ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ខេត្ត​កំពង់ស្ពឺ​កោះ​ហៅ​ប្រជា​សហគមន៍​ការពារ​ព្រៃ​ឈើ​៧​នាក់​សាកសួរ​ពី​បទល្មើស​ចំនួន៥


ពលរដ្ឋនៅហសគមន៍ព្រៃមេត្តាធម្មជាតិ ប្រមូលផ្តុំគ្នានៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក្នុងខេត្តកំពង់ស្ពឺ។ (Facebook/Khmer Thavrak - ខ្មែរថាវរៈ)
ពលរដ្ឋនៅហសគមន៍ព្រៃមេត្តាធម្មជាតិ ប្រមូលផ្តុំគ្នានៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក្នុងខេត្តកំពង់ស្ពឺ។ (Facebook/Khmer Thavrak - ខ្មែរថាវរៈ)

សាលា​ដំបូង​ខេត្ត​កំពង់ស្ពឺ​កោះ​ហៅ​ប្រជា​សហគមន៍​ការពារ​ព្រៃ​ឈើ​មេត្តា​ធម្មជាតិ​ចំនួន​៧​នាក់​មក​សាកសួរ​ ពាក់ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី​ដ៏​ចម្រូង​ចម្រាស​មួយ​ ពី​បទ​ធ្វើ​ឱ្យ​ខូច​ខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​ រំលោភ រំលោភ​លើ​កម្ម​សិទ្ធិ​ គំរាម​សម្លាប់ ​និង​ជេរ​ប្រមាថ។​

ដីកា​កោះ​ចំនួន​ ៧​ សន្លឹក​ដាច់​ពី​គ្នា ​ចេញ​នៅ​ថ្ងៃ​ទី​ ១៧​ ខែ​តុលា​ ឆ្នាំ​ ២០២៣ ដោយ​ព្រះ​រាជ​អាជ្ញា​រង​ លោក រ៉ែន នរិន្ទ ​កោះ​ហៅ​ប្រជា​សហគមន៍​ការពារ​ព្រៃ​ឈើ​មេត្តា​ធម្មជាតិ​ចំនួន​ ៧​ នាក់​ដើម្បី​សាកសួរ​ នៅ​ថ្ងៃទី​១៨ ​ខែ​តុលា​នេះ​ពី​បទ​ «ធ្វើ​ឱ្យ​ខូច​ខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​ រំលោភ ​រំលោភ​លើ​កម្មសិទ្ធិ​ គំរាម​សម្លាប់​ និង​ជេរ​ប្រមាថ» ​ទៅ​តាម​បណ្តឹង​របស់​ឈ្មោះ ​អៀម ម៉ៅ ​ដែល​សហគមន៍​អះអាង​ថា​ ជា​ទាហាន។​

ប្រជា​សហគមន៍​ការពារ​ព្រៃ​ឈើ​មេត្តា​ធម្មជាតិ​ទាំង​ ៧​ នាក់ ​ដែល​ត្រូវ​បាន​តុលាការ​ខេត្ត​កំពង់ស្ពឺ​កោះ​ហៅ​មក​សាក​សួរ ​រួម​មាន ​អ្នក​ស្រី​ ឡុង ថេត​ អាយុ​៥០​ឆ្នាំ ​អ្នកស្រី ​ឈួន សុំ ​អាយុ​៥០​ឆ្នាំ ​លោក ​ឃន សារិទ្ធិ ​អាយុ​៤២​ឆ្នាំ ​លោក ​ឈន ធា ​អាយុ​៤៧​ឆ្នាំ ​លោក ឯម ឆន ​អាយុ​៥០​ឆ្នាំ ​លោក​ ប៉ឹក ខ្មៅ ​ អាយុ​៤១​ឆ្នាំ ​និង​អ្នក​ស្រី​ណាត​ ថូ អាយុ​៥០​ឆ្នាំ។​

