ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​អ្នក​វិភាគ៖ រុស្ស៊ី​មាន​មហិច្ឆតា​ពង្រីក​ឥទ្ធិពល​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​តាមរយៈ​យោធា​មីយ៉ាន់ម៉ា


រូបឯកសារ៖ អគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ាលោក Ming Aung Hlaing (កណ្តាល) ចូលរួមពិធីសមយុទ្ធយោ នៅតំបន់ដីសណ្តរ Ayeyarwaddy ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ២០២១។
រូបឯកសារ៖ អគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ាលោក Ming Aung Hlaing (កណ្តាល) ចូលរួមពិធីសមយុទ្ធយោ នៅតំបន់ដីសណ្តរ Ayeyarwaddy ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ២០២១។

ក្រុម​អ្នក​វិភាគ​និយាយ​ថា រុស្ស៊ី​កំពុង​បង្កើន​ការ​លក់​អាវុធ​ទៅ​ឲ្យ​យោធា​មីយ៉ាន់ម៉ា និង​កំពុង​គាំទ្រ​យ៉ាង​ខ្ជាប់ខ្ជួន​មេដឹកនាំ​រដ្ឋប្រហារ​លោក​ឧត្តមសេនីយ៍​ Min Aung Hlaing ដែល​នេះ​ជា​សម្ព័ន្ធភាព​មួយ​ដែល​ពួកគេ​យល់​ថា នឹង​ពង្រីក​មហិច្ឆតា​នយោបាយ​ការបរទេស​របស់​រដ្ឋាភិបាល​ក្រុង​មូស្គូ នៅ​តំបន់​អាស៊ី​អាគ្នេយ៍តាម​រយៈ​ការ​លក់​សព្វាវុធ​នៅ​ពេល​អនាគត។

​ស្រប​ពេល​ដូចគ្នា​នេះ​ដែរ​មេដឹកនាំ​ក្រុម​ឧទ្ទាម​កុលសម្ព័ន្ធ​យ៉ាង​ហោច​ណាស់​ចំនួន ១០​ បាន​ប្រកាស​ការ​គាំទ្រ​របស់​ពួកគេ​ចំពោះ​ចលនា​ប្រឆាំង​នឹង​ការ​ធ្វើ​រដ្ឋប្រហារ​មីយ៉ាន់ម៉ា។

លោក Anthony Davis អ្នក​វិភាគ​ផ្នែក​សន្តិសុខ​នៅ​ក្រុមហ៊ុន​សិក្សា​ផ្នែក​យោធា Jane's Group ក្នុង​ក្រុង​បាងកក ប្រទេស​ថៃ បាន​និយាយ​ថា រដ្ឋាភិបាល​ក្រុង​មូស្គូ «ច្បាស់​ណាស់» ចង់​ពង្រឹង​ទំនាក់ទំនង​ជាមួយ​នឹង​យោធា​មីយ៉ាន់ម៉ា​ដែល​ត្រូវ​បាន​គេ​ស្គាល់​តាម​ឈ្មោះ​ថា​ស្ថាប័ន Tatmadaw តាមរយៈ​ការ​លក់​សព្វាវុធ ដោយ​ការ​លក់​ជា​ចម្បង​គឺ​ទៅឱ្យកងកម្លាំង​ទ័ព​អាកាស ហើយបន្ត​លក់​សព្វាវុធ​លក្ខណៈ​បន្ទាប់បន្សំ​ទៅ​ឱ្យ​កង​យោធា​ជើង​គោករបស់​ប្រទេស​នេះ។ ម៉្យាង​ទៀត​រុស្ស៊ី​មាន​បំណង់​ចង់​ពង្រឹង​ទំនាក់ទំនង​ជាមួយ​នឹង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ហៅ​កាត់​ថា អាស៊ាន​ដែល​ជា​សហភាព​សេដ្ឋកិច្ច​ក្នុង​តំបន់​នេះ។

លោក​បាន​ថ្លែង​ថា៖ «រុស្ស៊ី​បាន​បង្កើត​ជា​គោលជំហរ​រឹងមាំ​មួយ​មិនត្រឹមតែ​នៅ​មីយ៉ាន់ម៉ា​នោះ​ទេ ប៉ុន្តែ​តាមរយៈ​ប្រទេស​មីយ៉ាន់ម៉ា​ថែម​ទាំង​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ជា​ទូទៅ​ផង​ដែរ» ដោយបន្ថែម​ថា លោក​មិនមាន​ការ​ភ្ញាក់ផ្អើល​នោះ​ទេ ដែល​រុស្ស៊ី​និង​ចិន​គាំទ្រ​នូវកិច្ចប្រជុំ​កំពូល​អាស៊ាន ​ដែល​ត្រូវស្នើ​ឡើង​មួយ​ស្តីពី​វិបត្តិ​នៅ​មីយ៉ាន់ម៉ា​នោះ។

