ប្រជាសហគមន៍ការពារព្រៃឈើធម្មជាតិ ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានទទូចសុំតុលាការខេត្ត ផ្តល់យុត្តិធម៌ដល់ពួកគេ ដោយពួកគេអះអាងថា ក្រុមទាហានដែលដឹកនាំដោយបុគ្គលឈ្មោះ អៀម ម៉ៅ បានវាយពួកគេ ក្នុងជម្លោះដីធ្លីសហគមន៍ដែលកើតឡើងកាលពីឆ្នាំ ២០២២។
ការស្នើនេះធ្វើឡើងស្របពេលដែលតុលាការខេត្តកំពង់ស្ពឺបានកោះហៅប្រជាសហគមន៍ជិត២០នាក់ ឱ្យមកបំភ្លឺ នៅថ្ងៃទី ២០ និងថ្ងៃ ២១ ខែធ្នូ ក្នុងនាមពួកគេជាជនរងគ្រោះ និងខ្លះជាសាក្សី។ នេះបើតាមដីកាកោះហៅដែលវីអូអេទទួលបាន។
លោក ឃន សារិទ្ធិ ប្រជាសហគមន៍ការពារព្រៃឈើមេត្តាធម្មជាតិដែលជាពលរដ្ឋម្នាក់ក្នុងចំណោម ៦ នាក់ដែលប្តឹងលោក អៀម ម៉ៅ និងបក្ខពួកពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» ប្រាប់វីអូអេថា លោកប្តឹងដោយសារតែក្រុមទាហានដែលដឹកនាំដោយលោក អៀម ម៉ៅ ទាហានកងពលង ៧០ បានប្រើប្រាស់ហិង្សាលើប្រជាសហគមន៍ជាច្រើនលើកច្រើនសាក្នុងទំនាស់ដីធ្លីដែលមិនទាន់បានបោះបង្គោលព្រំដែនច្បាស់លាស់ថាដីណាជារបស់សហគមន៍ និងដីណាជាដីរបស់ទាហាន។ លោកបន្តថា ហិង្សាតែងតែកើតមាននៅពេលពលរដ្ឋចុះទៅឃាត់គ្រឿងចក្ររបស់ក្រុមទាហានដែលបានចុះមកឈូសឆាយដីដែលមិនទាន់បោះបង្គោលព្រំច្បាស់លាស់។
បើតាមពលរដ្ឋរូបនោះ ក្រុមទាហានបានដកហូតទូរស័ព្ទមួយចំនួនរបស់ប្រជាសហគមន៍ ដែលបានថតសកម្មភាពហិង្សាទាំងនោះ។
លោកថ្លែងថា៖ «បាទ! ប្រជាពលរដ្ឋ គាត់បានចុះទៅហាមឃាត់ ក្រុមអៀម ម៉ៅ ហ្នឹង។ គាត់ឈូសឆាយ អត់មានព្រំ អីត្រឹមត្រូវ អត់មានការជូនដំណឹងអីអ៊ីចឹង។ អ៊ីចឹងពេលហ្នឹងហើយពេលដែលកើតហិង្សា។ ហើយប្រជាពលរដ្ឋ យើងទៅ គឺអត់មានអីទេ គ្រាន់តែនិយាយ សុំហាម សុំផ្អាកសកម្មភាព ដើម្បីពួកខ្ញុំប្តឹងរកដំណោះស្រាយសិន តែគាត់ គាត់អត់និយាយហេតុផលទេ គឺពេលដែលយើងទៅ គឺប្រើហិង្សាតែម្តង»។
បើតាមលោក ឃន សារិទ្ធិ ពលរដ្ឋបានប្តឹងលោក អៀម ម៉ៅ និងបក្ខពួក តាំងពីថ្ងៃដែលប្រើប្រាស់ ហិង្សាលើប្រជាសហគមន៍ គឺតាំងពីថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២២។ លោកស្នើឱ្យតុលាការខេត្តកំពង់ស្ពឺ ជួយរកយុត្តិធម៌ជូនប្រជាសហគមន៍។
លោកបន្ថែមថា៖ «បាទ! សម្រាប់ខ្ញុំ ខ្ញុំចង់ឃើញថា សូមឱ្យតុលាការជួយរកយុត្តិធម៌ដល់ពួកខ្ញុំ ហើយពួកខ្ញុំក៏សង្ឃឹមដែរថា តុលាការនឹងមិនមានភាពលម្អៀង។គាត់នឹងប្រកាន់នូវគោលជំហរច្បាប់ ហើយជួយរកយុត្តិធម៌ជូនពួកខ្ញុំ»។
