ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​សរសេរប្លុក​ជន​ជាតិ​វៀត​ណាម​ដែល​ជាប់​ពន្ធ​នាគារ​​ត្រូវ​បាន​សហរដ្ឋ​អាមេរិក​ជូន​រង្វាន់


អ្នក​សរសេរ​ប្លុក​ជន​ជាតិ​វៀតណាម Nguyen Ngoc Nhu Quynh អាយុ​៣៧ ដែល​គេ​ហៅ​ថា​ម្តាយ​ផ្សិត។
អ្នក​សរសេរ​ប្លុក​ជន​ជាតិ​វៀតណាម Nguyen Ngoc Nhu Quynh អាយុ​៣៧ ដែល​គេ​ហៅ​ថា​ម្តាយ​ផ្សិត។

អ្នក​សរសេរ​ប្លុក​វៀត​ណាម​ដែល​គេ​ស្គាល់​ឈ្មោះ​ថា​ Me Nam​ ឬ ​ម្តាយ​ផ្សិត ខក​ខាន​មិន​បាន​ជួប​លោកស្រី ​Melania Trump ​ភរិយា​ប្រធានា​ធិបតី​ ត្រាំ​ នៅ​ពេល​ដែល​លោកស្រី​ភរិយា​ប្រធានា​ធិបតី​ត្រាំ​ប្រគល់​រង្វាន់​ស្រ្តី​អង់​អាច​ក្លា​ហាន​អន្តរជាតិ​ដល់​ស្រ្តី​ចំនួន​១៣​នាក់​នៅ​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​ពុធ។​

នៅថ្ងៃ​ប្រគល់រង្វាន់​នេះ ​លោកស្រី Nguyen Ngoc Nhu Quynh ​សកម្ម​ជន​សង្គម​បាន​ស្ថិត​នៅ​ក្នុង​គុក​ខេត្ត ​Khanh Hoa ដែល​នៅ​ទី​នោះ​លោក​ស្រី​បាន​ត្រូវគេ​ឃុំ​ខ្លួន​ចាប់​តាំងពី​លោក​ស្រី​បាន​ត្រូវ​គេ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី១០ ​ខែ​តុលា ​បន្ទាប់​ពី​ចុះ​ផ្សាយ​អំពី​មនុស្ស​ដែល​បាន​ស្លាប់​នៅ​ក្នុង​ការ​ឃុំ​ឃាំង​របស់​ប៉ូលិស។

Mother Mushroom ឬ​ម្តាយ​ផ្សិត​គឺ​ជា​ឈ្មោះ​របស់​លោក​ស្រី​នៅ​ក្នុង​ប្លុក​ដែល​បានចាប់​ផ្តើម​សរសេរនៅ​ឆ្នាំ​២០១៦។ លោក​ស្រី​ជា​ស​មាជិក​ម្នាក់​ដែល​បាន​បង្កើត​បណ្តាញ​អ្នក​សរសេរ​ប្លុក​វៀត​ណាម​ឬ ​Vietnamese Bloggers Network។ ក្រុម​នេះ​ជា​ក្រុម​សរសេរ​ប្លុក​ឯករាជ្យ​មួយ​នៃ​ក្រុម​សរសេរ​ប្លុក​ឯករាជ្យ​បី​បួន​នៅ​ក្នុង​ប្រទេស​ដែលគណបក្ស​កុម្មុយនិស្ត​ត្រួត​ត្រា​យ៉ាង​តឹង​រ៉ឹង​ទៅ​លើ​បណ្តាញ​ព័ត៌​មាន ​និង​អ្នក​និពន្ធ។

លោក​ស្រីរង​ការ​ចោទ​ប្រកាន់​នៅ​ក្រោម​មា​ត្រា​ទី​៨៨​នៃ​ក្រមព្រហ្មទណ្ឌ​ឆ្នាំ​១៩៩៩​ «ពី​ការ​ផ្សព្វផ្សាយ​ការ​ឃោសនា​ប្រឆាំង​សាធារណរដ្ឋ​សង្គម​និយម​វៀត​ណាម‍»។ រដ្ឋាភិបាលមិន​បាន​កំណត់​កាល​បរិច្ឆេទ​សម្រាប់​ការ​កាត់​ទោស​ទេ ​ហើយ​លោកស្រី​អាច​ប្រឈម​មុខ​ជាប់​ពន្ធ​នាគារ​អតិបរមា​១២​ឆ្នាំ។ ច្បាប់​ដែល​មាន​ពាក្យ​ពេជន៍​មិន​ច្បាស់​លាស់​បាន​ធ្វើ​ឲ្យ​មាន​ការ​ថ្កោល​ទោស​ពី​អន្តរជាតិ​ចំពោះ​អំណាច​ដែល​ច្បាប់​នោះ​ផ្តល់​ឲ្យ​រដ្ឋាភិបាល​ដើម្បី​បង្ក្រាប​ពួក​ប្រឆាំង។

