កាលពីថ្ងៃច័ន្ទ ប្រទេសជប៉ុនបានទទូចឲ្យអាជ្ញាធរមីយ៉ាន់ម៉ាដោះលែងអ្នកកាសែតជប៉ុនម្នាក់ដែលត្រូវបានចោទប្រកាន់ពីបទផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ។ អ្នកកាសែតរូបនោះគឺជាអ្នកយកព័ត៌មានម្នាក់ក្នុងចំណោមអ្នកយកព័ត៌មានយ៉ាងហោចណាស់ចំនួន ៦៥ នាក់ដែលត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលនៃការបង្ក្រាបរបស់រដ្ឋាភិបាលយោធាលើអ្នកប្រឆាំងរដ្ឋប្រហារ។
លោក Yuki Kitazumi ដែលជាអ្នកកាសែតជនជាតិជប៉ុន ត្រូវបានឃុំខ្លួនកាលពីថ្ងៃអាទិត្យ ហើយអ្នកនាំពាក្យស្ថានទូតជប៉ុនបានបញ្ជាក់ថា លោកត្រូវបានគេបញ្ជូនក្នុងពេលយប់ពីកន្លែងឃាត់ខ្លួនរបស់ប៉ូលិសទៅពន្ធនាគារ Insein ដែលមានឈ្មោះអសោចក្នុងការឃុំឃាំងអ្នកទោសនយោបាយ។
អ្នកនាំពាក្យស្ថានទូតជប៉ុនបានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP កាលពីថ្ងៃចន្ទថា អ្នកការទូតជប៉ុនបានសុំការអនុញ្ញាតទៅសួរសុខទុក្ខលោកនៅក្នុងពន្ធនាគារ ប៉ុន្តែសំណើនោះមិនទាន់ទទួលបានការយល់ព្រមទេ។ លោកបានប្រាប់ AFP ថា «ប៉ូលិសបានប្រាប់យើងថា គាត់ត្រូវបានចាប់ខ្លួនដោយសង្ស័យថាផ្សាយព័ត៌មានក្លែងក្លាយ»។
អាជ្ញាធរមីយ៉ាន់ម៉ាបានប្រាប់ស្ថានទូតជប៉ុនថា អ្នកកាសែតរូបនេះមិនមានគ្រោះថ្នាក់ដល់រាងកាយទេក្នុងអំឡុងពេលចាប់ខ្លួន និងមានសុខភាពល្អ។ អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុនលោក Katsunobu Kato បានប្រាប់ក្រុមអ្នកយកព័ត៌មានថា៖ «យើងកំពុងស្នើសុំឲ្យប្រទេសមីយ៉ាន់ម៉ាឆាប់ដោះលែងគាត់។ យើងនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីការពារជនជាតិជប៉ុន»។
នេះជាលើកទី២ហើយដែលលោក Kitazumi ត្រូវបានឃុំខ្លួនចាប់តាំងពីមានរដ្ឋប្រហារកាលពីដើមខែកុម្ភៈមក។ កាលពីខែកុម្ភៈ លោក Kitazumi ត្រូវបានគេវាយដំនិងត្រូវបានឃុំឃាំងរយៈពេលខ្លីក្នុងអំឡុងពេលមានការបង្ក្រាបលើក្រុមអ្នកតវ៉ាប៉ុន្តែក្រោយមកលោកត្រូវបានដោះលែងវិញ។
នៅថ្ងៃច័ន្ទដដែលនោះ សហភាពអឺរ៉ុបបានដាក់ទណ្ឌកម្មមន្ត្រីយោធាមីយ៉ាន់ម៉ាចំនួន ១០ នាក់ និងក្រុមហ៊ុនធំៗចំនួន ២ ដែលជាប់ពាក់ព័ន្ធនឹងមន្ត្រីយោធាមីយ៉ាន់ម៉ា ដែលបានធ្វើរដ្ឋប្រហារផ្ដួលរំលំរដ្ឋាភិបាលស៊ីវិល និងបង្ក្រាបយ៉ាងឃោរឃៅលើក្រុមបាតុករ។ នេះបើយោងតាមការលើកឡើងរបស់ក្រុមមន្ត្រីសហភាពអឺរ៉ុប។
យោធាបានបង្កើនការព្យាយាមបង្ក្រាបក្រុមប្រឆាំង បន្ទាប់ពីមានបាតុកម្មទ្រង់ទ្រាយធំប្រឆាំងនឹងការទម្លាក់លោកស្រី Aung San Suu Kyi មេដឹកនាំស៊ីវិលចេញពីតំណែង ដោយមានជនស៊ីវិលយ៉ាងហោចណាស់ចំនួន ៧៣៧ នាក់ត្រូវបានសម្លាប់ ហើយសារព័ត៌មានកំពុងរងការវាយប្រហារខ្លាំងឡើងៗ៕