លោក Davis បាន​ថ្លែង​ថា៖ «អាស៊ាន​គឺ​ជា​ស្ថាប័ន​មួយ ដែល​ពួកគេ [រុស្ស៊ី និង​ចិន]​ ចង់​មាន​ទំនាក់ទំនង​ល្អ​ជាមួយ និង​ចង់​បញ្ចេញ​ឥទ្ធិពល​មក​លើ​ក្នុង​បែបផែន​មួយដែល​អំណោយផលសម្រាប់​ពួកគេ។ ប៉ុន្តែខ្ញុំ​មិន​គិត​ថា ពួកគេ​នឹង​ស្រមើ​ស្រមៃរំពឹង​ជ្រុលហួសពី​អ្វី​ដែល​អាស៊ាន​អាច​សម្រេច​បាននោះ​ទេ គឺ​ដូច​ [ការ​រំពឹង​មាន​កម្រិត] របស់​បណ្តា​រដ្ឋ​មួយ​ចំនួន​នៅ​បស្ចិមលោក។

សមាគម​អាស៊ាន​បាន​រងការ​រិះគន់​ជា​យូរយារ​មក​ហើយ​ពី​កង្វះខាត​ធ្វើចំណាត់ការ​នៅ​ពេល​មាន​វិបត្តិ​ណា​មួយ ដោយ​មេដឹកនាំ​នៃ​បណ្តា​ប្រទេស​សមាជិក​តែងតែ​លើក​ឡើង​ពី​គោលការណ៍​របស់​សមាគម​នេះ​នៅ​ក្នុង​ការមិន​លូកដៃ​ចូល​ទៅ​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​សមាជិក។​

ក្រុម​អ្នក​វិភាគ​និយាយ​ថា បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ទាំង​ ១០ ដែល​ភាគច្រើន​ជា​រដ្ឋ​ឯកបក្ស និង​រដ្ឋាភិបាល​គាំទ្រ​ដោយ​យោធា គួរ​ត្រូវ​រង​ការ​រិះគន់​ចំពោះ​កង្វះខាត​ការ​ប្រកាន់​យក​គោលជំហរខាង​ក្រមសីលធម៌​បន្ទាប់​ពី​មាន​ការ​ធ្វើ​រដ្ឋប្រហារ។

​លោក Bradley Murg អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​នៅ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​កិច្ចសហប្រតិបត្តិការ​និង​សន្តិភាព​ បាន​និយាយ​ថា៖ «នេះ​គឺ​ជា​តេស្ត​ដ៏​សំខាន់​មួយ​សម្រាប់​អាស៊ាន​ថា​ តើ​ប្លុក​នេះ​អាច​ដោះស្រាយ​វិបត្តិ​ដ៏​សំខាន់​មួយដែលកើត​នៅ​ក្នុងដែន​តំបន់ខ្លួន​ដែរ​ឬទេ។​ប្រទេស​ចិន​ពិត​ជា​ចង់​បាន​សិ្ថរភាពក្នុង​កម្រិត​មួយនៅ​ក្នុង​ប្លុក​នេះ»។

លោក​បាន​បន្ត​ថា៖ «ប៉ុន្តែ​រុស្ស៊ី​នៅ​តែ​បន្ត​គាំទ្រ​នៅ​ពេល​ណា​ដែល​របប​ផ្តាច់​ការ​ណា​មួយ​បាន​លេច​ឡើង» ដោយលោក​បន្ថែមថា បណ្តាញ​ផ្សព្វផ្សាយ​របស់​រុស្ស៊ី​បាន​បង្ហាញ​ពី​ការ​គាំទ្រ​របស់​រដ្ឋាភិបាល​ក្រុង​មូស្គូ​មក​លើ​លោក Hliang ថា​ជាសកម្មភាពការពារ​លិទ្ធិ​ប្រជាធិបតេយ្យ​នៅ​មីយ៉ាន់ម៉ា។

