ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលក្រមនៅថ្ងៃសុក្រនឹងកំណត់ទិសដៅនៃជីវិតនយោបាយក្រោមសម្ពាធរបស់លោក កឹម សុខា


រូបឯកសារ៖ លោក កឹម សុខា អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយ លើកដៃស្វាគមន៍អ្នកគាំទ្រនៅមុខគេហដ្ឋានរបស់លោក ខណៈលោក​ធ្វើដំណើរទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២២។
រូបឯកសារ៖ លោក កឹម សុខា អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយ លើកដៃស្វាគមន៍អ្នកគាំទ្រនៅមុខគេហដ្ឋានរបស់លោក ខណៈលោក​ធ្វើដំណើរទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២២។

សកម្មជនការពារសិទ្ធិមនុស្ស​និងលទ្ធិប្រជាធិតេយ្យ លោក កឹម សុខា បាន​ក្លាយ​ជាអ្នក​នយោបាយ​ខ្មែរដ៏​លេចធ្លោ​មួយ​រូប​ បន្ទាប់ពីលោក​បាន​សម្រេច​ចិត្ត​បង្កើត​គណបក្ស​នយោបាយ​ខ្លួនឯងមួយ គឺគណបក្ស​សិទ្ធិមនុស្ស ​នៅឆ្នាំ ២០០៧ ហើយបន្ទាប់មកបាន​បញ្ចូល​គណបក្ស​នេះ​ជាមួយនឹង​គណបក្សសមរង្ស៊ី ដោយ​បង្កើត​ទៅជាគណបក្ស​សង្គ្រោះជាតិ នៅឆ្នាំ ២០១២។

ចាប់តាំងពី​ឆ្នាំ ១៩៩២ រហូតមក​ដល់ពេលបច្ចុប្បន្ន​នេះ ជីវិត​នយោបាយ​របស់​អ្នក​នយោបាយ​វ័យ ៦៩ ឆ្នាំ​រូបនេះ​ បាននិងកំពុងឆ្លងកាត់រលកនៃព្រឹត្តិការណ៍​ធំៗ​ជាច្រើននៅ​ក្នុង​ប្រវត្តិ​នយោបាយរបស់​ប្រទេស​កម្ពុជា៖

  • បម្រើជាសមាជិកសភាធម្មនុញ្ញ​សម្រាប់​មណ្ឌល​ខេត្ត​តាកែវ នៅឆ្នាំ ១៩៩៣ ឲ្យ​គណបក្សរបស់លោក សឺន សាន មុនពេលកម្ពុជាបង្កើត​រដ្ឋសភាជាតិ
  • រត់​គេច​ពី​ការចាប់ខ្លួន​ដោយ​លាក់ខ្លួន​នៅក្នុង​ស្ថានទូតអាមេរិក​នៅ​រាជធានី​ភ្នំពេញ នៅ​ឆ្នាំ ១៩៩៨
  • ចូល​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិចដោយ​ជាប់​ជា​សមាជិក​ព្រឹទ្ធសភា​នៅឆ្នាំ ១៩៩៩
  • បង្កើត​មជ្ឈមណ្ឌលសិទ្ធិមនុស្ស​កម្ពុជា នៅឆ្នាំ ២០០២
  • ជាប់​ពន្ធនាគារ​រយៈពេល ១៧ ថ្ងៃ នៅឆ្នាំ ២០០៥
  • បង្កើត​គណបក្ស​សិទ្ធិ​មនុស្ស នៅឆ្នាំ ២០០៧ ​
  • រងការចាប់ខ្លួននិងឃុំ​ខ្លួន​ម្តង​ទៀតនៅ​ឆ្នាំ ២០១៧
  • ហើយ​បច្ចុប្បន្នរងការជំនុំ​ជម្រះក្តី​ដ៏អូសបន្លាយជាង​ ៥ ឆ្នាំ​លើ​រូបលោក​ពី​បទ​ក្បត់​ជាតិ។

រូបឯកសារ៖ លោក កឹម សុខា មេដឹកនាំគណបក្ស​សិទ្ធិមនុស្ស ស្វាគមន៍អ្នកគាំទ្រនៅពហុកីឡដ្ឋានជាតិអូឡាំពិក នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០០៧។
រូបឯកសារ៖ លោក កឹម សុខា មេដឹកនាំគណបក្ស​សិទ្ធិមនុស្ស ស្វាគមន៍អ្នកគាំទ្រនៅពហុកីឡដ្ឋានជាតិអូឡាំពិក នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០០៧។
រូបឯកសារ៖ លោក កឹម សុខា ពេលត្រូវបានដោះលែងពីមន្ទីរឃុំឃាំងនៅគុកព្រៃស រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០០៦។
រូបឯកសារ៖ លោក កឹម សុខា ពេលត្រូវបានដោះលែងពីមន្ទីរឃុំឃាំងនៅគុកព្រៃស រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០០៦។

ហើយនៅថ្ងៃសុក្រ ទី៣ ខែមីនាខាងមុខនេះ លោក កឹម សុខា នឹង​ប្រឈម​នឹង​រលក​មួយ​ទៀត ដែល​អាច​នឹង​កំណត់​ទិសដៅ​នៃ​ជីវិត​នយោបាយ​ក្រោម​សម្ពាធ​របស់​លោក គ្រា​ដែល​សាលា​ដំបូងរាជធានី​ភ្នំពេញ​នឹង​ចេញ​សាលក្រម​លើ​សំណុំ​រឿងកាត់​ទោសលោក កឹម សុខា ពី​បទ​សន្ទិដ្ឋិភាព​ជាមួយ​បរទេស​ ឬ​ការផ្សំ​គំនិត​ជាមួយ​រដ្ឋ​បរទេស​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​ដែល​ស្មើ​នឹងប​ទ​ក្បត់​ជាតិដ៏​ចម្រូង​ចម្រាស ។

ជាអ្នកលទ្ធិប្រជាធិបតេយ្យនិងជាអ្នកគាំទ្រលោក កឹម សុខា តាំងពីឆ្នាំ ២០០២ មក អ្នកស្រី ជា សាមួន មិនសង្ឃឹមថា សាលក្រមនៅថ្ងៃសុក្រនេះ នឹង​ផ្តល់​យុត្តិធម៌ត្រឹមត្រូវដល់លោក កឹម សុខា និង​ភាគី​ពាក់ព័ន្ធ​ក្នុង​សំណុំ​រឿង​ដ៏​ចម្រូង​ចម្រាសនេះទេ។

អ្នកស្រីបានថ្លែងថា៖ «ខ្ញុំ​មិន​ទាន់​ជឿជាក់​លើ​ប្រព័ន្ធ​យុត្តិធម៌​របស់​តុលាការ​និង​រាជរដ្ឋាភិបាល​កម្ពុជា​ទេ។ អ៊ីចឹង​បើ​គេ​ដាក់​សម្ពាធ​នយោបាយ ប្រាកដ​ណាស់ ខ្ញុំ​ថា​មិនអាច​ ជឿជាក់​ណាស់​ថា គាត់​មិន​អាច​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​របស់​គេ​ទេ ព្រោះ​អី​គេ​នៅ​តែ​ដាក់​សម្ពាធ​នយោបាយ គឺគាត់​ជាប់​នៅ​ហ្នឹង​ហើយ»។

ដោយឡែក ទោះបីជា​មិន​ជឿទុកចិត្ត​ខ្លាំង​លើ​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា​ក្តី ក៏​លោក គីម ហោ អ្នកគាំទ្រ​លោក​ កឹម សុខា ម្នាក់ទៀត ចង់ឃើញ​ភាព​ប្រេះស្រាំ​នៃ​នយោបាយ​កម្ពុជា​ឈានដល់​ចំណុច​របត់​ថ្មី​មួយ​ តាមរយៈ​សាលក្រម​លើ​សំណុំ​រឿង​របស់​លោក កឹម​ សុខា ដោយលោក​សង្ឃឹម​ថា ចៅក្រម​នឹងចេញ​សាលក្រម​ទម្លាក់ចោលបទចោទ​លើ​លោក​ កឹម សុខា។

លោកថ្លែងថា៖ «សម្រាប់ខ្ញុំ​ជា​អ្នក​គាំទ្រលោក កឹម សុខា ក៏ដូចជា​អ្នក​ដែល​មាន​បេះដូង​លទ្ធិប្រជាធិបតេយ្យ ខ្ញុំនៅតែគិតរំពឹងទុកថា សាលក្រមហ្នឹង​អាច​ជា​វិជ្ជមាន​ច្រើន​ជាង។ សាលក្រម​នោះ​នឹង​លើក​លែង​បទចោទទាំងអស់​បាទ»។