លោក​ ប៉ឹក ខ្មៅ ​ អាយុ​៤១​ ឆ្នាំ​ប្រជា​សហគមន៍​ការពារ​ព្រៃ​ឈើ​មេត្តា​ធម្មជាតិ​ដែល​ត្រូវ​បាន​តុលាការ​ហៅ​ទៅ​សាកសួរ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ ប្រាប់​វីអូអេ​ថា ប្រជា​សហគមន៍​ទាំង​៧​នាក់​ ត្រូវ​បាន​តុលាការ​កោះ​ហៅ​ បន្ទាប់​ពី​ពួក​គេ​បាន​ចេញ​ការពារ​ការ​ឈូស​ឆាយ​ដី​ពី​សំណាក់​ក្រុម​ទាហាន​របស់​លោក​ អៀម​ ម៉ៅ​ ដែល​មាន​គម្រោង​យក​ដី​ដែល​មាន​ទីតាំង​ក្នុង​ភូមិ​ពោធិ៍មាស ​ឃុំ​ត្រពាំងជោ ​ស្រុក​ឱរ៉ាល់​ ខេត្ត​កំពង់ស្ពឺ​ធ្វើ​ជា​ដី​ឡូត៍​លក់។​

លោក​បញ្ជាក់​ថា៖​ «មូលហេតុ​ដែល​គេ​ប្តឹង​ពួក​ខ្ញុំ​ហ្នឹង​ ពីព្រោះ​អី​ពួក​ខ្ញុំ​អ្នក​ទៅ​ប្រាប់​នឹង​រារាំង​គាត់​ អត់​ឱ្យ​គាត់​ទៅ​ឈូស​ឆាយ​យក​ដី​ដែល​តំបន់​ដែល​ពួក​ខ្ញុំ​ការពារ​ ​ហ្នឹង​មួយ។ ហើយ​ដែល​គាត់​ចោទ​ប្រកាន់​ហ្នឹង​គឺ​អត់​មាន​ទេ​ …. អត់​មាន​គំរាម​សម្លាប់​ ឬ​ក៏​ជេរ​ប្រមាថ​អី​ពួក​គាត់​ទេ មាន​តែ​ពួក គាត់​ទេ​ដែល​យក​កាំភ្លើង​ យក​អី​មក​បាញ់​ប្រជា ពលរដ្ឋ​ និង​គំរាម​សម្លាប់​ប្រជា​ពលរដ្ឋ។ ពួក​ខ្ញុំ​បាន​ថត​រូប​ពួក​គាត់​បាន​ខ្លះ​ដែរ ព្រោះ​មាន​កាំភ្លើង​ មាន​អី​អ៊ីចឹង»។

លោក​ថ្លែង​បន្ថែម​ដោយ​ជំរុញ​ឱ្យ​តុលាការ​ទម្លាក់​បទ​ចោទ​លើ​ប្រជា​សហគមន៍​ការពារ​ព្រៃ​ឈើ​ទាំង​៧​នាក់​ ពីព្រោះ​ដី​ដែល​ពួកគេ​បាន​ទៅ​ការពារ​ពី​ការ​ឈូស​ឆាយ​ទាំង​នោះ​គឺ​ជា​ដី​របស់​រដ្ឋ។​

លោក​ថ្លែង​ថា៖​ «ដី​នោះ​ជា​ដី​របស់​សហគមន៍​ ជា​ដី​របស់​រដ្ឋ​ទេ​ ហើយ​ចង់​ឱ្យ​មាន​សត្វ​ មាន​អី​រស់​នៅ​ក្នុង​តំបន់​ហ្នឹង។ អ៊ីចឹង​ហើយ​ពួក​ខ្ញុំ​ខំ​តស៊ូ​ការពារ​សម្បត្តិ​ជាតិ​ សម្បត្តិ​រួម។​ ហើយ​សុំ​ឱ្យ​ខាង​តុលាការ​គាត់​ទម្លាក់​ការ​ចោទ​ពួកខ្ញុំ​ ហើយ​នឹង​មាន​ការ​អធ្យាស្រ័យ​យល់​យោគ​ដល់​ពួកខ្ញុំ​ ដែល​បាន​ថែ​រក្សា​របស់​ជាតិ»។​

លោក ​លាង ប៉ន​ អាយុ​៤៨​ឆ្នាំ ​ជា​ប្រជា​សហគមន៍​ការពារ​ព្រៃ​ឈើ​ម្នាក់​ទៀត​ បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ដែរ​ថា​ ដី​ធ្លី​ដែល​សហគមន៍​ការពារ​ព្រៃ​ឈើ​បាន​ការពារ​ទាំង​អស់​នោះ​គឺ​ជា​ដី​កម្មសិទ្ធិ​របស់​សហគមន៍​ ដែល​មាន​អាជ្ញាធរ​ដឹង​ឮ​ តែ​លោក​ថា​ ក្រសួង​ដែន​ដី​មិន​បាន​ចុះ​ហត្ថលេខា​នៅ​ឡើយ​ទេ។ ​លោក​ថា​ ពាក្យ​បណ្តឹង​របស់​លោក​ អៀម ម៉ៅ ​គឺ​មិន​សម​ហេតុ​ផល។​

