អ្នកវិភាគនយោបាយអន្តរជាតិនៅកម្ពុជាមានមតិចម្រុះជុំវិញទំនាក់ទំនងទេ្វភាគីរបស់កម្ពុជានិងសហរដ្ឋអាមេរិកនៅក្នុងយុគសម័យនៃនាយករដ្ឋមន្ត្រីឈាមថ្មីបង្កើតឡើងដោយគណបក្សប្រជាជនកម្ពុជា។
គណបក្សកាន់អំណាចកំពុងសម្រិតសម្រាំងយកមន្ត្រីវ័យក្មេងជាលក្ខណៈប្រព័ន្ធ គឺភាគច្រើនជាកូនចៅនៃមន្ត្រីចាស់ៗក្នុងរដ្ឋាភិបាលមុន ឬសមាជិកបក្សមកចាត់ចែងកិច្ចការប្រទេសជាតិ។
អ្នកវិភាគខ្លះថា ក្នុងដំណាក់កាលដែលកម្ពុជាមានមេដឹកនាំថ្មី គឺលោក ហ៊ុន ម៉ាណែត និងមន្ត្រីក្មេងៗជាច្រើននាក់ទៀតដែលជាអ្នកធ្លាប់ទទួលការអប់រំនៅសហរដ្ឋអាមេរិក និងបស្ចិមលោកផងនោះ ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងកម្ពុជានឹងមិនមានអ្វីប្រែប្រួលឡើយពាក់ព័ន្ធបញ្ហាសេដ្ឋកិច្ចក៏ដូចជាផលប្រយោជន៍ខាងការទូតក្នុងស្ថានភាពដែលមានការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយដ៏តានតឹងរវាងចិននិងសហរដ្ឋអាមេរិក។ ប៉ុន្តែពួកគេក៏រំពឹងថាទំនាក់ទំនងនឹងមានការវិវឌ្ឍទៅមុខជាវិជ្ជមាន ប្រសិនបើប្រទេសទាំងពីរធ្វើសម្បទាននយោបាយណាមួយឱ្យគ្នាទៅវិញទៅមកនោះ។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយវីអូអេ លោក សេង សារី អ្នកស្រាវជ្រាវសង្គមនិងនយោបាយនៅសាកលវិទ្យាល័យ Melbourne ប្រទេសអូស្ត្រាលី បង្ហាញការយល់ឃើញថា អាមេរិកព្យាយាមថ្នាក់ថ្នមស្ថានភាពឡើងវិញដើម្បីពង្រីកឥទ្ធិពលនៅក្នុងតំបន់អាស៊ាន ជាពិសេសដើម្បីអាចគ្រប់គ្រងស្ថានភាពភូមិសាស្ត្រនយោបាយទាក់ទងទៅនឹងស្ថានភាពនៅសមុទ្រចិនខាងត្បូងដែលចិនទាមទារក្តោបក្តាប់ស្ទើរតែទាំងអស់។
លោកថ្លែងថា៖ «ដូច្នេះហើយបើខ្ញុំមើលនៅក្នុងកម្រិតម៉ាក្រូទំនាក់ទំនងកម្ពុជា ហាក់ដូចជាមិនមានអ្វីប្រែប្រួលទេរវាងសហរដ្ឋអាមេរិកនិងប្រទេសកម្ពុជា ជាពិសេសនៅក្នុងមុំសេដ្ឋកិច្ច ហើយនឹងផលប្រយោជន៍រវាងប្រទេសទាំងពីរ»។
បើតាមអ្នកវិភាគរូបនេះ កម្ពុជានឹងកាន់តែឃ្លាតឆ្ងាយពីលទ្ធិប្រជាធិបតេយ្យ ហើយធ្វើឱ្យអ្នកប្រជាធិបតេយ្យកាន់តែខ្សោយ នៅពេលដែលអាមេរិកនៅតែព្យាយាមរក្សាទំនាក់ទំនងជាមួយរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដែលទទួលបានការគាំទ្រច្រើនពីប្រទេសចិនទាំងការទូត និងសេដ្ឋកិច្ច។
កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា លោក Patrick Murphy បានបង្ហោះសារនៅលើបណ្តាញសង្គម X ដែលពីមុនមានឈ្មោះថា Twitter ដោយភ្ជាប់ជាមួយរូបមួយសន្លឹក និងមានការធ្វើអត្ថាធិប្បាយលើការផ្លាស់ប្តូររដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាពីលោក ប្រាក់ សុខ រដ្ឋមន្ត្រីការបរទេស មកលោក សុខ ចិន្តាសោភា ដែលត្រៀមចូលកាន់តំណែងជារដ្ឋមន្ត្រីការបរទេសថ្មី។
ឯកអគ្គរដ្ឋទូតរូបនេះបង្ហោះសារជាភាសាអង់គ្លេសហើយត្រូវបានប្រែសម្រួលជាភាសាខ្មែរថា៖ «ពួកយើងទាំងពីរនឹងបន្តប្រឹងប្រែងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងដោះស្រាយកង្វល់ផ្សេងៗនៅក្នុងទំនាក់ទំនងកម្ពុជានិងអាមេរិក»។
នៅក្នុងសារអ៊ីមែលដែលតបមកកាន់សំឡេងសហរដ្ឋអាមេរិកអំពីការពង្រឹងទំនាក់ទំនងរវាងកម្ពុជានិងអាមេរិក កញ្ញា Katherine Diop អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាសង្ឃឹមថានឹងធ្វើការជាមួយរដ្ឋាភិបាលអាណត្តិថ្មី ដើម្បីជំរុញចក្ខុវិស័យរួមរបស់ភាគីទាំងពីរអំពីតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី មានវិបុលភាព សុវត្ថិភាព និងមានភាពធន់។ កញ្ញាបន្ថែមថា ការសម្រេចចិត្តរបស់រដ្ឋាភិបាលថ្មីនៅដើមដំបូងៗនៃការគ្រប់គ្រងនឹងមានសារៈសំខាន់។
អ្នកនាំពាក្យរូបនេះបញ្ជាក់ថា៖ «រដ្ឋាភិបាលថ្មីមានឱកាសដើម្បីកែលម្អជំហរអន្តរជាតិរបស់ប្រទេស រួមទាំងការបញ្ចប់ការកាត់ក្តីដែលមានហេតុផលនយោបាយ ការទម្លាក់ចោលការផ្តន្ទាទោសលើអ្នករិះគន់រដ្ឋាភិបាល អនុញ្ញាតឱ្យប្រព័ន្ធផ្សព្វផ្សាយឯករាជ្យបើកដំណើរការឡើងវិញដោយគ្មានការជ្រៀតជ្រែក និងចាត់វិធានការដើម្បីស្តារលទ្ធិប្រជាធិបតេយ្យពិតប្រាកដឡើងវិញ»។
អ្នកស្រាវជ្រាវនៅវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការនិងសន្តិភាព លោក វណ្ណ ប៊ុនណា ប្រាប់វីអូអេថា ឥទ្ធិពលរបស់ចិននៅកម្ពុជានិងការធ្លាក់ថយក្រោយនៃលទ្ធិប្រជាធិបតេយ្យ គឺជារនាំងនៃទំនាក់ទំនងរវាងកម្ពុជានិងអាមេរិក។
នៅពេលសួរពីការស្តារទំនាក់ទំនងកម្ពុជានិងអាមេរិកនៅក្នុងរដ្ឋាភិបាលអាណត្តិថ្មី អ្នកវិភាគរូបនេះថា វានៅតែជាសញ្ញាសួរ ប៉ុន្តែលោកថា វាត្រូវការឆន្ទៈរវាងភាគីទាំងពីរដើម្បីធ្វើឱ្យចំណងទាក់ទងប្រែប្រួលល្អឡើងវិញបាន។
លោកថ្លែងថា៖ «ទី១ ឆន្ទៈរបស់រដ្ឋាភិបាលថ្មីដែលកើតឡើងក៏ដូចជាឆន្ទៈរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន។ ទី២ វាទាក់ទងនឹងកត្តាផលប្រយោជន៍ភូមិសាស្ត្រនយោបាយថាតើបើសិនជាកម្ពុជានៅតែបន្តមានភាពល្អូកល្អើនខ្លាំងជាមួយចិនថាតើទំនាក់ទំនងជាមួយអាមេរិកវានឹងមានភាពល្អប្រសើរឡើងឬទេ? ហើយមួយទៀតថាតើកម្ពុជាមានឆន្ទៈកម្រិតណាក្នុងការពង្រីកលម្ហប្រជាធិបតេយ្យ លម្ហនយោបាយ ជាពិសេសសិទ្ធិមនុស្សនៅកម្ពុជា? កត្តាទាំងអស់នេះវានឹងរួមផ្សំអំពីទំនាក់ទំនងរបស់កម្ពុជានិងសហរដ្ឋអាមេរិក»។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន ប្រាប់វីអូអេនៅថ្ងៃពុធនេះថា កម្ពុជាមានប្រជាធិបតេយ្យបែបកម្ពុជា ហើយគោលនយោបាយរបស់កម្ពុជាមិនយកប្រទេសណាមួយជាសត្រូវឡើយ ដោយលោកបញ្ជាក់ថា វាមិនមានឧបសគ្គអ្វីជាដុំកំភួននៅក្នុងទំនាក់ទំនងរវាងកម្ពុជានិងអាមេរិកឡើយ។
លោកបញ្ជាក់ថា៖ «ចម្លើយចង់ឆ្លើយថាវាមានរនាំងអី មិនមានជារនាំងអីទេ ក៏ប៉ុន្តែភាគីខាងក្រៅហ្នឹងត្រូវតែយល់ពីការរស់រានមានជីវិតរបស់កម្ពុជា គឺឈរនៅគោលនយោបាយឯករាជ្យ អព្យាក្រឹត និងសន្តិសហវិជ្ជមាននេះឯង»។
នៅពេលសួរពាក់ព័ន្ធជាមួយឆន្ទៈរបស់រដ្ឋាភិបាលអាណត្តិថ្មីនៅក្នុងការស្តារទំនាក់ទំនងជាមួយអាមេរិក អ្នកនាំពាក្យរូបនេះមិនអាចផ្តល់អត្ថាធិប្បាយអ្វីឡើយ ដោយត្រូវរង់ចាំរដ្ឋាភិបាលអាណត្តិថ្មីកើតឡើងសិន។ ទោះជាយ៉ាងណាក្តីលោកថា កម្ពុជាក្រោមការគ្រប់គ្រងរបស់មេដឹកនាំថ្មី នឹងនៅតែរក្សាគោលនយោបាយដដែល គឺរាប់អានគ្រប់បណ្តាប្រទេសទាំងអស់ដើម្បីផលប្រយោជន៍ជាតិ។
ភ្លាមៗក្រោយការបោះឆ្នោតនៅកម្ពុជា សហរដ្ឋអាមេរិកបានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃទី២៣ ខែកក្កដា ដោយចាត់ទុកការបោះឆ្នោតនេះថា មិនសេរីនិងយុត្តិធម៌។
រដ្ឋាភិបាលអាមេរិកក៏បានប្រកាសដាក់ទណ្ឌកម្ម ដោយផ្អាកគម្រោងជំនួយឧបត្ថម្ភរបស់ខ្លួនមួយចំនួនដល់រដ្ឋាភិបាលកម្ពុជា និងកំហិតទិដ្ឋាការលើមន្ត្រីនិងបុគ្គលនៅកម្ពុជាមួយចំនួនផងដែរ។
ទោះជាយ៉ាងណា ក្នុងគ្រាដែលរដ្ឋមន្រ្តីការបរទេសចិនមកបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីសប្តាហ៍មុន ប្រធានាធិបតីអាមេរិកលោក Joe Biden បានថ្លែងនៅក្នុងពិធីមួយនៅរដ្ឋ Utah ដោយលើកឡើងថា វៀតណាមនិងកម្ពុជាចង់ក្លាយជាផ្នែកមួយនៃទំនាក់ទំនងជាមួយអាមេរិក ហើយពួកគេចង់ប្រាប់ទៅប្រទេសចិនថា ពួកគេមិននៅម្នាក់ឯងនោះទេ។
អ្នកស្រាវជ្រាវរបស់មជ្ឈមណ្ឌលសិក្សាអាស៊ីអាគ្នេយ៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក លឹម ឆាយ បានប្រាប់វីអូអេកាលពីពេលថ្មីៗនេះថា កម្ពុជាមិនមានចេតនាក្នុងការស្តារលទ្ធិប្រជាធិបតេយ្យដូចអ្វីដែលអាមេរិកចង់បានឡើយ។ លោកជំរុញឱ្យមានការជជែកគ្នាបន្ថែមរវាងភាគីទាំងពីរដើម្បីសហការគ្នាលើវិស័យដែលអាចសហការគ្នាបាន ជាជាងត្រឹមតែតទល់គ្នារឿងមនោគមន៍វិជ្ជានយោបាយនោះ៕