សហព្រះរាជអាជ្ញាអន្តរជាតិនៃសាលាក្តីខ្មែរក្រហមបានស្នើឲ្យមានការស៊ើបអង្កេតលើការបង្ខំឲ្យរៀបការនៅក្នុងសំណុំរឿង០០៣ បន្ថែមពីលើកិច្ចស៊ើបអង្កេតដែលកំពុងតែដំណើរការស្រាប់។
លោកនីកូឡាស គុមជាន (Nicholas Koumjian) សហព្រះរាជអាជ្ញាអាមេរិកាំងបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ទៅកាន់ការិយាល័យចៅក្រមស៊ើបអង្កេតកាលពីថ្ងៃពុធថា មានភស្តុតាងថ្មីៗបន្ថែមទៀតដែលបង្ហាញថា ពួកខ្មែរក្រហមបានបង្ខំឲ្យប្រជាពលរដ្ឋកម្ពុជារៀបការជាហ្វូងនៅក្នុងខេត្តព្រះសីហនុ។ លោកបន្ថែមថា៖ «មានឱកាសជាច្រើនដែលក្រុមគូស្រករដែលរហូតដល់ចំនួន២០គូត្រូវបង្ខំឲ្យរៀបការក្នុងពេលតែមួយ»។
សហព្រះរាជអាជ្ញានីកូឡាស គុមជានបានរកឃើញថា៖«ក្រុមស្ត្រីត្រូវបញ្ជូនពីភូមិភាគឬតំបន់ផ្សេងៗដើម្បីឲ្យមករៀបការដោយបង្ខំជាមួយកម្មាភិបាលយោធាខ្មែរក្រហម»។
លោកសហព្រះរាជអាជ្ញាអាមេរិកាំងចាត់ទុកបញ្ហានេះថាជា«អំពើហិង្សាផ្លូវភេទ» ហើយបានស្នើឲ្យចៅក្រមស៊ើបអង្កេត«ពិចារណា»លើឧក្រិដ្ឋកម្មបន្ថែមស្តីពីការរៀបអាពាហ៍ពិពាហ៍ដោយបង្ខំនេះ។
ជាមួយគ្នានេះលោកនីកូឡាស គុមជានបានប្រកាសថា កិច្ចស៊ើបអង្កេតនៅក្នុងសំណុំរឿង០០៣នៅតែបន្ត ហើយ«មានភស្តុតាងថ្មីៗបន្ថែមទៀតត្រូវបានរកឃើញជាបន្តបន្ទាប់»។
ការរៀបអាពាហ៍ពិពាហ៍ដោយបង្ខំគឺជាអំពើឧក្រិដ្ឋមួយត្រូវបានដាក់បញ្ចូលនៅក្នុងការកាត់ទោសក្នុងសំណុំរឿង០០២វគ្គទី២។ សំណុំរឿងនេះមានជនជាប់ចោទនួន ជា និងខៀវ សំផន ដែលជាអតីតមេដឹកនាំកំពូលខ្មែរក្រហមតែពីរនាក់គត់ដែលស្ថិតក្រោមការកាត់ទោស។
លោកស្រីស៊ីន សូវ៉ន មេធាវីតំណាងឲ្យដើមបណ្តឹងរដ្ឋប្បវេណីមួយរូបមកពីអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា មានប្រសាសន៍ថា អំពើហិង្សាផ្លូវភេទតាមរយៈការបង្ខំឲ្យរៀបការកើតមាននៅទូទាំងប្រទេសកម្ពុជាក្នុងសម័យកម្ពុជាប្រជាធិបតេយ្យរបស់ពួកខ្មែរក្រហម។
លោកស្រីគូសបញ្ជាក់ថា ក្រុមមេធាវីបានទទូចឲ្យដាក់ការកាត់ទោសលើបញ្ហានេះទាំងក្នុងសំណុំរឿង០០១រហូតដល់សំណុំរឿង០០៤។
