ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជនជាតិ​បង់ក្លាដែស​ដែល​ស្វែងរក​ការងារ​ធ្វើ​ប្រថុយ​ជីវិត​ចូល​ទៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី


រួបថតឯកសារ៖ ជន​ទេសន្តរប្រវេសន៍​ម្នាក់​ដែល​បាន​មកដល់​ប្រទេស​ឥណ្ឌូនេស៊ី​ដោយ​ទូក​កាលពីថ្មីៗ​នេះ​ រួមជាមួយ​នឹង​ពួក​ជន​បង់ក្លាដែស​និង​ពួក​ជន​អំបូរ​ Rohingya បាន​ទទួល​ការ​ថែទាំ​សុខភាព​នៅ​ក្នុង​ក្រុង​ Kuala Langsa ខេត្ត Aceh ប្រទេស​ឥណ្ឌូនេស៊ី​។
រួបថតឯកសារ៖ ជន​ទេសន្តរប្រវេសន៍​ម្នាក់​ដែល​បាន​មកដល់​ប្រទេស​ឥណ្ឌូនេស៊ី​ដោយ​ទូក​កាលពីថ្មីៗ​នេះ​ រួមជាមួយ​នឹង​ពួក​ជន​បង់ក្លាដែស​និង​ពួក​ជន​អំបូរ​ Rohingya បាន​ទទួល​ការ​ថែទាំ​សុខភាព​នៅ​ក្នុង​ក្រុង​ Kuala Langsa ខេត្ត Aceh ប្រទេស​ឥណ្ឌូនេស៊ី​។

ក្នុង​ចំណោម​មនុស្ស​ដែល​មក​តាម​ទូក​ប្រហែល​៣.០០០​នាក់​ ដែល​បាន​ឡើង​គោក​នៅ​ប្រទេស​ថៃ​ ឥណ្ឌូនេស៊ី​ ម៉ាឡេស៊ី​កាលពី​ប៉ុន្មាន​សប្តាហ៍​កន្លង​ទៅ​នេះ មាន​ជន​អំបូរ​ភាគ​តិចRohingya​ ប្រហែល​ពាក់​កណ្តាល ដែល​រត់​គេច​ពី​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។ អ្នកដែល​នៅ​សេសសល់​គឺ​ជា​បុរស​បង់ក្លាដែស​ដែល​ស្ថិត​នៅ​ក្នុង​ដំណើរ​ស្វែង​រក​ដ៏​អស់​សង្ឃឹម ដើម្បី​ផ្គត់​ផ្គង់​គ្រួសារ​របស់​ពួក​គេ​ ហើយ​ជា​ហេតុ​ដែល​នាំ​ឲ្យ​ពួក​គេ​ចាប់​ផ្តើម​ដំណើរ​ផ្សងព្រេង​ដ៏​គ្រោះ​ថ្នាក់​នៅ​ក្នុង​ដែន​សមុទ្រ។

យុវជន​បង់ក្លាដែស​ម្នាក់​អាយុ​២២​ឆ្នាំ ឈ្មោះ Ibrahim Hossain ដែល​បាន​ចំណាយ​ពេល​ជាង​មួយ​ខែ​នៅ​លើ​ទូក​រត់​ពន្ធមនុស្ស​ បាន​និយាយ​ថា៖ «មនុស្ស​មួយចំនួន​ធំ​មក​ពី​ប្រទេសបង់​ក្លាដែស​បាន​ជិះ​តាម​ទូក​ក្នុង​ក្តី​សង្ឃឹម​ថា ពួក​គេ​នឹង​បាន​ចូល​ដល់​ប្រទេស​ម៉ាឡេស៊ី​ដើម្បី​បាន​ការងារ​ធ្វើ។ នៅ​ក្នុង​ទូក​របស់​យើង​មាន​ជន​ជាតិ​បង់ក្លាដែស​ច្រើន​ជាង​មនុស្ស​មក​ពី​ប្រទេស​មីយ៉ាន់ម៉ា​ឆ្ងាយ​ណាស់។ ក្នុង​ចំណោម​មនុស្ស​១៦០ ឬ​១៧០​នាក់​ក្នុង​ទូក​នោះ​ មាន​ជន​បង់ក្លាដែស​១១៦​នាក់​ទៅ​ហើយ»។

