ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សវនាការ​លោក​ កឹម ​សុខា ​សប្ដាហ៍​ទី​ពីរ​ចាប់​ផ្ដើម​ជាមួយ​វត្តមាន​អ្នក​កាសែត


លោក កឹម សុខា មេដឹក​នាំ​បក្ស​ជំទាស់​និយាយ​ជាមួយ​អ្នក​សារព័ត៌មាន​នៅ​គេហដ្ឋាន​របស់​លោក​មុន​នឹង​ចេញ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចូល​រួម​សវនាការសវនាការ​សប្តាហ៍​ទីពីរ លើ​សំណុំរឿង ដែល​លោក​ត្រូវបាន​ចោទបទ «ឃុបឃិតជាមួយរដ្ឋបរទេស» កាល​ពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២០។ (ទុំ ម្លិះ/VOA)
លោក កឹម សុខា មេដឹក​នាំ​បក្ស​ជំទាស់​និយាយ​ជាមួយ​អ្នក​សារព័ត៌មាន​នៅ​គេហដ្ឋាន​របស់​លោក​មុន​នឹង​ចេញ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចូល​រួម​សវនាការសវនាការ​សប្តាហ៍​ទីពីរ លើ​សំណុំរឿង ដែល​លោក​ត្រូវបាន​ចោទបទ «ឃុបឃិតជាមួយរដ្ឋបរទេស» កាល​ពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២០។ (ទុំ ម្លិះ/VOA)

លោកកឹម សុខា​បញ្ជាក់​សា​ជា​ថ្មី​ថា​ ភស្តុតាង​ដាក់​បន្ទុក​ទាញ​សេចក្ដី​សន្និដ្ឋានដើម្បី​ចោទ​ប្រកាន់​រូប​លោក​ មិន​គ្រប់គ្រាន់​នឹង​យក​មក​ដាក់​ទោស​រូប​លោក។ លោក​ក៏បាន​អះអាង​សាជា​ថ្មី​ថា ​លោក​គ្មាន​ទោស​នោះ​ទេ។

ដំណើរ​ការ​សវនាការ​ជំនុំ​ក្ដី​ករណី​ «រួម​គំនិត​ជាមួយ​បរទេស» ប្រឆាំង​នឹង​លោក ​កឹម​ សុខា​ មេដឹក​នាំ​នយោបាយ​ជំទាស់​ បាន​ឆ្លង​ចូល​សប្ដាហ៍​ទីពីរ​ហើយ​ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ។ ខុស​ពី​សប្តាហ៍​មុន​សប្តាហ៍​នេះ​ អ្នក​សារព័ត៌មាន​ និង​សកម្មជន​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូលរួម​តាម​ដាន​ស្ដាប់​ពី​ដំណើរ​ការ​ក្តី​នេះ​បន្ទាប់​ពី​មាន​ការ​រិះគន់​ពី​ការ​តឹងតែង​របស់​តុលាការ​កាល​ពី​សប្តាហ៍​មុន។

លោក​ កឹម ​សុខា ​បាន​មក​ដល់​សាលា​ដំបូង​នៅ​មុន​ម៉ោង​៨​បន្តិច។ លោក​ត្រូវ​បាន​អម​ដំណើរ​ដោយ​សហមេធាវី​ការពារ​ក្ដី​ទាំង​បួន​រូប​ និង​មនុស្ស​ជំនិត​ៗ​របស់​លោក​ រួមមាន​លោក​ មុត​ ចន្ថា​ នាយ​ខុទ្ទកាល័យ​ និង​លោក​ យ៉ែម ​ប៉ុញ្ញារិទ្ធិ​ ជា​ដើម។

មុន​ពេល​ចាកចេញ​ពី​គេហដ្ឋាន​កាល​ពី​ព្រឹកមិញ​ លោក​ កឹម​ សុខា​ បាន​ផ្ដល់​បទ​សម្ភាស​ខ្លី​មួយ​ដល់​បណ្ដាញ​សារព័ត៌មាន។ លោក​បញ្ជាក់​សា​ជា​ថ្មី​ថា​ ភស្តុតាង​ដាក់​បន្ទុក​ទាញ​សេចក្ដី​សន្និដ្ឋានដើម្បី​ចោទ​ប្រកាន់​រូប​លោក​ មិន​គ្រប់គ្រាន់​នឹង​យក​មក​ដាក់​ទោស​រូប​លោក។ លោក​ក៏បាន​អះអាង​សាជា​ថ្មី​ថា ​លោក​គ្មាន​ទោស​នោះ​ទេ។

