អ្នកប្រឆាំងការដឹកនាំរបស់យោធានៅមីយ៉ាន់ម៉ា បានអំពាវនាវឱ្យធ្វើកូដកម្មដោយស្ងៀមស្ងាត់នៅថ្ងៃសុក្រនេះ ដោយជំរុញឱ្យប្រជាជននៅផ្ទះកាន់ទុក្ខមនុស្សជាង៧០០នាក់ ដែលត្រូវបានសម្លាប់នៅក្នុងការតវ៉ាប្រឆាំងនឹងរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈ និងស្លៀកពាក់ខ្មៅ ប្រសិនបើពួកគេចេញទៅក្រៅ។ ប្រជាជនសាមញ្ញជាច្រើនដែលខឹងសម្បារនឹងយោធាវិលមកកាន់អំណាចវិញ បន្ទាប់ពីមានរដ្ឋាភិបាលស៊ីវិលរយៈពេល៥ ឆ្នាំដឹកនាំដោយជើងឯកប្រជាធិបតេយ្យ គឺលោកស្រី អោង សានស៊ូជី នោះ បានធ្វើបាតុកម្មតាមដងផ្លូវ ពីមួយថ្ងៃទៅមួយថ្ងៃជាមួយសកម្មជន ដែលកំពុងរិះរកវិធីថ្មីដើម្បីបង្ហាញការប្រឆាំងនៅពេលកម្លាំងសន្តិសុខបង្កើនការបង្ក្រាបរបស់ពួកគេ។
នាង Ei Thinzar Maung មេដឹកនាំបាតុកម្ម បានបង្ហោះលើទំព័រហ្វេសប៊ុកថា «យើងធ្វើឱ្យផ្លូវស្ងាត់។ យើងត្រូវតែធ្វើកូដកម្មស្ងាត់ស្ងៀមដើម្បីបង្ហាញពីការសោកស្តាយរបស់យើងចំពោះបុគ្គលដែលបានលះបង់ជីវិតរបស់ពួកគេ។ សំឡេងស្ងាត់ស្ងៀម ខ្ទរខ្ទារបំផុត»។ ថ្ងៃសុក្រ គឺជាថ្ងៃទី៣នៃថៃ្ងសម្រាកចូលឆ្នាំថ្មី ដែលមានរយៈពេល៥ថ្ងៃ។
វិទ្យុអាស៊ីសេរីបានរាយការណ៍ថា ក្នុងអំពើហិង្សាមួយយប់ មានមនុស្សពីរនាក់ ត្រូវបានបាញ់សម្លាប់នៅកណ្តាលទីក្រុង Myingyan។
យោធាបានចាប់អ្នករិះគន់ និងបានផ្សព្វផ្សាយឈ្មោះមនុស្សជាង២០០ នាក់ដែលគេតាមចាប់។
អ្នករៀបចំបាតុកម្មលេចធ្លោពីរនាក់ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ជាមួយតារាសម្តែង និងអ្នកចំរៀងដែលល្បីឈ្មោះខាងនិយាយប្រឆាំងរដ្ឋប្រហារ៕