ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​កូរ៉េខាងត្បូង​នឹង​ថ្លែងសុន្ទរកថា​ទៅកាន់​រដ្ឋសភា​អាមេរិក​នៅ​ថ្ងៃ​ព្រហស្បតិ៍


ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden នៅសួន Rose Garden នៃសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២៣។
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden នៅសួន Rose Garden នៃសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២៣។

លោក Yoon Suk Yeol ប្រធានាធិបតី​កូរ៉េខាងត្បូង នឹង​ថ្លែង​សុន្ទរកថា​មួយ​នៅ​ចំពោះ​មុខ​រដ្ឋសភា​អាមេរិក​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ខណៈ​លោក​ត្រៀម​បញ្ចប់​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​លោក​មក​កាន់​សហរដ្ឋ​អាមេរិក។ នេះ​គឺជា​ទស្សនកិច្ច​ដើម្បី​អបអរ​សាទរ​ខួប​ ៧០ ឆ្នាំ​នៃ​សម្ព័ន្ធភាព​រវាង​សហរដ្ឋ​អាមេរិក​និង​កូរ៉េខាងត្បូង។

អតីតប្រធានាធិបតី​កូរ៉េខាងត្បូង​ ៦ រូប​ ធ្លាប់​បាន​ថ្លែង​សុន្ទរកថា​ទៅកាន់​រដ្ឋសភា​អាមេរិក​កាលពី​មុន។

កាលពី​ថ្ងៃ​ពុធ លោក Yoon បាន​ជួប​ពិភាក្សា​គ្នា​ជាមួយ​លោក Joe Biden ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដើម្បី​ពិភាក្សា​អំពី​ហានិភ័យ​ដែល​បង្ក​ឡើង​ដោយ​កូរ៉េខាងជើង ​កិច្ចការ​នានា​ដើម្បី​ពង្រឹង​ទំនាក់​ទំនង​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​ពីរ និង​វិធីសាស្ត្រ​ក្នុង​ការ​ទប់ទល់​នឹង​ឥទ្ធិពល​ដែលកាន់​តែ​កើន​ឡើង​របស់​ចិន រួម​ទាំង​បញ្ហា​សំខាន់ៗ​ផ្សេងៗ​ទៀត​ផងដែរ។

មុន​ជំនួប​ទាំង​នេះ មេដឹកនាំ​ទាំងពីរ​រូប​ក៏​បាន​ចេញ​សេចក្តីប្រកាស​ Washington ដែល​ក្នុង​នោះ​កូរ៉េខាង​ត្បូង​បាន​យល់​ព្រម​មិន​បង្កើតកម្មវិធី​ផលិត​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន ដែល​ជា​ការ​ដោះដូរ​នឹង​តួនាទី​នៅ​ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ច្រើនជាង​មុន​ នៅក្នុង​ផែនការទប់ស្កាត់​របស់​សហរដ្ឋ​អាមេរិក គ្រា​ដែល​មាន​ការ​វាយប្រហារ​នុយក្លេអ៊ែរ​ពី​កូរ៉េខាងជើង។ ស្របពេល​ជាមួយគ្នា​នោះ រដ្ឋាភិបាល​អាមេរិក​ក៏​បាន​ប្តេជ្ញាថា​នឹង​ពង្រឹង​វត្តមាន​អាមេរិក​កាន់តែ​ខ្លាំង​ឡើង​នៅ​ក្នុង​តំបន់​ផងដែរ។

កាលពី​ល្ងាច​ពុធ លោក Yoon និង​លោក Biden បាន​ចូលរួម​ពិធី​លាង​សាយភោជន៍​នៅ​សេតវិមាន ដោយ​មាន​ភ្ញៀវ​កិត្តិយស​ជា​អ្នក​នយោបាយ ពាណិជ្ជករ និង​តារា​ហូលីវូដ​ចូលរួម​ជាច្រើន​នាក់។ នេះ​ជា​ពិធីលាង​សាយភោជន៍​លើក​ទី ២ ប៉ុណ្ណោះក្នុង​អំឡុង​រដ្ឋបាល​លោក Biden ដែល​លើក​ដំបូង​ត្រូវបាន​ធ្វើ​ឡើង​ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​បារាំង​លោក Emmanuel Macron។

កាលពី​ថ្ងៃ​អង្គារ លោក Biden និង​លោក Yoon អម​ដំណើរ​ដោយ​ភរិយា​របស់​លោក​ទាំង​ពីរ បាន​ធ្វើ​ទស្សនកិច្ច​នៅ​បូជនីយដ្ឋាន​ Korean War Memorial ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​របស់​យុទ្ធជន​ដែល​បាន​ពិលី​ជីវិត​នៅ​ក្នុង​អំឡុង​សង្គ្រាម​កូរ៉េ៕

XS
SM
MD
LG