ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​កឹម សុខា​បង្ហាញ​អំណះអំណាង​បន្ថែម​ក្នុង​សវនាការ​លើ​បទ​ចោទ​ពី​អំពើ​ក្បត់​ជាតិ


លោក កឹម សុខា មេដឹកនាំ​បក្សជំទាស់ បាន​ផ្ដល់បទ​សម្ភាសខ្លីដល់VOA នៅព្រឹក​ថ្ងៃព្រហស្បតិ៍​នេះ មុនពេល​លោក​ធ្វើដំណើរ​ទៅសាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បីចូលរួម​សវនាការ​ថ្ងៃទីពីរ លើ​សំណុំរឿង ដែល​លោក​ត្រូវបាន​ចោទបទ «ឃុបឃិតជាមួយរដ្ឋបរទេស» កាល​ពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០។ (ទុំ ម្លិះ/VOA)
លោក កឹម សុខា មេដឹកនាំ​បក្សជំទាស់ បាន​ផ្ដល់បទ​សម្ភាសខ្លីដល់VOA នៅព្រឹក​ថ្ងៃព្រហស្បតិ៍​នេះ មុនពេល​លោក​ធ្វើដំណើរ​ទៅសាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បីចូលរួម​សវនាការ​ថ្ងៃទីពីរ លើ​សំណុំរឿង ដែល​លោក​ត្រូវបាន​ចោទបទ «ឃុបឃិតជាមួយរដ្ឋបរទេស» កាល​ពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០។ (ទុំ ម្លិះ/VOA)

អតីត​មេដឹកនាំ​ក្រុម​ជំទាស់​គឺ​លោក​ កឹម សុខា ​បាន​ចោទ​សួរ​តុលាការ​អំពី​ការ​អនុវត្ត​ច្បាប់​ដែល​កើត​ក្រោយ​សកម្មភាព​និង​ការ​បំភ្លឺ​របស់​លោក​ពាក់ព័ន្ធ​ជាមួយ​នឹង​កិច្ចការ​របស់​អង្គការ​អាមេរិក​ដែល​ជា​អង្គការ​ស្របច្បាប់​នៅ​ចំពោះ​មុខ​ចៅក្រម ​និង​ព្រះរាជអាជ្ញា​ហើយ​និង​ដើម​បណ្ដឹង​ក្នុង​សវនាការ​ដែល​កំពុង​បន្ត​សួរ​ដេញដោល​រក​កំហុស​លោក​ដែល​ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​អំពី​អំពើ​ក្បត់​ជាតិ​ឬ​សន្ទិដ្ឋិភាព​ជាមួយ បរទេស​ ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន។

លោក​បាន​ថ្លែង​ថា៖ «ហើយ​សំណួរ​អស់​នោះ​គឺ​ខ្ញុំ​បាន​ឆ្លើយ​ច្បាស់​ទាំងអស់​ថា​ខ្ញុំ​អត់​មាន​ធ្វើ​អី​ខុស​ទាំងអស់ ធ្វើ​ត្រឹមត្រូវ​ហើយ​ជា​ពិសេស​គេ​សង្កត់​ខ្លាំង​ជាមួយ​(មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា) CCHR [Cambodian Center for Human Rights] ​ហើយ​ CCHR​ ហ្នឹង​គឺជា​អង្គការ​ស្រប​ច្បាប់​ហើយ​មាន​ការ​ចុះឈ្មោះ​និង​បញ្ជី​ជាមួយ​រដ្ឋាភិបាល​មកដល់​ឥឡូវ​ ហើយ​ម្ចាស់​ជំនួយ​នោះ​គឺ​ ​ USAID ​(ទី​ភ្នាក់ងារ​សហរដ្ឋ​អាមេរិក សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ) ដែល​ជា​ស្ថាប័ន​ដែល​បាន​ចុះ​អនុស្សរណៈ MOU ​ជាមួយ​រដ្ឋាភិបាល ​ហើយ​អត់​មាន​អី​ខុស ​ដែល​អង្គការ​នេះ​ជា​របស់​សហរដ្ឋ​អាមេរិក ​ដែល​ជា​ប្រទេសធានា​ជួយ​កម្ពុជា​ក្រោយ​កិច្ចព្រមព្រៀង​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស។​ ដូច្នេះ​អត់មាន​អី​ខុស​ទេ»។

