ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក Kishida សន្យា​ពង្រីក​តួនាទី​សន្តិសុខ​នៅ​ក្នុង​តំបន់​អាស៊ី


រូបឯកសារ៖ នាយករដ្ឋមន្ត្រី​ជប៉ុន លោក ​Fumio Kishida ស្ដាប់​សុន្ទរកថា​បើក​កិច្ចប្រជុំ​ Shangri La Dialogue នៅ​ប្រទេស​សិង្ហបុរី ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២២។
រូបឯកសារ៖ នាយករដ្ឋមន្ត្រី​ជប៉ុន លោក ​Fumio Kishida ស្ដាប់​សុន្ទរកថា​បើក​កិច្ចប្រជុំ​ Shangri La Dialogue នៅ​ប្រទេស​សិង្ហបុរី ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២២។

នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក Fumio Kishida បាន​បញ្ចេញ​ផែនការ​ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សមត្ថភាព​យោធា​របស់​ជប៉ុន​ហើយ​នឹង​ជួយ​ផ្នែក​សន្តិសុខ​នាវាចរណ៍​ដល់ប្រទេស​នានា​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ ក្នុង​អំឡុងពេល​នៃ​ការថ្លែង​សុន្ទរកថា​ដ៏​សំខាន់​របស់​លោក​នៅ​ក្នុង​ប្រទេស​សិង្ហបុរី​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​នៅក្នុងសន្និសីទ​កំពូល​សន្តិសុខ​អាស៊ី Shangri-La Dialogue។

លោក​បាន​និយាយ​ថា៖ «អ៊ុយក្រែន​អាច​ជា​តំបន់​អាស៊ី​ខាង​កើត​នៅ​ថ្ងៃ​ស្អែក»។ លោក​បាន​និយាយ​បន្ត​ទៀត​ថា បញ្ហា​កោះ​តៃវ៉ាន់​អាច​បណ្តាល​ឱ្យ​មាន​ការគំរាម​កំហែង​ដល់​សន្តិភាព​នៅ​ទូទាំង​តំបន់​អាស៊ី​ខាង​កើត។ បន្ទាប់មក លោក Kishidaបាន​ធ្វើ​ការបញ្ជាក់​យ៉ាង​ច្បាស់​ថា រដ្ឋាភិបាល​ក្រុង​តូក្យូ​កំពុង​រៀបចំ​ផែនការ​ទទួល​យក​អាវុធ​ដើម្បី​វាយ​ប្រហារ​តបត​វិញ​ដើម្បី​ការពារ​ទប់ទល់​ការវាយ​ប្រហារ​ដ៏​ធំ។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា៖ «ចក្ខុវិស័យ Kishida ដើម្បី​សន្តិភាព​ នឹង​ពង្រឹងវិស័យ​ការ ទូត​និង​សន្តិសុខ​របស់​ជប៉ុន»។ លោក​បាន​បញ្ជាក់​ឡើង​វិញ​ពី​ការតាំងចិត្ត​ដែល​រដ្ឋាភិបាល​ក្រុង​តូក្យូ​បាន​ធ្វើនៅ​ដើម​សប្តាហ៍​នេះ​ដើម្បី​បង្កើន​ការចំណាយ​លើ​វិស័យ​ការពារ​ប្រទេស​ដ៏​ច្រើននៅ​ក្នុង​រយៈពេល៥ឆ្នាំ​បន្ទាប់​ទៀត​នោះ រួមទាំង​កញ្ចប់​ជំនួយ​សម្រាប់​ផ្គត់ផ្គង់​នាវា​យាម​ល្បាត​ដល់​ប្រទេស​នានា​នៅ​តំបន់​អាស៊ី​អាគ្នេយ៍។ ប្រទេស​មួយ​ចំនួន​នៃ​ប្រទេស​ទាំង​នោះបាន​ទាមទារ​ផ្នែក​នានា​នៃ​សមុទ្រ​ចិន​ខាង​ត្បូង​ប្រឆាំង​នឹង​ចិន។

កាសែត Global Times ដែល​ជា​កាសែត​រដ្ឋ​ចិន​បាន​រិះគន់​គំនិត​ផ្តួចផ្តើម​របស់​ជប៉ុន ​នៅក្នុងខ្ទង់ការបញ្ចេញ​មតិរបស់ខ្លួន​ ដែល​បាន​ចេញផ្សាយ​ប៉ុន្មាន​ម៉ោង​ មុន​សុន្ទរកថា​របស់​លោក Kishida។កាសែត​នោះ​បាន​បញ្ជាក់​ថា «ជប៉ុន​ប្រើប្រាស់​ហេតុផល​នៃ​ការរារាំង​វិបត្តិ​ដូចជា​វិបត្តិ​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន​កុំ​ឱ្យ​កើត​មាន​ឡើង​នៅ​ក្នុង​ទ្វីប​អាស៊ី​ដើម្បី​ធ្វើ​ឱ្យ​ស្រប​ច្បាប់​នូវ​ចំណាត់ ការ​របស់​ខ្លួន ដើម្បី​ស៊ុមគ្រលុំ​ជាមួយ​អង្គការ​អូតង់​និង​ដើម្បី​ជំរុញ​ឱ្យ​ប្រទេស​នានា​នៅ​ក្នុង​តំបន់​បម្រើ​គោលដៅ​របស់​ខ្លួន​នៃ​ការវាយ​ប្រហារ​លើ​ប្រទេស​ចិន»។

មេដឹកនាំ​ជប៉ុន​ក៏​បាន​សម្តែង​នូវ​ការព្រួយកង្វល់​អំពី​ប្រទេស​កូរ៉េ​ខាង​ជើង​ដែល​បាន​ធ្វើ​ការ សាក​ល្បង​អាវុធ​យ៉ាង​តិចណាស់​ក៏​ចំនួន១៨លើក​នៅ​ឆ្នាំ​នេះ ​ដែល​បង្ហាញ​ពី​ឃ្លាំង​អាវុធ​នុយ ក្លេអ៊ែរ​និងកាំជ្រួច​មីស៊ីលរបស់​ខ្លួន​នោះ​។ លោក​ក៏​បាន​សម្តែង​នូវ​ការរកាំចិត្ត​ដែល​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ មិន​បាន​ចាត់វិធានការ​ប្រឆាំង​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ពីព្រោះតែ​សមាជិក​ខ្លះ​ មាន​លទ្ធភាព​ក្នុង​ការបោះឆ្នោត​ប្រឆាំង​នឹង​សេចក្តីសម្រេច​នេះ។

មាន​ការជជែក​ដេញដោល​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​ជប៉ុន​ អំពី​ការទុក​ថវិកា​ដាច់​ដោយ​ឡែក​ចំនួន២ភាគរយ​សម្រាប់​ការចំណាយ​លើវិស័យ​ការពារ​ប្រទេស។ ពួក​អ្នក​វិភាគ​មើលឃើញ​ថា ចំណាត់ការ​នេះ​ ជា​ការប៉ុនប៉ង​របស់​រដ្ឋាភិបាល​ក្រុង​តូក្យូ​ចេញពី​ស្រមោល​របស់​សហរដ្ឋ​អាមេរិក បន្ទាប់ពី​មិន​បាន​ចំណាយ​ខាង​វិស័យ​យោធា​ចាប់តាំង​ពី​ការបញ្ចប់​សង្គ្រាម​លោក​លើក​ទី២មក៕

XS
SM
MD
LG