«ដោយសារ​ខ្ញុំ​មិន​ខ្លាច​ ដោយសារ​ខ្ញុំ​អត់​មាន​ធ្វើ​អី​ខុស​ អានេះ​តាម​ច្បាប់​ អត់​ត្រូវ​មក​សួរ​ទេ​ រឿង​ពីមុន​[ក្រមព្រហ្មទណ្ឌ​ឆ្នាំ​២០១០]មក​ដែល​ច្បាប់​អត់​ទាន់​មាន​ផង។ អត់​អាច​យក​មក​ធ្វើ​បទ​ចោទ​ទេ​ អ៊ីចឹង​វា​ខុស​ទាំង​អស់​ ទាំង​ច្បាប់​ក៏​អត់​ អា​ភស្តុតាង​ក៏​អត់​ ប្រសិនណា​បើ​ដោះស្រាយ​ដោយ​ច្បាប់​ គឺ​ត្រូវ​តែ​ទម្លាក់​ចោល​បទ​ចោទ​ខ្ញុំ»។

ក្រុម​មេធាវី​ការពារ​ក្ដី​បាន​ដាក់​សំណុំ​ភស្ដុតាង​ទៅ​តុលាការ​ តាមការ​តម្រូវ​ ដោយ​មាន​វីដេអូ​ឃ្លីប​ដែល​មាន​រយៈពេល​ប្រហែល​មួយ​ម៉ោង​ ដែល​លោក​ កឹម​ សុខា ​បាន​អះអាង​ថា​ជា​ខ្លឹមសារ​ដើម។វីដេអូ​នេះ​ជា​សំអាង​ ដើម្បី​ដោះ​បន្ទុក​ទៅ​នឹង​ខ្លឹមសារ​វីដេអូ​ភស្ដុតាង​ដាក់​បន្ទុក​ លើក​ឡើង​ដោយ​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ ដែល​លោក​កឹម​សុខា​អះអាង​ថា​ជា​«វីដេអូ​ក្លែង​បន្លំ​កាត់​ជា​កង់​ៗ»។

ភស្តុតាង​ផ្សេង​ទៀត​ រួមមាន​ការ​បញ្ជាក់​អំពី​ទំនាក់ទំនង​រវាង​លោក​ កឹម​ សុខា​ គណបក្ស​ជំទាស់​ជាមួយ​នឹង​អង្គការ​បរទេស ​ដែល​បាន​ផ្ដល់​ជំនួយ​និង​ការ​បណ្ដុះបណ្ដាល។ ក្រុម​ការពារ​ក្ដី​លោក​កឹម​សុខា​ទំនង​ជា​ចង់​បញ្ជាក់​ថា​ មន្ត្រី​គណបក្ស​កាន់​អំណាច​ និង​គណបក្ស​ដទៃ​ទៀត​ក៏បាន​ចូលរួម​សកម្មភាព​និង​ទទួល​ការ​បណ្ដុះបណ្ដាល​ដូច​គណបក្ស​ជំទាស់​ដែរ។

លោក ​កឹម​ សុខា ​បាន​ថ្លែង​នៅ​ព្រឹក​មិញ​ដោយ​បដិសេធ​ការ​ចោទ​ប្រកាន់​ថា៖

«បើ​សិន​ជាយោង​ការ​ចោទ​នេះ ​គឺ ​[ភស្តុតាង​ដោះ​បន្ទុក​ដែល​ដាក់​ជូន​តុលាការ​] វា​គ្រប់គ្រាន់​ហើយ​ ដូច​ខ្ញុំ​ជម្រាប​អម្បាញ់​មិញ​អ៊ីចឹង​ វា​អត់​មាន​កន្លែង​ណា​ ដែល​ថា​ខ្ញុំ​រៀប​ចំ​ផែនការ​សម្ងាត់​ជាមួយ​បរទេស​ ដើម្បី​ធ្វើ​បដិវត្តន៍​ពណ៌​ ផ្ដួល​រដ្ឋាភិបាល​គឺ ​ដូច​ខ្ញុំ​និយាយ​អ៊ីចឹង»។

VOA ​មិន​ទាន់​អាច​ទាក់ទង​ក្រុម​មេធាវី​ដើម​បណ្ដឹង​តំណាង​រដ្ឋាភិបាល​ ដើម្បី​ឆ្លើយតប​នឹង​ការ​លើក​ឡើង​របស់​លោក ​កឹម ​សុខា​ នៅ​ឡើយភ្លាម​ៗ​នា​ព្រឹក​ថ្ងៃ​ពុធ​នេះ។

