ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​មីយ៉ាន់ម៉ា​លុបចោល​ពិធី​ចូល​ឆ្នាំ​ថ្មី​ដើម្បី​ងាក​មក​តវ៉ា​ប្រឆាំង​នឹង​យោធា​ដោយ​ស្ងៀមស្ងាត់


រូបឯកសារ៖ ក្រុម​បាតុករ​ចូលរួម​ក្នុង​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា​ក្នុង​ទីក្រុង​រ៉ង់ហ្គូន ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១។
រូបឯកសារ៖ ក្រុម​បាតុករ​ចូលរួម​ក្នុង​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា​ក្នុង​ទីក្រុង​រ៉ង់ហ្គូន ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១។

ក្រុម​ប្រឆាំង​នឹង​ការ​ដឹកនាំ​របស់​យោធា​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​បាន​លុបចោល​ពិធី​ប្រារព្ធ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​តាម​ប្រពៃណី​នៅ​ថ្ងៃ​អង្គារ​នេះ ហើយ​ជំនួស​មក​វិញ បាន​បង្ហាញ​កំហឹង​របស់​ខ្លួន​ចំពោះ​ការ​ធ្វើ​រដ្ឋប្រហារ​ថ្ងៃ​ទី១ ខែ​កុម្ភៈ​របស់​យោធា តាមរយៈ​ការ​បង្ហាញ​ការ​ប្រឆាំង​ដោយ​ស្ងៀមស្ងាត់​និង​ការ​តវ៉ា​ទ្រង់ទ្រាយ​តូច​នៅ​ទូទាំង​ប្រទេស។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

អ្នក​ប្រើ Twitter ម្នាក់​ដែល​ដាក់​ឈ្មោះ​ថា Shwe Ei បាន​សរសេរ​ថា៖ «ពួក​យើង​មិន​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​នៅ​ឆ្នាំ​នេះ​ទេ ដោយសារតែ​មនុស្ស​ដ៏​អង់អាច​ក្លាហាន​ស្លូតត្រង់​របស់​យើង​ជាង ៧០០ នាក់ ត្រូវ​បាន​សម្លាប់ [នៅ​ក្នុង​ការ​បង្ក្រាប​របស់​យោធា]»។

ស្ត្រី​ដែល​ស្លៀក​សម្លៀក​បំពាក់​ស្អាតបាត​សម្រាប់​ថ្ងៃ​ឈប់​សម្រាក​ចូល​ឆ្នាំ​ដ៏​សំខាន់​នេះ បាន​ធ្វើការ​តវ៉ា​នៅ​ថ្ងៃ​អង្គារ​នេះ តាម​រយៈ​ការ​កាន់​ថូ​ប្រពៃណី​ដែល​មាន​ផ្កា​ចំនួន ៧ ទង។

ពលរដ្ឋ​ជាច្រើន​បាន​គូស​សញ្ញា​ម្រាម​ដៃ​បី​នៅលើ​ថូ​ប្រពៃណី​ឆ្នាំ​ថ្មី​របស់​ស្ដ្រី​ដែល​ជា​អ្នក​តវ៉ា​ទាំង​នេះ។

ការ​តវ៉ា​ទ្រង់ទ្រាយ​តូច​ផ្សេង​ទៀត​ក៏​បាន​ធ្វើ​ឡើង​ផងដែរ​នៅ​តាម​ទីប្រជុំជន​ជាច្រើន។ នេះ​បើ​យោង​តាម​រូបភាព​នានា​ដែល​បាន​បង្ហោះ​តាម​បណ្តាញ​ព័ត៌មាន​សង្គម​អនឡាញ។

នៅ​តាម​ទីកន្លែង​ខ្លះ ពលរដ្ឋ​បាន​សរសេរ​សារ​មួយ​ចំនួន​នៅ​លើ​ថូ​ប្រពៃណី​ឆ្នាំ​ថ្មី​ដូចជា «ជួយ​សង្គ្រោះ​មីយ៉ាន់ម៉ា» ជាដើម ដើម្បី​បង្ហាញ​ការ​ប្រឆាំង​នឹង​យោធា​ដោយ​ស្ងៀមស្ងាត់។

សកម្មជន​នានា​បាន​អំពាវនាវ​ឲ្យ​មាន​ការ​តវ៉ា​ស្រដៀង​គ្នា​នេះ​នៅ​ពេញ​រដូវ​ចូល​ឆ្នាំ​ថ្មី​នេះ​រហូត​ដល់​ថ្ងៃ​សៅរ៍​ខាង​មុខ ដើម្បី​រក្សា​សន្ទុះ​នៃ​យុទ្ធនាការ​តវ៉ា​របស់​ពួកគេ៕

XS
SM
MD
LG