លោក​លើក​ឡើង​ថា៖​ «គេ​មក​ចោទ​ប្តឹង​ពួក​ខ្ញុំ​៧​រូប​នោះ​ថា​ បំផ្លាញ​ទ្រព្យ​របស់​គាត់ ​និង​រំលោភ​សិទ្ធិ​ ជេរ​ប្រមាថ ​និង​ការ​ប៉ង​សម្លាប់។ ​អ៊ីចឹង​ខ្ញុំ​ឆ្លើយ​ទៅ​វិញ​ថា ​គឺ​ថា​អត់!ប្រជា​ពលរដ្ឋ​ឯណា​ដែល​មាន​ឆន្ទៈ​ទៅ​សម្លាប់​ទាហាន​ ដោយសារ​ប្រើ​ដំបង​និង​កាំបិត​នេះ។​ គាត់​កាន់​ការពារ​ខ្លួន ​ដោយសារ​លោក​ អៀម ម៉ៅ ​គាត់​បាន​ហៅ​ឆ្កែ​មក​ខាំ​ពលរដ្ឋ​ទាំង​អស់​ ហើយ​ឆ្កែ​គាត់​១០​ស្មើៗ​ចង្កេះ។​ គាត់​បង្អើ​ឱ្យ​ខាំ​មែនៗ។​ បើ​ពួក​យើង​ខ្ញុំ​បើ​មិន​កាន់​កាំបិត ​កាន់​ដំបង​ការពារ​ទេ ​មុខ​តែ​ឆ្កែ​ហ្នឹង​ខាំ»។​

បើ​តាម​ប្រជា​សហគមន៍​ទាំង​នោះ ​ក្រោយ​ការ​សាកសួរ​ពួក​គេ​ទាំង​៧​នាក់​ពេញ​មួយ​ព្រឹក​ តុលាការ​មិន​ទាន់​សម្រេច​បែប​ណា​នៅ​ឡើយ​ទេ ​ដោយ​ថា ​នឹង​បន្ត​ស៊ើប​សួរ​រក​ភស្តុតាង​បន្ថែម​ទៀត​ជុំវិញ​រឿង​នេះ​នៅ​ពេល​ក្រោយ។​

វីអូអេ​បាន​ទាក់ទង​ទៅ​លេខ​ទូរស័ព្ទ​របស់​លោក ​អៀម ម៉ៅ​ ប៉ុន្តែ​ទូរស័ព្ទ​ត្រូវ​បាន​ស្រ្តី​ម្នាក់​ដែល​អះអាង​ថា​ជា​ភរិយា​របស់​លោក​ទទួល​ជំនួស។​

ក្នុង​បទ​សម្ភាសន៍​ជាមួយ​វីអូអេ​ ស្រ្តី​ដែល​អះអាង​ថាជា​ភរិយា​របស់​លោក​ អៀម​ ម៉ៅ​ ថ្លែង​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា​ ការ​ដែល​ស្វាមី​របស់​អ្នកស្រី​ប្តឹង​ពួក​គេ​ទាំង​៧​នាក់​នោះ​ ដោយ​សារ​តែ​ពួកគេ​នាំ​គ្នា​មក​វាយ​របង​ដែល​ជា​ដី​កម្មសិទ្ធិ​របស់​ខ្លួន។​ ស្ត្រី​រូប​នេះ​ក៏​ច្រាន​ចោល​ការ​លើក​ឡើង​ដែល​ថា​ ដី​នោះ​ជា​របស់​ប្រជា​សហគមន៍។​