ក្រុមបុរស​បង់ក្លាដែស​ទាំងនេះ ដែល​រួម​ទាំង​យុវជន​ Hossain ផង ​ត្រូវ​បាន​សង្គ្រោះ​ដោយ​ឆ្មាំ​សមុទ្រ​បង់ក្លាដែស​ចេញ​ពី​ទូក​មួយ​ក្នុង​ឈូង​សមុទ្រ​ Bengal​ (កាល​ពី​សប្តាហ៍​ទី២នៃខែឧសភា) បន្ទាប់​ពី​ពួក​គេ​ត្រូវ​បាន​បោះ​បង់​ចោល​ដោយ​ពួក​នាវិក​ ដែល​នេះ​ប្រហែល​ជា​ដោយសារ​តែ​ការ​បង្ក្រាប​លើ​បណ្តាញ​ជួញ​ដូរ​មនុស្ស​ក្នុង​ប្រទស​ថៃ។

Hossain បាន​ប្រាប់​វីអូអេ​ថា​៖ «ខ្ញុំ​បាន​ឮ​ពី​ប្រភព​ផ្សេងៗ​ថា​ មនុស្ស​ដែល​បាន​ឡើង​គោក​ទទួល​បាន​ការងារ​ល្អៗ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ បន្ទាប់​ពី​បាន​ទៅ​ដល់​ទី​នោះ​ដោយ​ទូក​នេសាទ។ ដូច្នេះ​ ដោយ​ក្តី​សង្ឃឹម​ថា​នឹង​ទទួល​បាន​ការងារ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ ខ្ញុំ​ផ្ទាល់​ក៏​បានប៉ុនប៉ង​ទៅ​ដល់​ទី​នោះ​ដោយ​មធ្យោបាយ​ដូច​គ្នា​ដែរ»។

ទោះ​បី​ជា​ទូក​ដែល​ Hossain ​បាន​ជិះ​នោះ មិន​បាន​ឆ្លង​ដល់​ប្រទេស​ថៃ​ក៏​ដោយ ក៏បុរស​បង់ក្លាដែស​ជា​ច្រើន​ផ្សេង​ទៀត​សម្រេច​បាន​ជោគ​ជ័យ​ក្នុង​ការ​ចូល​ទៅ​ប្រទេស​នៅ​ក្នុងតំបន់​អាស៊ីអាគ្នេយ៍​មួយ​ចំនួន​កាល​ពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ។

កាល​ពី​ពាក់​កណ្តាល​ខែឧសភា បន្ទាប់​ពី​ទូក​ចំនួន​បី​ដែល​ដឹកមនុស្ស​ពេញ បាន​ទៅ​ដល់​កោះ​ Langkawi នៃ​ប្រទេស​ម៉ាឡេស៊ី​ ​ដោយ​ស្ងាត់ៗ​នោះ​ អាជ្ញាធរ​បាន​រក​ឃើញ​ថា​ ក្នុង​ចំណោម​មនុស្ស​មក​តាម​ទូក​ទាំង​១.០១៨​នាក់​ មាន​៤៦៣​នាក់​ជា​បុរស ស្ត្រី និង​កូនក្មេងអំបូរ​ភាគ​តិច​ Rohingya​ មក​ពី​ប្រទេស​មីយ៉ាន់ម៉ា ហើយ​មនុស្ស​៥៥៥ គឺ​ជា​បុរស​មក​ពី​ប្រទេស​បង់ក្លាដែស។

កាល​ពី​ដើម​ខែ​នេះ​ អង្គការ​អន្តរជាតិ​ផ្នែក​ទេសន្តរប្រវេសន៍​ (IOM) បាន​ប៉ាន់​ប្រមាណ​ថា​ មនុស្ស​ប្រហែល​៨.០០០​នាក់ ដែល​មក​ពី​ប្រទេស​មីយ៉ាន់ម៉ា​និង​បង់ក្លាដែស​ នៅ​តែ​បន្ត​អណ្តែត​ក្នុង​ទឹក​នៅ​ក្នុង​ឈូង​សមុទ្រ​ Bengal និង​សមុទ្រ​ Andaman។