លោក ឃន សារិទ្ធិ អះអាងថា ប្រជាសហគមន៍តែងតែអាស្រ័យផល និងការពារព្រៃសហគមន៍«ឧត្ដមស្រែពស់» ឬ ហៅថា «ព្រៃឈើមេត្តាធម្មជាតិ»ជាង ២០ ឆ្នាំមកហើយ ដោយមានការចុះបញ្ជីដីសហគមន៍ត្រឹមត្រូវនៅក្រសួងបរិស្ថាន ក្នុងទំហំផ្ទៃដីជាង២០០០ហិកតា។
ប៉ុន្តែកាលពីឆ្នាំ ២០០៨ ដីសហគមន៍ត្រូវបានរដ្ឋាភិបាលកាត់ឆ្វៀលឱ្យទៅក្រុមហ៊ុនដំឡូងមីមួយចំនួន និងក្នុងឆ្នាំ ២០១៧ រដ្ឋបានកាត់ដីសហគមន៍ជាង៧០ហិកតាឱ្យទៅក្រុមយោធា «ង៧០» ចំនួន ១២ គ្រួសារ ដែលដឹកនាំដោយឈ្មោះ អៀម ម៉ៅ។ លុះដល់ឆ្នាំ ២០១៩ ទើបប្រជាសហគមន៍ធ្វើបច្ចុប្បន្នភាពផ្ទៃដីសហគមន៍ ដែលនៅសល់ ផ្ទៃដីត្រឹមតែ៨៨៧ហិកតា ដោយមានការទទួលស្គាល់ពីមន្ទីរបរិស្ថាន និងអាជ្ញាធរភូមិឃុំ និងដីមួយផ្នែកត្រូវបានទទួលស្គាល់ដោយក្រសួងបរិស្ថាន។
លុះក្រោយមក រដ្ឋាភិបាលបានកាត់ដីសហគមន៍ទំហំ២ ៦២,២៤ ហិកតា ពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដែលស្ថិតនៅភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ឱ្យទៅគ្រួសារយោធិនបញ្ជាការដ្ឋានរថក្រោះកងទ័ពជើងគោក។ ប៉ុន្តែលោកថា ការកាត់ដីសហគមន៍ពេលនោះមិនបានពិគ្រោះយោបល់ជាមួយប្រជាសហគមន៍ឡើយ។
កាលពីថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២១ រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយ ដោយសម្រេចកាត់ដីទំហំ ២៦២,២៤ ហិកតា ពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដែលស្ថិតនៅភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីផ្ដល់ជាកម្មសិទ្ធិជូនគ្រួសារយោធិនបញ្ជាការដ្ឋានរថក្រោះកងទ័ពជើងគោក និងប្រជាពលរដ្ឋសរុប ៤១ គ្រួសារ សម្រាប់កសាងលំនៅឋាន និងបង្កបង្កើនផល។ នេះបើតាមអនុក្រឹត្យដែលវីអូអេទទួលបាន។
ពលរដ្ឋម្នាក់ទៀត អ្នកស្រី ឃន ខន អាយុ ៦៧ ឆ្នាំ អះអាងថាក្រុមទាហានដែលដឹកនាំដោយលោក អៀម ម៉ៅ បានវាយអ្នកស្រី បណ្តាលឱ្យបាក់ដៃ កាលពីខែមីនា ឆ្នាំ ២០២២។ អ្នកស្រីក៏ជាអ្នកប្តឹង លោក អៀម ម៉ៅ ពីបទហិង្សា។ អ្នកស្រីស្នើឱ្យតុលាការផ្តល់យុត្តិធម៌ដល់ប្រជាសហគមន៍ ខណៈពលរដ្ឋបានចូលរួមការពារព្រៃឈើមេត្តាធម្មជាតិ ដើម្បីទុកជាជម្រកសត្វ និងសម្រាប់ក្មេងជំនាន់ក្រោយតែប៉ុណ្ណោះ។
