ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា​រៀប​ចំ​​ឯកសារ​សម្រាប់​ការ​ស្រាវជា្រវ​របស់​សាធារណ​ជន


កម្រោង​វិទ្យាស្ថាន​​ស្លឹករឹត​​ដែល​​នឹង​ក្លាយ​ជា​មណ្ឌល​ផ្សះផ្សា​​ផ្លូវ​ចិត្ត​​ពី​​របប​ខ្មែរក្រហម​​
កម្រោង​វិទ្យាស្ថាន​​ស្លឹករឹត​​ដែល​​នឹង​ក្លាយ​ជា​មណ្ឌល​ផ្សះផ្សា​​ផ្លូវ​ចិត្ត​​ពី​​របប​ខ្មែរក្រហម​​

ឯកសារដែល​ទាក់​ទង​នឹង​របប​កាប់​សម្លាប់​របស់​ពួក​កុម្មុយនិស្ត​ខ្មែរក្រហម​ជិត​១លាន​ទំព័រ​ រួម​ទាំង​ឯកសារជា​សំឡេង និង​វីដេអូ​ក្នុ​ង​អំឡុង​ពេល​កាត់​ទោស​នៃ​អតីត​មេដឹក​នាំ​ជាន់​ខ្ពស់​និង​អ្នក​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់​ខ្មែរក្រហម​នឹង​ត្រូវ​ដាក់​ជូន​សាធារណជន​ស្រាវ​ជ្រាវនិង​ស្វែង​យល់​ដោយ​សេរី​ចាប់​ពី​ពេល​នេះ​តទៅ​ នៅ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា។​ នេះ​បើ​យោង​តាម​មន្ត្រី​ផ្លូវការ​ឲ្យ​ដឹង​នៅ​ថ្ងៃ​នេះ។​

មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា​គឺ​ជា​មជ្ឈមណ្ឌលដែល​ប្រមូល​ផ្តុំ​ដោយ​ឯកសារ​ដែល​ទាក់​ទង​នឹង​របប​កម្ពុជា​ប្រជា​ធិបតេយ្យ​របស់​ពួក​ខ្មែរ​ក្រហម​ច្រើន​ជាង​គេ​បំផុត​នៅ​កម្ពុជា។​ មជ្ឈមណ្ឌល​នេះ​បាន​ផ្តល់​នូវ​ឯកសារដែល​ទាក់​ទង​នឹង​អំពើ​ឧក្រិដ្ឋ​កម្ម​ និង​ការ​គ្រប់​គ្រង​របស់​ពួក​មេដឹក​នាំ​ខ្មែរក្រហម​ រួម​ទាំង​គោល​នយោបាយ​របស់​ពួក​គេ​ជាដើម ​សរុបចំនួន​ជិត​១​លាន​ទំព័រ​ទៅ​ដល់​សាលា​ក្តី​ខ្មែរ​ក្រហម។​

លោក​វ៉ាន់ថាន់​ ពៅតារា ​នាយករង​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ ​បាន​ឲ្យ​ដឹង​ថា​ មជ្ឈមណ្ឌល​របស់​លោក​នឹង​ដាក់​ឯកសារ​ទាំង​នេះ​ និង​ឯកសារ​ដែល​ស្រង់​បាន​ថ្មីៗពី​ដំណើរ​ការ​កាត់​ទោស​ដែល​មាន​ជា​បី​ភាសា​ គឺ​ភាសា​បារាំង​ អង់គ្លេស​ និង​ខ្មែរ​សម្រាប់​ការ​ស្រាវជ្រាវ​របស់​សាធារណ​ជន។​