លោក Jeffrey Labovitz​ នាយក​បេសកកម្ម​នៃអង្គការ​ IOM ប្រចាំ​ប្រទេស​ថៃ​ បាន​និយាយ​ថា​ ពួក​ជន​ទេសន្តរ​ប្រវេសន៍​បង់ក្លាដែស​ដែល​តម្រង់​ទិស​ដៅ​របស់​ពួក​គេ​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី​តាម​ទូក​ពួក​អ្នក​រត់​ពន្ធ​មនុស្ស​បាន​កើន​ចំនួន​ក្នុងរយៈ​ពេល​ពីរ​ឆ្នាំ​កន្លង​ទៅ។

«បើ​សិន​ជា​យើង​គិត​ត្រឡប់​ក្រោយ​រយៈ​ពេល​បី​ឬ​ប្រាំ​ឆ្នាំ​មុន​ មាន​មនុស្ស​២.០០០​នាក់ ឬ​៣.០០០​នាក់​ បាន​ចាក​ចេញ​ដំណើរ​ដោយ​ទូក​ទាំង​នេះ​ក្នុង​មួយ​ឆ្នាំ។​ រយៈពេល​៦ ឬ៨​ខែមុននេះ​ ពួក​គេ​បាន​ចេញ​ដំណើរ​ក្នុង​អត្រា​មួយ​ចន្លោះ​ពី​៧.០០០​នាក់ ទៅ​៨.០០០នាក់​ ក្នុង​មួយ​ខែ។ ដូច្នេះ​ មាន​ការ​កើន​ចំនួន​គួរ​ឲ្យ​ព្រួយ​បារម្ភ ​ជាពិសេស​ក្នុង​ចំណោម​ជន​បង់ក្លាដែស​កាល​ពី​ពីរ​ឆ្នាំ​មុន»។

ប្រទេស​ម៉ាឡេស៊ី​បាន​ក្លាយ​ជា​ទិសដៅ​សម្រាប់​ពួក​កម្មករ​ចំណាក​ស្រុក​អ៊ីស្លាម​ក្រីក្រ​ជាច្រើន។ អំបូរ​ជន​ Rohingya ​មក​ពី​ប្រទេស​មីយ៉ាន់ម៉ា​ចាប់​ផ្តើម​ចូល​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ដោយ​ខុស​ច្បាប់​ដើម្បី​ស្វែង​រក​ការងារ​ចាប់​តាំង​ពី​ដើម​ទសវត្សរ៍​១៩៩០​មក។

ប៉ូលិស​បង់ក្លាដែស​និយាយ​ថា​ ពួក​គេ​បាន​កត់​សម្គាល់​ឃើញ​ថា​ បុរស​បង់ក្លាដែស​បាន​ចាប់​ផ្តើម​ចូល​រួម​ជា​មួយ​ពួក​ជន ​Rohingya ​នៅ​លើ​ទូក​ប្រហែល​ជា​៦​ឬ​៧​ឆ្នាំ​មុន។

លោក​ Tofail Ahmed អ្នក​ចាត់​ការ​បន្ថែម​លើ​ក្រុម​ប៉ូលិស​ស្រុក​ Cox's Bazar បាន​ប្រាប់​វីអូអេ​ថា៖

«ពួក​ជន​បង់ក្លាដែស​ពីរបី​នាក់​បាន​ធ្វើ​តាម​ពួក​ជន​ Rohingya ​ដោយ​ចាប់​ផ្តើម​ជិះ​ទូក ប្រហែល​ជា​នៅ​ឆ្នាំ​២០០៨ ឬ​ឆ្នាំ២០០៩។ តាម​ការ​សាកសួរ​របស់​យើង​បាន​រក​ឃើញ​ថា​ គឺ​នៅ​ឆ្នាំ​២០១២ ដែល​បុរស​បង់ក្លាដែស​ជាច្រើន​មក​ពី​ស្រុក​ផ្សេងៗ​គ្នា​ បាន​ចាក​ចេញ​ទៅ​កាន់ប្រទេស​ម៉ាឡេស៊ី​តាម​មធ្យោបាយ​ខុស​ច្បាប់​ ក្នុង​ចំនួន​យ៉ាង​ច្រើន»។ ប្រហែល​១ភាគ​៤​នៃ​ប្រជាជន​បង់ក្លាដែស​ទាំង​១៦០​លាន​នាក់​ រស់​នៅ​ក្រោម​បន្ទាត់​ភាព​ក្រីក្រ។ ការ​កើត​ឡើង​នៃ​គ្រោះ​ធម្មជាតិ​ម្តង​ហើយ​ម្តង​ទៀត​ដូចជា​ គ្រោះ​ទឹក​ជំនន់​ និង​ព្យុះកំបុតត្បូង​បាន​ធ្វើ​ឲ្យ​ជីវភាព​របស់​ពលរដ្ឋ​ជាច្រើន​កាន់​តែ​លំបាក ដែល​នាំ​ឲ្យ​មាន​មនុស្ស​ក្នុង​ចំនួន​ដ៏​ច្រើន​ចាក​ចេញ​ទៅ​ប្រទេស​ផ្សេង​ ក្នុង​គោល​បំណង​ស្វែង​រក​ឱកាស​ប្រសើរ​ជាង​អ្វី​ដែល​ពួកគេ​មាន​នៅ​ក្នុង​ប្រទេស​របស់​ពួក​គេ។