អ្នកស្រីប្រាប់វីអូអេថា៖ «ប្តឹងអំពើហិង្សាបានវាយលើប្រជាពលរដ្ឋ លើរូបខ្ញុំអីបាក់ដៃ បាក់ជើង តដែក តអ៊ីអ៊ីចឹង។ ហើយបើខ្ញុំនៅការពារព្រៃឈើនៃវត្តមេត្តាធម្មជាតិហ្នឹង យើងគ្រាន់តែទុកឱ្យក្មេងជំនាន់ក្រោយមើល ហើយសត្វជ្រកគ្រប់ប្រភេទ ម្ល៉ោះហើយ ខ្ញុំការពារទៅ»។
អ្នកស្រីស្នើឱ្យអាជ្ញាធរចុះកំណត់ព្រំសហគមន៍ឱ្យបានច្បាស់ ព្រោះអ្នកស្រីថា ក្រុមទាហាននោះ តែងតែប្រើប្រាស់គ្រឿងចក្រ ដើម្បីឈូសឆាយព្រៃសហគមន៍ជាបន្តបន្ទាប់។
អ្នកស្រីបន្ថែមថា៖ «ខ្ញុំអត់ចង់បានអីទេ។ ចង់ថាប្រជាពលរដ្ឋ គឺចង់បានឱ្យមានកំណត់ព្រំឱ្យទៅវាស់វែងឱ្យប្រជាពលរដ្ឋប៉ុន្មាន ទាហានប៉ុន្មាន ឱ្យដឹងព្រំគេ ព្រំឯងមក ស្រណុកប្រជាពលរដ្ឋខ្ញុំ រស់ស្រួលផង។ អត់បានរកស៊ីអីទេ គិតតែនៅការពារព្រៃហ្នឹង លោកគ្រូ អើយ! រាល់ថ្ងៃហ្នឹងពិបាកណាស់»។
ស្រ្តីម្នាក់ដែលអះអាងថា ជាភរិយារបស់លោក អៀម ម៉ៅ និងបដិសេធមិនបញ្ចេញឈ្មោះ បានច្រានចោលការចោទប្រកាន់ដែលថា ស្វាមីរបស់អ្នកស្រីឈ្មោះ អៀម ម៉ៅ បានវាយប្រជាពលរដ្ឋ។
ស្រ្តីរូបនេះថ្លែងថា៖ «ក្នុងឆ្នាំ ២០២២ ប្តីខ្ញុំមិនដែលទៅវាយពីណាគេផង។ និយាយរួមដីហ្នឹង រឿងដីហ្នឹងមិនមែនជាដីរបស់ ង៧០ទេ។ កាសែតល្មមៗ គាត់នៅតែឆ្ងល់ថា នៅតែយល់ច្រឡំថា ជាដីរបស់ ង៧០។ គាត់នៅតែយល់ច្រឡំថា ដីហ្នឹងរបស់ ង៧០ ។ ហើយទាហានគាត់ចេញចូលជាធម្មតា គាត់ទៅគេងនៅផ្ទះខ្ញុំ។ ផ្ទះខ្ញុំនៅក្រោយដីហ្នឹង ហើយចម្ការវាទើបជាប់គ្នា។ ហើយដីហ្នឹង ប្តីខ្ញុំមានឈ្មោះមែន៥ហិកតា និយាយទៅ [ដែល]ទាហាន ង៧០ ប៉ុន្មាននាក់។ តែដីហ្នឹងធំបំផុត គោលបំណងរបស់[កងពល]រថគ្រោះទេ ហើយនៅតែយល់ច្រឡំថា ដីរបស់ទ័ពប្តីខ្ញុំ អៀម ម៉ៅ ៗ អ៊ីចឹង»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ស្ពឺ លោក ផេង ស៊ីភ័ណ បាននៅឡើយទេ។
អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង ប្រាប់វីអូអេថា លោកនិងអាជ្ញាធរបានចុះដោះស្រាយទំនាស់ដីធ្លីរវាងប្រជាសហគមន៍ និងក្រុមយោធាជាច្រើនលើក ច្រើនសា ប៉ុន្តែមិនទាន់រកចំណុចរួមឃើញនៅឡើយទេ។ លោកបន្ថែមថា ក្រុមការងារនឹងព្យាយាមដោះស្រាយបន្តទៀត ប៉ុន្តែបញ្ហាចម្បង គឺមិនទាន់មានថវិកាគ្រប់គ្រាន់ក្នុងការបោះបង្គោលបែងចែងដីឱ្យបានច្បាស់លាស់។
លោកថ្លែងថា៖ «ចុះទៅច្រើនដងហើយ ប៉ុន្តែមិនទាន់មានការឯកភាពគ្នា រឿងព្រំប្រទល់ នៅតែមួយដណ្តើមអញ្ចេះ មួយដណ្តើមអញ្ចុះ។ មួយថានៅនេះ មួយថានៅនោះ។ អ៊ីចឹងយើងមិនដឹងកំណត់ម៉េចបាន ពីព្រោះព្រំដី វាទាល់ណា តែគាត់ឯកភាពគ្នាទាំងសងខាង»។
