ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​សិទ្ធិ​មនុស្ស​៖ ប៉ូលិស​កេនយ៉ា​បាន​បាញ់​សម្លាប់​មនុស្ស​រាប់​រយ​នាក់​ចាប់​តាំង​ពីឆ្នាំ​២០០៩


បាតុករ​ត្រូវ​បាន​វាយ​នឹង​ដំបង​នៅ​ផ្នែក​ខាង​ក្រោយ​រថយន្ត​ប៉ូលិស​ បន្ទាប់​ពី​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ខាង​ក្រៅ​អគារ​សភា​នៅ​រដ្ឋធានី​ណៃរ៉ូប៊ី​ ប្រទេស​កេនយ៉ា​ នា​ខែ​ធ្នូ​ ឆ្នាំ​២០១៤។
បាតុករ​ត្រូវ​បាន​វាយ​នឹង​ដំបង​នៅ​ផ្នែក​ខាង​ក្រោយ​រថយន្ត​ប៉ូលិស​ បន្ទាប់​ពី​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ខាង​ក្រៅ​អគារ​សភា​នៅ​រដ្ឋធានី​ណៃរ៉ូប៊ី​ ប្រទេស​កេនយ៉ា​ នា​ខែ​ធ្នូ​ ឆ្នាំ​២០១៤។

ក្រុម​សិទ្ធិ​មនុស្ស​មួយ​​នៃ​ប្រទេស​កេនយ៉ា ​(Kenya)​ និយាយ​ថា​ ប៉ូលិស​និង​កម្លាំង​សន្តិសុខ​ ជា​អ្នក​ទទួល ខុស​ត្រូវ​ចំពោះ​ករណី​សម្លាប់​មនុស្ស​ជិត​៣០០នាក់​ដោយ​ប្រើប្រាស់​កាំភ្លើង​ និង​ធ្វើ​ឲ្យ​របួស​មនុស្ស​រាប់​សិប​នាក់​ទៀត​ ក្នុង​អំឡុង​ពេល​២​ឆ្នាំ​កន្លង​មក​នេះ។​ ក្នុង​នោះ​ក៏​រាប់​បញ្ចូល​ទាំង​ករណី​ប្រហារ​ជីវិត​ភ្លាមៗ​ និង​ការ​បាញ់​ខុស​ប៉ះពាល់​ដល់​អ្នក​នៅ​ក្បែរ។​

ក្រុម​សិទ្ធិ​មនុស្ស​មួយនៃ​ប្រទេស​កេនយ៉ា ​(Kenya)​ និយាយ​ថា​ ប៉ូលិស​និង​កម្លាំង​សន្តិសុខ​ ជា​អ្នក​ទទួល ខុស​ត្រូវ​ចំពោះ​ករណី​សម្លាប់​មនុស្ស​ជិត​៣០០នាក់​ដោយ​ប្រើប្រាស់​កាំភ្លើង​ និង​ធ្វើ​ឲ្យ​របួស​មនុស្ស​រាប់​សិប​នាក់​ទៀត​ ក្នុង​អំឡុង​ពេល​២​ឆ្នាំ​កន្លង​មក​នេះ។​ ក្នុង​នោះ​ក៏​រាប់​បញ្ចូល​ទាំង​ករណី​ប្រហារ​ជីវិត​ភ្លាមៗ​ និង​ការ​បាញ់​ខុស​ប៉ះពាល់​ដល់​អ្នក​នៅ​ក្បែរ។​

ស្ថិត​ក្នុង​វ័យ​២៨ឆ្នាំ​ លោក​ Jeremy Mutiso​ កំពុង​តែ​អង្គុយ​នៅ​ជិត​ផ្ទះ​របស់​លោក​ ដែល​មាន​ទីតាំង​នៅ​តំបន់​ Mathare។ លោក​កំពុង​ជជែក​លេង​ជាមួយ​មិត្តភក្តិ​របស់​លោក​នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​មួយ​ក្នុង ខែ​មិថុនា ​ឆ្នាំ​២០១១​ ខណៈ​ពេល​បាតុកម្ម​មួយ​បាន​កើត​មាន​ឡើង​។​ ហើយប៉ូលិស​បាន​ធ្វើ​ដំណើរ​មក​ដើម្បី​បំបែក​ក្រុមបាតុករ។

