ព្រះមហាក្សត្រ នៅថ្ងៃចន្ទនេះ បានយាងបើកសម័យប្រជុំរដ្ឋសភានីតិកាលទី៧ជាលើកដំបូង បន្ទាប់ពីការបោះឆ្នោតថ្នាក់ជាតិកាលពីខែកក្កដា។ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី មានព្រះរាជបន្ទូលឱ្យរដ្ឋាភិបាលអាណត្តិថ្មី ត្រូវបំពេញភារកិច្ចរបស់ខ្លួន ផ្អែកលើច្បាប់ ហើយលើកស្ទួយសេរីភាពរបស់ប្រជាជនកម្ពុជា។
ក្នុងថ្ងៃដំបូងនៃការប្រជុំសភានេះ ព្រះមហាក្សត្រមានព្រះរាជបន្ទូលថា៖ «រដ្ឋសភាដែលជាអង្គការមានអំណាចនីតិប្បញ្ញត្តិ នឹងបន្តបំពេញភារកិច្ចរបស់ខ្លួនដូចមានកំណត់ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ដើម្បីបន្តនិរន្តរភាពនយោបាយ សេដ្ឋកិច្ចសង្គម វប្បធម៌ កសាងព្រះរាជាណាចក្រកម្ពុជា ជារដ្ឋដ៏រឹងមាំ និងជឿនលឿន ដោយផ្អែកលើច្បាប់ ធានាការអនុវត្តច្បាប់ ដោយស្មើភាពសម្រាប់ប្រជាពលរដ្ឋគ្រប់រូប និងធានាការពារលើកស្ទួយសិទ្ធិសេរីភាពគ្រប់បែបយ៉ាងរបស់ប្រជាពលរដ្ឋ»។
ព្រះអង្គមានជំនឿលើរដ្ឋាភិបាលអាណត្តិថ្មីដែលនឹងទទួលការទុកចិត្តពីរដ្ឋសភា ក៏នឹងបំពេញភារកិច្ចតាមគោលនយោបាយ បន្តជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋគ្រប់រូប ទាំងការអភិរក្ស និងអភិវឌ្ឍវប្បធម៌ ដោយចីរភាព។
ព្រះមហាក្សត្រ ទ្រង់ក៏បានថតរូបអនុស្សាវរីយ៍ ជាមួយតំណាងរាស្ត្រទាំង១២៥រូប នៅខាងមុខក្លោងទ្វាររដ្ឋសភា ដោយក្នុងនោះ មានតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជាចំនួន១២០រូប និងមកពីគណបក្សហ្វ៊ុនស៊ិនប៉ិច៥រូប ដោយព្រះអង្គម្ចាស់ចក្រាវុធ ជាព្រះប្រធានបក្សហ្វ៊ុនស៊ីនប៉ិច ក៏មានវត្តមានផងដែរ។
ក្នុងថ្ងៃបើកកិច្ចប្រជុំសភានីតិកាលទី៧នេះ អង្គទូតនៃប្រទេសមួយចំនួន ដូចជាស្ថានទូតសហរដ្ឋអាមេរិក ស្ថានទូតអង់គ្លេស និងស្ថានទូតអូស្ត្រាលីជាដើម ក៏បានបង្ហាញខ្លួនក្នុងកិច្ចប្រជុំសភានោះផងដែរ ។
ប្រទេសប្រជាធិបតេយ្យធំៗដូចជាសហរដ្ឋអាមេរិក អង់គ្លេស អូស្រ្តាលី សហភាពអឺរ៉ុបជាដើម បានថ្លែងរិះគន់ការបោះឆ្នោតជាតិកាលពីថ្ងៃទី២៣ ខែកក្កដា កន្លងទៅ ដែលមិនមានវត្តមានរបស់គណបក្សប្រឆាំងចម្បងចូលរួម ថាធ្វើឡើងដោយមិនមានភាពសេរី និងយុត្តិធម៌។
