ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សម្តេច​ប៉ាប Francis សម្តែង​ព្រះទ័យ​​បារម្ភ​ដ៏​កម្រ​ចំពោះ​វិបត្តិ​នៅ​អ៊ុយក្រែន


សម្តេច​សង្ឃ​រ៉ូម៉ាំង​កាតូលិក​ប៉ាប Francis យាង​កាត់ឆ្មាំ Pontifical Swiss ពេល​ដែល​ព្រះអង្គ​យាង​មក​ដល់​បុរី​វ៉ាទីកង់ កាលពី​ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២។
សម្តេច​សង្ឃ​រ៉ូម៉ាំង​កាតូលិក​ប៉ាប Francis យាង​កាត់ឆ្មាំ Pontifical Swiss ពេល​ដែល​ព្រះអង្គ​យាង​មក​ដល់​បុរី​វ៉ាទីកង់ កាលពី​ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២។

សម្តេច​សង្ឃ​រ៉ូម៉ាំង​កាតូលិក​ប៉ាប Francis បានយាង​ទៅ​ស្ថានទូត​រុស្ស៊ី​ក្នុង​ទី​ក្រុង​រ៉ូម​កាល​ពី​ថ្ងៃ​សុក្រ​ដើម្បីសម្តែង​ព្រះ​ទ័យ​ព្រួយបារម្ភ​ផ្ទាល់​របស់​ព្រះអង្គ​ចំពោះ​សង្គ្រាម​នៅ​អ៊ុយក្រែន ដែល​នេះ​ជាព្រះកាយវិការ​ដែល​មិន​ធ្លាប់​មាន​សម្តេច​សង្ឃពី​មុនៗ​បាន​ធ្វើ។

សម្តេច​សង្ឃ​កាតូលិក​ជាទូទៅ​ តែង​ទទួល​ជួប​ឯកអគ្គរដ្ឋទូត​និង​ប្រមុខរដ្ឋ​នៅ​ក្នុង​បុរី​វ៉ាទីកង់​តែ​ម្តង។ ការណ៍​ដែល​សម្តេច​ប៉ាប Francis សម្រេច​ព្រះទ័យ​យាង​ចម្ងាយ​ខ្លី​ទៅ​ស្ថានទូត​រុស្ស៊ី​ក្នុង​ក្រុង​រ៉ូម ប្រទេស​អ៊ីតាលី ​ដែល​នៅ​ខាង​ក្រៅ​ជញ្ជាំង​បុរី​វ៉ាទីកង់ ជា​សញ្ញា​បង្ហាញ​អារម្មណ៍​ខ្លាំងក្លា​ចំពោះ​ការ​ឈ្លានពាន​របស់​រដ្ឋាភិបាល​ក្រុង​មូស្គូ​ទៅ​លើ​ប្រទេស​អ៊ុយក្រែន។

ក្រុម​មន្ត្រី​វ៉ាទីកង់​ថ្លែង​ថា​ ពួក​គេ​មិន​ដែល​ធ្លាប់​ឮ​អំពីចំណាត់ការ​បែប​នេះ​របស់​សម្តេច​សង្ឃ​មុនៗ​ទេ។

អ្នក​នាំពាក្យ​បុរី​វ៉ាទីកង់​លោក Matteo Bruni បាន​បញ្ជាក់​ថា សម្តេច​ប៉ាប Francis ចង់ «សម្តែង​ឱ្យ​ជាក់ច្បាស់​ពី​ការព្រួយបារម្ភ​ផ្ទាល់​របស់​ព្រះអង្គ​ចំពោះ​សង្គ្រាម​នេះ»។ លោក Bruni បន្ថែម​ថា សម្តេច​ប៉ាប​ បាន​យាង​ទៅ​ស្ថានទូត​រុស្ស៊ី​រយៈពេល​ប្រមាណ​ជាង​កន្លះ​ម៉ោង​តែ​ប៉ុណ្ណោះ។

សម្តេច​ប៉ាប បាន​អំពាវនាវ​ឱ្យ​មាន​ការ​សន្ទនា​គ្នា​ដើម្បី​បញ្ចប់​សង្គ្រាម​នេះ ហើយ​ព្រះអង្គ​ បាន​ទទូច​ឱ្យ​អ្នក​កាន់​សាសនា​ទាំង​ឡាយ កំណត់​យក​ថ្ងៃ​ពុធ​សប្តាហ៍​ក្រោយ ​គឺ​ថ្ងៃ​ទី​២ ខែ​មីនា ជា​ថ្ងៃ​សម្រាប់​តម​អាហារ​ និង​បួងសួង​សុំ​សន្តិភាពសម្រាប់​អ៊ុយក្រែន។

ក៏ប៉ុន្តែ សម្តេច​ប៉ាប​ មិន​បាន​រិះ​គន់រុស្ស៊ី​ជា​សាធារណៈ​ទេ ដែល​នេះ​ទំនង​ជា​ដោយសារ​ព្រះ​អង្គ​បារម្ភពី​ការ​ខឹងសម្បា​របស់​វិហារ​គ្រិស្តសាសនា​និកាយ Orthodox របស់​រុស្ស៊ី ដែល​ជា​ក្រុម​សាសនា​ដែល​ព្រះអង្គ​ កំពុង​ព្យាយាម​ពង្រឹង​ទំនាក់ទំនង​ជាមួយ៕

ប្រែសម្រួល​ដោយ​អ្នកស្រី​ ស៊ូ ពេជ្រចិន្តា

XS
SM
MD
LG