ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជំនួយការ​របស់​លោក កឹម សុខា ច្រាន​ចោល​អំពី​គម្រោង​បង្ក​ចលាចល​នៅ​ថ្ងៃ​ប្រកាស​សាល​ក្រម


រូបឯកសារ៖ លោក មុត ចន្ថា អ្នកនាំពាក្យ និងជាជំនួយការផ្ទាល់របស់លោក កឹម សុខា ថ្លែងទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីលោក កឹម សុខា បញ្ចប់ជំនួបជាមួយឯកអគ្គរដ្ឋទូតប្រទេសញូវហ្សេលែន នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)
រូបឯកសារ៖ លោក មុត ចន្ថា អ្នកនាំពាក្យ និងជាជំនួយការផ្ទាល់របស់លោក កឹម សុខា ថ្លែងទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីលោក កឹម សុខា បញ្ចប់ជំនួបជាមួយឯកអគ្គរដ្ឋទូតប្រទេសញូវហ្សេលែន នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)

មន្រ្តី​ជំនិត​ដែល​ជា​ជំនួយ​ការ​របស់​លោក កឹម សុខា បាន​ច្រាន​ចោល​ការ​អះ​អាង​នានា​អំពី​គម្រោង​បង្ក​ចលា​ចល​ណា​មួយ ដែល​អាច​កើត​ឡើង​នៅ​ថ្ងៃ​ប្រកាស​សាលក្រម​លើ​លោក កឹម សុខា ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​សុក្រ ទី​៣ ខែ​មីនា ឆ្នាំ​២០២៣។

មួយ​ថ្ងៃ​មុន​ការ​ប្រកាស​សាល​ក្រម​លើ​លោក កឹម សុខា ដែល​ជា​អតីត​មេដឹកនាំ​គណ​បក្ស​សង្រ្គោះ​ជាតិ សារ​ព័ត៌មាន​ស្និទ្ធ​នឹង​រដ្ឋាភិបាល ​Fresh News​ បាន​ចុះ​ផ្សាយ​ព័ត៌មាន​តាម​ហ្វេសប៊ុក​មួយ ដែល​និយាយ​អំពី​គម្រោង​បង្ក​ចលា​ចល​ពី​ក្រុម​ណាមួយ នៅ​ពេល​ប្រកាស​សាលក្រម​លើ​លោក កឹម សុខា។

សារ​ព័ត៌មាន Fresh News កាល​ពី​ថ្ងៃ​ពុធ បាន​ចុះ​ផ្សាយ​អត្ថបទ​មួយ​ក្រោម​ចំណង​ជើង​ថា៖ «ទម្លាយ​ព័ត៌មាន៖ ជន​មុខ​សញ្ញា​ភ្នាក់ងារ​សម្ងាត់ ​CIA ពីរ​រូប​កំពុង​មាន​វត្តមាន​នៅ​រាជធានី​ភ្នំពេញ ដើម្បី​បង្ក​ចលាចល នៅ​ពេល​ប្រកាស​សាល​ក្រម កឹម សុខា នៅ​ថ្ងៃ​ទី​៣ ខែ​មីនា​ខាង​មុខ»។ ការ​ចុះ​ផ្សាយ​នេះ យោងតាមប្រភព​មិន​ផ្លូវ​ការ​មួយ គឺ​ទំព័រ​ហ្វេសប៊ុក​ដែល​មាន​ឈ្មោះ​ថា ​«ខ្ញុំ ជា​សម រង្ស៊ី» ហើយ​មនុស្ស​ពីរ​រូប​ដែល​ត្រូវ​បាន​បញ្ជាក់​ឈ្មោះ​ក្នុង​ការ​បង្ហោះ​សារ​នោះ មាន​លោក មាជ សុវណ្ណារ៉ា និង​ជន​បរទេស​ម្នាក់​ឈ្មោះ លោក Mark Gibbel។

សារព័ត៌មាន​ Fresh news​ ដក​ស្រង់​ព័ត៌មាន​បន្ត​ថា៖ «មុន​ពេល​ចេញ​ដំណើរ​ទៅ​កម្ពុជា លោក សុវណ្ណារ៉ា មាជ បាន​អួត​ប្រាប់​មិត្ត​ភក្តិ​ឱ្យ​ដឹង​ថា​គឺត្រូវ​តែ​មក​ដឹកនាំ​កម្លាំង​ប្រឆាំង​សាលក្រម​របស់​តុលាការ​ភ្នំពេញ ដែល​ប្រកាស​កាត់​ទោស​លោក កឹម សុខា ព្រោះ​គេ​មាន​បណ្តាញ​ច្រើ​ននៅ​ប្រទេស​កម្ពុជា។ គួរ​តែ​អាជ្ញាធរ​ក្រុង​ភ្នំពេញ មាន​ការ​ប្រុង​ប្រយ័ត្ន​ឱ្យ​មែន​ទែន ព្រោះ​ជន​ដែល​ជា​ភ្នាក់​ងារ​សម្ងាត់​ពីរ​នាក់​ខាង​លើ​នេះ​មាន​ឧបាយ​កល​ពិស​ពុល​ខ្លាំង​ណាស់»។