រូបឯកសារ៖ កងយោធាមីយ៉ាន់ម៉ាធ្វើក្បួនព្យហយាត្រាក្នុងពិធីគម្រប់ខួប ៧២ឆ្នាំនៃកងយោធាមីយ៉ាន់ម៉ា នៅរដ្ឋធានីណៃពិដោ កាលពីថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០១៧។
រូបឯកសារ៖ កងយោធាមីយ៉ាន់ម៉ាធ្វើក្បួនព្យហយាត្រាក្នុងពិធីគម្រប់ខួប ៧២ឆ្នាំនៃកងយោធាមីយ៉ាន់ម៉ា នៅរដ្ឋធានីណៃពិដោ កាលពីថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០១៧។

ពាក់ព័ន្ធ​នឹង​ការ​បង្ហូរ​ឈាម​នៅ​មីយ៉ាន់ម៉ា លោក​បាន​ថ្លែង​ថា៖ «អាស៊ាន​កំពុង​តែ​ជាប់​នៅ​ក្នុង​វិបត្តិ​ដូចគ្នា​ដែល​ខ្លួន​ជា​រឿយៗ​មិន​អាច​ដោះស្រាយ​បាន​បើ​សិន​មិន​មាន​ការ​ព្រមព្រៀង ហើយ​អាស៊ាន​នឹងមិន​ឈាន​ទៅ​រក​ការ​ព្រមព្រៀង​នោះ​ទេ។ ខ្ញុំ​មិន​មាន​សុទិដ្ឋិនិយម​ខ្លាំង​នោះ​ទេ»។

លោក​ Murg បាន​និយាយ​ថា រុស្ស៊ី​កំពុង​ជំរុញ​ទៅ​មុខ​នូវ​ការ​លក់​សព្វាវុធ​ថ្មី​ទៀត ដែល​នេះ​ត្រូវ​បាន​សង្កត់ធ្ងន់​ដោយ​វត្តមាន​របស់​អនុរដ្ឋមន្រ្តី​ការពារ​ជាតិ​រុស្ស៊ី​លោក Alexander Formin អំឡុង​ពេល​ទិវា​ព្យុហយាត្រាកងប្រដាប់​អាវុធ​នៅ​ក្រុង​ណៃពិដោ កាល​ពី​ថ្ងៃ​ទី ២៧ ខែ​មីនា ​បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្រ្តី​ការពារ​ជាតិ​រុស្ស៊ី​លោក Sergei Shoigu នៅ​មួយ​សប្តាហ៍​មុន​ការ​ធ្វើ​រដ្ឋប្រហារ។​

លោក​បាន​ថ្លែង​ថា៖ «ការ​នាំ​យក​បុគ្គល​ម្នាក់​នៅ​កម្រិត​ថ្នាក់​អនុរដ្ឋមន្រ្តី​ពិត​ជា​បង្ហាញ​ពី​វត្តមាន​របស់​រុស្ស៊ី ហើយ​រុស្ស៊ី​នឹង​បន្ត​គាំទ្រ​របបដឹកនាំ​នៅ​មីយ៉ាន់ម៉ា»។

​នៅ​យប់​ថ្ងៃ​ទិវា​ព្យុហយាត្រា​នោះ យោធា Tatmadaw បាន​ធ្វើ​ការ​វាយប្រហារ​តាម​អាកាស​ប្រឆាំង​នឹង​ក្រុម​ឧទ្ទាម​ការ៉េន (Karen) ដោយ​បង្ខំ​ឲ្យ​ជនស៊ីវិល​ជាង ១២.០០០ ​នាក់​ ភៀស​ខ្លួន​ចូល​ទៅ​ក្នុង​ព្រៃ​តាម​បណ្តោយ​ព្រំដែន​ជាមួយប្រទេស​ថៃ ដែល​ការ​វាយប្រហារ​នេះ​បាន​ធ្វើ​ឲ្យមាន​ការ​ខឹងសម្បារ​ពី​សំណាក់​មេដឹកនាំ​ក្រុម​ឧទ្ទាម​កុលសម្ព័ន្ធ​ចំនួន​ប្រហែល ២០​ នៅ​មីយ៉ាន់ម៉ា។