តាម​ទម្លាប់ ប្រទេស​មួយ​ចំនួន​ដូច​ជា​អារ៉ាប៊ីសាអូឌីត​ អេមីរ៉ាត​អារ៉ាប់​រួម កូវ៉េត អូម៉ង់ ហ្សកដានី សិង្ហបុរី​ និង​ម៉ាឡេស៊ី គឺ​ជា​ទិសដៅ​របស់​ពលករ​បង់ក្លាដែស​ភាគ​ច្រើន។ តែ​ទោះយ៉ាងណា​ក៏ដោយ​ ប្រទេស​ទាំង​នេះ​ភាគ​ច្រើន​ចាប់​ផ្តើម​កាត់​បន្ថយ​ការ​នាំ​ចូល​ពលករ​ពី​ប្រទេស​បង់ក្លាដែស​ដោយ​ហេតុផល​ផ្សេងៗ ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

យោង​តាម​តួលេខ​របស់​រដ្ឋាភិបាល​ នៅ​ឆ្នាំ​២០០៨​ មាន​ប្រជាជន​បង់​ក្លាដែស​លើស​ពី​៨៧០.០០០​នាក់បាន​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ ដែល​ភាគ​ច្រើនធ្វើការ​ក្នុង​ប្រទេស​នៃតំបន់​ឈូង​សមុទ្រ​ពែកស៍។ ក៏​ប៉ុន្តែ​ តួលេខ​នេះ​បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​ប្រហែល​៤២៥.០០០នាក់។

បន្ទាប់​ពី​បាន​ផ្អាក​អស់​រយៈ​ពេល​៦​ឆ្នាំ​មក នៅ​ឆ្នាំ​២០១៣​ ប្រទេស​ម៉ាឡេស៊ី​បាន​ចាប់​ផ្តើម​ជួល​ពលករ​មក​ពី​ប្រទេស​បង់ក្លាដែស​ឡើង​វិញ។ ទោះ​យ៉ាង​ណា​ក៏ដោយ​ ដំណើរ​ការ​នាំ​ចេញ​ពលករ​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី​ ធ្វើ​ឡើង​យ៉ាង​យឺតៗ​ ដោយ​មាន​កម្មករ​បង់ក្លាដែស​ចំនួន​៧.០០០​នាក់​អាច​ចូល​ទៅ​កាន់ប្រទេស​ម៉ាឡេស៊ី​ កាល​ពី​ពីរ​ឆ្នាំ​មុន។

នៅ​ខណៈ​ដែល​កម្មករ​ជាច្រើន​បាត់​បង់​ក្តី​សង្ឃឹម​ក្នុង​ការ​រក​ការងារ​ធ្វើ​តាម​រយៈ​ទេសន្តរប្រវេសន៍​ស្រប​ច្បាប់​ បុរស​បង់ក្លាដែស​ដែល​អស់សង្ឃឹម​ទាំង​នោះ​កំពុង​ស្វែងរក​មធ្យោបាយ​ចូល​ក្នុង​ប្រទេស​ម៉ាឡស៊ី​ដោយ​ខុស​ច្បាប់​តាម​រយៈ​ទូក​របស់​ពួក​អ្នក​រត់​ពន្ធមនុស្ស។