«ពី​កន្លែង​ដែល​ខ្ញុំ​នៅ​មើល​ ខ្ញុំ​លឺ​សម្លេង​កាំភ្លើង​៤គ្រាប់​ ហើយ​សម្លេង​ទី​៤​លឺ​ខ្លាំង​ណាស់។​ ខ្ញុំ​ក៏​ចាប់​ផ្តើម​ភ័យខ្លាច។ នៅ​ពេល​ដែល​ខ្ញុំ​រត់​គេច​ទៅ​ផ្ទះ​ខ្ញុំ​ ដៃ​ខ្ញុំ​កំរើក​មិន​បាន​ទេ​ ព្រោះ​ខ្ញុំ​ដាក់​ដៃ​នៅ​ក្នុង​ហោប៉ៅ​ខាង​ក្រោយ​ ហើយ​ពេល​ខ្ញុំ​ព្យាយាម​ដក​ដៃ​ចេញ​ មាន​តែ​ផ្នែក​ខាងលើ​ប៉ុណ្ណោះដែល​អាចកំរើក​បាន»។

អ្នក​ដែល​រត់​នៅ​ពី​ក្រោយ​លោក​បាន​ប្រាប់​លោក​ថា​ លោក​ត្រូវ​គ្រាប់​កាំភ្លើង​ និង​កំពុង​ហូរឈាម។

វា​ត្រូវការ​ពេល​រាប់ម៉ោង​ ដើម្បី​ធ្វើ​ដំណើរ​ដល់​មន្ទីរពេទ្យ​ ហើយ​លោក​បាន​សម្រាក​នៅ​ទីនោះ​ចំនួន​២សប្តាហ៍។​

សម្រាក​នៅ​លើ​គ្រែ​មន្ទីរពេទ្យ​ លោក​ Mutiso​ បាន​សួរ​ថា​តើ​ឪពុក​របស់​លោក​បាន​ដាក់​ពាក្យ​បណ្តឹង​ឬទេ​ ប៉ុន្តែ​លោក​និយាយថា​ លោក​តក់ស្លត់​នៅ​ពេល​លឺ​ចម្លើយ។

«គាត់​មិន​បាន​ដាក់ពាក្យ​បណ្តឹង​ទេ ព្រោះ​គាត់​ខ្លាច។ គាត់​នឹង​មិន​អាច​ឈ្នះ​រឿង​ក្តី​នេះ​ ព្រោះ​គាត់​ខ្លាច​ថា​ប៉ូលិស​នឹង​វាយ​បក​ដោយ​បៀតបៀន​ពួកយើង»។

លោក​ Mutiso​ បាន​ផ្លាស់​ទី​លំនៅ​ទៅ​តំបន់​ដែល​សុវត្ថិភាព​ជាងនេះ។

អង្គការ​គាំទ្រ​ផ្នែក​ច្បាប់​ឯករាជ្យ​មួយ​ឈ្មោះ​ Independent Medico-Legal Unit (IMLU)​ របស់​ប្រទេស​កេនយ៉ា​ និយាយថា​ កម្លាំង​សន្តិសុខ​គឺ​ជា​អ្នក​ស្ថិត​នៅ​ពី​ក្រោយ​ករណី​សម្លាប់​ដោយ​កាំភ្លើង​យ៉ាង​តិច​២ភាគ៣​នៅ​ប្រទេស​កេនយ៉ា​ នៅចន្លោះ​ឆ្នាំ​២០០៩​ និង​២០១៣​ ហើយ​និន្នាការ​នេះ​បាន​បន្ត​រហូតដល់​បច្ចុប្បន្ន។

អង្គការ​ IMLU​ ដែល​មាន​ជំនាញ​ក្នុង​បណ្តឹង​ទារុណកម្ម​ និង​ការរំលោភ​បំពាន​ដោយ​រដ្ឋ​និយាយថា ​អង្គការ​នេះ​បាន​កត់​ត្រា​អំពី​បទសម្លាប់​ដោយ​ប៉ូលិស​១៩៩​បណ្តឹង​នៅ​ឆ្នាំ២០១៤​ និង​បទ​បង្ក​របួសស្នាម​រាប់សិប​បណ្តឹង​ទៀត។ អង្គការ​IMLU​ និយាយ​ថា​ អង្គការ​នេះ​បាន​កត់ត្រា​ការ​សម្លាប់​មនុស្សដល់​ទៅ​៩៧​ករណី​ក្នុង​ឆ្នាំ​នេះ​រាប់​ត្រឹម​ខែ​តុលា។

អង្គការ​តស៊ូ​មតិ​នេះ​និយាយ​ថា ភាគច្រើន​នៃ​ជនរងគ្រោះរាប់​ពី​ឆ្នាំ​២០០៩​ ត្រូវ​បាន​បាញ់​ពី​ក្រោយ​ ឬ​បាញ់​ចំក្បាល។​ នេះ​ជា​អ្វី​ដែល​អង្គការ ​IMLU បាន​លើក​ឡើងហើយ​សំដៅ​ទៅ​ការសម្លាប់​បែប​ប្រហារ​ជីវិត​ ឬ​ក្នុង​ស្ថានភាព​ដែល​ជីវិត​របស់​កម្លាំង​សន្តិសុខ​មិន​បាន​ទទួលរង​ការគំរាម​កំហែង​ផ្ទាល់​នៅ​ពេល​គាត់​បាញ់​កាំភ្លើង។​

