ប្រទេសជប៉ុននៅថ្ងៃសុក្រនេះ បានអនុម័តគោលនយោបាយថ្មីមួយដែលមានរយៈពេល៥ឆ្នាំ ស្តីពីមហាសមុទ្រ ដែលនឹងអំពាវនាវឱ្យមានវិធានការសន្តិសុខដែនសមុទ្រកាន់តែខ្លាំងជាងមុន ដែលក្នុងនោះរួមទាំងការជំរុញសមត្ថភាពឆ្មាំសមុទ្រ និងកិច្ចសហប្រតិបត្តិការជាមួយក្រុមយោធាជប៉ុន ស្របពេលដែលប្រទេសចិនកំពុងបង្កើនសកម្មភាពដ៏គឃ្លើនកាន់តែខ្លាំងឡើងនៅក្នុងតំបន់។ នេះបើយោងលើសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
ផែនការជាមូលដ្ឋានថ្មីស្តីពីនយោបាយមហាសមុទ្រនេះ ដែលត្រូវបានអនុម័តដោយគណៈរដ្ឋមន្ត្រីរបស់លោកនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida នោះ ក៏បាននិយាយផងដែរថា ជប៉ុនត្រូវជំរុញការអភិវឌ្ឍគ្រឿងយន្តប្រើក្រោមទឹកស្វយ័តរបស់ខ្លួន ក៏ដូចជាការប្រើប្រាស់មនុស្សយន្តដែលអាចបញ្ជាពីចម្ងាយ ដើម្បីជំរុញសមត្ថភាពស៊ើបការណ៍របស់ខ្លួនឱ្យកាន់តែខ្លាំងឡើងថែមទៀត។
គោលនយោបាយថ្មីរបស់ជប៉ុននេះ ក៏បានលើកឡើងពីការគំរាមកំហែងមួយចំនួន ដូចជា នាវាឆ្មាំសមុទ្រចិន បានជ្រៀតជ្រែកចូលជាញឹកញាប់មកក្នុងដែនទឹកជប៉ុន ការធ្វើសកម្មភាពគ្មានការអនុញ្ញាតកាន់តែច្រើនឡើងនៃទូកស៊ើបការណ៍បរទេស មកក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុន ការធ្វើសមយុទ្ធយោធារួមគ្នារវាងចិននិងរុស្ស៊ីកាន់តែកើនឡើងច្រើន ក៏ដូចជាការបាញ់មីស៊ីលជាច្រើនលើកច្រើនសាររបស់ប្រទេសកូរ៉េខាងជាដើមផងដែរ។
នាយករដ្ឋមន្ត្រីជប៉ុនលោក Kishida បាននិយាយនៅក្នុងកិច្ចប្រជុំគោលនយោបាយមួយនៅថ្ងៃសុក្រនេះថា៖ «ស្ថានភាពតឹងតែងនៅក្នុងមហាសមុទ្រជុំវិញប្រទេសជប៉ុនកំពុងមានការកើនឡើង។ វាដល់ពេលវេលាហើយសម្រាប់យើង ដើម្បីបញ្ចូលនូវឧត្តមភាពរបស់យើងទៅលើវិស័យឧស្សាហកម្ម ការសិក្សា និងរដ្ឋាភិបាល សម្រាប់កំណែទម្រង់គោលនយោបាយមហាសមុទ្រ ឬក៏ហៅម្យ៉ាងទៀតថា ជាការផ្លាស់ប្តូរគោលការណ៍មហាសមុទ្រ»។
គោលនយោបាយមហាសមុទ្រថ្មីរបស់ជប៉ុននៅពេលនេះ ដើរទន្ទឹមគ្នានឹងយុទ្ធសាស្ត្រសន្តិសុខជាតិថ្មីមួយរបស់ជប៉ុន ដែលរដ្ឋាភិបាលលោក Kishida បានអនុម័តកាលពីខែធ្នូឆ្នាំកន្លងទៅ ដែលជាការងាកចេញដ៏ខ្លាំងពីគោលការណ៍ស្វ័យការពារតែប៉ុណ្ណោះ ដែលប្រទេសនេះធ្លាប់អនុវត្តក្នុងពេលកន្លងទៅ នៅក្រោមរដ្ឋធម្មនុញ្ញសន្តិភាពនិយមរបស់ខ្លួនក្រោយសង្គ្រាមលោកលើកទី២មក៕