លោក ​Grace Choi ​អ្នកនាំ​ពាក្យ​ការិយាល័យ​អាស៊ីប៉ាស៊ីហ្វិក​នៃ​ក្រសួង​ការបរ​ទេសសហរដ្ឋ​អាមេរិក​និយាយ​ថា សហរដ្ឋ​អាមេរិក​ទទួល​ស្គាល់ ​«លោកស្រី Mother Mushroom ឬ​ម្តាយ​ផ្សិត​ចំពោះ​ភាព​អង់​អាច​ក្លាហាន​របស់​លោក​ស្រី​ដើម្បី​លើក​ឡើង នូវ​បញ្ហា​សង្គម​ស៊ីវិល ​ជំរុញ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ដោយ​សន្តិវិធី ​អំពាវនាវ​ឲ្យ​មាន​តម្លាភាព​ក្នុង​ការ​គ្រប់​គ្រង​កាន់​តែ​ខ្លាំង​ឡើង​ហើយ​នឹង​ឲ្យ​មានការ​គោរព​សិទ្ធិ​មនុស្ស​ជា មូលដ្ឋាន និង​តំណាង​ឲ្យ​សេរីភាព​នៃការ​បញ្ចេញ​មតិ‍»។

ពួក​អ្នកការទូត​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ទីក្រុង​ហាណូយ​និង​ទី​ក្រុង​សៃហ្គន​បាន​ចុះ​ផ្សាយ​ព័ត៌មាននៅ​ក្នុង​បណ្តាញ​សង្គម​ Facebook អំ​ពីការ​ប្រគល់រង្វាន់​ឲ្យលោកស្រី Mother Mushroom ឬ ​ម្តាយផ្សិត​ ​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​ដែល​បាន​ទាក​ទាញមនុស្ស​រាប់​ពាន់​នាក់​ឲ្យ​ចុច “likes” ​មុនពេល​ចាប់​ផ្តើមពិធី​ប្រគល់​រង្វាន់​ដល់​ស្រ្តី​អង់អាច​ក្លាហាន​អន្តរជាតិ​ផ្លូវការ។

លោក Choi បាន​និយាយ​បន្ថែម​ទៀត​ថា ​ចាប់​តាំង​ពីរង្វាន់​នេះ​ត្រូវបាន​បង្កើត​ឡើងនៅ​ឆ្នាំ​២០០៧​មក ​រង្វាន់​នោះ​ជា​រឿយៗ​បាន​ប្រគល់​ជូន​ស្រ្តី​នៅ​ក្នុង​ពន្ធនា​គារ​ចំពោះ​សកម្ម ភាព​របស់​ពួកគេ។ លោក ​Choi ​បាន​និយាយ​ថា៖ «ការលះបង់​របស់​លោកស្រី Nguyen Ngoc Nhu Quynh ​ដើម្បីលាត​ត្រដាង​អំពើ​ពុករលួយ ​បាន​បង្កើន​ការ​យល់​ដឹង​អំពីការ ការ​ពារ​បរិដ្ឋាន ​ហើយ​នឹង​រាយការណ៍​អំពី​ការ​រំលោភ​សិទ្ធិ​មនុស្សនៅ​ក្នុង​ប្រទេស​វៀតណាម​បានលើក​ទឹក​ចិត្តពួក​សកម្មជន​គ្រប់​ទីកន្លែង​ហើយ​បាន​ធ្វើ​ឲ្យ​លោកស្រី​ក្លាយ​ជា​សកម្ម​ជនប្រព័ន្ធ​ Internet ​ដ៏ល្បី​ល្បាញ​ម្នាក់​នៅ​ក្នុង​ប្រទេស​វៀត​ណាម»។

លោក Le Hai Binh ​អ្នកនាំ​ពាក្យ​ក្រសួងការ​បរទេស​វៀត​ណាម ​បាន​និយាយ​ថា ​ការ​ប្រគល់​រង្វាន់​ទៅ​ឲ្យ​ជន​ណាម្នាក់​ដែល​ត្រូវបាន​ស៊ើបអង្កេត​ចំពោះ​ការ​រំលោភ​ច្បាប់​វៀត​ណាម ​ជា​ការ​មិន​ត្រឹម​ត្រូវ​ហើយ​មិន​បាន​ផ្តល់ប្រយោជន៍​ដល់​ការ​អភិវឌ្ឍ​នៃ​ទំនាក់​ទំនង​របស់​ប្រទេស​ទាំង​២​ទេ។