លោក​ កឹម សុខា​ ជា​សង្ខេប​ត្រូវ​គេ​ដឹង​ថា​ ធ្លាប់​ធ្វើ​ជា​អ្នក​តំណាងរាស្ត្រ​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣​ ដោយ​ទទួល​បន្ទុក​សិទ្ធិមនុស្ស ​និង​បាន​បង្កើត​អង្គការ​សិទ្ធិមនុស្ស​មួយ​គឺ​ CCHR កាល​ពី​ឆ្នាំ​២០០២ ​ដល់​ឆ្នាំ​២០០៥​ ដែល​ទទួល​ជំនួយ​ពី​សហរដ្ឋ​អាមេរិក។​

លោក​ កឹម សុខា​ ចូលរួម​ក្នុង​ឆាក​នយោបាយ​វិញ​ ជា​អ្នក​តំណាងរាស្ត្រ​នៃ​គណបក្ស​សិទ្ធិ​មនុស្ស​ដែល​លោក​បង្កើត​និង​ជា​អនុប្រធាន​រដ្ឋសភា​ក្រោយ​ពេល​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក​និង​លោក​ សម រង្ស៉ី​ទទួល​បាន​សំឡេង​គាំទ្រ​ខ្លាំង ​សឹង​ប្រហាក់​ប្រហែល​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០១៣។ ​លោក​បាន​បញ្ជាក់​អះ​អាង​ថា ​អ្វី​ដែល​លោក​ធ្វើ​កិច្ចការ​កន្លង​មក​គឺ​ជុំវិញ​រឿង​លទ្ធិ​ប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស ​ឆ្ពោះ​ទៅ​រក​ការ​បោះឆ្នោត​ មិនមែន​បដិវត្តន៍​ពណ៌ ​ដូច​ការ​ចោទ​ប្រកាន់​របស់​រដ្ឋាភិបាល​នោះ​ទេ។​

លោក​បាន​ចោទ​សួរ​ថា ​ច្បាប់​ព្រហ្មទណ្ឌ​ទាក់ទង​នឹង​សន្ទិដ្ឋិភាព​ជាមួយ​បរទេស​ ទើប​តែ​បង្កើត​ឡើង​ក្រោយ​សកម្មភាព​ដែល​ត្រូវ​ចោទ​ប្រកាន់​រូបលោក ​ដែល​លោក ​កឹម សុខា​ ចង់​បញ្ជាក់​យោង​លើ​ច្បាប់​ដែល​មិន​អាច​អនុវត្តន៍​ថយ​ក្រោយ​បាន។

លោក​ កឹម សុខា ថ្លែង​ថា៖ «ប៉ុន្តែ​ចម្ងល់​ដែល​ខ្ញុំ​សួរ​ទៅ​តុលាការ​នោះ​ថា​ច្បាប់​ក្រម​ព្រហ្មទណ្ឌ​ដែល​មាន​បទ​សន្ទិដ្ឋិភាព​ជាមួយ​បរទេស​ហ្នឹង​ មាត្រា​៤៤៣។ ច្បាប់​ហ្នឹង​ទើប​ប្រកាស​ឲ្យ​ប្រើ​នៅ​ឆ្នាំ​២០១០ ហើយ​យក​រឿង​យក​មក​ចោទ​សួរ​ខ្ញុំ​ពី​១៩៩៣​ រហូត​មក​ដល់​ឆ្នាំ​ ២០០៧ ​ហ្នឹង។ តើ​ច្បាប់ វា​មាន​ធាក់​ថយ​អីចឹង​ដែរ​អត់?​ ខ្ញុំ​គ្រាន់​តែ​សួរ​ទេ ​រឿង​តុលាការ​គេ​បន្ត​ថ្ងៃនេះ​ទៀត​រឿង​អស់ហ្នឹង ​រឿង​ផ្សេង​ទៀត​ ចាំ​មើល​ថា​តើ​គេ​បន្ត​ដេញដោល​អី​ទៀត‍»។

