ក្រុមចៅក្រមនៃសាលាក្តីខ្មែរក្រហមនៅថ្ងៃព្រហស្បតិ៍នេះបានកោតសរសើរពីផលវិជ្ជមានក្នុងដំណើរការកាត់ទោសអតីតមេដឹកនាំកំពូលខ្មែរក្រហម ស្របពេលដែលអង្គជំនុំជម្រះសាលាដំបូងនឹងចាប់ផ្តើមកាត់ទោសនួន ជា និងខៀវ សំផន ក្នុងជំហានទី២នៅថ្ងៃសុក្រស្អែកនេះ។
ថ្លៃងនៅក្នុងពិធីបើកកិច្ចប្រជុំពេញអង្គលើកទី១១នៅសាលាក្តីខ្មែរក្រហម លោកចៅក្រម គង់ ស៊្រីម ប្រធានអង្គជំនុំជម្រះតុលាការកំពូលនិងជាប្រធានកិច្ចប្រជុំពេញអង្គបានរៀបរាប់ឡើងវិញអំពីដំណើរការកាត់ទោសក្នុងសំណុំរឿង០០២វគ្គទី១ដែលមានជនជាប់ចោទនួន ជា អតីតប្រធានសភាខ្មែរក្រហមនិងខៀវ សំផន អតីតប្រមុខរដ្ឋរបស់ក្រុមកុម្មុយនិស្តអាវខ្មៅនេះ។
ជនជាប់ចោទទាំងពីរត្រូវផ្តន្ទាទោសឲ្យជាប់គុកអស់មួយជីវិតកាលពីដើមខែសីហាដោយអង្គជំនុំជម្រះសាលាដំបូងដោយសារតុលាការបានរកឃើញថា ជនជាប់ចោទមានការទទួលខុសត្រូវចំពោះបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិដែលបានបណ្តាលឲ្យប្រជាពលរដ្ឋកម្ពុជាស្លាប់យ៉ាងតិច១,៧លាននាក់។
លោកចៅក្រម គង់ ស៊្រីម ចាត់ទុកថានេះគឺជាការវិវត្តន៍ដ៏ល្អ។
«នៅពេលថ្មីៗនេះមានការវិវត្តន៍គួរឲ្យកត់សម្គាល់ទាក់ទងទៅនឹងសំណុំរឿងនៅចំពោះមុខអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាយើងនេះ។ នៅថ្ងៃទី៧ខែសីហា អង្គជំនុំជម្រះសាលាដំបូងបានប្រកាសសាលក្រមក្នុងសំណុំរឿង០០២/១ក្នុងនោះអង្គជំនុំជម្រះបានរកឃើញថាជនជាប់ចោទនួន ជានិងខៀវ សំផន បានប្រព្រឹត្តនូវឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិហើយបានសម្រេចប្រកាសទោសដាក់ពន្ធនាគារអស់មួយជីវិត»។
នួន ជា អាយុ៨៨ឆ្នាំនិងខៀវ សំផន អាយុ៨៣ឆ្នាំគឺជាមេដឹកនាំកំពូលតែពីរនាក់គត់ដែលកំពុងស្ថិតក្រោមការកាត់ទោស។ អៀង ធារិទ្ធ អតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចត្រូវតុលាការដោះលែងឲ្យនៅក្រៅឃុំដោយសារជំងឺវង្វេងវង្វាន់។ រីឯប្តីរបស់គាត់អៀង សារី អតីតបងធំទី៣ឬអតីតឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីការបរទេសខ្មែរក្រហមបានស្លាប់មុនការកាត់ទោសចប់សព្វគ្រប់។
វីដេអូទាក់ទង៖ សាលាក្តីខ្មែរក្រហមគួរទទួលបានជំនួយរហូតចប់ចុងចប់ដើម