​លោក Bui Thi​ Minh Hang ​ជា​សកម្ម​ជន​នៅ​ក្នុង​ទីក្រុង​សៃហ្គន​បាន​ប្រាប់ VOA ថា ​ការទទួល​ស្គាល់​លោកស្រី​ Mother Mushroom​ ឬ ម្តាយផ្សិតនេះ​គឺ​កើត​មាន​ចំ​កាលៈ ទេសៈ ​«ពីព្រោះ អ្នក​សរសេរ​ប្លុក​ផ្សេង​ទៀត​ដូចជា​លោក Tran Thi Thuy Nga ​ក៏​បាន​ត្រូវ​គេ​ចាប់​ដាក់​ពន្ធ​នាគារដែរ។ មនុស្ស​ទាំងអស់​នោះ​ដែល​ហ៊ាន​ក្រោក​ឈរ​ឡើង​ដើម្បី​ប្រយុទ្ធ ​ដែល​ហ៊ាន​និយាយ​ការពិត​នៅ​ក្នុង​របប​បិសាច ​មនុស្ស​ទាំងនោះ​ជាមនុស្ស​ក្លា​ហាន‍»។

ការ​សរសេរ​ប្លុក​របស់​លោកស្រី ​Mother Mushroom ឬ ម្តាយ​ផ្សិត​នាំ​ឲ្យ​មាន​ការ​ចាប់​ខ្លួន​មនុស្ស​ជា​ច្រើន ​ក៏ប៉ុន្តែ​ជីវិតរបស់​លោកស្រី​បាន​ផ្លាស់​ប្តូរ​នៅ​ឆ្នាំ​២០០៩​ បន្ទាប់​ពី​រដ្ឋាភិបាល​បាន​ចាប់​ខ្លួន​លោកស្រី​ចំពោះ​ការ​សរសេរ​អំពី​គម្រោង​អាជីវកម្ម​រ៉ែ​បុកស៊ីត​ដោយ​សារ​បាន​រាប់​បញ្ចូលក្រុមហ៊ុនចិនមួយ​ថា​ជា​ក្រុម​ហ៊ុន​ដែល​ធ្វើ​វិនិយោគ​ចំណោម​ពួក​អ្នក​វិនិយោគ​ទុន​ក្នុង​គម្រោង​នោះ។ ដោយសារ​តែ​ឥទ្ធិ​ពល​របស់​ចិន​នៅ​ក្នុង​សេដ្ឋកិច្ច​របស់​វៀតណាម​ជា​ប្រធាន​បទ​នយោបាយ លោក​ស្រី​ត្រូវ​បាន​គេ​ដោះ​លែង​ដោយ​គ្មាន​ការ​ចោទ​ប្រកាន់​មួយ​សប្តាហ៍​ក្រោយ​មក។

បន្ទាប់​ពី​ព្រឹត្តិការណ៍​ដ៏​សំខាន់​នោះ ពាណិជ្ជកម្ម​ទេសចរណ៍​និង​ជីវភាព​គ្រួសាររបស់លោក​ស្រី Mother Mushroom​ ឬ ​ម្តាយ​ផ្សិតបាន​រង​ផល​ប៉ះពាល់។ នេះ​បើ​តាមម្តាយ​របស់​លោកស្រី​គឺ ​លោកស្រី Nguyen Thi Tuyet Lan ​ដែលរស់​នៅ​ទីក្រុង​ Nha Trang។ចាប់​តាំង​ពីការ​ចាប់​ខ្លួន​កូន​ស្រី​របស់​លោកស្រី​មក ជីដូន​ដែល​មាន​អាយុ​៩០​ឆ្នាំ​របស់​អ្នក​សរសេរ​ប្លុក​នោះ ​មាន​ការ​ភ័យ​ខ្លាចហើយ​កូន​របស់​លោកស្រីដែល​មាន​ឈ្មោះ​ក្រៅ​ហៅ​ថាផ្សិត​និង​ខ្លាឃ្មុំ​ បាន​ផ្លាស់​ប្តូរ។

​លោកស្រី Nguyen ​បាន​ប្រាប់ VOA កាល​ពី​ថ្ងៃ​ពុធ​ថា «ជីវិត​របស់​យើង​មានការ​លំបាក​យ៉ាង​ពិត​ប្រាកដ​ហើយ​នឹង​រងការ​គំរាម​កំហែង​ដោយ​មិន​មាន Quynh នោះ។លោកស្រី Nguyenនិយាយថា «​ខ្ញុំ​ធ្លាប់​មានអារម្មណ៍​ទុក​ព្រួយ​នៅ​ពេល​ខ្លះ ​ពី​ព្រោះ​តែ​ក្រុម​គ្រួសារ​របស់​ខ្ញុំ​បាន​ស្ថិត​នៅ​ក្រោម​ការ​ឃ្លាំ​មើលនិង​ការ​រំខាន​យាយីជា​ប្រចាំ។​ខ្ញុំ​បាន​ប្រាប់​កូន​ស្រី​របស់​ខ្ញុំ​ឲ្យ​នាងឈប់ ក៏ប៉ុន្តែ ​នាង​និយាយ​ថា ខ្ញុំ​មិនអាច​រស់ដោយ​គ្មាន​ការ​ទទួល​ខុស​ត្រូវ​នោះ​ទេ។​ខ្ញុំ​ប្រហែល​ស្លាប់ ក៏ប៉ុន្តែ ​យ៉ាង​ហោច​ណាស់ ​ខ្ញុំ​អាច​ធ្វើ​អ្វីសម្រាប់​អ្នក​ដទៃហើយ​នឹង​ធ្វើអ្វី​ដែល​ខ្ញុំ​ចង់​ធ្វើ‍»។