«សំណុំរឿង០០៣ សំណុំរឿង០០៤ក៏មានករណីរៀបការដោយបង្ខំ។ ហើយយើងស្នើឲ្យមានការចោទបន្ថែមទាក់ទងទៅនឹងការរំលោភថែមទៀត។ យើងឃើញថា សំណុំរឿង០០៣មាន(ការរៀបការដោយបង្ខំ) ប៉ុន្តែមានតិចតួចជាងសំណុំរឿង០០៤»។
វីអូអេបានព្យាយាមទាក់ទងសុំការបំភ្លឺពីមន្ត្រីអ្នកនាំពាក្យសាលាក្តីខ្មែរក្រហម តែមិនអាចទាក់ទងបានទេនៅថ្ងៃនេះ។
សំណុំរឿង០០៣មានជនជាប់សង្ស័យដែលគេដឹងក្រៅផ្លូវការចំនួនពីរនាក់គឺអតីតមេបញ្ជាការកងទ័ពជើងទឹកខ្មែរក្រហមមាស មុត និងស៊ូ ម៉េត អតីតមេបញ្ជាការកងទ័ពអាកាស។ នេះគឺជាសំណុំរឿងយ៉ាងចម្រោងចម្រាស់ដែលមិនមានការគាំទ្រពីភាគីជាតិនៅក្នុងសាលាក្តីខ្មែរក្រហមទេ ដោយសារតែរដ្ឋាភិបាលបានប្រឆាំងចំពោះការស៊ើបអង្កេតលើសំណុំរឿងបន្ថែមនេះ។
សហព្រះរាជអាជ្ញាអន្តរជាតិធ្លាប់បានចោទប្រកាន់ជនសង្ស័យវ័យចាស់ជរាទាំងពីរទាក់ទិនទៅនឹងការបោសសម្អាតផ្ទៃក្នុងកងទ័ព ការចាប់ខ្លួន និងឃុំខ្លួនដោយគ្មានច្បាប់ ការធ្វើទារុណកម្ម ការសម្លាប់ចោល និងការបង្ខំឲ្យធ្វើការ។ ជនរងគ្រោះនៅក្នុងសំណុំរឿងនេះរួមមានកម្មករ អ្នកនេសាទ ជនដែលត្រូវគេចោទថា ជាជនក្បត់បដិវត្តន៍។ ព្រមទាំងមានជនរងគ្រោះជាជនបរទេសលោកខាងលិច ជនជាតិថៃ ជនជាតិវៀតណាម ដែលត្រូវចាប់ខ្លួននៅក្នុងដែនសមុទ្រ ឬត្រូវចាប់ខ្លួនពីតំបន់ព្រំដែន។
យោងតាមសហព្រះរាជអាជ្ញាបរទេសឲ្យដឹងថា អំពើឧក្រិដ្ឋទាំងនេះបានកើតឡើងនៅទីតាំងសម្លាប់ស្ទឹងតូច ស្រុកពញ្ញាក្រែក ខេត្តកំពង់ចាម ការដ្ឋានសាងសង់ព្រលានយន្តហោះខេត្តកំពង់ឆ្នាំង មន្ទីរសន្តិសុខកងពលលេខ៨០១ នៅខេត្ត រតនគីរី ការដ្ឋានវាយថ្មស្ទឹងហាវ នៅខេត្តព្រះសីហនុ ទីតាំងសម្លាប់មនុស្សនិងមន្ទីរសន្តិសុខវត្តអង្គតាញាន ឬវត្តក្រោមក្នុងខេត្តព្រះសីហនុ មន្ទីរសន្តិសុខស-២១ និងមន្ទីរសន្តិសុខស-២២ នៅភ្នំពេញ រួមទាំងទីតាំងឧក្រិដ្ឋកម្មនៅការដ្ឋានដាំធូរេនស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងការដ្ឋានការងារនៅក្នុងស្រុកនិងខេត្តដដែលនេះ៕