ប្រទេសអាល្លឺម៉ង់ មានគម្រោងស្នើផ្តល់កងទ័ព ប្រព័ន្ធការពារដែនអាកាស និងនាវាចម្បាំងទៅឲ្យអង្គការអូតង់ដើម្បីពង្រឹងតំបន់អឺរ៉ុបខាងកើត បន្ទាប់ពីរុស្ស៊ីឈ្លានពានក្នុងប្រទេសអ៊ុយក្រែនមក។ នេះ បើតាមទស្សនាវដ្តីអាល្លឺម៉ង់ Der Spiegel ដែលបានរាយការណ៍នៅថ្ងៃសុក្រនេះ ដោយមិនបានបញ្ជាក់ប្រភពដែលផ្តល់ឲ្យ ហើយដែលត្រូវបានរាយការណ៍ដោយទីភ្នាក់ងារព័ត៌មាន Reuters។
ទស្សនាវដ្តីនោះ បានចុះផ្សាយថា អាល្លឺម៉ង់ អាចបញ្ជូនកងទ័ពជើងគោកមួយកងអនុសេនាធំ ដែលមានទាហានប្រមាណ ១៥០ នាក់ និងរថពាសដែកមួយចំនួនក្នុងពេលឆាប់ៗនេះ។ នេះ បើតាមសំណើមួយដែលបានដាក់ជូនរដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់លោកស្រី Christine Lambrecht នោះ។
គេ នៅពុំទាន់ឃើញមានការបញ្ជាក់ណាមួយភ្លាមៗពីក្រសួងការពារជាតិអាល្លឺម៉ង់ជុំវិញបញ្ហានេះទេ។
អាល្លឺម៉ង់ ក៏នឹងអាចមានគម្រោងស្នើផ្តល់ប្រព័ន្ធកាំជ្រួចមីស៊ីល "Patriot" ប្រឆាំងនឹងយន្តហោះ ហើយនឹងនាវាចម្បាំង។ នាវានោះ អាចត្រូវបានគេដកចេញពីទីតាំងបេសកម្មណាមួយនៅក្នុងសមុទ្រមេឌីទែរ៉ាណេ។
រុស្ស៊ី ចាប់ផ្តើមឈ្លានពានអ៊ុយក្រែនតាមផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹក កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បន្ទាប់ពីការប្រកាសសង្គ្រាមដោយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។ មនុស្សប្រមាណ ១ សែននាក់ ត្រូវបានរត់គេចខ្លួននៅពេលដែលមានការផ្ទុះ និងការបាញ់ផ្លោងគ្រាប់រ៉ុកក្កែតដាក់ទីក្រុងសំខាន់ៗរបស់អ៊ុយក្រែន។ មនុស្សរាប់សិបនាក់ ត្រូវបានរាយការណ៍ថា បានស្លាប់នៅក្នុងការវាយប្រហារនេះ។
សហរដ្ឋអាមេរិក និងសមាជិកអង្គការអូតង់ផ្សេងៗទៀត បានបញ្ជូនជំនួយយោធាទៅឲ្យអ៊ុយក្រែន ក៏ប៉ុន្តែនៅមិនទាន់បានពិចារណាពីការបញ្ជូនកងទ័ពទៅកាន់អ៊ុយក្រែននៅឡើយទេ ដោយបារម្ភថា អាចនឹងធ្វើឲ្យជម្លោះនេះ រីកកាន់តែធំឡើងថែមទៀតនៅក្នុងទ្វីបអឺរ៉ុប៕