រដ្ឋាភិបាលកម្ពុជាបានសម្រេចកាត់ដីប្រមាណ៣០ហិកតាពីតំបន់ឧទ្យានជាតិកែបក្នុងខេត្តកែប ដើម្បីផ្តល់ឱ្យក្រុមហ៊ុនមួយគ្រប់គ្រងដោយកូនស្រីរបស់អ្នកស្រី ជឹង សុភាព ហៅយាយភូ ដែលស្និទ្ធនឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ នេះបើយោងតាមអនុក្រឹត្យចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលវីអូអេទទួលបាន។
អ្នកស្រី ជឹង សុភាព ជាភរិយារបស់លោក ឡៅ ម៉េងឃីន ជាឧកញ៉ាមានឥទ្ធិពលមួយរូប និងជាសមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាជនកម្ពុជា។
អនុក្រឹត្យចុះហត្ថលេខាដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចែងថា ត្រូវបានកំណត់ជាតំបន់ប្រើប្រាស់ដោយចីរភាព ផ្ទៃដីទំហំ២៩ហិកតា ស្ថិតក្នុងឧទ្យានជាតិកែប ភូមិសាស្រ្តសង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប សម្រាប់ផ្តល់ជូនក្រុមហ៊ុន វ័ន ម៉រ (One More Ltd)ដែលគ្រប់គ្រងដោយអ្នកស្រី ជឹង សុគន្ធាវី កូនស្រីរបស់អ្នកស្រី ជឹង សុភាព។
អ្នកស្រី ជឹង សុគន្ធាវី ត្រូវបានគេស្គាល់ថា ជាម្ចាស់ក្រុមហ៊ុនមួយចំនួនទៀត ដូចជាទឹកសុទ្ធវីតាល់ និងមីជាតិជាដើម។
អនុក្រឹត្យបញ្ជាក់ថា៖ «ត្រូវបានធ្វើអនុប្បយោគពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ផ្ទៃដីទំហំ២៩ហិកតា....មកជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ក្រោមលក្ខខណ្ឌជួលឱ្យក្រុមហ៊ុនវ័ន ម៉រ (ONE MORE Ltd.) សម្រាប់វិនិយោគលើគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សាភ្ជាប់នឹងធម្មជាតិ ដែលត្រូវស្ថិតក្រោមការចាត់ចែងនីតិវិធីបន្តដោយក្រសួងបរិស្ថាន ជាអាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ និងមានកិច្ចសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងក្រសួងពាក់ព័ន្ធ ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមច្បាប់ និងគោលការណ៍របស់រាជរដ្ឋាភិបាល»។
យោងតាមអនុក្រឹត្យស្តីពីការកំណត់តំបន់ឧទ្យានជាតិកែប ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១០ ត្រូវបានកែសម្រួលឧទ្យានជាតិកែបពីផ្ទៃដីទំហំ៥ពាន់ហិកតា មកនៅត្រឹមផ្ទៃដីទំហំ១១៥២ហិកតា។
ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្តាញយុវជនកម្ពុជា លោក ហេង គឹមហុង ថ្លែងថា ការទទួលបានដីប្រមាណ៣០ហិកតានេះជាព័ត៌មានថ្មីមួយទៀត ដែលកូនស្រីរបស់អ្នកស្រី ជឹង សុភាព ទទួលបានដីបន្ថែមពីលើដីជាង៩០០ហិកតា ដែលក្រុមហ៊ុនបានទទួលកាលពីមុន។ លោកបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការផ្តល់ដីនេះ និងជំរុញឱ្យរដ្ឋាភិបាលបកស្រាយជាសាធារណៈអំពីមូលហេតុនៃការផ្តល់ដីជាបន្តបន្ទាប់ឱ្យក្រុមហ៊ុនមួយនេះ។
លោកបញ្ជាក់ថា៖ «ក្នុងនាមខ្ញុំជាអ្នកធ្វើការផ្នែកធនធានធម្មជាតិ បរិស្ថាន និងសិទ្ធិមនុស្ស ខ្ញុំមានការព្រួយបារម្ភ។ ព្រួយបារម្ភទីមួយគឺតំបន់ទាំងអស់នោះសុទ្ធសឹងតែជាតំបន់ធនធានធម្មជាតិដែលបានចំណាយពេលយ៉ាងច្រើននៅក្នុងកិច្ចការពារឱ្យមានការថែរក្សាទេសភាពធនធានធម្មជាតិ និងជីវចម្រុះនៅតំបន់នោះអស់ជាច្រើនឆ្នាំមកហើយ ប៉ុន្តែទីបំផុតត្រូវបានផ្តល់ឱ្យឯកជនយកទៅអភិវឌ្ឍនៅក្នុងន័យផ្សេងៗគ្នា។ បើទោះបីជាតំបន់នោះត្រូវបានចាត់ទុកថាជាតំបន់ត្រូវអភិរក្សពិតមែន ប៉ុន្តែបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការផ្តល់ប្រយោជន៍សាធារណៈ តាមរយៈជាប្រភពសេដ្ឋកិច្ចរបស់សហគមន៍មូលដ្ឋាន។ ផ្ទុយទៅវិញ ការផ្តល់ទៅក្រុមហ៊ុនឯកជន យើងមានការព្រួយបារម្ភការកាប់បំផ្លាញព្រៃឈើ និងបង្កការរំខានទៅដល់ជីវៈចម្រុះ នៅក្នុងតំបន់ការពារធម្មជាតិ នៅតំបន់ត្រូវតែអភិវឌ្ឍ ជាពិសេសសហគមន៍ហ្នឹងបាត់នូវប្រភពនៃសេដ្ឋកិច្ចមូលដ្ឋានរបស់ពួកគេ»។
លោកជំរុញឱ្យរដ្ឋាភិបាលគួរតែពិនិត្យឡើងវិញអំពីការកាត់ដីនេះ និងគួរតែមានការពិគ្រោះយោបល់ជាមួយសហគមន៍ មុននឹងផ្តល់ទៅឱ្យក្រុមហ៊ុនឯកជន។
កាលពីកន្លងទៅ ក្រុមយុវជនបរិស្ថានមួយចំនួនបានបង្ហាញការមិនពេញចិត្ត និងក្តីព្រួយបារម្ភដែលរដ្ឋាភិបាលបានកាត់ដីឧទ្យានជាតិគិរីរម្យក្នុងខេត្តកំពង់ស្ពឺ ដីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ក្នុងខេត្តកំពង់ឆ្នាំង និងដីដែនជម្រកសត្វព្រៃកែវសីម៉ានៅខេត្តមណ្ឌលគិរី សរុបទាំងអស់ប្រមាណ៩៥០ហិកតា ផ្តល់ឱ្យក្រុមហ៊ុនដែលគ្រប់គ្រងដោយអ្នកស្រី ជឹង សុគន្ធាវី ជាកូនស្រីរបស់អ្នកស្រី ជឹង សុភាព សម្រាប់ការអភិវឌ្ឍគម្រោងទេសចរណ៍ និងគ្រប់គ្រងបែបឯកជន។
កញ្ញា មាន លីសា អាយុ ២២ ឆ្នាំ យុវជនចលនាមាតាធម្មជាតិ ប្រាប់វីអូអេថា កញ្ញានៅតែមានចម្ងល់ទៅលើការវាយតម្លៃហេតុផលប៉ះពាល់បរិស្ថានមុនពេលរដ្ឋាភិបាលសម្រេចកាត់ដីផ្តល់ទៅឱ្យក្រុមហ៊ុន។