លោកអំពាវនាវទៅអង្គការនានាដែលមានថវិកា សូមផ្តល់ដល់សហគមន៍ ដើម្បីបោះបង្គោលកំណត់ព្រំសហគមន៍ឱ្យបានច្បាស់លាស់។
លោកបញ្ជាក់ថា៖ «អាហ្នឹងយើងអត់ទាន់បានធ្វើអាហ្នឹង ដោយសារយើងអត់មានថវិកាសម្រាប់ទ្រទ្រង់សហគមន៍។ អាហ្នឹងសហគមន៍ គាត់អត់មានពីណាជួយគាត់ គាំទ្រគាត់។ ប្រសិនបើមានអង្គការណាដែលគាត់សល់ថវិកា សល់អីចុងឆ្នាំ យកមកជួយគាត់ [គឺ]ល្អ»។
មន្ត្រីស៊ើបអង្កេតរបស់សមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តកំពង់ស្ពឺ លោក អាន ភិន ប្រាប់វីអូអេថា ករណីនេះកើតឡើងដោយសារតែទំនាស់ដីធ្លីរវាងប្រជាសហគមន៍ និងក្រុមទាហាន ត្រង់ចំណុចដី ដែលមានការត្រួតស៊ីគ្នា ដូច្នេះលោកថា បញ្ហានេះត្រូវតែរៀបចំឱ្យមានយន្តការដោះស្រាយដើម្បីឈានទៅបញ្ចប់វិវាទមួយនេះ។
លោកថ្លែងថា៖ «ដីហ្នឹង វាត្រួតស៊ីគ្នា វាត្រួតស៊ីគ្នា ត្រង់ថា ដីសហគមន៍នៅតំបន់ឈូសឆាយ ដល់យោធាថា មិនមែនជាដីសហគមន៍ទេ។ អ៊ីចឹងឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្ត លោកគ្រាន់តែចុះទៅ គឺគាត់បានតែចុះទៅ គាត់គ្រាន់តែសន្យាថានឹងឱ្យក្រុមជំនាញចុះកំណត់ បោះបង្គោលនិយាមកាឱ្យបានត្រឹមត្រូវ ទៅលើដីហ្នឹង ថាតើដីណាជាដីសហគមន៍ ដីណាដែលជាដីរដ្ឋាភិបាលធ្វើសម្បទានឱ្យក្រុមទាហាន។ ប៉ុន្តែមកដល់ពេលនេះ យើងអត់ទាន់ឃើញចំណាត់ការលើយន្តការហ្នឹងទេ ការដោះស្រាយអីទេ»។
គួរបញ្ជាក់ថា ប្រជាសហគមន៍តែងតែអះអាងថា ទីតាំងដីដែលប្រជាសហគមន៍ការពារព្រៃឈើតែងតែត្រូវបានអ្នកមានអំណាចឈូសឆាយលក់ និងជួលជាហូរហែតាំងពីចុងឆ្នាំ២០២១មក ហើយពួកគេថា ពួកគេតែងដាក់ញត្តិទៅស្ថាប័នពាក់ព័ន្ធ ក្រោយមានការកាប់ឈូសឆាយតំបន់ដីព្រៃទាំងនោះ ប៉ុន្តែមិនទាន់មានដំណោះស្រាយ។
ពាក់ព័ន្ធនឹងជម្លោះដីធ្លីដ៏ចម្រូងចម្រាសមួយនេះ ប្រជាសហគមន៍ការពារព្រៃឈើមេត្តាធម្មជាតិចំនួន៧នាក់ក៏ត្រូវបានលោក អៀម ម៉ៅ ប្តឹងឡើងតុលាការ កាលពីខែតុលា ឆ្នាំ ២០២៣ ពីបទ«ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស រំលោភលើកម្មសិទ្ធិ គំរាមសម្លាប់ និងជេរប្រមាថ» ប៉ុន្តែសំណុំរឿងនេះ ប្រជាសហគមន៍ថា ពួកគេបានស្នើសុំតុលាការឱ្យតម្កល់ទុកដោយឥតចាត់ការ ប៉ុន្តែពួកគេថាមិនទាន់ទទួលបានដំណឹងអ្វីនៅឡើយទេ៕