«ឯកសារ​ដែល​ សាលាក្តី​ខ្មែរ​ក្រហម​ស្នើ​សុំ​ពី​មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា​គឺ​មាន​នៅ​ទី​ នេះ​ស្រាប់។​ ហើយ​បន្ថែម​ពី​លើ​នោះ​គឺ​យើង​មាន​ឯកសារ​ដែល​សាលាក្តី​ខ្មែរក្រហម​ផ្សព្វ​ ផ្សាយ​ជា​សាធារណៈ​តាម​រយៈ​គេហ​ទំព័រ​របស់​សាលាក្តី​ខ្មែរក្រហម។​ ​ក្រៅ​ពី​នោះ ​យើង​បាន​ទៅ​យក​ជា​វីដេ​អូ ​វិទ្យុនៃ​សវនាការ​ទាំង​អស់​ចាប់​តាំង​ពី​ថ្ងៃ​ដំបូង យក​មក​ទុក​នៅ​មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា​សម្រាប់​សាធារណ​ជន​ អ្នក​ស្រាវ​ជ្រាវ​អាច​ប្រើ​ប្រាស់​បាន»។​

អត្ថន័យ​និង​គោល​បំណង​នៃ​វិទ្យាស្ថាន​ស្លឹករឹត​(ភាគ​២​ចប់)
សូម​រង់ចាំ

No media source currently available

0:00 0:13:49 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជាឲ្យ​ដឹង​ថា​ ​សាធារណ​ជន​អាច​ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ ​និង​ស្វែង​យល់​អំពី​របប​ខ្មែរ​ក្រហម​ និង​អំពី​ដំណើរ​ការ​កាត់​ទោសខ្មែរ​ក្រហម​ក្នុង​ម៉ោង​ និង​ថ្ងៃ​ធ្វើ​ការ​ចាប់​ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃ​សុក្រ។

លោក​វ៉ាន់ថាន់​ ពៅតារា​បញ្ជាក់​បន្ថែម​ថា​ ការ​ដាក់​ឯកសារ​ទាំង​នេះ​សម្រាប់​ការ​ស្រាវជ្រាវ​នឹង​ជួយ​គាំទ្រ​ដល់​ផ្នែក​យុត្តិ​ធម៌ដល់​ជន​រង​គ្រោះ។​

«ក្រៅ​ពី​ប្រយោជន៍​យុត្តិ​ធម៌​ដែល​ជន​រង​គ្រោះ​ទទួល​បាន​គឺ​មាន​ប្រយោជន៍​ផ្សេងៗទៀត​ ដូចជា​ការ​ចង់​ដឹង​អំពី​ព័ត៌មាន​លម្អិត​ ​អំពី​សាលាក្តី​ខ្មែរក្រហម​ អំពី​ដំណើរ​ការ​ស្វែង​រក​យុត្តិ​ធម៌ ​និង​ជួយ​ដល់​សង្គម​ទាក់​ទង​នឹង​ការ​កសាង​នីតិរដ្ឋ​នៅ​ក្នុ​ងសង្គម​កម្ពុជា»។

របប​កម្ពុជា​ប្រជា​ធិបតេយ្យ​របស់​ពួក​ខ្មែរក្រហម​បាន​បង្ក​ឲ្យប្រជា​ពលរដ្ឋ​ខ្មែរ​ស្លាប់​យ៉ាង​តិច​១,៧​លាន​នាក់​ចន្លោះ​ពី​ខែ​មេសា​ឆ្នាំ​១៩៧៥​ដល់​ថ្ងៃ​ទី​៧​មករា​ឆ្នាំ​១៩៧៩។​ ជង​រង​គ្រោះ​ទាំងនេះស្លាប់​ដោយសារ​ការ​បង្អត់​អាហារ ​ដោយសារ​ការ​ធ្វើ​ការ​ដោយ​បង្ខំ ​ដោយសារ​ការ​ធ្វើ​ទារុណ​កម្ម​ និង​សា្លប់​ដោយ​សារ​ការ​យក​ទៅ​សម្លាប់​ចោល​ដោយ​មិន​មាន​ការ​កាត់​ទោស​តាម​ច្បាប់​នោះ​ទេ។​

