ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​ជំរុញ​​ឱ្យ​ដាក់​ទណ្ឌកម្ម​កាន់​តែ​ខ្លាំង​​ទៅ​លើ​​កូរ៉េខាងជើង​ ក្រោយ​ប្រទេស​នេះ​បាញ់​សាកល្បង​​កាំជ្រួច​មីស៊ីល​អន្តរទ្វីប ICBM


ពលរដ្ឋ​មើល​ព័ត៌មាន​ពី​​ការ​បាញ់​សាកល្បង​កាំជ្រួច​មីស៊ីល​របស់​កូរ៉េខាងជើង ដែល​​ផ្សាយ​តាម​ទូរទស្សន៍​​នៅ​ស្ថានីយ​រថភ្លើង​មួយ​កន្លែង​នៅ​រដ្ឋធានី​សេអ៊ូល​របស់​កូរ៉េខាងត្បូង ​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០២២។
ពលរដ្ឋ​មើល​ព័ត៌មាន​ពី​​ការ​បាញ់​សាកល្បង​កាំជ្រួច​មីស៊ីល​របស់​កូរ៉េខាងជើង ដែល​​ផ្សាយ​តាម​ទូរទស្សន៍​​នៅ​ស្ថានីយ​រថភ្លើង​មួយ​កន្លែង​នៅ​រដ្ឋធានី​សេអ៊ូល​របស់​កូរ៉េខាងត្បូង ​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០២២។

សហរដ្ឋ​អាមេរិក​បាននិយាយ​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​ថា ខ្លួន​នឹង​ស្វះស្វែង​រក​ការ​ដាក់​ទណ្ឌកម្មថ្មី​ប្រឆាំង​នឹង​កូរ៉េខាងជើង​នៅ​ឯ​អង្គការ​សហប្រជាជាតិ ក្រោយ​ពី​របបដឹកនាំរបស់លោក Kim Jong Un បានបាញ់​សាកល្បង​កាំជ្រួច​មីស៊ីល​ ដែល​ក្នុង​នោះអាច​រួម​មានមីស៊ីលបាលីស្ទីក​អន្តរទ្វីប​ដ៏​ធំ​បំផុត​មួយ​របស់​ខ្លួន​ផង​ដែរ។ នេះ​បើ​យោង​តាម​ការ​ចេញ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។

ការ​បាញ់​សាក​ល្បងរបស់​កូរ៉េខាងជើង​នេះ​កើត​មាន​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ក្រោយ​ប្រធានាធិបតីសហរដ្ឋ​អាមេរិក​លោក Joe Biden បាន​ចាកចេញ​ពីតំបន់​អាស៊ី។

កាំជ្រួច​មីស៊ីល​បី​គ្រាប់​ដែល​រួមមានកាំជ្រួច​មីស៊ីល​អន្តរទ្វីប ICBM មួយ​ផង​ដែរ​ត្រូវ​បាន​កូរ៉េខាងជើង​បាញ់ចេញ​ពីតំបន់ Sunan នៅក្នុង​រដ្ឋធានី​ព្យុងយ៉ាង។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​មន្ត្រីនៃ​រដ្ឋាភិបាល​កូរ៉េខាងត្បូង។ នេះ​ជា​ការ​សាកល្បងអាវុធ​មួយក្នុង​ចំណោម​ការ​សាកល្បង​ជិត​២០ដង​ក្នុង​ឆ្នាំ​នេះ​របស់​កូរ៉េ​ខាង​ជើង​ដែល​ជំរុញ​ឱ្យសហរដ្ឋ​អាមេរិក​និង​កូរ៉េខាងត្បូង ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​មួយ ដោយ​មាន​ការ​បាញ់គ្រាប់​មីស៊ីល​ពិត​ជា​ការ​ឆ្លើយតប​ទៅនឹង​ការសាកល្បងរបស់​កូរ៉េខាងជើង​នោះ។

រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​មាន​គម្រោង​អំពាវនាវ​ឱ្យ​មាន​ការបោះឆ្នោត​មួយ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​លើ​ការ​ដាក់ទណ្ឌកម្ម​កាន់​តែ​ខ្លាំង​ថែម​ទៀត​ប្រឆាំង​នឹងរដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ បន្ទាប់​ពី​បាន​បាញ់​សាកល្បងកាំជ្រួច​មីស៊ីល​ជា​បន្ត​បន្ទាប់របស់​ខ្លួន​រួច​មក។ នេះ​បើ​តាម​ការឱ្យ​ដឹងរបស់​មន្ត្រី​ជាន់​ខ្ពស់​អាមេរិក​មួយ​រូប។

មន្ត្រី​រូប​នោះ​រំពឹង​ថា ការ​បោះឆ្នោត នឹង​កើត​មាន​ឡើងក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ ​ហើយ​ក៏​បាន​និយាយ​ផង​ដែរថា សេចក្តី​សម្រេច​លើក​មុន​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​អំពាវនាវឱ្យមាន​វិធានការណ៍​កាន់​តែ​ធ្ងន់​ថែម​ទៀត​ទៅ​លើ​កូរ៉េខាង​ជើង​ក្នុង​ករណីដែលប្រទេស​នេះ​ធ្វើ​ការសាកល្បងកាំជ្រួច​មីស៊ីល​អន្តរទ្វីប ICBM បន្ថែម​ទៀត​នោះ។

មន្ត្រី​អាមេរិក​ដែល​និយាយក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​បានបន្ត​ទៀត​ថា៖ «នេះ​ជាខ្លឹមសារមួយ​ដែល​សេចក្តី​សម្រេចនោះ​បាន​ចែង។ នេះ​ជា​ការ​បញ្ជាក់​ឱ្យ​ឃើញ​យ៉ាង​ច្បាស់​នូវ​អ្វី​ដែល​បាន​កើត​មាន​ឡើង ដូច​នេះ​យើងដឹង​ថា វា​ដល់​ពេល​ហើយ​ដែល​យើង​ត្រូវធ្វើ​ការ​លើ​រឿង​នេះ»៕

XS
SM
MD
LG