អ្នកស្រី​បញ្ជាក់​ថា៖​ «បើសិន​ជា​ខ្ញុំ​ទន្ទ្រាន​ដី​សហគមន៍ សហគមន៍​ម៉េច​ក៏​មិន​មក​ចាប់​ប្តី​ខ្ញុំ​ទៅ?​ ប្តី​ខ្ញុំ​អត់​មាន​ទៅ​ទន្ទ្រាន​ដី​សហគមន៍​ទេ។​ ដី​សុទ្ធ​តែ​មាន​លិខិត​កាន់កាប់​ មាន​លិខិត​ត្រឹម​ត្រូវ ​សុទ្ធ​តែ​មាន​សជណ​ មាន​អនុក្រឹត្យ​កាត់​អនុប្បយោគ​អស់​ហើយ។ ​ម៉េច​បាន​ដី​សហគមន៍? ហើយ​បើ​សិន​ជា​ប្តី​ខ្ញុំ​ទៅ​ទន្ទ្រាន​ដី​សហគមន៍​ ប្រធាន​សហគមន៍​គេ​មិន​មក​ចាប់​ ហើយ​មេ​ភូមិ​ មេឃុំ​ និង​បរិស្ថាន​គេ​មិន​មក​ចាប់​ប្តី​ខ្ញុំ? វា​មិន​ដែល​ចោរ​ឯណា​ទៅ​ប្តឹង​គេ​ទេ»។​

អ្នក​នាំ​ពាក្យ​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ​ លោក​ ផេង​ ស៊ីភ័ណ ​ប្រាប់​វីអូអេ​ថា​ ករណី​នេះ​កំពុង​ដំណើរការ​ ខណៈ​មក​ទល់​ពេល​នេះ​មិន​ទាន់​មាន​ការ​សម្រេច​ថា​ នឹង​មាន​ចំណាត់​ការ​បែប​ណា​នៅ​ឡើយ។​

លោក​ថ្លែង​ថា៖ ​«អត់​តម្កល់​ទេ។​ គេ​កំពុង​តែ​ដំណើរ​ការ​ គ្រាន់​តែ​ថា​ អត់​មាន​ចំណាត់​ការ​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ទេ។​ គ្រាន់តែ​ហៅ​មក​ចូល​ សួរ​បំភ្លឺ​សិន»។​

មន្ត្រី​ស៊ើប​អង្កេត​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​ខេត្ត​កំពង់​ស្ពឺ​ លោក​ អាន ភិន​ ប្រាប់​វីអូអេ​ថា ​ប្រជា​សហ​គមន៍​ទាំង​នោះ​គ្រាន់តែ​ការពារ​ដី​ដែល​កំពុង​តែ​មាន​ភាព​ចម្រូង​ចម្រាស​ឱ្យ​ស្ថិត​នៅ​ក្នុង​ទម្រង់​ដើម​ និង​ថា​ពួកគេ​ក៏​មិន​មែន​ធ្វើ​ដើម្បី​ប្រយោជន៍​បុគ្គល​ឡើយ។​ មន្ត្រី​ស៊ើប​អង្កេត​រូបនេះ​ជំរុញ​ឱ្យ​អយ្យការ​ពិនិត្យ​មើល​ និង​តម្កល់​រឿង​ក្តី​មួយ​នេះ។​

លោក​បញ្ជាក់​ថា៖​ «ខ្ញុំ​ចង់​ឱ្យ​តំណាង​អយ្យការ​លោក​មេត្តា​ពិនិត្យ​ ហើយ​ក៏​សង្ឃឹម​ថា​តំណាង​អយ្យការ​នឹង​ធ្វើ​ការ​តម្កល់​រឿង​នេះ​ដែរ​ ...​ មិន​ចាត់ការ​រឿង​នេះ​ទៀត​ទេ ​មិន​ធ្វើ​ការ​ចោទ​ប្រកាន់​ទៅ លើ​ប្រជា​សហគមន៍​ទេ»។​

ប្រជា​សហគមន៍​អះអាង​ថា ​ទីតាំង​ដី​ដែល​ប្រជា​សហគមន៍​ការពារ​ព្រៃ​ឈើ​តែងតែ​ត្រូវ​បាន​អ្នក​មាន​អំណាច​ឈូសឆាយ​លក់​ និង​ជួល​ជា​ហូរហែ​តាំង​ពី​ចុង​ឆ្នាំ​ ២០២១​ មក ​ហើយ​ថា​ ពួកគេ​តែង​ដាក់​ញត្តិ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ ក្រោយ​មាន​ការ​កាប់​ឈូសឆាយ​តំបន់​ដី​ព្រៃ​ទាំង​នោះ ​ប៉ុន្តែ​មិន​ទាន់​មាន​ដំណោះ​ស្រាយ៕

XS
SM
MD
LG