មេ​ដឹក​នាំ​ជាន់​ខ្ពស់​ខ្មែរក្រហម​ចំនួន​បួន​នាក់​ត្រូវ​ចាប់​ខ្លួន​យក​មក​កាត់​ទោស​ចំពោះ​ការ​ទទួល​ខុស​ត្រូវ​របស់​ពួក​គេ។​ ក្នុ​ងនោះ​អៀង សារី ​អតីត​រដ្ឋ​មន្ត្រី​ការ​បរទេស​បាន​ស្លាប់​នៅ​ពេល​កំពុង​កាត់​ទោស។​ ប្រពន្ធ​របស់​គាត់​អៀង ធីរិទ្ធ ​អតីត​រដ្ឋ​មន្ត្រី​ក្រសួង​សង្គម​កិច្ច​ត្រូវ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ដោយសារ​ជំងឺ​វង្វេង​វង្វាន់​បាត់​ការ​ចងចាំ។​ ដោយ​ឡែក​នួន​ ជា ​អតីត​ប្រធាន​សភា​ខ្មែរក្រហម​និង​ជា​បង​ធំ​ទី​២​បន្ទាប់​ពី​ប៉ុល​ ពត ​និង​ខៀវ សំផន ​អតីត​ប្រមុខ​រដ្ឋ​ ខ្មែរក្រហម​កំពុង​ស្ថិត​ក្រោម​ការ​វិនិច្ឆ័យទោស។​

កាល​ពី​ខែ​សីហា ​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​បាន​ផ្តន្ទាទោស​ជនជាប់​ចោទ​ទាំង​ពីរ​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ​ប៉ុន្តែ​ជនជាប់​ចោទ​បាន​ប្តឹង​ទាស់​នឹង​ការ​សម្រេច​ក្តី​នេះ។​

ក្រៅ​ពី​នោះ​កាំង ហ្គិចអ៊ាវ ​ហៅឌុច ​អតីត​ប្រធាន​គុក​ទួល​ស្លែង ​ឬ​មន្ទីរ​សន្តិសុខ​ស-២១ ​ត្រូវ​ផ្តន្ទា​ទោស​ឲ្យ​ជាប់​គុក​អស់​មួយ​ជីវិត។​

សាលាក្តី​ខ្មែរក្រហម​កំពុង​ស្វែង​រក​ជនជាប់​សង្ស័យ​ចំនួន​៥​នាក់​ផ្សេង​ទៀត​យក​មក​កាត់​ទោស ​ប៉ុន្តែ​សំណុំ​រឿង​០០៣​និង​០០៤​សម្រាប់​ជន​សង្ស័យ​ទាំង​ប្រាំ​នាក់​មិន​ទទួល​បាន​ការ​គាំទ្រ​ពី​ភាគី​រដ្ឋាភិបាល​កម្ពុជា​នោះ​ទេ។​

លោក​នេត្រ ភក្ត្រា ​អ្នក​នាំ​ពាក្យ​សាលាក្តី​ខ្មែរក្រហម​បាន​ស្វាគមន៍​គម្រោង​ការ​របស់​មជ្ឈ​មណ្ឌល​ឯក​សារ​កម្ពុជា។​

«ខាង​សង្គម​ស៊ីវិល​ធ្វើ​ក៏​ដើម្បី​ផល​ប្រយោជន៍​យុត្តិធម៌ ​ហើយ​ខាង​សាលា​ក្តី​ខ្មែរក្រហមកំពុង​ធ្វើ​នេះ​ក៏​បម្រើ​ឲ្យ​ផល​ប្រយោជន៍​យុត្តិ​ធម៌​ផង​ដែរ។​ ​ហើយ​ភាគី​ទាំង​អស់​គ្នា​គឺ​ត្រូវ​ចូល​រួម​កសាង​នូវ​ក្នុ​ង​ការ​ចង​ចាំ​មួយ​សម្រាប់​ប្រជាជន​កម្ពុជា ​និង​មនុស្ស​ជាតិ​ទាំង​មូល»។​

លោក​នេត្រ ភក្ត្រា​បញ្ជាក់​ថា ​សាលាក្តី​ខ្មែរ​ក្រហម​ក៏​មាន​ផែន​ការ​កសាង​មជ្ឈ​មណ្ឌល​តុលាការ​មួយ​ដើម្បី​បម្រើ​ដល់​ការ​សិក្សា​ និង​ស្រាវជ្រាវ ​ក្រោយ​ពី​តុលាការដែល​គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិ​នេះ​ បញ្ចប់​បេសកកម្ម​របស់​ខ្លួន៕​

XS
SM
MD
LG