ជា​ទម្លាប់​ ពួក​អ្នក​រត់ពន្ធ​មនុស្ស​តែង​នាំ​យក​ពួក​ Rohingya ហើយ​បន្ទាប់​មក​យក​ពួក​ជន​បង់ក្លាដែស​ទៅ​តាម​ផ្លូវ​សមុទ្រ​ចូល​ទៅ​ក្នុង​ប្រទេស​ថៃ ហើយ​ក្រោយ​មក​ក៏​បញ្ជូន​តាម​ផ្លូវ​គោក​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី។ ក៏ប៉ុន្តែ​ បន្ទាប់​ពី​ប្រទេស​ថៃ​បាន​បង្ក្រាប​ផ្លូវ​ចេញ​ចូល​របស់​ពួក​ទេសន្តរប្រវេសន៍​កាល​ពី​ថ្មីៗ​នេះ​ ពួក​អ្នក​ជួញ​ដូរ​មនុស្ស​កំពុង​តែ​ប្រើប្រាស់​ផ្លូវ​សមុទ្រ​ក្នុង​គោលបំណង​យក​មនុស្ស​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី។

ផ្លូវ​ឆ្លង​កាត់​របស់​ជន​ទេសន្តរប្រវេសន៍​ខុសច្បាប់​ទៅ​កាន់​ប្រទេស​ថៃ​ និង​ម៉ាឡេស៊ី​ ប្រកប​ដោយ​គ្រោះ​ថ្នាក់ជា​ច្រើន​ដំណាក់។ ទី​ភ្នាក់​ងារ​ផ្នែក​ជន​ភៀសខ្លួន​របស់​អង្គការ​សហប្រជាជាតិ UNHCR​ និយាយ​ថា​ កាល​ពី​ឆ្នាំ​មុន​ មនុស្ស​ដែល​មក​តាម​ទូក​ចំនួន​៥៤០​នាក់មាន​ទិស​ដៅ​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី​ បាន​ស្លាប់​នៅ​ក្នុង​ឈូង​សមុទ្រ​ Bengal ដោយ​ការ​ដាច់​អាហារ ខ្សោះ​ជាតិ​ទឹក ជំងឺ និង​ការ​ធ្វើ​ទារុណកម្ម​ដោយ​អ្នក​ដើរ​ទូក និង​ពួក​អ្នក​រត់​ពន្ធ​មនុស្ស​ទាំង​នោះ។

មនុស្ស​ប្រហែល​៣០០​នាក់​មក​ពី​ប្រទេស​បង់​ក្លាដែស និង​មីយ៉ាន់ម៉ា​បាន​ស្លាប់​នៅ​ក្នុង​សមុទ្រ នៅ​ក្នុង​ត្រី​មាស​ទី​១​នៃ​ឆ្នាំ​នេះ ​បើ​យោង​តាម​ការ​អះអាង​របស់​អ្នក​រស់​រាន​មាន​ជីវិត​ដែល​បាន​ប្រាប់​អង្គការ​សហ​ប្រជាជាតិ។ បន្ទាប់​ពី​ការ​រក​ឃើញ​សាក​សព​រាប់​សិប​នាក់​នៅ​ក្នុង​ផ្នូរ​សព​រួម​ធំៗ​នៅ​ក្នុង​ប្រ​ទេស​ថៃ​កាល​ពី​ពេល​ថ្មីៗ​នេះ​ វា​បញ្ជាក់​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​ថា​ ជន​ទេសន្តរ​ប្រវេសន៍​ពី​បង់ក្លាដែស និង​មីយ៉ាន់ម៉ា​ ក៏​បាន​ស្លាប់​នៅ​លើ​ដី​គោក​ផង​ដែរ ដោយសារ​ការ​ឃុំឃាំង​របស់​ពួក​អ្នក​រត់​ពន្ធ​មនុស្ស។

លោក​ Mohammed Shahiduzzaman​ អតីត​សមាជិក​សភា​ពី​គណបក្ស​ជាតិ​និយម​បង់ក្លាដែស​ បាន​និយាយ​ថា​ ភាព​អស់​សង្ឃឹម​នៃ​អ្នក​ដែល​ព្យាយាម​រក​ការងារ​នៅ​ឯ​ក្រៅ​ប្រទេស​ បាន​ធ្វើ​ឲ្យ​រដូវ​កាល​នៃ​ការ​ធ្វើដំណើរ​តាម​ទូក​កាន់​តែ​វែង​ទៅៗ​ សម្រាប់​ទូក​ដែល​មាន​ទិសដៅ​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី ​ដែល​នេះ​ធ្វើ​ឲ្យ​ការ​ធ្វើ​ដំណើរ​កាន់​តែ​គ្រាះ​ថ្នាក់​ជាង​មុន។