លោក មាជ សុវណ្ណារ៉ា ដែល​ជា​អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​មនុស្ស​ជំនិត​របស់​អតីត​ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា​ បាន​ចេញ​វីដេអូមួយ​មាន​រយៈ​ពេល​ជិត​៧​នាទី​ បង្ហោះ​លើ​គណនី​ហ្វេស​ប៊ុក​របស់​លោក ​ដោយ​បាន​ច្រាន​ចោល​ការចេញ​ផ្សាយ​របស់សារព័ត៌មាន​ Fresh News ដែល​បាន​ដក​ស្រង់​ការ​បង្ហោះ​មិន​ផ្លូវ​ការ និង​ភ្ជាប់​រូប​លោក​ជាទី​ភ្នាក់​ងារ​ស៊ើប​ការណ៍​សម្ងាត់​សហរដ្ឋ​អាមេរិក​ (CIA)។

លោក​បញ្ជាក់​ថា៖ ​«​ខ្ញុំរស់​នៅ​[ជាមួយ​]នឹង​ដើម​ត្នោត​កម្ពុជា ខ្ញុំ​ស្រឡាញ់​មាតុ​ភូមិ​ខ្ញុំ ខ្ញុំ​មាន​ចំណេះ​ដឹងតិច​តួច ខ្ញុំចង់ជួយ​មាតុភូមិ​របស់​ខ្ញុំ។ អ៊ីចឹង​ខ្ញុំសូម​បដិសេធ​នូវ​ព័ត៌មាន​ព្រឹត្តិការណ៍​បែប​បំបែក​បំបាក់ បែប​ធ្វើ​ឱ្យ​គេ​ឈឺ​ចាប់​របស់ ​Fresh News ​របៀប​នេះ​»។​

លោក ​មាជ សុវណ្ណារ៉ា​ ក៏បញ្ជាក់​ថា​ លោក Mark Gibbel គឺជា​មិត្តរបស់​លោក ​ហើយលោក Mark ​មក​លេង​នៅ​កម្ពុជា​។ ចំណែក​រូប​លោក​ផ្ទាល់​មក​សួរ​សុខ​ទុក្ខ​ឪពុក​ម្តាយ រៀន​សូត្រ និង​បំពេញ​ការងារ​ស្រាវជ្រាវ​របស់​លោក​។

ចំណែក​លោក មុត ចន្ថា ជំនួយ​ការ​លោក កឹម សុខា ក៏​បាន​បង្ហោះ​សារ​នា​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​លោក កឹម សុខា នឹង​មាន​វត្តមាន​នៅ​តុលា​ការ​រាជធានី​ភ្នំពេញ ហើយ​លោក«តែង​តែរ​ក្សា​ជំហរ​ស្ងប់​ស្ងាត់ ​មិន​បង្ក​ជម្លោះ ​អហិង្សា និង​គោរព​ច្បាប់​យ៉ាង​ខ្ជាប់​ខ្ជួន ក្នុង​រយៈ​ពេល​៥ឆ្នាំ និង៦ខែ មក​នេះ ក្នុង​ការ​តតាំង​ក្តី​ក្នុង​តុលាការ ដើម្បី​ស្វែង​រក​យុត្តិធម៌​ចំពោះ​ការ​ចោទ​ប្រកាន់​ដោយ​អយុត្តិធម៌»។

លោក​សរសេរ​បន្ថែម​ថា៖ «ឯកឧត្តម​ កឹម សុខា តែង​តែ​ទូន្មាន​ដល់​អ្នក​គាំទ្រ និង​អ្នក​មាន​សមាន​ចិត្ត​ជាមួយ​លោក​ ឱ្យ​ស្ថិត​នៅ​ឱ្យ​ឆ្ងាយ​ពី​ក្រុម​ណា​ដែល​បង្ក​ជម្លោះ បង្ក​អស្ថិរភាព និង​អសន្តិ​ភាព​ដល់​សង្គម។ ដូច្នេះ ការណ៍​ដែល​ចោទ​លាប​ពណ៌​ថា​ មាន​អ្នក​នេះ ឬអ្នក​នោះ​បង្ក​ចលាចល​ក្នុង​ថ្ងៃ​ប្រកាស​សាល​ក្រម គឺជា​អំពើ​ចោទ​លាប​ពណ៌​ខ្មែរគ្នា​ឯង​ដោយ​ចេតនា​ទុច្ចរិត»។