កញ្ញាបញ្ជាក់ថា៖ «តម្លាភាពកន្លែងនេះ យើងចង់បញ្ជាក់បន្ថែមទៀតថា ដូចជាការបញ្ចេញនូវហេតុប៉ះពាល់បរិស្ថាន និងសង្គមនៅទីនោះ ហើយមួយទៀតបង្ហាញថា បើយើងចង់ធ្វើគម្រោងអ្វីនៅទីនោះគួរបង្ហាញអំពីគម្រោងក្នុងការសិក្សាទៅលើការអភិវឌ្ឍទាំងអស់ហ្នឹង ឱ្យយើងបានដឹង កុំឱ្យវាជារឿងសម្ងាត់ទាំងអស់ ដែលអាចប៉ះពាល់ធនធានធម្មជាតិ និងសិទ្ធិមនុស្សនៅទីនោះ»។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្រ្តា ប្រាប់វីអូអេថា ការបង្ហាញក្តីព្រួយបារម្ភផ្សេងៗរបស់ក្រុមអ្នករិះគន់គឺជាសិទ្ធិរបស់ពួកគាត់ ប៉ុន្តែលោកបញ្ជាក់ថា នេះជាគម្រោងវិនិយោគអេកូទេសចរណ៍ ហើយអាចទាញយកផលពីធនធានធម្មជាតិ។
លោកថ្លែងថា៖ «សូមឱ្យពិនិត្យឲ្យបានច្បាស់លាស់ និងស្វែងយល់ឲ្យបានច្បាស់លាស់ ហើយក្រសួងបរិស្ថានបានធ្វើការពន្យល់ជាហូរហែយ៉ាងទូលំទូលាយ តាមរយៈកិច្ចការងាររបស់ខ្លួន ដែលការផ្សារភ្ជាប់ជាមួយនឹងទេសចរណ៍ ផ្សារភ្ជាប់ទឹកដីនេះ គឺជាផ្នែកមួយដើម្បីចូលរួមការពារ និងអភិរក្ស ហើយយើងមានគោលការប្រើប្រាស់ដីដោយត្រឹមត្រូវ បាទ។ នេះជាអ្វីដែលខ្ញុំចង់បញ្ជាក់ជូន បាទ»។
វីអូអេបានព្យាយាមទាក់ទងអ្នកស្រី ជឹង សុគន្ធាវី អគ្គនាយិកាក្រុមហ៊ុន វ័នម៉រ និងលោក ឡៅ ម៉េងឃីន ដើម្បីសុំការឆ្លើយតប ប៉ុន្តែមិនទាន់អាចទាក់ទងបាននៅឡើយទេ។ វីអូអេក៏មិនទាន់អាចសុំការឆ្លើយតបពីលោក ឡៅ វ៉ាន់ ស្វាមីរបស់អ្នកស្រី ជឹង សុគន្ធាវី បានដែរ។
គួរបញ្ជាក់ថា កាលពីខែកក្កដា ឆ្នាំ២០២២ រដ្ឋាភិបាលបានកាត់ផ្ទៃដីទំហំ៦៤៩ហិកតា ស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ឃុំក្តុលសែនជ័យ និងឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង សម្រាប់ផ្តល់ឱ្យក្រុមហ៊ុនវ័ន ហ្វ្រេតធើនីធី (One Fraternity) ដែលគ្រប់គ្រងដោយអ្នកស្រី ជឹង សុគន្ធាវី សម្រាប់វិនិយោគលើគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់ធម្មជាតិ។ ចំណែកកាលពីខែមិថុនា ឆ្នាំ២០២៣ រដ្ឋាភិបាលក៏បានសម្រេចកាត់ផ្ទៃដីទំហំ២២១,៩៤ហិកតា ក្នុងឧទ្យានជាតិព្រះសុរាម្រិតកុសមៈគិរីរម្យ ក្នុងភូមិសាស្ត្រឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ សម្រាប់ផ្តល់ឱ្យក្រុមហ៊ុនវ័ន ម័រ (One More) ដែលគ្រប់គ្រងដោយអ្នកស្រី ជឹង សុគន្ធាវី ផងដែរ។
បន្ថែមពីនេះកាលពីខែកក្កដា ឆ្នាំ២០២២ រដ្ឋាភិបាលក៏បានកាត់ផ្ទៃដីទំហំ៧០ហិកតា ស្ថិតក្នុងដែនជម្រកសត្វព្រៃកែវសីម៉ា ចំណុចទឹកធ្លាក់ក្បាលព្រះ ភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីសម្រាប់ផ្តល់ឱ្យក្រុមហ៊ុន One Prosperity ដែលគ្រប់គ្រងដោយអ្នកស្រី ជឹង សុគន្ធាវី ដែរ៕