លោក ​គី តិច ​មេធាវី​របស់​រដ្ឋាភិបាល​ បាន​អះអាង​ថា​លោក​មាន​ភស្តុតាង​ច្រើន​វ៉ាលី ដើម្បី​ដាក់​បន្ទុក​លើ​លោក​ កឹម សុខា​ ហើយ​បាន​ទទួល​ស្គាល់​ថា​ការ​ចោទសួរ​លោក កឹម សុខា ​នៅ​ក្នុង​ដំណាក់​កាល​ដំបូង​អំពី​រឿងរ៉ាវ​ដែល​កើត​ឡើង​នៅ​ចន្លោះ​ឆ្នាំ​១៩៩៣ ​ដល់​ឆ្នាំ​២០០៧ ​សិន ​មុន​នឹង​ចូល​ដល់​វគ្គ​ផ្សេងទៀត​គឺ​កុំ​ឲ្យ​ច្រឡំ។

លោក គី តិច ថ្លែង​ថា៖ «ព្រោះ​មូល​ហេតុ​ដែល​ចៅក្រម​បាន​កំណត់ ​បែងចែក​ដំណាក់​កាល​នេះ​គឺ​គោល​បំណង ដើម្បី​កុំឲ្យ​ការ​សួរ​ហ្នឹង​វា​មាន​ភាព​ច្របូក​ច្របល់។​ បើ​សិន​ជា​គ្មាន​ការ​កំណត់​អីចឹង​ទេ​គឺ ថា​អាច​ថា​អ្នក​ដាក់​សំណួរ​ហ្នឹង​គឺ​ចូល​ទៅ​ក្នុង​ដំណាក់​កាល​ផ្សេងៗ។​ អីចឹង​ហើយ​ទើប ក្រុម​ប្រឹក្សា​ជំនុំជម្រះ​នេះ​គាត់​បាន​កំណត់។ អីចឹង​ខ្ញុំ​គិត​ថា​នីតិវិធី​នេះ​ល្អ​មែន​ទែន ​ហើយ​ជា​ឱកាស​ផ្ដល់​ឲ្យ​ជន​ជាប់​ចោទ​ហ្នឹង​គាត់​គិត​ទាន់​ គាត់​មាន​ស្មារតី​គិត​ទាន់​ឆ្លើយ​នឹង​សំណួរ​របស់​ភាគី​ពាក់ព័ន្ធ​នៅ​ក្នុង​ហ្នឹង»។

ក្រុម​មេធាវី​ទាំងពីរ​ក្រុម​ត្រូវ​គេ​រាយការណ៍​មក​ថា ​បាន​ដេញ​ដោល​គ្នា​ខ្លាំង​ទៅលើ ភស្តុតាង​ដំបូង​គឺ​វីដេអូ​ដែល​មាន​រយៈពេល​ជាង​២នាទី​ដែល​មាន​ការ​កាត់​ជា​កង់ៗ ​និង​ដំណាក់​កាល​នៃ​រឿង​រ៉ាវ​ដែល​កើត​ឡើង​មុន​ច្បាប់​សន្ទិដ្ឋិភាព​ត្រូវ​ប្រកាស​ឲ្យ​ប្រើ ​ហើយ​នឹង​ដំណើរការ​នីតិវិធី​មួយ​ចំនួន​ទៀត​ មុននឹង​បន្ត​ទៅ​កាន់​អង្គហេតុ​ អង្គច្បាប់​និង​អង្គ​សេចក្ដី​ផ្សេង។