ចាប់តាំងពី​ខែមករា ឆ្នាំ ២០២២ រហូតមកដល់ថ្ងៃចេញសាលក្រម នៅថ្ងៃសុក្រ ទី ៣ ខែមីនា​សប្តាហ៍នេះ លោក កឹម សុខា បានបង្ហាញខ្លួន​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ប្រមាណជា ៦២ លើក ហើយ​ត្រូវ​បាន​ចោទ​សួរដេញ​ដោល​ពី​តំណាងអយ្យការជាច្រើនលើក។

អ្នកស្រី ម៉េង សុភារី មេធាវីការពារក្តីម្នាក់​របស់​លោក កឹម សុខា បាន​លើក​ឡើង​ថា សំណុំរឿង​របស់​កូនក្តី​អ្នកស្រី «មាន​លក្ខណៈ​នយោបាយ» ​តាំងពី​ដំបូង​មក។ ដូច្នេះក្រុមមេធាវី​របស់​លោក កឹម សុខា នៅតែ​ទទូច​ឱ្យ​ចៅក្រមទម្លាក់​បទ​ចោទ​ទាំងអស់ ដូចដែលពួកគេបាន​គូស​បញ្ជាក់​នៅ​ក្នុង​សេចក្តី​សន្និដ្ឋាន​បញ្ចប់​សវនាការ​ជំនុំ​ជម្រះក្តី​នាពេល​កន្លងទៅ ក្រោម​ហេតុ​ផលថា៖

«គឺគ្មានភស្តុតាង​គ្រប់គ្រាន់ទេ​ក្នុងការ​ដាក់​បន្ទុក​មក​លើ​ឯកឧត្តម​ កឹម សុខា ពីបទ​ចោទសន្ទិដ្ឋិភាព​ជាមួយ​បរទេស»។

ដោយឡែកលោក ប្លង់ សុផល ព្រះ​រាជអាជ្ញារង​ដែល​ជាតំណាង​អយ្យការ​ក្នុង​សវនាការ​រំពឹងថា សាលក្រម​របស់​ចៅក្រម​នៅ​ថ្ងៃសុក្រ​សប្តាហ៍​នេះ នឹង​សម្រេច​បាន​នូវការ​ថ្កោល​ទោស «ធ្ងន់ធ្ងរ»។

លោក​បាន​ឆ្លើយតប​នឹង​សំណួរ​របស់​វីអូអេជា​លាយលក្ខណ៍អក្សរ​តាម​បណ្តាញ​សង្គម​ Telegram ថា៖ «តំណាងអយ្យការ​បាន​ធ្វើ​សេចក្តី​សន្និដ្ឋាន​ប្តឹង​សុំ​ទាំង​ផ្ទាល់​មាត់ និង​ជា​លាយលក្ខណ៍អក្សរ​រួចរាល់​ហើយ។ ដូច្នេះ​ការ​រំពឹង​ទុក​នោះ គឺ​មិន​ខុស​ពីការ​សន្និដ្ឋាន​ខាងលើនោះទេ»។

កាលពីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២២ ជាថ្ងៃ​បញ្ចប់​សវនាការ​ជំនុំជម្រះក្តី​របស់​លោក កឹម សុខា ព្រះរាជអាជ្ញា​បាន​អះអាង​នៅក្នុង​សេចក្តីសន្និដ្ឋាន​បញ្ចប់​របស់​ខ្លួន​ថា លោក កឹម សុខា បាន​សម្រេច​ «អំពើ​ត្រូវរ៉ូវគ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស​» ដើម្បីផ្តួល​រំលំរដ្ឋាភិបាល។ ដូច្នេះ ព្រះរាជអាជ្ញា​បាន​ស្នើ​ឲ្យ​ចៅក្រម​ដាក់ទោស​ឱ្យ​ធ្ងន់ធ្ងរ​បំផុត។ ដោយឡែក ក្រុម​មេធាវី​ការ​ពារ​ក្តី​របស់​លោក កឹម សុខា បាន​អះអាងក្នុង​សេចក្តី​សន្និដ្ឋាន​បញ្ចប់​របស់​ខ្លួន​ថា គ្មាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​ដាក់​បន្ទុក​លើ​លោក កឹម សុខា ហើយថា រឿងក្តីនេះមានលក្ខណៈ​នយោបាយ ដែល​គួរ​តែ​ដោះស្រាយ​តាម​ផ្លូវ​នយោបាយ។