លោក​បន្ថែម​ថា៖ «ឯកឧត្តម កឹម សុខា នឹង​បង្ហាញ​ខ្លួន​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​៣ ខែ​មីនា ឆ្នាំ២០២៣។ យើង​មិន​គាំទ្រ និងប្រឆាំង​ដាច់​ខាត​ចំពោះ​ជន​ណា ឬ​ក្រុម​ណា​ក៏​ដោយ ដែល​មាន​ចេតនា ឬបំណង​បង្ក​ចលាចល ដើម្បី​ទម្លាក់​កំហុស និងចោទ​ប្រកាន់​ដោយ​ទុច្ចរិត តាម​របៀប​ស្វាស៊ី​បាយ​លាប​មាត់​ពពែ»។

រដ្ឋលេខា​ធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ លោក ខៀវ សុភ័គ ប្រាប់​វីអូអេ​ថា​ ទោះ​បីជា​អ្នក​ណា​ម្នាក់​ជា​ភ្នាក់​ងារ​ CIA​ ឬ​មិន​មែន​ក៏​ដោយ​ ក៏​ក្រសួង​មហា​ផ្ទៃ​មិន​អាច​បក​ស្រាយ​បាន​ដែរ ព្រោះនេះ​ជា​ការ​ងារ​សម្ងាត់​របស់​រដ្ឋ។

លោក​ថ្លែង​ថា​៖ «និយាយ​រួម​តាម​ដាន​ ឬ​មិនតា​មដាន​ ក៏​ពូ​មិនដឹង​មុន​ដែរ [​ព្រោះ​] គ្មាន​សមត្ថកិច្ច​របស់​ពូ​ដែរ​ចង់​និយាយ​អ៊ីចឹង​ ហើយ​ក៏​មិន​មែន​ការងារ​របស់មហា​ផ្ទៃ​ទេ ព្រោះ​ការងារ​ទាំង​អស់​ហ្នឹង​ ពាក់​ព័ន្ធ​ការងារ​សម្ងាត់​របស់​រដ្ឋ​មិន​ស្ថិត​នៅ​ក្នុង​ [ក្រសួង​]មហាផ្ទៃ​ម្នាក់​ឯង​ទេ​ ​ជួល​កាល​។ ហើយ​និយាយ​រួម​ក្នុង​នាម​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​ក៏​មិន​ត្រូវ ​[​និយាយដែរ​] ទោះ​ជា​ភ្នាក់​ងារ ឬ​មិន​ភ្នាក់​ងារ​ក៏ មិន​អាច​បកស្រាយ​បាន​ដែរ​...​។ ហើយ​មួយ​ទៀត​ ការ​តាម​ដាន ឬ​មិន​តាម​ដាន​អាស្រ័យ​លើ​សកម្ម​ភាព​របស់​អ្នក​ហ្នឹង​ទេ។​ ចង់​និយាយ​អ៊ីចឹង»។

គួរ​បញ្ជាក់​ថា​នៅ​ដើម​ឆ្នាំ​២០២៣នេះ លោក កឹម​ សុខា បាន​ជួប​ជាមួយ​ឥស្សរជន​នៃ​បណ្តា​ប្រទេស​ផ្សេងៗ ដូច​ជា​ប្រធានាធិបតី​នៃ​សហ​ព័ន្ធ​អាល្លឺ​ម៉ង់ ​ឯក​អគ្គ​រាជ​ទូតថ្មី​នៃ​ចក្រ​ភព​អង់​គ្លេស​ប្រចាំ​នៅ​កម្ពុជា ឯក​អគ្គ​រដ្ឋ​ទូត​សាធារណ​រដ្ឋ​បារាំងប្រចាំនៅ​កម្ពុជា ឯក​អគ្គរដ្ឋទូត​សហរដ្ឋអាមេរិកប្រចាំ​នៅ​កម្ពុជា។ កាលពី​ថ្ងៃ​ទី២៤ ខែ​កុម្ភៈ ឆ្នាំ​២០២៣ មុន​ពេល​ចូល​ស្តាប់​សវនាការ​ប្រកាស​សាល​ក្រម​ ​លោក កឹម សុខា បាន​ជួប​ជាមួយ​ឯក​អគ្គ​រាជ​ទូត​ថ្មី​នៃ​ប្រទេស​ជប៉ុន​ប្រចាំ​កម្ពុជា​ផង​ដែរ៕

XS
SM
MD
LG