លោក ​កឹម សុខា​ ត្រូវ​បាន​ចាប់ខ្លួន​កាល​ពី​យប់​ថ្ងៃ​ទី៣​ខែ​កញ្ញា​នៅ​ឆ្នាំ​២០១៧​ភ្លាមៗ​ក្រោយពេល​វីដេអូ​របស់​លោក​ជាង​១ម៉ោង​ដែល​លោក​បាន​ថ្លែង​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​អំពី​យុទ្ធសាស្ត្រ​របស់​លោក​ដើម្បី​ប្រជែង​ជាមួយ​ដៃគូ​នយោបាយ​គឺ​គណបក្ស​កាន់​អំណាច​នោះ ​ត្រូវ​ប្រទះ​ឃើញ​បង្ហោះ​នៅ​លើ​គេហទំព័រ​ហ្វេសប៊ុក​ឡើងវិញ។​

វីដេអូ​នេះ ​ត្រូវ​រដ្ឋាភិបាល​យក​មក​ធ្វើជា​ភស្តុតាង​សំខាន់​ដំបូង​ដើម្បី​ប្ដឹង​ចោទ​ប្រកាន់​លោក​ កឹម សុខា​ពី​បទ​សន្ទិដ្ឋិភាព​ជាមួយ​បរទេស​ឬ​រួម​គំនិត​ជាមួយ​បរទេស​ ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល​កម្ពុជា ​ដោយ​មាន​សហ​រដ្ឋ​អាមេរិក​នៅ​ពីក្រោយ។ ​តែ​ទាំង​លោក ​កឹម សុខា​ និង​សហរដ្ឋ​អាមេរិក ​បដិសេធ​មិន​ពាក់ព័ន្ធ​នឹង​ការ​ផ្ដួល​រំលំ​ឬ​ផ្លាស់ប្ដូរ​របប​នោះ​ទេ។

មេធាវី​រដ្ឋាភិបាល​គឺ​លោក ​គី តិច​ បាន​លើក​ឡើង​កាលពី​ថ្ងៃ​ពុធ​ថា​មាន​ប្រទេស​៩ ដែល​លោក​បាន​ស្នើ​អង្គ​ជំនុំជម្រះ​នៃ​តុលាការ​ឲ្យ​តាង​ឈ្មោះ​អក្សរ​សម្រាប់​សម្គាល់ ឈ្មោះ​ប្រទេស​នីមួយៗ​ក្នុង​ពេល​ដំណើរការ​នីតិវិធី​ក្នុង​តុលាការ​និង​ចេញ​សាលក្រម ដោយ​ចង់​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ប្រទេស​ទាំង​នោះ។​

តែ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ លោក​បាន​បំភ្លឺ​ថា​ឈ្មោះ​ប្រទេស​ដែល​លោក​បាន​លើក​ឡើង​នោះ​គឺ​គ្រាន់​តែ​ជា​ឧទាហរណ៍​ទេ​ ហើយ​ប្រទេស​ទាំង​នោះ​ ទោះជា​មាន​ឈ្មោះ​ក្នុង​សំណុំ​រឿង​លោក​ កឹម សុខា​ ក៏​មិន​មែន​មាន​ន័យ​ថា​ពាក់ព័ន្ធ​នឹង​បទល្មើស​ដែរ ​ដោយ​បាន​ចាត់​ទុក​ថា​ការ​ចុះ​ផ្សាយ​របស់​បណ្ដាញ​ព័ត៌មាន​ថា​ជា​ការ​យល់​ច្រឡំ។

