ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Kim Jong Un ​និយាយ​ថា ​កូរ៉េ​ខាងជើង​«ត្រៀម​ខ្លួន​រួច​រាល់»​សម្រាប់​ប្រយុទ្ធ​ជាមួយ​អាមេរិក​


នៅ​ក្នុង​រូបថត​ដែល​​ផ្តល់​ឱ្យ​ដោយ​រដ្ឋាភិបាល​កូរ៉េខាងជើង​នេះ មេដឹកនាំ​កូរ៉េខាងជើង​លោក Kim Jong Un ថ្លែង​នៅ​រដ្ឋធានី​ព្យុងយ៉ាង កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០២២។
នៅ​ក្នុង​រូបថត​ដែល​​ផ្តល់​ឱ្យ​ដោយ​រដ្ឋាភិបាល​កូរ៉េខាងជើង​នេះ មេដឹកនាំ​កូរ៉េខាងជើង​លោក Kim Jong Un ថ្លែង​នៅ​រដ្ឋធានី​ព្យុងយ៉ាង កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០២២។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េខាងជើង​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​មេ​ដឹកនាំ​របស់​ខ្លួន​គឺ​លោក​ Kim Jong Un ​បាន​ព្រមាន​កាលពី​ល្ងាច​ថ្ងៃ​ពុធ​ថា ​ប្រទេស​របស់​លោក​«ត្រៀម​ខ្លួន​រួច​រាល់​ហើយ»​ សម្រាប់​ជម្លោះ​យោធា​ជាមួយ​សហរដ្ឋ​អាមេរិក។ ​

នេះ​ជា​ការ​គំរាម​កំហែង​ចុង​ក្រោយ​បង្អស់​របស់​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​ ចំ​ពេល​មាន​ការ​រំពឹង​ទុក​ថា​ កូរ៉េខាងជើង​នឹង​ធ្វើ​ការ​សាក​ល្បង​អាវុធ​នុយក្លេអ៊ែរ​លើក​ទី​ប្រាំពីរ​ក្នុង​ពេល​ឆាប់ៗ​នេះ។ ​នៅ​ក្នុង​សុន្ទរកថា​រំឭក​ខួប​បញ្ចប់​សង្គ្រាម​កូរ៉េ ​ ​លោក​ Kim Jong Un ​ក៏​បាន​ព្រមាន​ថា​ រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​នឹង​ត្រូវ​វិនាស​ ប្រសិន​បើ​ហ៊ាន​ធ្វើ​ «ការ​ប៉ុនប៉ង​ដ៏​គ្រោះថ្នាក់»។ ​នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​សារ​ព័ត៌មាន​រដ្ឋ​កូរ៉េ​ខាងជើង។​

ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោក​ Yoon Suk Yeol​ ដែល​ជា​អ្នក​អភិរក្ស​និយម​ឡើង​កាន់​តំណែង​កាលពី​ខែ​ឧសភា​ បាន​និយាយ​ម្តង​ហើយ​ម្តង​ទៀត​អំពី​ការ​វាយ​ប្រហារ​បង្ការ​ជាមុន​ដែល​អាច​កើត​មានរួមទាំង​ការ​វាយ​ប្រហារ​ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់​កូរ៉េ​ខាងជើង ​ប្រសិន​បើ​កូរ៉េ​ខាងត្បូង​រក​ឃើញ​សញ្ញា​នៃ​ការ​វាយ​ប្រហារ​ដែល​ជិត​មក​ដល់។ ​លោក ​Kim Jong Un ​បាន​និយាយ​ថា ​សកម្មភាព​បែប​នេះ​នឹង​ត្រូវ​«ដាក់​ទណ្ឌកម្ម​ភ្លាមៗ​ដោយ​កម្លាំង​ខ្លាំងក្លា»​របស់​កូរ៉េខាង​ជើង។ ​លោក​បន្ថែម​ថា៖ ​«របប​និង​យោធា​របស់​លោក​ Yoon Suk Yeol ​នឹង​ត្រូវ​កម្ទេច​ចោល»។​

នៅ​ក្នុង​សុន្ទរកថា​របស់​លោក​ លោក ​Kim Jong Un ​បាន​អួត​ម្តង​ហើយ​ម្តង​ទៀត​អំពី​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​លោក​ ហើយ​បាន​បង្ហាញ​ថា​ លោក​បាន​ត្រៀម​ខ្លួន​ប្រើប្រាស់​វា​ប្រសិន​បើ​ចាំបាច់។​ លោក​បាន​និយាយ​ថា ​កូរ៉េ​ខាង​ជើង​បាន​ត្រៀម​ខ្លួន​យ៉ាង​ពេញ​លេញ​សម្រាប់​ការ​ប្រឈម​មុខ​ខាង​យោធា​ជាមួយ​សហ​រដ្ឋ​អាមេរិក។​

ក្នុង​ឆ្នាំ​នេះ​ កូរ៉េ​ខាង​ជើង​បាន​សាកល្បង​កាំជ្រួច​ច្រើន​មិន​ធ្លាប់​មាន​ពីមុន។​ រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​ក៏​បាន​ត្រៀម​ខ្លួន​រួច​ហើយ​សម្រាប់​ការ​សាកល្បង​នុយក្លេអ៊ែរ​មួយ​ទៀត។ នេះ​បើ​យោង​តាម​មន្ត្រី​អាមេរិក​និង​កូរ៉េខាងត្បូង។​

ជា​ការ​ឆ្លើយតប​ កូរ៉េ​ខាងត្បូង​បាន​ពង្រីក​សម្ពន្ធភាព​យោធា​ដែល​មាន​អាយុកាល​រាប់​ទសវត្សរ៍​ជាមួយ​សហ​រដ្ឋ​អាមេរិក។​ ប្រទេស​ទាំងពីរ​ក៏​បាន​ព្រមព្រៀង​បង្ហាញ​អំណាច​យោធា​ក្នុង​ដើម្បី​រារាំង​កូរ៉េ​ខាងជើង​ដែល​មាន​អាវុធ​នុយក្លេអ៊ែរ។ ​នៅ​ខែ​ក្រោយ ​សហ​រដ្ឋ​អាមេរិក ​និង​កូរ៉េ​ខាងត្បូង​នឹង​បន្ត​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​ ដែល​ត្រូវ​បាន​ផ្អាក​អស់​ជាច្រើន​ឆ្នាំ ​ខណៈ​ប្រទេស​ទាំងពីរ​បន្ត​ការ​ចរចា​ជាមួយ​កូរ៉េ​ខាងជើង។ ​ទោះ​បី​ជា​សម្ពន្ធមិត្ត​ទាំង​ពីរ​និយាយ​ថា ​សមយុទ្ធ​នេះ​មាន​លក្ខណៈ​ការពារ​ក៏​ដោយ ​ក៏​កូរ៉េ​ខាងជើង​មើល​ឃើញ​ថា​ សមយុទ្ធ​នេះ​គឺ​ជា​ការ​ត្រៀម​លក្ខណៈ​ដើម្បី​ឈ្លានពាន ​ហើយ​ជារឿយៗ​កូរ៉េ​ខាងជើង​ប្រើ​ការ​រិះគន់​សមយុទ្ធ​យោធា​ជា​លេស​ដើម្បី​ចេញ​ការ​គំរាម​កំហែង​ ឬ​ធ្វើ​សកម្មភាព​បង្កហេតុ​ផ្សេង​ទៀត៕

XS
SM
MD
LG