ក្នុង​សវនាការ​សប្ដាហ៍​ទីមួយមាន​ការ​ជជែក​តទល់​គ្នា​តឹង​សរសៃ​ក​រវាង​ក្រុម​មេធាវី​ទាំង​ពីរ​ភាគី​ និង​ក៏ដូច​ជា​ព្រះរាជអាជ្ញា​ និង​លោក​ កឹម ​សុខា​ ជាចុង​ចម្លើយ។ ​លោក ​កឹម​ សុខា​ ត្រូវ​បាន​ចោទ​សួរ​អំពី​ដំណើរ​ទស្សនកិច្ច​សិក្សា​ទៅ​ក្រៅ​ប្រទេស​ និង​ក៏ដូច​ជា​មាន​ការ​ជំទាស់​គ្នា​រវាង​មេធាវី​ដើម​បណ្ដឹង​ និង​មេធាវី​ការពារ​ក្ដី​ អំពី​បញ្ហា​នីតិវិធី។

ព្រឹកមិញ​នេះ​ដែរ​នៅ​ពេល​ត្រូវ​បាន​សួរ​អំពី​ដំណោះ​ស្រាយ​នយោបាយ​ លើ​ករណី​ប្រឆាំង​រូប​លោក​ លោក​ កឹម ​សុខា ​បាន​ប្រាប់​អ្នក​កាសែត​ថា​៖ ​«ខ្ញុំ​ជា​មនុស្ស​ម្នាក់​ដែល​យល់​ពី​ស្ថានភាព​ប្រទេស​ជាតិ​ច្បាស់ណាស់​ ព្រោះ​ខ្ញុំ​មិនមែន​ធ្វើ​នយោបាយ​ជើង​មិន​ជាប់​ដី​ ក្បាល​មិន​ជាប់​មេឃ​ទេ។ ខ្ញុំ​ធ្វើ​ជាប់​ អ៊ីចឹង​អ្វី​ៗ​ទាំងអស់​ ពេល​វេលា​នឹង​បង្ហាញ»។

ព្រឹកមិញ​នេះ​គេ​បាន​អង្កេត​ឃើញ​មាន​វត្តមាន​អ្នក​សារព័ត៌មាន​ និង​អង្គការ​ស៊ីវិល​ចូលរួម​តាម​ដាន​ដល់​បន្ទប់​សវនាការ​ផងដែរ​ ដែល​ជា​ការ​សម្រេច​ដល់​នាទី​ចុងក្រោយ​របស់​តុលាការ។

កាល​ពី​សប្ដាហ៍​មុន​មាន​តែ​មន្ត្រី​អង្គទូត​ និង​មន្ត្រី​អង្គការ​សហប្រជាជាតិ​ប៉ុណ្ណោះ​ ដែល​ត្រូវ​បាន​គេ​ឱ្យ​ចូល​ស្ដាប់​សវនាការ​ ខណៈ​ដែល​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​ និង​បណ្ដាញ​សារព័ត៌មាន​ទាំងអស់​ត្រូវ​បាន​ហាមប្រាម​ និង​តម្រូវ​ឱ្យ​ឈរ​នៅ​ផ្នែក​ម្ខាង​នៃ​ថ្នល់​ទល់​មុខ​សាលា​ដំបូង។

សាលា​ដំបូង​រាជធានី​ភ្នំពេញ​សម្រេច​បើក​ឱ្យ​បណ្ដាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ និង​អង្គការ​សង្គម​ស៊ីវិល​ចូលរួម​ពិនិត្យ​អង្កេត​ដំណើរ​ការ​ជំនុំ​ជម្រះ​ដោយ​ផ្ទាល់​ ក្នុង​សាល​សវនាការ​នៅ​ល្ងាច​ថ្ងៃ​អង្គារ​នេះ។

អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​ម្នាក់​របស់​ VOA​ សំឡេង​សហរដ្ឋអាមេរិក​ និង​អ្នក​សារព័ត៌មាន​ដទៃទៀត​មក​ពី​ ទី​ភ្នាក់ងារ​ព័ត៌មាន​ Reuters ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ​ VOD​ កាសែត​ The Phnom Penh Post កាសែត ​The Khmer Times ​ជាដើម​ត្រូវ​បាន​ដឹង​ថា​បាន​ចូល​ទៅ​ក្នុង​សាល​សវនាការ​នៅ​ព្រឹក​ថ្ងៃ​ទី​២២​ ខែ​មករា​នេះ។

លោក ​តាំង ​ស៊ុនឡាយ ​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ​ប្រាប់​ VOA​ កាល​ពី​រសៀល​ថ្ងៃ​អង្គារ​ថា​ មាន​សារព័ត៌មាន​ប្រមាណ​មិន​លើស​ពី​១៨​ស្ថាប័ន​ទេ ​ដែល​ត្រូវ​បាន​ផ្ដល់​ការ​អនុញ្ញាត​ ឱ្យ​ចូលរួម​ដំណើរ​ការ​សវនាការ​ដែល ​ជា​សវនាការ​សាធារណៈ៕

XS
SM
MD
LG