ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយក​រដ្ឋមន្ត្រី​ជប៉ុន​ នឹង​ពិភាក្សា​ទល់​មុខ​ជាមួយ​លោក Biden នៅ​ថ្ងៃ​សុក្រ​ស្អែក


រូបឯកសារ៖ នាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga និងរដ្ឋមន្រ្តី​ការបរទេស​លោក Toshimitsu Motegi ចូលរួម​កិច្ចប្រជុំ​ជាមួយ​រដ្ឋមន្រ្តី​ការបរទេស​ស.រ.អ​លោក Antony Blinken (មិនមានក្នុងរូប) នៅ​ការិយាល័យ​នាយករដ្ឋមន្ត្រី​ក្នុង​ទីក្រុង​តូក្យូ​នៃប្រទេស​ជប៉ុន កាលពី​ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១។
រូបឯកសារ៖ នាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga និងរដ្ឋមន្រ្តី​ការបរទេស​លោក Toshimitsu Motegi ចូលរួម​កិច្ចប្រជុំ​ជាមួយ​រដ្ឋមន្រ្តី​ការបរទេស​ស.រ.អ​លោក Antony Blinken (មិនមានក្នុងរូប) នៅ​ការិយាល័យ​នាយករដ្ឋមន្ត្រី​ក្នុង​ទីក្រុង​តូក្យូ​នៃប្រទេស​ជប៉ុន កាលពី​ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១។

នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក Yoshihide Suga បាន​ធ្វើ​ដំណើរទៅកាន់​សហរដ្ឋ​អាមេរិក​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដើម្បី​ពិភាក្សា​ទល់​មុខ​គ្នា​ជាមួយ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden នៅ​ថ្ងៃ​សុក្រ​ស្អែក ដោយ​ក្នុង​នោះ ក្ដី​បារម្ភ​អំពី​ប្រទេស​ចិន​គឺជា​របៀបវារៈ​ចម្បង​មួយ។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ដំណើរ​ទស្សនកិច្ច​នេះ​បាន​ធ្វើ​ឡើង បន្ទាប់ពី​មន្ត្រី​ជាន់​ខ្ពស់​សហរដ្ឋ​អាមេរិក​ពីរ​រូប​បាន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ជប៉ុន​កាលពី​ខែ​មីនា និង​បន្ទាប់ពី​មាន​កិច្ច​ប្រជុំ​របស់​បណ្ដា​មេដឹកនាំ​នៃ​ក្រុម​ប្រទេស Quad ដែល​ជា​សម្ព័ន្ធភាព​ចតុ​ភាគី ដែល​មាន​សហរដ្ឋ​អាមេរិក ជប៉ុន អូស្ត្រាលី និង​ឥណ្ឌា​ជា​សមាជិក។

ប្រធានបទ​សំខាន់​មួយ​នៃ​ដំណើរ​ទស្សនកិច្ច​នេះ គឺ​ការ​រួម​គ្នា​ទប់ទល់​នឹង​ចិន​នៅ​ចំ​ពេល​ដែល​មាន​ក្ដី​បារម្ភ​កើនឡើង​ទាន់ទិន​នឹង​ជំហរ​យោធា​របស់​ចិន និង​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​ចិន។

លោក Kunihiko Miyake នាយក​វិទ្យាស្ថាន​គោល​នយោបាយ​ការបរទេសជប៉ុន (Japan's Foreign Policy Institute) បាន​និយាយ​ថា នៅ​ក្នុង​ប្រទេស​ជប៉ុន ដំណើរ​ទស្សនកិច្ច​របស់​លោក Suga ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា «សញ្ញា​មួយ​ដែល​សហរដ្ឋ​អាមេរិក​បាន​ចាត់ទុក​តំបន់​អាស៊ី​បូព៌ាជា​អាទិភាព​កំពូល​មួយ​នៃ​វិស័យ​ការទូត​របស់​ខ្លួន»។

លោក​បាន​បន្ថែម​ថា៖ «ករណី​នេះ​មាន​ន័យ​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នៅ​ពេល​ឥឡូវនេះ​មាន​ក្ដី​បារម្ភ​ដូច​ជប៉ុន​ដែរ ដែល​នោះ​គឺ​ការ​ផ្លាស់ប្តូរ​យ៉ាង​ខ្លាំង​នៃបរិយាកាស​យុទ្ធសាស្ត្រ​នៅ​ក្នុង​តំបន់​អាស៊ី​បូព៌ា​ជាង​កាលពី​មួយ​ទសវត្សរ៍​មុន»។

សេចក្ដី​ថ្លែងការណ៍​រួម​របស់​លោក Biden និង​លោក Suga ត្រូវ​គេ​រំពឹង​ថា​នឹង​បញ្ជាក់​ឡើង​វិញ​ថា បណ្ដា​កោះ​ដែល​គ្រប់គ្រង​ដោយ​ជប៉ុន​គឺ​ត្រូវ​បាន​ការពារ​នៅ​ក្រោម​សន្ធិសញ្ញា​សន្តិសុខ​រវាង​ប្រទេស​ជប៉ុន​និង​សហរដ្ឋ​អាមេរិក។ សេចក្ដី​ថ្លែងការណ៍​រួម​នោះ​ក៏​អាច​លើកឡើង​អំពី​ក្ដី​បារម្ភ​រឿង​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ទីក្រុង​ហុងកុង​និង​នៅ​ក្នុង​តំបន់ Xinjiang ផងដែរ៕

XS
SM
MD
LG