រដ្ឋមន្ត្រីការពារប្រទេសនិងការបរទេសមកពីសហរដ្ឋអាមេរិកនិងជប៉ុន បានជួបពិភាក្សាគ្នានៅថ្ងៃអង្គារនេះ អំពីការព្រួយបារម្ភរបស់ខ្លួនចំពោះមហិច្ឆតានៃការទាមទារទឹកដីកាន់តែខ្លាំងឡើងរបស់ចិន នៅក្នុងសមុទ្រចិនខាងកើតនិងខាងត្បូង។ រដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden កំពុងព្យាយាមធ្វើការបញ្ជាក់ឡើងវិញដល់សម្ព័ន្ធមិត្តសំខាន់ៗនៅក្នុងតំបន់អាស៊ី។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken និងរដ្ឋមន្ត្រីការពារប្រទេសលោក Lloyd Austin បានជួបសមភាគីជប៉ុនគឺ លោក Toshimitsu Motegi រដ្ឋមន្ត្រីការបរទេសនិងលោក Nobuo Kishi រដ្ឋមន្ត្រីការពារប្រទេស នៅក្នុងការប្រជុំដែលមានឈ្មោះថា «២បូកនិង២» នៅថ្ងៃអង្គារនេះ។ លោក Blinken បានថ្លែងបើកការប្រជុំថា រដ្ឋមន្ត្រីរបស់សហរដ្ឋអាមេរិកមកទីនេះ ដើម្បីបញ្ជាក់ឡើងវិញពីការតាំងចិត្តរបស់អាមេរិកដល់សម្ព័ន្ធភាព ហើយនឹងធ្វើឲ្យវាកាន់តែរឹងមាំឡើង។
លោករដ្ឋមន្ត្រីការបរទេសអាមេរិកក៏បានបញ្ជាក់ដែរថា រដ្ឋបាលរបស់លោក Biden បានតាំងចិត្តធ្វើការជាមួយសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ហើយនឹងបណ្តាប្រទេសនៅក្នុងតំបន់និងគាំទ្រតម្លៃរួមនៃសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅពេលដែលពួកគេប្រឈមបញ្ហាសំខាន់ៗពីចិននិងកូរ៉េខាងជើង។
លោក Blinken បានមានប្រសាសន៍ទៀតថា៖ «យើងជឿជាក់លើលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្សនិងនីតិរដ្ឋ» ក៏ប៉ុន្តែគុណតម្លៃទាំងនេះកំពុងរងការគំរាមកំហែងនៅក្នុងតំបន់ «មិនថានៅក្នុងប្រទេសមីយ៉ាន់ម៉ាឬចិន»។ លោករដ្ឋមន្ត្រីការបរទេសអាមេរិក បានបញ្ជាក់ទៀតថា សហរដ្ឋអាមេរិកនឹងធ្វើការជាមួយសម្ព័ន្ធមិត្តរបស់ខ្លួនដើម្បីជួយធ្វើឲ្យសម្រេច«ចក្ខុវិស័យរួមមួយនៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដែលសេរីនិងបើកចំហ»។
ការសម្រេចចិត្តរបស់លោកប្រធានាធិបតី Joe Biden ដើម្បីបញ្ជូនរដ្ឋមន្ត្រីសំខាន់ៗទៅប្រទេសជប៉ុនក្នុងដំណើរទស្សនកិច្ចទៅបរទេសលើកទី១របស់អស់លោក ជាជាងធ្វើជាម្ចាស់ផ្ទះទទួលក្រុមមន្ត្រីជប៉ុននៅរដ្ឋធានីវ៉ាស៊ីនតោន មានអត្ថន័យយ៉ាងជ្រាលជ្រៅសម្រាប់ជប៉ុន ដែលចាត់ទុកសម្ព័ន្ធភាពរបស់ខ្លួនជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនថាជាគោលនយោបាយការទូតនិងសន្តិសុខចម្បងរបស់ខ្លួន។
ដោយឡែក ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា នាយករដ្ឋមន្ត្រីជប៉ុនលោក Yoshihide Suga បានទទួលការចាក់វាក់សាំងបង្ការកូវីដ១៩ដូសទី១នៅថ្ងៃអង្គារនេះ ដើម្បីប្រុងប្រៀបជួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នៅខែក្រោយ ដោយលោក Suga បានក្លាយជាមន្ត្រីរដ្ឋាភិបាលដំបូងរបស់ជប៉ុនដែលបានចាក់វ៉ាក់សាំងជាសាធារណៈ។
មន្ត្រីជប៉ុនប្រមាណពី៨០ទៅ៩០នាក់ផ្សេងទៀត ក៏នឹងត្រូវចាក់វ៉ាក់សាំងមុនពេលធ្វើដំណើរនៅដើមខែមេសាទៅកាន់សហរដ្ឋអាមេរិក ដែលនៅទីនោះ លោកនាយករដ្ឋមន្ត្រី Suga នឹងក្លាយជាមេដឹកនាំពិភពលោកលើកដំបូងដែលជួបជាមួយលោកប្រធានាធិបតី Biden ចាប់តាំងពីលោកបានក្លាយជាប្រធានាធិបតី៕