លោក​ឧត្តមសេនីយ៍ Yawd Serk មេដឹកនាំ​ក្រុម​ឧទ្ទាមមួយ​ក្រោម​ឈ្មោះ​ថា ក្រុម​ប្រឹក្សា​សង្រ្គោះ​រដ្ឋ Shan បាន​ថ្កោលទោស​ការវាយប្រហារ​នោះ បន្ទាប់​ពី​កិច្ចប្រជុំតាម​ប្រព័ន្ធ​អ៊ីនធឺណិត​រវាង​មេដឹកនាំ​ក្រុម​ឧទ្ទាម​ចំនួន ១០ ដោយ​ជំរុញ​ជា​រណសិរ្សរួម​មួយ​ប្រឆាំង​នឹង​យោធា Tatmadaw។ លោក​បាន​ថ្លែង​ប្រាប់​ទៅ​ក្រុម​អ្នកសារព័ត៌មាន​ថា មេដឹកនាំ​យោធា​ត្រូវ​តែ​ទទួលខុសត្រូវ​ចំពោះ​ការ​វាយប្រហារ​នោះ។

​លោក​បាន​ថ្លែង​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ Agence France-Presse បន្ទាប់​ពី​កិច្ចប្រជុំនោះ​ថា៖ «ខ្ញុំ​សូម​ថ្លែង​ថា [ក្រុម​ទាំង ១០] គាំទ្រ​ពេញទំហឹងអ្នក​ទាមទារ​ឲ្យ​មាន​ការ​បញ្ចប់​របបផ្តាច់ការ»។

ក្រុម​អ្នក​វិភាគ​និយាយ​ថា លទ្ធភាព​ដែល​អាវុធ​ផលិត​នៅ​រុស្ស៊ី​ត្រូវ​បាន​ប្រើ​ប្រឆាំង​នឹង​ជនស៊ីវិល​បាន​បង្កើនភាព​តានតឹង និង​អារម្មណ៍​ប្រឆាំង​នឹង​រុស្ស៊ី​នៅ​ក្នុង​ចំណោម​បាតុករ និង​ក្រុម​ឧទ្ទាម ដែល​បាន​ធ្វើ​បទ​ឈប់បាញ់​គ្នា​ជាមួយ​នឹង​រដ្ឋាភិបាល​របស់​អ្នកស្រី Aung San Suu Kyi ដែល​ត្រូវ​បាន​ទម្លាក់​ចេញ​ពី​អំណាច។

លោក Anthony Davis អ្នក​វិភាគ​ផ្នែក​សន្តិសុខ​នៅ​ក្រុមហ៊ុន​សិក្សា​ផ្នែក​យោធា Jane's Groupបាន​និយាយ​ថា យន្តហោះ​ចម្បាំង​ប្រភេទ Yak-130 ផលិត​នៅ​រុស្ស៊ី​ធ្លាប់​ត្រូវ​បាន​ប្រើប្រាស់​ដោយ​យោធា Tatmadaw នៅ​ក្នុង​ការ​វាយប្រហារ​នានា​ចាប់តាំង​ពី​ឆ្នាំ ២០១៩​ មក ហើយ​អាច​មាន​លទ្ធភាព​ដែល​ថា យន្តហោះ​ចម្បាំង​នោះ​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​វាយប្រហារ​កុលសម្ព័ន្ធ​ការ៉េន ដោយសារ​តែ​យន្តហោះ​ប្រភេទ​នេះ​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ធ្វើការ​វាយប្រហារ​នៅ​ពេល​យប់ និង​អាច​ហោះបត់បែន​បានយ៉ាងស្រួល​នៅ​ក្នុង​រយៈ​កម្ពស់​ទាប។

លោក​បាន​ថ្លែង​ថា៖ «ពួកគេ​មាន​ប្រវត្តិ​ប្រតិបត្តិការ​ប្រើ​យន្តហោះ​វាយប្រហារ​នេះ។ ហើយ​មាន​ហេតុផល​សមស្រប​ដើម្បី​ធ្វើ​ការ​វាយប្រហារ​បែប​នេះ​សារ​ជា​ថ្មី។ ហេតុការណ៍ដែល​កើត​ឡើង​នៅ​យប់​ថ្ងៃទី២៧ និង​ថ្ងៃ​ទី២៨ ខែ​មីនា បង្ហាញ​យ៉ាង​ច្បាស់​ថា យន្តហោះ​ទាំង​នោះ​ជា​យន្តហោះចម្បាំង​ប្រភេទ Yak-130។

