នៅដើមខែវិច្ឆិកានេះ មានសិល្បករប្រមាណ៣០០នាក់ មានទាំងអ្នកស្រឡាញ់សិល្បៈ និងអ្នកសន្សំរបស់របរសិល្បៈផង បានមកប្រមូលផ្តុំគ្នានៅក្នុងទីក្រុងណៃរ៉ូប៊ី (Nairobi) ដើម្បីចូលរួមក្នុងការដាក់លក់ដេញថ្លៃប្រចាំឆ្នាំលើកទី៣ នូវសិល្បៈសហសម័យ និងសិល្បៈសម័យទំនើបរបស់ភ្នាក់ងារមជ្ឈដ្ឋានសិល្បៈ (Circle Art Agency)។ ការលក់នេះត្រូវបានផ្សព្វផ្សាយថា ជាការលក់ដេញថ្លៃបែបជំនួញលើកដំបូង និងមានតែមួយគត់នៅទ្វីបអាហ្រ្វិកភាគខាងកើត។
លោកស្រី Danda Jaroljmek ដែលជានាយកនៃភ្នាក់ងារនេះ បាននិយាយថា ស្នាដៃសិល្បៈពីប្រទេសកេនយ៉ា (Kenya) តង់សានី (Tanzania) អ៊ូហ្គង់ដា (Uganda) អេត្យូពី (Ethiopia) ស៊ូដង់ (Sudan) និងណាមីប៊ី (Namibia) ត្រូវបានដាក់បង្ហាញនៅកន្លែងតាំងលក់ដេញថ្លៃកាលពីដើមខែវិច្ឆិកានេះ។
«អ្នកដឹងហើយ ប្រទេសនីមួយៗមានភាពខុសប្លែកពីគ្នា ប៉ុន្តែ ខ្ញុំយល់ថា រឿងដែលដូចគ្នាមែនទែននោះគឺថា សិល្បៈនៃប្រទេសទាំងនេះមិនសូវមានគេស្គាល់ច្រើនដូចប្រទេសផ្សេងៗទៀតនៅទ្វីបអាហ្រ្វិកទេ ហើយយើងកំពុងតែព្យាយាមបង្កើនការយល់ដឹងពីប្រទេសទាំងនោះ និងបញ្ចេញឲ្យគេស្គាល់សិល្បករពីតំបន់ខាងកើតនេះ និងដើម្បីនាំឲ្យអ្នកទិញនៅក្នុងប្រទេស និងអន្តរជាតិដែលចូលមក បានដឹងឮពីសិល្បៈដ៏អស្ចារ្យដែលមាននៅទីនេះ»។
មានចម្លាក់ និងគំនូរពណ៌ចំនួនហាសិបមួយផ្ទាំងបានដាក់លក់ ដែលបង្ហាញទិដ្ឋភាពផ្សេងៗនៃទ្វីបអាហ្វ្រិក ដូចជាជីវិតសត្វព្រៃ ទិដ្ឋភាពភូមិបុរាណ ទស្សនៈក្នុងកិច្ចការសង្គម ដូចជារូបមួយមានចំណងជើងថា «គ្មានសម្តេចប៉ាបអាហ្រ្វិក» និងរូបមួយទៀតដែលបង្ហាញអំពីកូដកម្មរបស់ក្រុមវេជ្ជបណ្ឌិតនៅក្រុងណៃរ៉ូប៊ី។
នាង Linda Benvenutoដែលមានសញ្ជាតិពីរ គឺកេនយ៉ាអាមេរិកាំង បានរស់នៅក្នុងទីក្រុងណៃរ៉ូប៊ី តាំងពីឆ្នាំ១៩៧៥។ នាង Benvenutoដែលជាអ្នកស្នេហាសិល្បៈម្នាក់ដែរនោះ បាននិយាយថា នាងនៅចាំបានកាលពីពេលដែលក្រុមសិល្បករនាំគ្នាផ្តោតទៅលើតែសិល្បៈមិនមានភាពចម្រូងចម្រាស់ ដូចជារូបបុរាណអំពីសត្វព្រៃអាហ្រ្វិកជាដើម។
នាងបាននិយាយថា៖ «ឥឡូវ យើងមានទម្រង់សិល្បៈច្រើន មានទស្សនវិស័យច្រើន យើងដឹងអំពីសិល្បៈកាន់តែច្រើន យើងទទួលអារម្មណ៍ថា វាដូចជាព្រលឹងរបស់ទីក្រុងណៃរ៉ូប៊ី ហើយថាក្រុងណៃរ៉ូប៊ីកំពុងតែរីកចម្រើន»។
យោងតាមលោកស្រី Jaroljmek សិល្បករលែងនៅតែក្នុងបន្ទប់វិចិត្រសាលទៀតហើយ។ ពួកគេមានភាពឯករាជ្យ និងស្វែងរកឱកាសដោយខ្លួនឯង។
«គ្រប់គ្នាមានទូរស័ព្ទដៃប្រភេទទំនើប គ្រប់គ្នាមានលទ្ធភាពស្វែងរកព័ត៌មាន ហើយមនុស្សធ្វើដំណើរច្រើនជាងមុន និងព្យាយាមចាប់យកឱកាសអន្តរជាតិ ហើយបរិយាកាសទាំងមូលកំពុងតែផ្លាស់ប្តូរ»។
នាង Benvenutoបានរំឭកអំពីការដាក់លក់ដេញថ្លៃលើកទីមួយរបស់ភ្នាក់ងារមជ្ឈដ្ឋានសិល្បៈ Circle នៅក្នុងឆ្នាំ២០១៣។
នាងនិយាយថា៖ «កាលនោះ វាគួរឲ្យរំភើបខ្លាំងណាស់ ហើយវាធ្វើឲ្យមានភាពជ្រួលជ្រើមដ៏អស្ចារ្យ។ យើងអាចមើលដឹងថា ឥឡូវនេះ មនុស្សកំពុងតែមើលមកក្រុងណៃរ៉ូប៊ី ថាជាទីក្រុងសិល្បៈហើយ»។
ភាពជ្រួលជ្រើមពីពេលនោះនៅតែបន្តមានរហូតដល់ពេលនេះ។ នៅក្នុងឆ្នាំនេះ ការលក់ដេញថ្លៃទាំងអស់មានទឹកប្រាក់សរុបជាង១៩១.០០០ដុល្លារ ដោយមានការកើនឡើងជាលំដាប់ ចាប់តាំងពីការដាក់លក់លើកទីមួយ នៅក្នុងឆ្នាំ២០១៣មក៕
ប្រែសម្រួលដោយ សើ សាយ្យាណា