លោកចៅក្រម គង់ ស៊្រីម កត់សម្គាល់ថាប្រជាពលរដ្ឋកម្ពុជាមានចំណាប់អារម្មណ៍ខ្លាំងលើដំណើរការកាត់ក្តីអតីតមេដឹកនាំខ្មែរក្រហមហើយមានប្រជាពលរដ្ឋច្រើនជាង១០៤.០០០នាក់បានចូលរួមទស្សនាការកាត់ទោសសំណុំរឿង០០២វគ្គទី១ដោយផ្ទាល់។ សម្រាប់រូបលោកនេះគឺជាចំនួនតួលេខដ៏ខ្ពស់បំផុតមិនដែលធ្លាប់មាន។
លោកចៅក្រម គង់ ស៊្រីមក៏បានជូនដំណឹងបន្ថែមអំពីការកាត់ទោសបន្តលើជនជាប់ចោទនួន ជា និងខៀវ សំផន នៅថ្ងៃសុក្រ។
«សវនាការលើអង្គសេចក្តីនឹងចាប់ផ្តើមនៅថ្ងៃស្អែកនៅក្នុងបន្ទប់សវនាការនេះដោយមានការថ្លែងបើកសង្ខេបដោយសហព្រះរាជអាជ្ញានិងមេធាវីការពារក្តី»។
ជាមួយគ្នានេះដែរលោកចៅក្រម ចាង ហូ ជុង (Chang-Ho Chung)អនុប្រធានកិច្ចប្រជុំពេញអង្គបានលើកពីការវិវត្តន៍ផ្នែកសិទ្ធិមនុស្សនិងគតិយុត្តិដែលជាកេរដំណែលរបស់សាលាក្តីខ្មែរក្រហមប្រចាំតំបន់អាស៊ីទាំងមូល។
«ក្នុងនាមសាលាក្តីអន្តរជាតិតែមួយគត់បង្កើតឡើងក្នុងទ្វីបអាស៊ី អ.វ.ត.ក បានបង្ហាញនូវសក្តានុពលធំធេងរបស់ខ្លួនចំពោះការរីកចម្រើនក្នុងវិស័យគតិយុត្តិនិងសិទ្ធិមនុស្សនៅក្នុងទ្វីបអាស៊ី។ កេរដំណែលនៃអ.វ.ត.ក អាចនាំឲ្យមានការវិវត្តន៍រីកចម្រើនលើវិធានគតិយុត្តិនិងសិទ្ធិមនុស្សនៅក្នុងតំបន់នេះ។ កេរដំណែលរបស់អ.វ.ត.ក នឹងបន្តសាយភាយជាលក្ខណៈប្រព័ន្ធនៅពេញទ្វីបអាស៊ីតាមរយៈការបង្កើតតុលាការសិទ្ធិមនុស្សអាស៊ី»។
សូមបញ្ជាក់ថា កិច្ចប្រជុំពេញអង្គលើកទី១១នៅថ្ងៃនេះរបស់ក្រុមចៅក្រមនិងព្រះរាជអាជ្ញានៃសាលាក្តីខ្មែរក្រហមបានពិភាក្សាលើសំណើធ្វើវិសោធនកម្មលើវិធានផ្ទៃក្នុងចំនួនបួនចំណុច ដែលបើតាមលោកចៅក្រមគង់ ស្រ៊ីម វិសោធនកម្មនេះដើម្បីជំរុញនីតិវិធីកាត់ក្តីឲ្យកាន់តែលឿនទៅមុខទៀតដោយ កាត់បន្ថយវិសាលភាពនៃកិច្ចស៊ើបសួរ និងជំនុំជម្រះរួមទាំងការដាក់បញ្ចូលនូវបទបញ្ញតិ្តទាក់ទងនឹងការចុះបញ្ជីមេធាវីអន្តរជាតិនិងដើមបណ្តឹងរដ្ឋប្បវេណីក្នុងបញ្ជីគណៈមេធាវីកម្ពុជា។
តែទោះជាយ៉ាងណាក្រុមចៅក្រមដឹកនាំកិច្ចប្រជុំពេញអង្គមិនបាននិយាយយោងដល់សំណុំរឿង០០៣ និង០០៤ ដ៏ចម្រូងចម្រាសនោះទេស្របពេលដែលការកោះហៅជនជាប់សង្ស័យក្នុងសំណុំរឿងបន្ថែមនេះជួបឧបសគ្គនោះ។
មានការរិះគន់អំពីការជ្រៀតជ្រែកនយោបាយពីរដ្ឋាភិបាលលើសំណុំរឿង០០៣ និងសំណុំរឿង០០៤នេះ ហើយក៏មានការចោទប្រកាន់ជាច្រើនទៀតទាក់ទងនឹងភាពលម្អៀងផ្នែកនយោបាយ ជាពិសេសសំដៅលើភាគីកម្ពុជានៅក្នុងសាលាក្ដីខ្មែរក្រហម៕