លោក Ross Milosevic អ្នកប្រឹក្សា​ផ្នែក​គ្រប់គ្រង​ហានិភ័យបាន​ធ្វើ​ការ​ចុះ​ស្រាវជ្រាវ​ផ្ទាល់​នៅ​រដ្ឋ Kayin ដែល​ត្រូវ​បាន​ស្គាល់​ជា​រដ្ឋ​ Karen បាន​និយាយ​ថា សព្វាវុធ​វាយប្រហារ​តាម​អាកាស​និង​នៅ​លើ​ដី​ផលិត​ដោយ​រុស្ស៊ី​ក៏​ត្រូវ​បាន​ប្រើប្រាស់​ប្រឆាំង​នឹង​ជនស៊ីវិល​ផង​ដែរ។​

នេះ​រួម​មាន​ឧទ្ធម្ភាគចក្រ​ប្រយុទ្ធ និង​យន្តហោះ​ប្រភេទ​ MiG កាំភ្លើង​ធុន​ធ្ងន់​បន្តុប​លើ​រថយន្ត​ធុន​ធំ និង​អាវុធ​បាញ់​គ្រាប់​ប្រឆាំង​នឹង​រថក្រោះ ដែល​ត្រូវ​បាន​ប្រើ​ដើម្បី​បំបែក​បារ៉ាស់​បិទផ្លូវ​ដោយ​ក្រុមប្រឆាំង​នៅ​ក្រុង​ Mandalay ដែល​ជា​ក្រុង​ធំជាង​គេ​ទីពីរ​នៅ​មីយ៉ាន់ម៉ា។

លោក Miosevic បាន​និយាយ​ថា ការ​ប្រើប្រាស់​នូវ​សព្វាវុធ​ផលិត​ពី​រុស្ស៊ី និង​ចិន​ដោយ​យោធា​មីយ៉ាន់ម៉ា​បាន​បង្ក​ឲ្យ​មាន​ការ​ខឹងសម្បារ​នៅ​ក្នុង​ស្រុក​កាន់​តែ​ខ្លាំង និង​នាំ​ឲ្យ​មាន​ការ​ព្រមព្រៀង​នៅ​ក្នុង​ចំណោម​ក្រុម​ឧទ្ទាម​ដែលថា គេ​ត្រូវ​សម្រេច​កិច្ចព្រមព្រៀង​ថ្មី​មួយជា​ចាំបាច់​ជាមួយ​នឹង​គណបក្ស​សម្ព័ន្ធ​ជាតិដើម្បី​ប្រជាធិបតេយ្យ (NDL)​ របស់​អ្នកស្រី Suu Kyi ដើម្បី​បង្កើត​ជា​រណសិរ្ស​មួយ​ប្រឆាំង​នឹង​យោធា Tatmadaw។

នៅ​ស្រប​ពេល​ដូចគ្នា​នេះ​ដែរ លោក​បាន​និយាយ​ថា ភាព​មិនជឿទុកចិត្ត​រវាង​គ្នា​នៅ​ក្នុង​ចំណោម​ក្រុម​កុលសម្ព័ន្ធ​ត្រូវ​តែ​ដោះស្រាយ មុន​ពេល​កិច្ចព្រមព្រៀង​ត្រូវ​បាន​សម្រេច​ឡើង ដោយ​អាច​មានការ​គាំទ្រ​ពី​ក្រោយ​ពី​បណ្តា​ប្រទេស​បស្ចិមលោក និង​អាច​មាន​ចលនា​យោធា​រួម​គ្នា​មួយ​បង្កើត​ឡើង​ចេញ​ពី​ក្រុម​សកម្មប្រយុទ្ធ​កុលសម្ព័ន្ធ។

លោក ​Miosevic បាន​ថ្លែង​ថា៖ «បន្ទាប់​មក​គឺ ត្រូវ​មាន​ការ​ពិភាក្សា​ជាមួយគណបក្ស​សម្ព័ន្ធជាតិដើម្បី​ប្រជាធិបតេយ្យ ដើម្បី​ផ្តល់​ជា​ការ​សន្យា និង​សិទ្ធិ​រដ្ឋធម្មនុញ្ញអំពី​ឯករាជ្យភាព និង​ស្វ័យភាព​សម្រាប់​រដ្ឋ​កុលសម្ព័ន្ធ​នីមួយៗ។ ខ្ញុំ​គិត​ថា អ្នក​នឹង​ឃើញ​ថា ពួកគេ​អាច​ធ្វើ​ការ​ជាមួយ​គ្នា​បាន​និង​រុញច្រាន​ប្រឆាំង​នឹង​យោធា Tatmadaw និង​ក្រុម​ឧត្តមសេនីយ៍​ទាំង​នោះ»៕

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG