មន្ត្រីយោធាកំពូលរបស់សហរដ្ឋអាមេរិកបានព្រមានអំពីការប្រជែងសព្វាវុធកើនឡើងនៅក្នុងតំបន់ប៉ាស៊ីហ្វិកភាគខាងលិច ស្របពេលដែលប្រទេសនានាកាន់តែព្រួយបារម្ភឡើងអំពីការបង្កើនឥទ្ធិពលយោធារបស់ប្រទេសចិននៅក្នុងតំបន់បន្ទាប់ពីមានការឈ្លានពានរបស់ប្រទេសរុស្ស៊ីលើប្រទេសអ៊ុយក្រែនមក។
លោកនាយឧត្តមសេនីយ៍ Mark Milley ដែលជាប្រធានក្រុមនាយសេនាធិការកងទ័ពសហរដ្ឋអាមេរិក បានប្រាប់សមាជិកគណៈកម្មាធិការកិច្ចការការពារជាតិរបស់ព្រឹទ្ធសភាអាមេរិកកាលពីថ្ងៃទី ២៨ ខែមីនាថា៖ «នៅពេលឥឡូវនេះ ពិតជាមានការរាយការណ៍តិចតួចជាងជាក់ស្ដែងអំពីការប្រជែងសព្វាវុធដែលកំពុងបន្តធ្វើនៅក្នុងតំបន់ប៉ាស៊ីហ្វិកភាគខាងលិច។ ប្រទេសនៅក្នុងតំបន់នេះកំពុងបំពាក់អាវុធខ្លួនឯង ហើយលើកលែងតែករណីតិចតួចតែប៉ុណ្ណោះ ពួកគេពិតជាចង់ឱ្យសហរដ្ឋអាមេរិកប្រឡូកនៅក្នុងតំបន់នោះ»។
កាលពីខែមីនា ប្រទេសអូស្ត្រាលីបានដាក់បង្ហាញផែនការមួយដែលមានទឹកប្រាក់ ២០០ ពាន់លានដុល្លារសម្រាប់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។ ប្រទេសជប៉ុនក៏បានបង្កើនផងដែរនូវសមត្ថភាពវាយលុករបស់ខ្លួននិងបង្កើនទ្វេដងនូវការវិនិយោគលើផ្នែកការពាររបស់ខ្លួន នៅពេលប្រកាសអំពីការដាក់ពង្រាយថ្មីនូវកងទ័ពរបស់សហរដ្ឋអាមេរិកលើកោះនានានៅភាគខាងត្បូងប្រទេសជប៉ុន ដែលបំពាក់ដោយមីស៊ីលចល័តបាញ់នាវាក្នុងគោលបំណងទប់ទល់ជាមួយនឹងការវាយប្រហារដំបូងណាមួយពីប្រទេសចិន។
ស្របពេលនេះដែរ ចិនបានអះអាងអំពីគោលបំណងរបស់ខ្លួននៅក្នុងការត្រួតត្រាលើការធ្វើនាវាចរណ៍ណាមួយចូលទៅកាន់សមុទ្រចិនខាងត្បូង និងនៅក្នុងការដណ្ដើមត្រួតត្រាលើកោះតៃវ៉ាន់តាមរយៈកម្លាំងប្រសិនបើចាំបាច់។
លោក Milley បាននិយាយថា ចិនបាន «ព្យាយាមធ្វើយ៉ាងណាឱ្យក្លាយជាអនុត្តរប្រទេសនៅក្នុងតំបន់» ដែលនាំឱ្យខូចប្រយោជន៍ដល់ប្រទេសនានាដូចជាហ្វីលីពីនជាដើមនៅក្នុងផ្នែកមួយនៃកិច្ចប្រឹងប្រែងនេះ។
លោក Milley បានបញ្ជាក់ដូច្នេះថា៖ «ហេតុដូចនេះហើយបានជារដ្ឋមន្ត្រីការពារជាតិអាមេរិក [លោក Lloyd Austin] ធ្វើដំណើរទៅកាន់ប្រទេសហ្វីលីពីន។ ហេតុដូចនេះហើយបានជាយើងសម្លឹងមើលលើលទ្ធភាពនៃការដាក់ពង្រាយកងទ័ពនិងការត្រួតពិនិត្យ។ ហេតុដូចនេះហើយបានជាយើងសម្លឹងមើលលើការតាំងទីជាថ្មីនៅក្នុងតំបន់ប៉ាស៊ីហ្វិកភាគខាងលិច។ វាគឺជាការរៀបចំឱ្យមានកងកម្លាំងឋិតថេរនៅទីនោះដើម្បីកម្លារារាំងមិនឱ្យមានជម្លោះប្រដាប់អាវុធជាមួយនឹងប្រទេសចិន ដែលជាមហាអំណាចនៅទីនោះ»។
កាលពីខែកុម្ភៈ ប្រទេសហ្វីលីពីនបានកំណត់ឱ្យមាននូវមូលដ្ឋាន ៤ បន្ថែមទៀតសម្រាប់កងកម្លាំងសហរដ្ឋអាមេរិកនៅក្នុងការធ្វើប្រតិបត្តិការ។ ការប្រកាសនេះបានបង្ហាញឱ្យឃើញអំពីការងាកត្រឡប់មករកសហរដ្ឋអាមេរិកវិញ បន្ទាប់ពីអតីតប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានដកខ្លួនឆ្ងាយពីសហរដ្ឋអាមេរិក។
សហរដ្ឋអាមេរិកបានបន្តពង្រីកភាពជាដៃគូយោធាជាមួយនឹងប្រទេសកូរ៉េខាងត្បូង ជប៉ុន ហ្វីលីពីន ថៃ អូស្ត្រាលី និងប្រទេសផ្សេងទៀតក្នុងក្ដីសង្ឃឹមថាអាចរក្សាផ្លូវទឹកអន្តរជាតិនានាឱ្យនៅបើកចំហនិងកសាងនូវអ្វីដែលមន្ត្រីនានារួមទាំងលោក Milley ផងដែរហៅថាជា «ការមានប្រៀបខាងយុទ្ធសាស្ត្រលើប្រទេសចិន»។
ប៉ុន្តែ សមាជិកសភាអាមេរិកខាងគណបក្សសាធារណរដ្ឋកាលពីថ្ងៃទី ២៨ ខែមីនាបានរិះគន់ខ្លាំងក្លាលើសំណើថវិការបស់ក្រសួងការពារជាតិអាមេរិកថាមានលក្ខណៈមិនគ្រប់គ្រាន់ ជាពិសេសសម្រាប់តំបន់ប៉ាស៊ីហ្វិក។
លោក Roger Wicker សមាជិកព្រឹទ្ធសភាតំណាងរដ្ឋ Mississippi ដែលជាសមាជិកជាន់ខ្ពស់បំផុតនៃគណៈកម្មាធិការកិច្ចការការពារជាតិរបស់ព្រឹទ្ធសភាអាមេរិក បាននិយាយថា៖ «ក្នុងពេល ៣ ឆ្នាំជាប់ៗគ្នានេះ លោកប្រធានាធិបតី [Joe] Biden បានដាក់សំណើថវិកាមកកាន់សភាដែលកាត់បន្ថយការចំណាយផ្នែកយោធា នៅចំពេលមានបរិយាកាសគំរាមកំហែងដ៏គ្រោះថ្នាក់និងស្មុគស្មាញជាងមុន»។
លោកបានបន្ថែមថា៖ «សំណើថវិកានៅឆ្នាំនេះគឺជាសំណើចុងក្រោយបង្អស់ដែលមានថវិកាផ្គត់ផ្គង់ដល់សមត្ថភាពនានាដែលទំនងជានឹងត្រូវប្រើប្រាស់មុនឆ្នាំ ២០២៧ ដែលជាឆ្នាំដែល [ប្រធានាធិបតីចិន] លោក Xi Jinping បាននិយាយថាលោកចង់ឱ្យកងទ័ពចិនត្រៀមលក្ខណៈរួចរាល់ដើម្បីដណ្ដើមគ្រប់គ្រងកោះតៃវ៉ាន់។ ហេតុដូចនេះហើយបានជាធ្វើឱ្យកិច្ចការរបស់យើងនៅទីនេះកាន់តែបន្ទាន់ខ្លាំងឡើង»។
លោក Dan Sullivan សមាជិកព្រឹទ្ធសភាតំណាងរដ្ឋ Alaska បានចោទសួរលើការកាត់បន្ថយថវិកាសម្រាប់យោធានៅពេលដែលលោក Milley និងលោក Austin បានយល់ស្របថាជាពេលដែលមានគ្រោះថ្នាក់បំផុតតាំងពីសម័យសង្គ្រាមលោកលើកទីពីរមក។
លោក Sullivan បានសួរដូច្នេះថា៖ «ការកាត់បន្ថយថវិកានៅពេលនេះធ្វើឱ្យកងទ័ពជើងគោករួញតូច ធ្វើឱ្យកងទ័ពជើងទឹករួញតូច ធ្វើឱ្យកងទ័ពម៉ារីនរួញតូច។ តើការធ្វើដូច្នេះមិនមែនរឹតតែធ្វើឱ្យលោក Xi Jinping និង [ប្រធានាធិបតីរុស្ស៊ីលោក Vladimir] Putin ហ៊ានជាងមុនជាជាងកម្លារារាំងពួកគេមែនទេ?»។
លោក Milley បាននិយាយថា ថវិកានេះតំណាងជាពិសេសឱ្យ «យុទ្ធសាស្ត្រសង្គ្រាមតែមួយ» ដែលផ្ដោតធនធានលើកងទ័ពជើងទឹកនិងកងទ័ពជើងអាកាស ដែលជាសាខាកងទ័ពពីរដែលក្រសួងការពារជាតិអាមេរិកថាត្រូវការជាចាំបាច់នៅក្នុងការប្រយុទ្ធណាមួយដែលអាចកើតឡើងជាមួយនឹងចិន៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ
មន្ត្រីយោធាកំពូលអាមេរិកព្រមានអំពីការប្រជែងសព្វាវុធនៅតំបន់ប៉ាស៊ីហ្វិកភាគខាងលិច
វ៉ាស៊ីនតោន —