ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រះរាជអាជ្ញា​អន្តរជាតិ៖ ​មិន​មាន​សំណុំរឿង​ក្រោយ​០០៣/០០៤​ទេ


លោក​ នីកូឡាស​ គុមជាន​ (Nicholas Koumjian) ​សហ​ព្រះរាជ​អាជ្ញា​​អន្តរជាតិ​នៃ​សាលាក្តី​ខ្មែរ​ក្រហម។
លោក​ នីកូឡាស​ គុមជាន​ (Nicholas Koumjian) ​សហ​ព្រះរាជ​អាជ្ញា​​អន្តរជាតិ​នៃ​សាលាក្តី​ខ្មែរ​ក្រហម។

សហ​ព្រះ​រាជអាជ្ញា​អន្តរជាតិ​បាន​ប្រកាស​ថា​ សាលាក្តី​ខ្មែរក្រហម​នឹង​មិន​មាន​សំណុំ​រឿង​បន្ថែម​ទៀត​ទេ ​បន្ទាប់​ពី​សំណុំ​រឿង​០០៣ ​និង​០០៤​ ដែល​ស្ថិត​នៅ​ក្រោម​ការ​ស៊ើប​អង្កេត​ដំណាក់កាល​ចុង​ក្រោយ​នេះ។ ​ជន​រងគ្រោះ​នឹង​អ្នកវិភាគ​ខ្លះ​អះអាង​ថា​ ការ​បញ្ចប់​សំណុំ​រឿង​ដែលនៅ​សេស​សល់​ឲ្យបាន​ត្រឹមត្រូវ​ជារឿង​សំខាន់​សម្រាប់​ផ្តល់​យុត្តិធម៌​ដល់​ជន​រងគ្រោះ​ដែល​ទន្ទឹង​រង់ចាំ​ជាង​៣០ឆ្នាំ​មកនេះ។​

លោក​ នីកូឡាស​ គុមជាន​ (Nicholas Koumjian) ​សហ​ព្រះរាជ​អាជ្ញា​អាមេរិកាំង ​បាន​បញ្ជាក់​ ជាថ្មី​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់លោក​កាលពី​ថ្ងៃ​ពុធថា​ នឹង​គ្មាន​សំណុំ​រឿង​ខ្មែរក្រហម​ កើត​ឡើង​បន្តទៀត​ ចេញពី​ការិយាល័យ​របស់​លោក​ដើម្បី​បញ្ជូន​ទៅកាន់​សហ​ចៅក្រម​ស៊ើប អង្កេត​ទេ​ បន្ទាប់ពី​សំណុំ​រឿង​០០៣ ​និង​០០៤ ​ដ៏​ចម្រូង​ចម្រាស់​ ហើយ​ដែល​ស្ថិត​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​នោះ។​

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ដដែល​នោះ ​លោក​សហ​ព្រះរាជអាជ្ញា​បាន​អះអាង​ជា​ថ្មី​ថា ​ការិយាល័យ​របស់​លោក​នៅ​តែ​មិន​ប្រែប្រួល​គោល​នយោបាយ​របស់ខ្លួន​ ដូច​ធ្លាប់​បាន​ប្រកាស​តាំង​ពី​ដំបូង​ដោយ​សហ​ព្រះរាជ​អាជ្ញា​មុន​ កាលពី​ថ្ងៃទី​៨ ​ខែ​កញ្ញា​ឆ្នាំ២០០៩​ថា៖​ គ្មាន​សំណុំ​រឿង​ផ្សេងទៀត​នឹងត្រូវ​ដាក់​ជូន​ទៅ​សហ​ចៅក្រម​ស៊ើប​អង្កេត​នោះ​ទេ។​

លោក​ដូច្នេះ​គឺ​ក្រោយពី​មាន​របាយការណ៍​ព័ត៌មាន​នានា​ ដែល​បាន​បញ្ជាក់​ថា​ មាន​សំណួរ​មួយ​ចំនួន​ត្រូវ​ចោទ​សួរ​ក្នុង​ព្រឹត្តិការណ៍​ផ្សព្វផ្សាយ​កាល​ពី​ពេល​ថ្មីៗ​ថា​ តើ​នៅ​មាន​សំណុំរឿង​បន្ថែម​ទៀត​ដែរ​ឬទេ ​បន្ទាប់​ពី​សំណុំ​រឿង​០០៣ ​និង​០០៤​នោះ។​

សំណុំ​រឿង​០០៣ ​និង​០០៤​មាន​ជន​ជាប់​ចោទ​៥​នាក់​ តែ​អ្នក​នៅ​មាន​ជីវិត​រស់​មានតែ​៤នាក់​ ប៉ុណ្ណោះ។​ ទោះបី​ជា​សាលាក្តី​មិន​បាន​បង្ហាញ​អត្ត​សញ្ញាណ​ជន​សង្ស័យក្តី​ តែ​គេ​បាន​ដឹង​ថា​ សំណុំ​រឿង​០០៣ ​គឺ​មាន​លោក ​មាស មុត​ អតីត​មេបញ្ជាការ​យោធា​ជើង​ទឹក ​និង​លោក​ ស៊ូ ម៉េត​ ជា​មេបញ្ជាការ​ទ័ពអាកាស ​ដែល​បាន​ស្លាប់​មុន​ដំណើរការ​នីតិវិធី។​ ហើយ​សំណុំ​រឿង​០០៤​ដែល​មាន​កម្មាភិបាល​ជាន់ខ្ពស់​នៃ​របប​ខ្មែរក្រហម​គឺ​មាន​ លោក​យឹម ទិត​ ហៅ​តាទិត​ អ្នកស្រី ​អ៊ឹម ចែម​ហៅ​យាយ ​ចែម​ និង​លោក​អោម អាន​ ហៅ​តាអាន។​

លោក ​ស៊ុំ ឫទ្ធី ​អ្នករួច​ជីវិតពី​គុក​ខ្មែរ​ក្រហម​ដ៏​កម្រ​ក្នុង​ខេត្ត​សៀមរាប​ ​បាន​ថ្លែង​ថា ​ជា​ការ​ល្អ​ហើយ​ប្រសិន​បើ​សាលាក្តី​នេះ​អាច​បញ្ចប់​សំណុំ​រឿង​០០២​ វគ្គ២ ​ដោយ​ត្រឹមត្រូវ ​និង​០០៣ ​និង ​០០៤ ​ដោយ​គ្មាន​ឧបសគ្គ​នោះ។​

«ជន​រងគ្រោះ​គ្នា​ចាំ​តែ​ទទួល​យុត្តិធម៌ទេ​តើ ​ព្រោះ​យុត្តិធម៌​ បើ​ធ្វើ​អា​រឿង​០០៣ ​និង​០០៤នេះ​បាន​ជោគជ័យ ​អាហ្នឹង​យុត្តិធម៌​ក៏​បាន​ជោគជ័យ​ស្ទើរតែ​១០០​ភាគរយ​ ព្រោះជន​រងគ្រោះ​នៅ​រង់ ចាំ​រឿង​ហ្នឹង​ដែរ»។​

លោក​បាន​អះអាង​ពីការ​ឈឺ​ចាប់​របស់លោក​ នៅពេល​ដែល​សំណុំ​រឿង​របស់​លោក​មិន​ស្ថិត ក្នុង​ទីតាំង​ឧក្រិដ្ឋកម្ម​ដែល​តុលាការ​ជ្រើសរើស ​ហើយ​លោក​បាន​ស្តី​បន្ទោស​លើអ.ស.ប.ថា​ ជា​អ្នកធ្វើ​ឲ្យលោក​ខកចិត្ត​ ចំពោះ​ការ​ធ្វើ​កិច្ចការ​មិនត្រឹម​ត្រូវ​នេះ។​ លោក​នឹង​ផ្ញើសារ​ទៅកាន់លោក​អគ្គ​លេខាធិការ​អ.ស.ប.​ ​បាន់ គីម៊ូន​ថា ​ប្រសិន​បើតុលាការ​អន្តរជាតិ ​ដែល​ជន​រងគ្រោះ​ ទុក​ចិត្តនេះ​ មិន​ផ្តល់​យុត្តិធម៌​ដល់ជន​រងគ្រោះ ​និង​មិន​លើក​រឿង​ហេតុជាក់​ស្តែង​ កន្លែង​ទីតាំង​ ឧក្រិដ្ឋកម្ម​ពិតប្រាកដ​ ដែល​លោក​ឆ្លងកាត់​មក​កាត់ទោស​ទេ​នោះ​ តុលាការ​នេះ​ លោក​រិះគន់​ថា​ ជា​តុលាការ​អន់​ជាង​តុលាការ​កម្ពុជា​ក្នុង​ឆ្នាំ​១៩៧៩។​

«ខ្ញុំ​សុំផ្តាំ​ទៅផង ​ធ្វើ​ម៉េច​ឲ្យអ.ស.ប.​ ​ធ្វើអា​ក​ន្លែង​ភូមិភាគ​ឧត្តរ​ហ្នឹង​ឲ្យ​ចេញ​មើល។​ សូម​ជម្រាប​ទៅ​លោក​បាន់ គីម៊ូន​ផង ​ឲ្យពាក្យ​សម្តីខ្ញុំ​ហ្នឹង​ឮ​ទៅដល់​ប្រធាន​អ.ស.ប.ផង»។​