លោក​បាន​ថ្លែង​ថា៖ «ឯកសារ​ក្នុង​សំណុំ​រឿង​ដែល​និយាយ​ថា​អូ!​ ប្រទេស​នេះ ​អង្គការ​ហ្នឹង​ជា​អង្គការ​របស់ ប្រទេស​ហ្នុង​ អីចឹង​ឈ្មោះ​ប្រទេស​ហ្នឹង​វា​អត់​មាន​ពាក់ព័ន្ធ​នឹង​អំពើ​ល្មើស​ទេ​ ប៉ុន្តែ​យើង និយាយ​យើង​អត់​ចង់​និយាយ​នៅ​ក្នុង​សាលក្រម។ យើង​អត់​ចង់​និយាយ​ឲ្យ​ចំ​ឈ្មោះ ប្រទេស​គេ​ទេ​ វា​អាច​គេ​ស្ដាប់​ទៅ ​គេ​អន់​ចិត្ត​ថា​ ហ្អេ ​ម៉េច​ក៏​យក​ឈ្មោះ​ប្រទេស​ឯង​ទៅ និយាយ​ក្នុង​សវនាការ ​សរសេរ​នៅ​ក្នុង​សាលក្រម​អីចឹង។ គោល​បំណង​យើង​គឺ​អីចឹង​ទេ មិន​មែន​មានន័យ​ថា​ឈ្មោះ​ដែល​ខ្ញុំ​អាន​ប្រទេស​ទាំង​ប៉ុន្មាន​ហ្នឹង​មាន​ពាក់ព័ន្ធ​នឹង​បទល្មើស​ក្នុង​សំណុំ​រឿង​ទេ។​ រឿង​ហ្នឹង​សូម​បំភ្លឺ​ជូន​អីចឹង ​ហើយ​សូម​ចុះផ្សាយ​ឡើង​វិញ​ផង»។

ប្រទេស​ទាំង​៩​នោះ​រួម​មាន​ឥណ្ឌូណេស៊ី ​យូហ្គោស្លាវី ​ស៊ែប៊ី ​អូស្ត្រាលី ​សហរដ្ឋ​អាមេរិក កាណាដា ​សហភាព​អឺរ៉ុប​ តៃវ៉ាន់ ​និង​ឥណ្ឌា។

​សវនាការ​ចំនួន​ពីរ​ថ្ងៃ​វគ្គ​ដំបូង​លើ​សំណុំ​រឿង​លោក ​កឹម សុខា ​គឺ​ដើម្បី​សម្រេច​ថា​តើ​លោក​មានទោស​ឬ​គ្មាន។ ​សវនាការ​នេះ​កើត​ឡើង​ក្រោយ​រយៈពេល​ជាង​២ឆ្នាំ​នៃ​ការ​ឃុំខ្លួន​លោក។ ​

សវនាការ​នេះ​ត្រូវ​គេ​រំពឹង​ថា​នឹង​មានការ​ចូលរួម​ពី​អ្នក​ឃ្លាំមើល​ជាច្រើន​រួម​ទាំង​អ្នក​ការ​ទូត​បរទេស​នានា​ដូចជា​មន្ត្រី​ទូត​អាមេរិក​ នៅ​ពេល​អង្គការ​សង្គម​ស៊ីវិល និង​ក្រុម​អ្នក​សារព័ត៌មាន​ទទូច​ឲ្យ​មានការ​បើក​ឲ្យ​តំណាង​របស់​ខ្លួន​ចូលរួម​ឬ​បញ្ជូន​រូបភាព​និង​សំឡេង​មក​ខាងក្រៅ​គឺ​ចេញ​ពី​បន្ទប់​សវនាការ​ដែលមន្ត្រី​តុលាការ​អះអាង​ថា​ដាក់​មនុស្ស​បាន​ត្រឹម​៣០​នាក់​នោះ។

​សវនាការ​ដំបូង​ដែល​មាន​លោក ​កូយ សៅ​ ជា​ប្រធាន​អង្គ​ជំនុំជម្រះ​នេះ​ មាន​រយៈពេល​២​ថ្ងៃ​គឺ​នៅ​ថ្ងៃ​ទី​១៥​និង​ទី​១៦​ខែ​មករា។​ មន្ត្រី​តុលាការ​អះអាង​ថា ​សវនាការ​នេះ ​គ្រោង​ធ្វើ​ឡើង​ពីរ​ថ្ងៃ​ក្នុង​១​សប្តាហ៍​ ហើយ​នឹង​អាច​បន្ត​រហូត​ដល់​៣​ខែ​ទៅ​មុខ​ទៀត៕

XS
SM
MD
LG