វីអូអេផ្នែកផ្សាយជាភាសាភូមាបានរាយការណ៍ថាលោក Antony Blinkey អនុរដ្ឋមន្ត្រីក្រសួងការបរទេសស.រ.អា.បានមានប្រសាសន៍ប្រាប់ក្រុមអ្នកកាសែតនៅក្នុងសន្និសីទសារព័ត៌មានមួយថាក្រុមជនភៀសខ្លួនតាមទូកភាគច្រើនជាជនអំបូរ Rohingya មកពីរដ្ឋ Rakhine នៃប្រទេសភូមាហើយពួកគេបានចាកចេញពីប្រទេសភូមាដោយសារភាពអស់សង្ឃឹមដែលពួកគេប្រឈមមុខ។ លោកបាននិយាយដែរថាដោយសារវិបត្តិជនភៀសខ្លួនតាមទូកនេះជាបញ្ហាក្នុងតំបន់មួយ គេត្រូវការដោះស្រាយបញ្ហានេះដោយកិច្ចសហប្រតិបត្តិការក្នុងតំបន់ដែលត្រូវតែប្រឈមមុខនឹងបុព្វហេតុជាឬសគល់របស់វាដើម្បីឱ្យមានដំណោះស្រាយមួយប្រកបដោយចីរភាព។ លោក Blinkey ក៏បានកត់សម្គាល់ដែរថាកំណែទម្រង់នយោបាយនៃប្រទេសភូមាកំពុងមានការជឿនលឿន ក៏ប៉ុន្តែនៅមានឧបសគ្គនៅឡើយ។ លោកបានថ្លែងថា ជាពិសេសរដ្ឋធម្មនុញ្ញរបស់រដ្ឋដែលអនុញ្ញាតិឱ្យក្រុមយោធាបោះឆ្នោតវ៉េតូអំពីកិច្ចការរដ្ឋគួរត្រូវកែប្រែដើម្បីឱ្យមានការបោះឆ្នោតដោយសេរីនិងប្រកបដោយយុត្តិធម៌ក្នុងឆ្នាំ២០១៥។ ទស្សនកិច្ចពីរថ្ងៃរបស់លោក Blinkey បានបញ្ចប់កាលពីថ្ងៃសុក្រនៅក្រោយពេលដែលលោកបានជួបជាមួយក្រុមមេដឹកនាំខាងអំបូរពូជសាសន៍នៃអង្គការ NCCT៕
លោកអនុរដ្ឋមន្រ្តីក្រសួងការបរទេសស.រ.អា.បញ្ចប់ទស្សនៈកិច្ចនៅភូមា
![ប្រធានាធិបតីភូមា Thein Sein (រូបស្តាំ) ចាប់ដៃជាមួយអនុរដ្ឋមន្រ្តីក្រសួងការបរទេសរបស់ស.រ.អា. Antony Blinken (រូបឆ្វេង) ខណៈដែលលោកប្រគល់វត្ថុអនុស្សាវរីយ៍កំឡុងកិច្ចប្រជុំរបស់ពួកគេនៅ Presidential Palace កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៥ នៅក្រុង Naypyitaw ប្រទេសភូមា។](https://gdb.voanews.com/6d5bae21-5716-4251-bedb-3363f42462a7_w250_r1_s.jpg)