លោក​ Peter Kiama​ ប្រធាន​អង្គការ​ IMLU​ និយាយ​ថា ​ករណី​ជាច្រើន​មិនត្រូវ​បាន​រាយការណ៍​ ហើយ​សម្រាប់​ជនរងគ្រោះ​មួយ​ចំនួន​តូចដែល​បាន​រាយការណ៍​នោះ​ ​ពួកគាត់​កម្រ​នឹង​ទទួល​បាន​យុត្តិធម៌​ណាស់។

«នៅ​ក្នុង​៩៩​ភាគរយ​នៃ​ករណី​ដែល​យើង​ដោះស្រាយ​ក្នុង​រយៈពេល​៥​ឆ្នាំ​កន្លង​ទៅ​របស់​អ្នកស្លាប់​ដោយសារ​គ្រាប់​កាំភ្លើង​ប៉ូលិស​ មិន​ថា​ពួកគេ​ជា​ជនសង្ស័យ​ ឬ​ជនរងគ្រោះ​ដោយ​ការបាញ់​ខុស​ទេ ប៉ូលិស​បាន​បដិសេធ​ការជាប់ពាក់ព័ន្ធ។​ ដូចនេះ​វា​តម្រូវ​ឲ្យ​គ្រួសារ​ជនរងគ្រោះ​ធ្វើការតាមដាន​ពាក្យបណ្តឹង​ជាមួយ​រដ្ឋាភិបាល។ ប៉ុន្តែ​ក្នុង​បណ្តឹង​ភាគច្រើន​ គ្រួសារ​ទាំង​នោះ​បោះបង់​ចោល​ពាក្យបណ្តឹង»។

លោក​ Charles Owino​ អ្នក​នាំ​ពាក្យ​ខាង​ប៉ូលិស​និយាយ​ថា​ ពេល​ដែល​ប្រជាជន​អាច​រង​គ្រាប់​កាំភ្លើង​នៅ​ក្នុង​ពេល​ប្រតិបត្តិការ​ ចំនួន​ជនរងគ្រោះ​តែងតែ​ត្រូវ​បាន​បំប៉ោង​ ហើយ​ប៉ូលិស​មិនមែន​ជា​អ្នក​ទទួល​ខុសត្រូវ​គ្រប់​ពេល​នោះ​ទេ។

«យើង​ត្រូវ​តែ​បកស្រាយ​អំពី​មូលហេតុ​ដែល​យើង​ត្រូវ​តែ​បាញ់​ជនល្មើស​ ព្រោះ​ជនល្មើស​មិន​បាន​ទទួល​ខុសត្រូវ​ចំពោះ​រាល់​សកម្មភាព​ដែល​ពួកគេ​បាន​ប្រព្រឹត្តិ។ ដូចនេះ​ ដោយសារ​មូលហេតុ​ខាងលើ​នេះ​ហើយ​ ដែល​នាំ​ឲ្យ​យើង​មាន​ស្ថានភាព​ដែល​មានមនុស្ស​បាត់បង់​ជីវិត​ដោយសារ​ការបាញ់​ខុស​ ប៉ុន្តែ​ចំនួន​មនុស្ស​គឺ​មិន​ច្រើន​ដល់​២០០នាក់​ជា​រៀងរាល់​ឆ្នាំ ​ដូច​អង្គការ​ IMLU​ បាន​លើកឡើងនោះទេ»។

ទីភ្នាក់ងារ​រដ្ឋាភិបាល​មួយ​ដែល​បង្កើត​ឡើង​នៅ​ឆ្នាំ២០១២​ ​មាន​ឈ្មោះ​ថា​ Independent Policing Oversight Authority​ បាន​លើក​ឡើង​នូវ​ការព្រួយ​បារម្ភ​ អំពី​ការបាញ់​កាំភ្លើង​ដោយ​ប៉ូលិស។ នៅ​ក្នុង​សេចក្តី​សន្និដ្ឋាន​របស់​ការស៊ើប​អង្កេត​នា​ពេល​ថ្មីៗ​មួយ​ ស្ថាប័ន​នេះ​បាន​ផ្តល់​អនុសាសន៍​ឲ្យ​ចោទ​ប្រកាន់​បទ​ឃាតកម្ម​លើ​ភ្នាក់ងារ​ប៉ូលិស​នៅ​ក្នុង​ការ​បាញ់សម្លាប់​និស្សិត​២រូប​កាល​ពី ខែ​វិច្ឆិកា ​ឆ្នាំ២០១៤៕

ប្រែសម្រួល​ដោយ វិញ​ សុជាតា

XS
SM
MD
LG