បន្ទាប់ពីត្រូវបានសមត្ថកិច្ចចាប់ខ្លួនទាំងកណ្តាលយប់រំលងអាធ្រាតចូលថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០១៧ លោក កឹម សុខា ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ចោទ​ប្រកាន់​ពីប​ទ​ក្បត់ជាតិ​។

លោកត្រូវបានឃុំខ្លួនរយៈពេលជាងមួយឆ្នាំនៅនោពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្តត្បូងឃ្មុំ មុនពេល​ត្រូវបានដោះលែងឲ្យនៅក្រៅឃុំ​នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០១៨ ហើយ​រង់ចាំ​ការ​បើក​សវនាការជំនុំជម្រះក្តី។ ក៏ប៉ុន្តែសេរីភាព​របស់លោក កឹម សុខា ត្រូវបាន​បន្ត​រឹតត្បិត ដោយ​តុលាការបានចេញដីកាដាក់​ឱ្យ​លោក​ស្ថិត​ជាប់​ឃុំក្នុង​គេហដ្ឋានរបស់លោក។ រហូត​ដល់ឆ្នាំ ២០១៩ ទើប​ការរឹតត្បិត​លើ​សិទ្ធិ​របស់​លោកត្រូវបាន​បន្ថូរបន្ថយ ដោយលោក​អាច​ធ្វើ​ដំណើរ​ទូទាំង​ប្រទេស​កម្ពុជា​បាន ក្នុងករណីដែលសកម្មភាពទាំងនោះមិនមែនលក្ខណៈនយោបាយ។

សព្វថ្ងៃនេះលោក កឹម សុខា បាននិងកំពុងធ្វើសកម្មភាពការទូត​ ដោយបាន​ជួប​សន្ទនា​ជា​ញឹកញាប់​ជាមួយ​នឹង​មន្ត្រី​ទូត​នានា​ប្រចាំ​កម្ពុជា ក្នុងនោះរួមមាន​មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់​មួយ​ចំនួនរបស់​ប្រទេស​លោក​ខាងលិច ដែល​បាន​មក​ធ្វើ​ដំណើរ​ទស្សនកិច្ចនៅ​កម្ពុជាផងដែរ។

រូបឯកសារ៖ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងលោក កឹម សុខា អនុប្រធានគណបក្ស​សង្គ្រោះជាតិ កាន់ដៃគ្នា ខណៈស្វាគមន៍អ្នកគាំទ្រនៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០១៣។
រូបឯកសារ៖ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងលោក កឹម សុខា អនុប្រធានគណបក្ស​សង្គ្រោះជាតិ កាន់ដៃគ្នា ខណៈស្វាគមន៍អ្នកគាំទ្រនៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០១៣។
រូបឯកសារ៖ លោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិ ដើរចេញពីសាលប្រជុំមួយនៅរដ្ឋសភាជាតិ រាជធានីភ្នំពេញ កាលពីថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០១៦។
រូបឯកសារ៖ លោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិ ដើរចេញពីសាលប្រជុំមួយនៅរដ្ឋសភាជាតិ រាជធានីភ្នំពេញ កាលពីថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០១៦។

លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យ​ខាង​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ​ប្រចាំ​សាកល​វិទ្យាល័យអន្តរជាតិ បានឱ្យដឹង​ថា សាលក្រមមិនជាប់ទោស​លើ​សំណុំ​រឿងក្បត់ជាតិ​របស់​លោក កឹម សុខា មិនអាច​ទៅរួចនោះទេ ក្រោមហេតុផលថា៖

«បើសិន​ជា​រឿង​ហ្នឹង​គេ​ចង់​ទម្លាក់​ចោល​ហ្នឹង វា​ប្រាំ​ឆ្នាំ វា​ចង់​ចប់​សព្វ​គ្រប់​ទៅ​ហើយ។ ប៉ុន្តែ​យើង​មើល​សកម្មភាព​នេះ​ ប្រហែលជា​ត្រូវការ​អូស​បន្លាយ​រហូត​ដល់​ការ​បោះឆ្នោតថ្នាក់​ជាតិ​រួច ហើយ​ឱ្យ​សភាខាងគណបក្ស​ប្រឆាំង គណបក្ស​ភ្លើង​ទៀន​ហ្នឹង​ចូល​ជា​រូបរាង ចេញ​តែងតាំង​អី​ជា​ផ្លូវការ​ទៅ ឱ្យ​បន្សាប​នូវ​ឥទ្ធិពល​ ឬក៏​ឋានៈ​តួនាទី​ដែលគណបក្ស​សង្គ្រោះជាតិ​បង្កើត ត្រូវ​មាន​ហ្នឹង វា​បាត់បង់​ដោយឯកឯង​»។

