ខណៈប្រទេសកូរ៉េខាងជើងកំពុងរៀបចំ ដូចអ្វីដែលរូបភាពពីផ្កាយរណបបានបង្ហាញគឺការត្រៀមសាកល្បងអាវុធនុយក្លែអ៊ែរនោះ អ្នកជំនាញមួយចំនួននិយាយថា រដ្ឋាភិបាលក្រុងព្យុងយ៉ាងក៏កំពុងត្រៀមខ្លួនសម្រាប់ស្ថានការណ៍ក្រោយការសាកល្បងនោះផងដែរ ដើម្បីទប់ទល់ការថ្កោលទោសជាសាកល និងការពារនយោបាយនុយក្លេអ៊ែររបស់ខ្លួន និងដាក់សម្ពាធឱ្យសហរដ្ឋអាមេរិកធ្វើសម្បទានមួយចំនួនដល់ខ្លួន។
កូរ៉េខាងជើងបានត្រៀមខ្លួនអស់រយៈពេលជាច្រើនខែមកហើយដើម្បីធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរ ខណៈរូបភាពពីផ្កាយរណបបានបង្ហាញពីសកម្មភាពនៅទីតាំងសាកល្បងអាវុធនុយក្លេអ៊ែរ Punggye-ri ដែលបិទកាលពីឆ្នាំ២០១៨។ សកម្មភាពនៅទីតាំងសាកអាវុធនុយក្លេអ៊ែរនោះត្រូវបានថតជាប់ដោយផ្កាយរណប ហើយត្រូវបានវិភាគដោយមជ្ឈមណ្ឌល James Martin សម្រាប់ការសិក្សាការទប់ស្កាត់ការសាយភាយអាវុធនុយក្លេអ៊ែរ ហើយដែលមានមូលដ្ឋាននៅក្នុងរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក កាលពីដើមខែមីនា។
ការសាកល្បងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងបែបនេះនឹងរងការថ្កោលទោសជាខ្លាំងពីអន្តរជាតិ ហើយការតែងតាំងលោកស្រី Choe Son Hui អ្នកការទូតដែលមានបទពិសោធន៍ខ្ពស់ ឱ្យធ្វើជារដ្ឋមន្ត្រីការបរទេសថ្មីរបស់កូរ៉េខាងជើងកាលពីថ្ងៃទី១១ ខែមិថុនានោះ គឺជាការត្រៀមខាងយុទ្ធសាស្ត្រមួយ នៅក្រោយការសាកល្បងអាវុធនុយក្លេអ៊ែរ ដើម្បីឆ្លើយតបទៅនឹងការថ្កោលទោសពីសំណាក់អន្តរជាតិ។ នេះបើតាមការលើកឡើងរបស់អ្នកជំនាញមួយចំនួន។
លោកស្រី Choe មានបទពិសោធន៍ជាច្រើន ក្នុងការទាក់ទងជាមួយសហរដ្ឋអាមេរិក។ លោកស្រីធ្លាប់ធ្វើជាអ្នកបកប្រែភាសាឱ្យគណៈប្រតិភូកូរ៉េខាងជើង នៅក្នុងជំនួបចរចាចតុភាគីស្តីពីបញ្ហាអាវុធនុយក្លេអ៊ែរកាលពីឆ្នាំ១៩៩៧ និងបានចូលរួមនៅក្នុងកិច្ចពិភាក្សា៦ភាគី នៅដើមទសវត្សរ៍២០០០ផងដែរ។ លោកស្រី Choe ក៏ធ្លាប់ធ្វើជាប្រធាននាយកដ្ឋានអាមេរិកខាងជើង នៅក្រសួងការបរទេសកូរ៉េខាងជើង។ លោកស្រីក៏ធ្លាប់បានចូលរួមនៅក្នុងកិច្ចប្រជុំកំពូលទាំងពីរលើក ជាមួយសហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៨ និងឆ្នាំ២០១៩ និងធ្លាប់ធ្វើជាអនុរដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងជើង មុនពេលត្រូវបានតែងតាំងជារដ្ឋមន្ត្រីថ្មីនេះ។
ម្យ៉ាងទៀត សារព័ត៌មានរដ្ឋកូរ៉េខាងជើងបានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានបើកកិច្ចប្រជុំជាមួយមន្ត្រីយោធាជាន់ខ្ពស់របស់ខ្លួន។ កិច្ចប្រជុំរបស់គណៈកម្មការយោធាមជ្ឈិមនេះបានចាប់ផ្តើមនៅថ្ងៃអង្គារម្សិលមិញ ហើយនឹងពិនិត្យឡើងវិញនូវកិច្ចការការពារជាតិ រហូតមកដល់ពេលនេះ ក្នុងឆ្នាំនេះ។ កិច្ចប្រជុំនេះបានបញ្ជាក់ពីភារកិច្ចបន្ទាន់ និងសំខាន់ៗដើម្បីពង្រីកសមត្ថភាពយោធា និងអនុវត្តគោលនយោបាយការពារជាតិផងដែរ។
កិច្ចប្រជុំនេះបានកើតមានឡើង ខណៈកូរ៉េខាងជើងនៅក្នុងឆ្នាំនេះបានបាញ់សាកល្បងមីស៊ីលបាល្លីស្ទិកជាច្រើនដង ដែលរួមមានការបាញ់សាកល្បងផងដែរនូវមីស៊ីលបាលីស្ទិកអន្តរទ្វីបជាលើកទីមួយក្នុងរយៈពេលជិត៥ឆ្នាំកន្លងទៅនេះ៕
(ព័ត៌មានខ្លះក្នុងសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន The Associated Press)