ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃសុក្រនេះ បានសម្រេចផ្តន្ទាទោសលោក កឹម សុខា អតីតមេដឹកនាំគណបក្សសង្រ្គោះជាតិ ឱ្យជាប់ពន្ធនាគាររយៈពេល ២៧ ឆ្នាំ ពីបទ«ក្បត់ជាតិ» ប៉ុន្តែរូបលោកមិនត្រូវបានចាប់ឃុំខ្លួនឡើយ។ នេះបើតាមមេធាវីរបស់លោក កឹម សុខា។
បន្ថែមពីនេះ លោក កឹម សុខា ក៏ត្រូវបានហាមឃាត់មិនឱ្យជួបជនបរទេស ដូចអ្វីដែលលោកធ្លាប់បានជួបតំណាងអង្គទូតបរទេសនានា ក្នុងពេលលោកមិនទាន់ត្រូវបានកាត់ទោសនោះ។
លោក អាង ឧត្តម មេធាវីរបស់លោក កឹម សុខា ប្រាប់អ្នកសារព័ត៌មានថា លោក កឹម សុខា អាយុ ៧០ ឆ្នាំ ត្រូវបានហាមឃាត់មិនឱ្យធ្វើនយោបាយ មិនឱ្យចេញពីផ្ទះ និងមិនត្រូវបានអនុញ្ញាតឱ្យជួបបរទេស លើកលែងតែមានការអនុញ្ញាតពីតុលាការ។
លោក អាង ឧត្តម បញ្ជាក់ថា៖ «តែយ៉ាងណា គេមិនឃុំខ្លួនភ្លាមទេ។ ព្រោះជាទូទៅសាលក្រម សេចក្តីសម្រេច អាចសម្រេចភ្លាម ឃុំខ្លួនភ្លាម។ ប៉ុន្តែយើងពិចារណាដូចលក្ខណៈឃុំខ្លួនដែរ គឺការឃុំខ្លួននៅផ្ទះ»។
លោកមេធាវីរូបនេះចាត់ទុកការកាត់ទោសនេះមិនត្រឹមត្រូវ អយុត្តិធម៌ និងមានលក្ខណៈនយោបាយ។
លោកបន្ថែមថា៖ «យើងដឹងអស់ហើយ ថារឿងហ្នឹងជារឿងនយោបាយ មានតែអ្នកនយោបាយទេ អាចសម្រេច។ យើងនិយាយគ្នាតាំងពីដើមហើយតាស៍!»។
ក្រោយពីបិទបញ្ចប់ការប្រកាសសាលក្រម លោក កឹម សុខា ត្រូវបានគេដឹកចេញតាមផ្លូវចំហៀងរបស់តុលាការ នៅម៉ោងប្រមាណ ៩ និង ៤៥ នាទីព្រឹក នៅថ្ងៃសុក្រនេះ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ចេញផ្សាយនៅថ្ងៃសុក្រនេះ លោក កឹម សុខា ក៏ត្រូវបានដកជាស្ថាពរនូវសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត។ លោកមិនត្រូវបានអនុញ្ញាតឱ្យចេញពីបរិវេណនៃលំនៅដ្ឋាន ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ លើកលែងតែមានការអនុញ្ញាតពីតុលាការ។ លោកមិនត្រូវបានអនុញ្ញាតឱ្យជួបបុគ្គលណាម្នាក់ ទាំងខ្មែរនិងបរទេស ឬដោយប្រយោលតាមប្រព័ន្ធបច្ចេកវិទ្យា ក្រៅពីសមាជិកគ្រួសារ លើកលែងតែមានការអនុញ្ញាតពីតុលាការ។
ដោយឡែកនៅខាងមុខតុលាការក្រុងភ្នំពេញ គេឃើញមានអ្នកគាំទ្ររបស់លោក កឹម សុខា មួយចំនួន ដែលខ្លះមកពីតាមបណ្តាខេត្តនានាផងដែរ។ ក្រៅពីនេះ គេក៏ឃើញមានអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធត្រូវបានដាក់ពង្រាយនៅជិតតុលាការ ដើម្បីការពារសន្តិសុខ ហើយក៏មានជនស្លៀកពាក់ស៊ីវិលមួយចំនួនតាមឃ្លាំមើល និងថតរូបប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានផងដែរ។
លោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលបានមកសង្កេតមើលនៅខាងមុខតុលាការក្រុងភ្នំពេញ សម្តែងការសោកស្តាយ នៅពេលដែលលោក កឹម សុខា ត្រូវបានតុលាការផ្តន្ទាទោសបែបនេះ។
លោកថ្លែងថា៖ «ជារឿងសោកស្តាយ យើងអត់ចង់ឱ្យរឿងនឹងបន្តយប់យន់សុបិនយូរអ៊ីចឹងទេ។ ប៉ុន្តែខ្ញុំជឿថា ប្រហែលជាគាត់បន្តតទៅទៀត តាមផ្លូវតុលាការហ្នឹង ហើយខ្ញុំជឿថា ក្រុមមេធាវី ការពារគាត់ នឹងបន្តប្តឹងឧទ្ធរណ៍ទៀត»។
ចំណែកអ្នកគាំទ្រម្នាក់របស់លោក កឹម សុខា ដែលមកពីខេត្តកំពត លោក យិន ឈូករ័ត្ន អាយុ ៤៤ ឆ្នាំ យល់ថា ការកាត់ទោសលោក កឹម សុខា បែបនេះ គឺអយុត្តិធម៌ខ្លាំងណាស់។ លោកបន្តថា បើសិនសំណុំរឿងនេះបន្តដោះស្រាយតាមប្រព័ន្ធតុលាការ គឺមិនមានសង្ឃឹមក្នុងការអាចផ្តល់យុត្តិធម៌សម្រាប់លោក កឹម សុខា និងប្រជាពលរដ្ឋខ្មែរនោះទេ។ ដូច្នេះលោកយល់ថា ផ្លូវដែលអាចឱ្យលោក កឹម សុខា មានសេរីភាពធ្វើនយោបាយឡើងវិញ គឺទំនងមានតែច្រកមួយប៉ុណ្ណោះ តាមរយៈការស្នើព្រះមហាក្សត្រឱ្យព្រះរាជទានលើកលែងទោស។
លោកថ្លែងថា៖ «បើយើងប្តឹងតាមប្រព័ន្ធតុលាការទៅឧទ្ធរណ៍ ឬទៅ[តុលាការ]កំពូលទៀត បើតាមខ្ញុំមើលឃើញ អត់មានការដោះស្រាយចេញ ដោយឱ្យគាត់មានសិទ្ធិសេរីភាពឡើងវិញ។ ហើយអ្វីដែលសំខាន់ ដែលខ្ញុំគួរគិត ប្រហែលជាគេចង់ឱ្យយើងធ្វើពាក្យ ទូលព្រះមហាក្សត្រ ដើម្បីសុំលើកលែងទោសអីអ៊ីចឹង។ នេះគ្រាន់ជាការគិតរបស់ខ្ញុំ»។
លោកបន្តថា៖ «បើសិនជាគាត់រួចខ្លួន ដោយសារការលើកលែងទោសពីអង្គព្រះមហាក្សត្រ ខ្ញុំគិតថា មិនជាសប្បាយចិត្តទេ ពីព្រោះប្រព័ន្ធយុត្តិធម៌យើងអត់យុត្តិធម៌។ ហើយអ្វីដែលពាក់ព័ន្ធរឿងនយោបាយ ទាល់តែការលើកលែងទោសពីព្រះមហាក្សត្របានត្រូវអស់ទោស។ អ៊ីចឹងយើងអត់សូវសប្បាយចិត្តទេ យើងចង់ឱ្យប្រព័ន្ធតុលាការស្រុកយើងហ្នឹង មានយុត្តិធម៌សម្រាប់អ្នកដែលធ្វើអំពើល្អ ដែលគាត់ដើរផ្លូវល្អ ផ្លូវយុត្តិធម៌ហ្ហា អ៊ីចឹងយើងចង់បានតាមហ្នឹងវិញ»។
ចំណែកអ្នកគាំទ្រផ្សេងទៀត ក៏បានសម្តែងការសោកស្តាយ និងបានចាត់ទុកថាការកាត់ក្តីលើលោក កឹម សុខា គឺជារឿងអយុត្តិធម៌។
អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានចេញសេចក្តីប្រកាសមួយនៅថ្ងៃទី ៣ ខែមីនានេះ ដោយការពារសាលក្រមលើលោក កឹម សុខា។ តុលាការបញ្ជាក់ថា៖
«ជនជាប់ចោទ បានប្រើប្រាស់ការលើកកម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យមកធ្វើជាលេស ឬជាឈ្នាន់ក្នុងការប្រមូលកម្លាំងមហាជន តាមគ្រប់មធ្យោបាយ ដោយស្របច្បាប់ និងមិនស្របច្បាប់ សំដៅបដិវត្តន៍ពណ៌ ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ក្រោមការឃុបឃិតត្រូវរ៉ូវគ្នាដោយសម្ងាត់ជាមួយបរទេស ឬភ្នាក់ងារបរទេស»។
ប៉ុន្តែតុលាការមិនបានបញ្ជាក់អំពីឈ្មោះរដ្ឋបរទេស ឬភ្នាក់ងារបរទេសទាំងនោះទេ។ តុលាការបញ្ជាក់ជាអក្សរតាងចំពោះរដ្ឋបរទេស ឬភ្នាក់ងារបរទេស ហើយហាមមិនឱ្យធ្លាយឯកសារនោះ តាមសំណើរបស់មេធាវីរដ្ឋាភិបាលតំណាងដើមមណ្តឹងរដ្ឋប្បវេណី ដើម្បីធានាឱ្យបាននូវទំនាក់ទំនងល្អ និងផលប្រយោជន៍ជាតិនៃប្រទេសកម្ពុជា នៅក្នុងកិច្ចការទំនាក់ទំនងអន្តរជាតិជាមួយរដ្ឋបរទេស។ តុលាការបន្ថែមថា បើជនណាម្នាក់ ឬភាគីណាមួយដែលធ្វើឱ្យធ្លាយឯកសារ ជាតារាងអក្សរតាងជំនួសការហៅឈ្មោះរដ្ឋបរទេសជាសាធារណៈ គឺត្រូវមានទោស តាមក្រមព្រហ្មទណ្ឌផងដែរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់តុលាការ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា ការសម្រេចរបស់តុលាការធ្វើឡើងស្របទៅតាមសាច់រឿង និងមានភស្តុតាងគ្រប់គ្រាន់ ហើយសាមីខ្លួនក៏បានទទួលស្គាល់នូវភស្តុតាងនោះផងដែរ។
ឆ្លើយតបទៅនឹងអ្នករិះគន់ថាការកាត់ទោសនោះអយុត្តិធម៌ អ្នកនាំពាក្យរូបនេះថា ជាសិទ្ធិនៃការបញ្ចេញមតិរបស់អ្នកលើកឡើង។
លោកបញ្ជាក់ថា៖ «អានេះ គ្រាន់តែជាមតិរបស់អ្នកពីខាងក្រៅតុលាការដែលលោកគ្មានសិទ្ធិ ដើម្បីហ្នឹងកាត់សេចក្តីជំនួសតុលាការទេ។ អ្នកមានមតិ ចេះតែមានមតិទៅ ប៉ុន្តែតុលាការកាត់សេចក្តីនេះលោកមានទឡ្ហីករណ៍ច្បាស់លាស់»។
នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព បានបង្ហោះសារលើគណនីហ្វេសប៊ុកនៅថ្ងៃសុក្រនេះថា ការចោទប្រកាន់ផ្សេងៗលើលោក កឹម សុខា និងសមាជិកគណបក្សប្រឆាំងដទៃទៀត មិនគួរកើតឡើង ដោយសារតែភាពសកម្មនយោបាយរបស់ពួកគេឡើយ។ អ្នកស្រីចាត់ទុកថា នេះជាចេតនារាំងខ្ទប់ដៃគូរប្រកួតក្នុងសង្វៀននយោបាយ។
អ្នកស្រីបង្ហោះសារក្នុងន័យដើមថា៖ «ដើម្បីឆ្ពោះទៅមុខ និងធានាបរិយាកាសអំណោយផល ខណៈយើងនឹងរៀបចំការបោះឆ្នោតខាងមុខ ការសម្របសម្រួលឱ្យអ្នកនយោបាយនិងពលរដ្ឋគ្រប់រូបអាចចូលរួមដោយសេរី ក្នុងដំណើរការប្រជាធិបតេយ្យពិតជាចាំបាច់បំផុត និងគួរដល់ពេលដែលខ្មែរបញ្ចប់ការចោទខ្មែរ និងគួរស្វែងរកវិធីធ្វើការដោះស្រាយបញ្ហាជាតិ បម្រើផលប្រយោជន៍ជាតិនោះទើបកម្ពុជាបានប្រសើរទៅមុខ»។
គួរបញ្ជាក់ថា សំណុំរឿងរបស់លោក កឹម សុខា ត្រូវបានតំណាងទូតបរទេសមួយចំនួនក្នុងប្រទេសកម្ពុជាតាមដានយ៉ាងដិតដល់។ លោក កឹម សុខា បានជួបជាមួយតំណាងអង្គទូតបរទេសនានាជាបន្តបន្ទាប់ ក្នុងអំឡុងពេលលោកប្រឈមនឹងការចោទប្រកាន់៕