនឹងបើកសវនាការកាត់ក្តីគណបក្សសង្គ្រោះជាតិ ដោយហេតុ មេដឹកនាំគណបក្សនេះ គឺលោក កឹម សុខា និងបក្សពួក បានឃុបឃិតជាមួយបរទេសក្នុងការធ្វើបដិវត្តន៍ពណ៌ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ កើតចេញពីឆន្ទៈរបស់ប្រជាពលរដ្ឋ។
លិខិតរបស់រដ្ឋបាលខេត្តកោះកុង ចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ បានបញ្ជាក់ឲ្យដឹងតាមន័យដើមថា៖
«សូមជូនដំណឹងដល់ប្រជាពលរដ្ឋ និងសកម្មជននានារបស់គណបក្សសង្គ្រោះជាតិ សូមឈប់គាំទ្រដល់គណបក្ស បុគ្គល និងបក្សពួកដែលក្បត់ជាតិនេះ ព្រោះវិធានការរបស់តុលាការ គឺសំដៅតែទៅលើបុគ្គល កឹម សុខា និងអ្នកពាក់ព័ន្ធកំពូលតែប៉ុណ្ណោះ។ ក្នុងន័យនេះ ប្រសិនបើគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តពិនិត្យឃើញថា សកម្មជន និងអ្នកពាក់ព័ន្ធមួយចំនួនក្នុងខេត្តកោះកុង នឹងទៅរារាំងចំណាត់ការរបស់តុលាការកំពូល គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នឹងចាត់វិធានការតាមផ្លូវច្បាប់ដល់អ្នកទាំងនោះ»។
លោក យឿង សុធារ៉ា មន្រ្តីច្បាប់ និងអង្កេតនៃអង្គការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា ហៅកាត់ថាខុមហ្វ្រែល បានប្រាប់ VOA នៅថ្ងៃអង្គារនេះ ថាវិធានការរបស់ក្រសួងមហាផ្ទៃ គឺធ្វើឡើង ដោយផ្ទុយពីច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា ដែលនៅមានសុពលភាពនៅឡើយ ហើយដែលបានធានានូវសិទ្ធិរបស់ពលរដ្ឋ ក្នុងការប្រមូលផ្តុំតវ៉ា សម្តែងមតិដោយសន្តិវិធី។
«ដោយសារតែប្រទេសយើង រដ្ឋធម្មនុញ្ញមិនទាន់ត្រូវបានព្យួរនៅឡើយទេ ដូច្នេះប្រជាពលរដ្ឋ នៅតែមានសិទ្ធិជួបជុំ មានសិទ្ធិតវ៉ា សម្តែងមតិ ទោះបីជាការសម្តែងមតិនោះជា ការសម្ងែងមតិយ៉ាងណាក៏ដោយ ឲ្យតែស្របច្បាប់ កុំឲ្យតែការសម្តែងមតិរបស់គាត់ ពោរពេញទៅដោយអំពើហិង្សា ការកាប់សម្លាប់ ឬក៏ការរើសអើងពូជសាសន៍ ឬក៏រើសអើងសាសនាដែលឈានទៅដល់អំពើហិង្សាទ្រង់ទ្រាយធំ អានោះគឺថា អាជ្ញាធរមានសមត្ថកិច្ចក្នុងការទប់ស្កាត់ គាត់មានសមត្ថកិច្ច សិទ្ធិត្រឹមទប់ស្កាត់ មិនអាចមាន ការបង្ក្រាបដោយហិង្សាទៅលើប្រជាពលរដ្ឋទេ»។
លោក អ៊ូច ទូច នាយករដ្ឋបាលសាលាខេត្តកោះកុង បដិសេធមិនផ្តល់ការអធិប្បាយចំពោះការរឹតបន្តឹងសន្តិសុខនៅក្នុងខេត្ត។ ក៏ប៉ុន្តែលោក សុខ សុធី អភិបាលរងខេត្តកោះកុង បានបញ្ជាក់ VOA ថា អាជ្ញាធរ មិនបានចុះឃ្លាំមើលសកម្មភាពរបស់ប្រជាពលរដ្ឋនៅតាមឃុំនានានោះទេ ហើយថា ការឆែកឆេរ និងឃាត់សួរនាំនៅតាមផ្លូវ គឺជាការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍តែប៉ុណ្ណោះ។