ក្នុង​ចំណោម​យុទ្ធ​នាការ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​របស់​លោកស្រី លោកស្រី Mother Mushroom ម្តាយ​ផ្សិត​ ​បាន​សរសេរ​ចុះ​ផ្សាយប្លុក​អំពីចំណាត់​ការ​របស់​រដ្ឋាភិបាល​នៃ​ការ​ហៀរ​ជាតិ​គីមី​នៅឯរោង​ចក្រ​ដែក​ថែប​ដែល​កាន់​កាប់​ដោយ​ជន​ជាតិ​តៃ​វ៉ាន់​នៅ​ក្នុង​ទីក្រុងHa Tinhភាគ​កណ្តាល​នៃ​ប្រទេស​វៀត​ណាម។ ការហៀរ​ជាតិ​គីមី​នេះ ​បាន​សម្លាប់ត្រី៨០​តោន​ដែល​បាន​ធ្វើ​ឲ្យ​អាម៉ាស​និងមានការ​ភ័យខ្លាច​ដល់រដ្ឋាភិបាល​។ រូបភាព​នៃត្រី​ងាប់​បាន​ធ្វើ​ឲ្យ​មានការ​ផ្សព្វផ្សាយ​បន្ត​ទូទាំង​សាកល​លោក ​សហគមន៍​នេសាទ​បាន​បាត់​បង់​ប្រាក់​ចំណូល ​ហើយ​បាតុករ​រាប់​ពាន់​នាក់​បាន​ធ្វើ​បាតុកម្ម​នៅឯរោងចក្រ​នោះ​និង​ក្នុង​ទីក្រុង​នានា​ទូទាំង​ប្រទេស​វៀត ណាម។

ការ​ងាប់​ត្រី​នៅ​ក្រុង Ha Tinh ​នៅ​ខែមេសា ​ឆ្នាំ​២០១៦ ​បាន​ត្រូវ​គេ​មើលឃើញ​ជា​ទូទៅ​ថា​ជា​ការ​បង្កើន​ការ​យល់​ដឹង​អំពី​បរិដ្ឋាន​និង​បង្កើន​សកម្ម​ភាពក្នុង​ចំណោម​ជន​ជាតិ​វៀតណាម។​ចលនានេះ​បាន​ទទួល​ជោគជ័យពី​ដំបូង​នៅ​ពេល​ដែល​ក្រុមហ៊ុន​ដែក​ថែប​តៃវ៉ាន់​បាន​សុខចិត្ត​ទទួល​ខុសត្រូវ​ចំពោះ​ការសម្លាប់​ត្រី​ហើយ​បាន​សន្យា​សងការ​ខូច​ខាតចំនួន៥រយលានដុល្លា​ចំពោះ​ការ​ចាក់ទឹកកខ្វក់​មាន​ជាតិ​ពុល​ចូល​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

លោកស្រី Nguyen និយាយ​ថា «ទោះ​បី​រដ្ឋាភិបាល​កំពុងប្រកាស​ប្រឆាំង​និង​កំពុង​ឃុំ​ឃាំង​លោកស្រី​ក៏ដោយ ​ពួកគេ​ដឹងថា ​លោកស្រី​កំពុង​ធ្វើ​កិច្ចការ​ត្រឹមត្រូវ។ខ្ញុំ​មាន​មោទនភាពចំពោះ​កូន​ស្រី​របស់​ខ្ញុំ​ពីព្រោះ​នាង​បាន​ជំនះ​ការ​ភ័យ​ខ្លាច​រួមក្នុងការ​និយាយ​ប្រឆាំង​នឹង​រដ្ឋាភិបាល។នាង​បាន​ជំនះការ​ភ័យ​ខ្លាច​របស់​នាង​ដោយ​ក្រោក​ឈរ​ឡើង​អំពី​ទស្សនៈ​រួម»។

ប្រែសម្រួល​ដោយ ជឹង ប៉ូជីន VOA

XS
SM
MD
LG