ឆ្លើយតបនឹងសំណួររបស់វីអូអេអំពីមូលហេតុនៃការចូលរួមក្នុងកិច្ចប្រជុំសភានៅព្រឹកនេះ លោកស្រី Katherine M. Diop អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាប្រាប់ VOA តាមសារអ៊ីមែលក្នុងន័យដើមជាភាសាអង់គ្លេស និងត្រូវបានប្រែសម្រួលជាភាសាខ្មែរថា៖ «នៅពេលដែលរដ្ឋាភិបាលកម្ពុជាថ្មីចាប់ផ្តើមកាន់តំណែងរបស់ខ្លួន វាមានឱកាសធ្វើឱ្យប្រសើរឡើងនូវជំហរអន្តរជាតិរបស់ប្រទេស រួមទាំងការស្តារលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សពិតប្រាកដ បញ្ចប់ការកាត់ក្តីដែលជំរុញដោយនយោបាយ ទម្លាក់ចោលការផ្តន្ទាទោសអ្នករិះគន់រដ្ឋាភិបាល និងការអនុញ្ញាតឱ្យប្រព័ន្ធផ្សព្វផ្សាយឯករាជ្យបើកដំណើរការឡើងវិញ និងធ្វើការរបស់ពួកគេដោយគ្មានការជ្រៀតជ្រែក»។
ចំណែកអ្នកនាំពាក្យស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា ប្រាប់វីអូអេដែរថា៖ «អូស្ត្រាលីនឹងធ្វើការជាមួយរដ្ឋាភិបាលថ្មីលើបញ្ហាផលប្រយោជន៍រួម ដើម្បីចែករំលែកទស្សនៈរបស់យើង និងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច សន្តិសុខក្នុងតំបន់ លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស»។
ក្នុងអង្គប្រជុំនៅថ្ងៃចន្ទនេះ រដ្ឋសភាបានបោះឆ្នោតផ្តល់សុពលភាពដល់តំណាងរាស្រ្តទាំង១២៥រូបដែលបានជាប់ឆ្នោត។ តំណាងរាស្ត្រទាំង១២៥រូប ក៏បានចូលស្បថកាន់តំណែង នៅព្រះបរមរាជវាំងផងដែរ។
ហើយនៅថ្ងៃអង្គារ សភាក៏នឹងបើកប្រជុំពេញអង្គ ដើម្បីបោះឆ្នោតជាកញ្ចប់ក្នុងការបង្កើតគណៈរដ្ឋមន្ត្រីថ្មី ដែលនឹងដឹកនាំដោយលោកហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រតែងតាំងជានាយករដ្ឋមន្ត្រីកម្ពុជាថ្មី បន្ទាប់ពីឪពុករបស់លោកគឺលោក ហ៊ុន សែន ដែលបានប្រកាសចុះចេញពីតំណែងនាយករដ្ឋមន្ត្រីកាលដើមខែសីហានេះ។
លោក ហ៊ុន សែន នឹងនៅបន្តជាតំណាងរាស្ត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា។
ទោះជាយ៉ាងណា ការប្រជុំសភានៅថ្ងៃចន្ទនេះ ធ្វើឡើងក្រោយមានប្រតិកម្មជាបន្តបន្ទាប់ពីអ្នកជំទាស់នៅក្រៅប្រទេស ដែលប្រកាសមិនទទួលស្គាល់រដ្ឋាភិបាលថ្មី ក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត។
កាលពីថ្ងៃអាទិត្យ ថ្នាក់ដឹកនាំ និងសមាជិកជាន់ខ្ពស់របស់អតីតគណបក្សសង្គ្រោះជាតិ ធ្វើបាតុកម្មនៅទីក្រុងឡូវែល (Lowell) សហរដ្ឋអាមេរិក ដោយបង្ហាញជំហរច្រានចោលភាពជា អ្នកដឹកនាំរបស់លោក ហ៊ុន ម៉ាណែត និងគម្រោងទៅតវ៉ានៅទីក្រុងញូវយ៉កនៅថ្ងៃទី២២ ខែ កញ្ញា។ នៅប្រទេសជប៉ុន ប្រជាពលរដ្ឋខ្មែរមួយចំនួនបានធ្វើការតវ៉ាស្រដៀងគ្នានេះដែរ ទាក់ទិនការឡើងកាន់អំណាចរបស់លោក ហ៊ុន ម៉ាណែត។