«ការណ៍ដែលឃាត់ហ្នឹងមិនមែនឃាត់សួរនាំគាត់ថា ទៅណាៗទេ គឺអ្វីដែលសំខាន់ទីមួយ នៅពេលនេះ គឺចំពេលដែលខាងសមត្ថកិច្ចប៉ូលិសហ្នឹងគាត់ គេហៅថា រឹតបន្តឹង ច្បាប់ចរាចរណ៍ទេ ពីព្រោះអីពីមុនមក មុននឹងមានការរឹតបន្តឹងច្បាប់ចរាចរណ៍ហ្នឹង ខាងគណៈអភិបាលក៏ដូចជា មន្ទីរក៏ដូចជាខាងជំនាញ សមត្ថកិច្ចប៉ូលិសហ្នឹង គាត់បានទៅចែកមួកសុវត្ថិភាព នឹងអប់រំប្រជាពលរដ្ឋថា ធ្វើយ៉ាងម៉េចឲ្យគោរពច្បាប់ចរាចរណ៍ ហើយចាប់ពីថ្ងៃទី១២នេះទៅ ខាងសមត្ថកិច្ចនឹងរឹតបន្តឹងច្បាប់ចរាចរណ៍តែប៉ុណ្ណឹងទេ»។
លោក សុន ឆ័យ ប្រធានក្រុមអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានប្រាប់ VOA កាលពីថ្ងៃច័ន្ទថា វិធានការរបស់ក្រសួងមហាផ្ទៃ មានចេតនាប្រឆាំងនឹងឆន្ទៈរបស់ប្រជាពរដ្ឋក្នុងការសម្តែងមតិ។ លោកបានបញ្ជាក់បន្ថែមថា ក្នុងស្ថានភាពនយោបាយបច្ចុប្បន្ននេះ គណបក្សប្រឆាំងមិនមានផែនការតវ៉ាណាមួយនោះឡើយ ហើយថាគណបក្សនៅតែប្រកាន់យកគោលការណ៍អហិង្សាដើម្បីដោះស្រាយជម្លោះផ្សេងៗ។
«ប្រហែលជាក្រសួងមហាផ្ទៃ មានការព្រួយបារម្ភ ថាពលរដ្ឋមួយចំនួនអាចធ្វើសកម្មភាពអីអានេះអានោះ ក៏ប៉ុន្តែគណបក្សមិនមានការរៀបចំធ្វើអីបាទ គណបក្សនៅតែសង្ឃឹមថា យើងនៅបន្តកិច្ចការងារយើងដោយសន្តិវិធី ហើយសង្ឃឹមថាមាន មាននិន្នាការដោះស្រាយ តាមរូបភាពណាមួយយើងមិនដឹងទេ ប៉ុន្តែយើងគួរតែមានការដោះស្រាយ ហើយចំាបាច់ណាស់វា វាត្រូវតែមានការជជែករវាងភាគីខ្មែរយើងជាមួយគ្នាបាទ»។
នៅមុនការបោះឆ្នោតឆ្នាំ ២០១៨ ដែលអ្នកឃ្លាំមើលស្ថានការណ៍នយោបាយនៅកម្ពុជាយល់ថា ជាឆ្នាំសំខាន់បំផុតនៃការឈ្នះចាញ់របស់បក្សកាន់អំណាច និងបក្សប្រឆាំង រដ្ឋាភិបាលខ្មែររបស់លោក ហ៊ុន សែន បានផ្តើមការបង្ក្រាបលើស្ថាប័នពង្រឹងប្រជាធិបតេយ្យនានាគំាទ្រ ដោយសហរដ្ឋអាមេរិក ដែលមិនធ្លាប់មានពីមុន គិតចាប់តាំងពីការបោះឆ្នោតនៅឆ្នាំ១៩៩៣ ធ្វើឡើងដោយអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិនៅកម្ពុជា ហៅកាត់ថា (អ៊ុនតាក់)។
អាជ្ញាធរកម្ពុជា ក៏បានចាប់ខ្លួនមេដឹកនាំគណបក្សសង្គ្រោះជាតិ គឺលោក កឹម សុខា ក្រោមបទសង្ស័យថា បានសមគំនិតជាមួយសហរដ្ឋអាមេរិក ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ដែលស្មើនឹងអំពើក្បត់ជាតិ។
ការប៉ុនប៉ងរំលាយគណបក្សប្រឆាំងដ៏ធំ និងតែមួយគត់នៅសភាជាតិខ្មែរ បានទទួលរងការរិះគន់យ៉ាងខ្លាំងពីប្រទេស ដែលជាម្ចាស់ជំនួយដល់ប្រទេសកម្ពុជា។ រដ្ឋាភិបាលប្រទេសស៊ុយអែត ដែលជាម្ចាស់ជំនួយធំទីបួនរបស់កម្ពុជា បានប្រកាសកាលពីពេលថ្មីៗថា ខ្លួននឹងពិចារណាលើចំណងការទូតជាមួយរដ្ឋាភិបាលកម្ពុជាឡើងវិញ ប្រសិនបើមានការរំលាយគណបក្សប្រឆាំង។
សមាជិកព្រឹទ្ធសភា និងរដ្ឋសភាសហរដ្ឋអាមេរិកដ៏មានឥទ្ធិពលមួយចំនួន មកពីគណបក្សសាធារណរដ្ឋ ដែលកំពុងកាន់អំណាច និងគណបក្សប្រជាធិបតេយ្យក៏បានគំរាមធ្វើអ្វីៗគ្រប់យ៉ាង រួមទាំងការមិនផ្តល់ទិដ្ឋាការដល់មន្ត្រីកម្ពុជា ប្រសិនបើបក្សកាន់អំណាចកម្ពុជារំលាយ និងមិនដោះលែងប្រធាន និងសមាជិកនៃគណបក្សសង្គ្រោះជាតិ៕