លោក​ Shahiduzzaman​ និយាយ​ថា៖ «រហូត​មក​ដល់​មួយ​ ឬ​ពីរ​ឆ្នាំ​មុន​នេះ​ ទូក​ដឹក​មនុស្ស​ដែល​មាន​ទិសដៅ​ទៅ​ប្រទេស​ម៉ាឡេស៊ី​ ធ្លាប់​បាន​ចេញ​ដំណើរ​ពី​ប្រទេស​បង់ក្លាដែស​ ដែល​ជាទូទៅ​ធ្វើ​ឡើង​តែ​នៅក្នុង​រដូវ​រងារ​តែ​ប៉ុណ្ណោះ​ គឺ​រវាង​ខែ​វិច្ឆិកា និង​ខែ​មករា​ នៅ​ពេល​ដែល​ទឹក​សមុទ្រ​មាន​ភាព​ស្ងប់​ស្ងាត់។ ក៏ប៉ុន្តែ​ឥឡូវ​នេះ​ ទូក​ខុសច្បាប់​ជាច្រើន ធ្វើ​ដំណើរ​ពេញ​មួយ​ឆ្នាំ​ដោយ​មាន​ជន​បង់ក្លាដែស​កាន់​តែ​ច្រើន ស្វែងរក​វិធី​ចូល​ទៅ​ដល់​ប្រទេស​ម៉ាឡេស៊ី»។

លោក Abdul Hakim​ អ្នក​អូស​រទេះ​ម្នាក់​នៅ​ភូមិ​ Khutakhali នៃ​ស្រុក​ Cox's Bazar ​បាន​និយាយ​ថា​ លោក​គ្រោងនឹង​ចាក​ចេញ​ទៅ​ប្រទេស​ម៉ាឡេស៊ី​ នៅ​ក្នុង​រដូវ​ត្រជាក់​ឆ្នាំ​ក្រោយ​នេះ។

«ខ្ញុំ​មិន​អាច​ផ្គត់ផ្គង់​គ្រួសារ​របស់​ខ្ញុំ​ដោយប្រាក់​ចំណូល​ដ៏ស្តួចស្តើង​ ដែលរក​បាន​ក្នុង​ប្រទេស​បង់ក្លាដែស​ទេ។ ស្ថាន​ភាព​ការងារ​នៅ​ទីនេះ គឺ​តឹង​តែង​ណាស់។ មនុស្ស​មួយ​ចំនួន​ដែល​ខ្ញុំ​ស្គាល់​កំពុង​តែ​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី ដោយ​សុខស្រួល​ ហើយ​ពួក​គេ​កំពុង​តែ​ផ្ញើ​ប្រាក់​មិន​តិច​ទេ​ ត្រឡប់​មក​កាន់​គ្រួសារ​របស់​គេ។ ដូច្នេះ ខ្ញុំ​សម្រេច​ចិត្ត​ជិះ​តាមទូក​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី»។

លោក​បាន​បន្ថែម​ថា​ លោក​ក៏​បាន​ដឹង​អំពី​គ្រោះ​ថ្នាក់​ដែល​កើត​មាន​ឡើង​ក្នុង​ពេល​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី​ដែរ​ តែ​លោក​នៅ​តែ​មាន​គម្រោងធ្វើដំណើរ​ទៅ​កាន់​ទី​នោះ​ដដែល។

«មនុស្ស​ច្រើន​ណាស់​ដែល​មាន​សំណាង​ផ្លាស់​ប្តូរ​វាសនា​របស់​ពួក​គេ ដោយការ​ហ៊ាន​ផ្សង​ព្រេង​នោះ។ ខ្ញុំ​សប្បាយ​ចិត្ត​ក្នុង​ការ​ផ្សង​នឹង​គ្រោះ​ថ្នាក់​ដើម្បី​ធ្វើដំណើរ​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី»៕

ប្រែសម្រួល​ដោយ​ នៀម ឆេង

XS
SM
MD
LG