អនុប្រធានអតីតគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ ប្រាប់អ្នកចូលរួមបាតុកម្មនៅទីក្រុង Lowell ដើម្បីប្រឆាំងនឹងការដឹកនាំនៅកម្ពុជាថា លោក ហ៊ុន ម៉ាណែត មិនអាចអង្គុយកៅអីជាតំណាងកម្ពុជានៅអង្គការសហប្រជាជាតិបានទេ។
អ្នកស្រីថ្លែងថា៖ «យើងទីមួយ យើងទៅដល់ ទៅដល់ញូវយ៉ក ថ្ងៃ២២ ខែកញ្ញាខាងមុខនេះ ដើម្បីប្រាប់ទៅអង្គការសហប្រជាជាតិថា អ្នកដែលកំពុងនិយាយជំនួសឱ្យខ្មែរនេះ អំពីពលរដ្ឋខ្មែរ អ្នកហ្នឹងអត់ស្របច្បាប់ទេ។ ពលរដ្ឋខ្មែរអត់ត្រូវការទេ យើងត្រូវការឱ្យមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ទើបអ្នកនោះអាចមកអង្គុយនៅ កៅអីអង្គការសហប្រជាជាតិដើម្បីប្រទេសកម្ពុជាបាន»។
យ៉ាងណាក៏ដោយ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ប្រាប់វីអូអេថា ការតវ៉ានានាមិនអាចរាំងខ្ទប់ ដំណើរការរបស់រដ្ឋាភិបាលអាណត្តិទី៧បានទេ។
លោកថ្លែងថា៖ «វាអត់មាននរណាមករារាំងបានទេ។ ហើយកុំថា ក្នុងប្រទេសក៏រារាំងពុំបាន ក្រៅប្រទេសនោះ វាកាន់តែមិនបានទៀតហើយ អាស្រែក ស្រែកបាន ឲ្យគាត់ស្រែកទៅ។ ស្រែក៥យប់ ៥ថ្ងៃក៏បាន ស្រែក១ខែទល់១ខែក៏បាន ក៏នៅតែទប់ទល់ ទប់ស្កាត់មិនបានអ៊ីចឹង»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូលោក អំ សំអាត កត់សម្គាល់ថា ក្នុងការដឹកនាំប្រទេសអាណត្តិមុនៗដែលដឹកនាំដោយលោក ហ៊ុន សែន គឺកម្ពុជាទទួលរងការរិះគន់ច្រើនពាក់ព័ន្ធបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យក្នុងប្រទេស។ ដូច្នេះលោកយល់ថា រដ្ឋាភិបាលអាណត្តិទី៧ ដែលនឹងដឹកនាំដោយលោក ហ៊ុន ម៉ាណែត ត្រូវតែដោះស្រាយបញ្ហានេះឱ្យបានល្អប្រសើរ ដើម្បីធ្វើឱ្យកម្ពុជាអាចទាញផលប្រយោជន៍នានា។
លោកថ្លែងថា៖ «យើងជាអង្គការសង្គមស៊ីវិលសង្ឃឹមថា រដ្ឋាភិបាលថ្មី នឹងមានឆន្ទៈ និងឆន្ទៈនយោបាយ ក្នុងការដោះស្រាយបញ្ហាចម្រូងចម្រាសទាក់ទងបញ្ហាលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា ដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជាយើងមានការកែលម្អ និងភាពល្អប្រសើរទាក់ទងលំហសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនេះ។ ហើយកម្ពុជា នឹងទទួលបានផលចំណេញច្រើន»។
លោកបន្ថែមថា ការដោះស្រាយបញ្ហាសិទ្ធិមនុស្ស សេរីភាពសារព័ត៌មាន និងលទ្ធិប្រជាធិបតេយ្យក្នុងប្រទេស គឺទាមទារឆន្ទៈរបស់អ្នកនយោបាយ ដោយតម្កល់ផលប្រយោជន៍ជាតិជាធំ ទើបអាចដោះស្រាយបញ្ហាទាំងនោះបានល្អប្រសើរ៕