លោក​ស៊ុំ ឫទ្ធី ​ជាអ្នក​ទោស​ដែល​រួច​ពី​ស្លាប់​និង​មាន​របួស​ក្នុង​ខ្លួន​ដោយ​សារ​ការ​ធ្វើ​ទារុណ្មកម្ម​ក្នុង​គុក​ ហើយ​អះអាង​ថា​ លោក​បាន​ឃើញ​ហេតុការ​ផ្ទាល់ភ្នែក​និង​ដឹង​អំពីការ​កាប់​សម្លាប់​រង្គាល​យ៉ាង​សាហាវ​របស់​ពួក​ខ្មែរក្រហម ​ដែលជន​ដៃដល់​នៅ​មាន​ជីវិតរស់​នៅ​ឡើយ។​

លោក​សាស្ត្រាចារ្យ​ច្បាប់​អាមេរិកាំង​ ភីធ័រ ម៉ាខ្វៃអ័រ ​(Peter Marguire)​ ដែលជា​អ្នកនិពន្ធ​សៀវ​ភៅ​ខ្មែរក្រហម ​«ប្រឈម​មុខ​នឹងការ​ស្លាប់ក្នុង​ប្រទេស​កម្ពុជា»ឬ ​“Facing ​Death​ in Cambodia” ​បាន​ប្រាប​វីអូអេ​ថ្មីៗ​ថា​ វាជា​សំណាង​សម្រាប់​ជនរង​គ្រោះ​ ដែល​សាលាក្តី ​ខ្មែរក្រហម​អាច​បញ្ចប់​សំណុំ​រឿង​០០២​នេះ​បាន​ដោយ​ជោគ​ជ័យ ​ក្នុងពេល​ជនជាប់​ចោទនៅ​មាន​ជីវិត។​ ហើយ​លោក​ពិបាក​ជឿ​ថា ​សំណុំ​រឿង​០០៣ ​និង​០០៤អាចត្រូវ​គេកាត់​ទោស​បាន​ នៅ​ពេល​មាន​ការ​ប្រទាញ​ប្រទង់​គ្នា​ និង​មាន​សម្ពាធ​ផ្នែក​នយោបាយ​នោះ។

សហ​ចៅក្រម​ស៊ើប​អង្កេត​សាលាក្តី​ខ្មែរក្រហម​ដែល​ចូលរួម​ដោយ​អ.ស.ប.​ ​កំពុង​បន្ត​ស៊ើប​អង្កេត​សំណុំ​រឿង​០០៣ ​និង​០០៤ ​ដែលមាន​ជនជាប់​ចោទ​៤​នាក់​នៅ​មាន​ជីវិត​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​ ខណៈពេល​ ដែល​តុលាការ​កំពុង​បន្តការ​កាត់ទោស​សំណុំ​រឿង​០០២​ វគ្គ​ទី២​ដ៏​ចម្រូង​ចម្រាស​នោះ។​ តែ​គេ​គ្មាន​ឃើញ​វិធានការ​បន្ត​យ៉ាង​ណា​ទេ​ នៅ​ពេល​ដែល​ជន​សង្ស័យ​បដិសេធ​មិនធ្វើតាម​ការ​ជូន​ដំណឹង​របស់​សហ​ចៅក្រម​ស៊ើបអង្កេត ​ជាពិសេស​ក្នុង​ដំណាក់​កាល​ចាប់​ឃុំខ្លួន​និង​ចោទ​ប្រកាន់​ជាចុង​ក្រោយ​នោះ។ ​កិច្ច​សហការ​រវាង​សហ​ចៅក្រម​បរទេស ​និង​សហ​ចៅក្រម​ខ្មែរ​ ឬ​កិច្ច​សហការ​ពី​អាជ្ញាធរ​ខ្មែរ​លើការ​ចាប់ខ្លួន​ជា​ចំណុច​សំខាន់​ដែល​អ្នក​វិភាគ​កំពុង​តាម​ឃ្លាំមើល។​

មានជន​ជាប់ចោទ​វ័យជាង​៨០​ឆ្នាំ​ពីរនាក់​ជាអតីត​មេដឹកនាំ​ជាន់ខ្ពស់​នៃ​របប​ខ្មែរក្រហម​ គឺ ​នួន ជា ​និង ​ខៀវ សំផន​កំពុង​ប្រឈម​មុខ​នឹង​ការកាត់​ទោស​ពីបទ​ឧក្រិដ្ឋកម្ម​សំខាន់​ជាច្រើនក្នុង​ទសវត្សរ៍​១៩៧០ ​ដែល​ត្រូវ​ស្តីបន្ទោស​ថា​ មាន​ជាប់ទាក់​ទងនឹង​ការ​សម្លាប់​រង្គាល​ពលរដ្ឋខ្មែរ​ជិត​ពីរ​លាន​នាក់៕

XS
SM
MD
LG