ដោយឡែក លោក​សាស្ត្រាចារ្យ​ក៏​បាន​សន្និដ្ឋាន​ថា សាលក្រម​គ្មានទោស​សម្រាប់​លោក កឹម សុខា អាច​ទៅ​រួចលុះត្រាតែករណី​ដែល​សំឡេង​គាំទ្រ​របស់​គណបក្ស​ភ្លើងទៀន​សម្រាប់​ការ​បោះឆ្នោត​ថ្នាក់ជាតិនា​ពេល​ខាង​មុខ មាន​សន្ទុះ​ខ្លាំង បើទោះបី​ជា​ករណីនេះទំនង​នឹង​មិន​កើត​ឡើង​ក៏ដោយ។

លោក ឯម សុវណ្ណារ៉ា បាន​បកស្រាយ​ថា៖ «មាន ក្នុង​ករណី​ដែល​គេហៅ​ថា ចង់​បំបែក​សំឡេង​គណបក្ស​ប្រឆាំង។ ក្នុង​ករណី​ដែល​គណបក្ស​ភ្លើង​ទៀនអាច​ឡើង​បាន ប្រជែង​ជាមួយ​ហ្នឹង​គណបក្ស​កាន់​អំណាច​ គណបក្ស​ប្រជាជន​ ឬក៏​លើស​មួយ​ភាគ​បី ប៉ុន្តែ​បច្ចុប្បន្ន​ហ្នឹង យើង​អត់​ទាន់មើលឃើញ​សេចក្តី​សង្ឃឹម​ ឬក៏​មើល​ឃើញ​អំពី​សក្តានុពល​របស់​គណបក្ស​ភ្លើង​ទៀន​អាច​ឈាន​យក​លើស​មួយ​ភាគ​បី​បាន​ទេ»។

លោក​សាស្ត្រាចារ្យ​ខាង​វិទ្យាសាស្ត្រនយោបាយ​រូប​នេះ​ក៏​បាន​សន្និដ្ឋានទៀត​ថា យុទ្ធសាស្ត្រ​ឱ្យ​លោក កឹម សុខា ចេញ​មក​ធ្វើ​នយោបាយ​វិញ ​ដើម្បី​បំបែក​សំឡេង​គាំទ្រ​របស់​គណបក្ស​ប្រឆាំង​នេះ មិន​ចាំបាច់​នោះទេ ដោយ​លោក​ថា៖

«លទ្ធផល​ ឬ​ក៏​ប្រៀប​នៃ​ការ​ឈ្នះ​របស់​គណបក្ស​តូចៗ ពិបាក​ទទួល​បាន​នូវ​ គេ​ហៅ​ថា ការបោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌ ពិបាក​ណាស់ ព្រោះ​យើង​មើល​ឃើញ​ថា​ច្រក​វា​តូច។ អ៊ីចឹង​ទិដ្ឋភាព​នេះ វាពុំមាន​លទ្ធភាព​អ្វី​ធ្វើ​ឱ្យ​ត្រូវការ​គណបក្ស​សំឡេង​ប្រឆាំង​មួយ​ទៀត​ ដូចជា​ កឹម សុខា ឱ្យ​ចេញ​មក​តតាំង ឬ​បំបែក​សំឡេង​ពីគណក្សភ្លើង​ទៀន អត់ត្រូវការ។ អត់ចាំបាច់។ អ៊ីចឹងហើយ​លទ្ធភាពនៃ​ការ​សង្ឃឹម​ថា លោក កឹម សុខា មក​នៅក្នុង​ភាព​ស្អាត​ស្អំ ឬ​ក៏​ត្រឹមត្រូវ ដូចជា​ខ្ញុំ​មើល​មិន​ទាន់​ឃើញ​ទេ បច្ចុប្បន្ន​នេះបាទ»។

បើទោះបីជា​លទ្ធភាពមានតិចតួច​ស្តួចស្តើង ក្នុងករណី​ដែល​សាលក្រម​រកឃើញ​ថា​លោក កឹម សុខា គ្មានទោសក្តី ជីវិត​នយោបាយក្រោម​សម្ពាធ​របស់​លោក កឹម សុខា អាច​ទទួល​បាន​ពន្លឺ​ថ្មីមួយ។ ក៏ប៉ុន្តែ​ពន្លឺនេះ​ទំនង​ជា​មិន​អាច​នាំ​មក​នូវ​សន្ទុះ​គាំទ្រ​រូប​លោក ដូច​ពេល​លោកបាន​ធ្វើ​នយោបាយ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ឡើយ។ នេះ​បើ​តាម​ការសន្និដ្ឋាន​បន្ថែមទៀត​របស់​លោកសាស្ត្រាចារ្យ​ ឯម សុវណ្ណារ៉ា។

«វា​បាន​ផល​ដែរ ទោះ​បី​ជាមិន​បាននៅ​ក្នុង​លទ្ធផល​នៃ​កម្លាំង​នយោបាយ​គណបក្ស​សង្គ្រោះ​ជាតិ​អតីតកាល​បាន​មកវិញ​ទេ។ ប៉ុន្តែ​វា​បាន​នូវ​មរតក​គណបក្សសង្គ្រោះជាតិ​ខ្លះ។ បើ​លោក ​កឹម ​សុខា អាច​វិល​ចូល​នយោបាយ​វិញ​បាន ក្នុង​ក្របខណ្ឌ​គណបក្ស​ចាស់​របស់​លោក គណបក្សសិទ្ធិមនុស្ស​អី​ហ្នឹង ចូលរួម​គណបក្ស​សិទ្ធិមនុស្ស​អី​ហ្នឹង គឺ​លោក ​កឹម​ សុខា អត់មាន​កម្លាំង​នយោបាយ​ពេញលេញ ឬ​គ្រប់គ្រាន់​សម្រាប់​ទាញ​ការ​គាំទ្រ​នៅ​ឡើយ​ទេ​»។

ក៏ប៉ុន្តែសម្រាប់​អ្នក​ស្រឡាញ់​និងគាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ដូចជាលោក គីម ហោ ការ​ផ្សះផ្សារ​នយោបាយចាំបាច់​ណាស់ សម្រាប់​ការ​អភិវឌ្ឍប្រទេសជាតិដោយ​ចីរភាព។ លោក​បញ្ជាក់​ទៀត​ថា ​កិច្ចការ​នេះ​អាចសម្រេចទៅបាន តាមរយៈ​សាលក្រម​នៅ​ថ្ងៃ​សុក្រ​នេះ​ បើ​សិនជាមាន​ឆន្ទៈនយោបាយ​។

«មានតែ​ខ្មែរ​និង​ខ្មែរ​ទេ ដែល​ជា​អ្នក​កំណត់ជោគវាសនា​របស់​ប្រទេស​កម្ពុជា​បាន ជាពិសេស​បក្សប្រឆាំងនិង​បក្ស​កាន់​អំណាច​តែម្តង។ យើង​អាច​ថា​កាន់ដៃគ្នា ធ្វើ​យ៉ាងណា​ដើម្បី​រក​ដំណោះស្រាយ​ដើម្បី​ឱ្យ​ប្រទេស​កម្ពុជា​ហ្នឹង​ឆ្ពោះ​ទៅ​រកភាព​រីកចម្រើន សុខដុមរនា ចាប់​ពី​ពេលនេះ​តទៅ»។

​ហើយសម្រាប់អ្នកស្រី ជា សាមួន ទោះជាសាលក្រមនៅថ្ងៃសុក្រនេះ​ នឹង​សម្រេចថា​លោក កឹម សុខា មានទោស ឬ​មិនមានទោស​យ៉ាងណាក្តី ក៏​លោក កឹម សុខា នៅតែ​ជា​និមិត្ត​រូបមួយ​តំណាង​ឲ្យ​ការតស៊ូ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ដ៏​សាំញុំានៅកម្ពុជា។

«ទោះជាយ៉ាងណា គាត់នៅក្នុងកាលៈទេសៈណា​ក៏​ដោយ ក៏​ខ្ញុំ​នៅតែ​ជឿជាក់ ខ្ញុំនៅតែ​គាំទ្រ​គាត់ជានិច្ចជាកាល លុះត្រា​តែ​គាត់​មាន​សេរីភាព»៕

XS
SM
MD
LG