កាលពីចុងខែកុម្ភៈនេះ ក្រុមសមាជិកសភាអឺរ៉ុបបានសម្តែងនូវការព្រួយបារម្ភអំពីប្រទេសវៀតណាម ស្របពេលដែលអនុគណៈកម្មាធិការផ្នែកសិទ្ធិមនុស្សបានបំពេញបេសកកម្មតាមបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។ អនុគណៈកម្មាធិការនេះបានផ្តល់អនុសាសន៍ឲ្យមានការជជែកវែកញែកបន្ថែមលើសិទ្ធិនយោបាយ និងសេរីភាពក្នុងការបញ្ចេញមតិក្នុងប្រទេសវៀតណាម និងសាសនា។
សហភាពអឺរ៉ុបបារម្ភអំពីការគោរពសិទ្ធិមនុស្សក្នុងប្រទេសវៀតណាម
ការខកខានក្នុងការបំពេញតាមលក្ខខណ្ឌដ៏តឹងរឹងស្តីពីសិទ្ធិមនុស្សរបស់សហភាពអឺរ៉ុប ការទទួលបានសច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មគឺជាការលំបាក នេះបើយោងតាមសម្តីរបស់ប្រធានអនុគណៈកម្មាធិការដែលបានថ្លែងនៅទីក្រុងហាណូយ។ រដ្ឋាភិបាលប្រទេសវៀតណាម មិនបានឆ្លើយតបដោយត្រង់ទៅនឹងការថ្លែងបែបនេះឡើយ។
កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ បានចុះហត្ថលេខានៅខែធ្នូ ឆ្នាំ២០១៥ និងត្រូវចាប់អនុវត្តនៅឆ្នាំក្រោយនេះ ប៉ុន្តែត្រូវឆ្លងកាត់សភាសហភាពអឺរ៉ុបក៏ដូចជាសភានៃបណ្តាសមាជិកសហភាពអឺរ៉ុបផងដែរ។ នៅពេលដែលសមាជិកសភាប្រទេសប៊ែលហ្ស៊ិកធ្វើការពន្យល់បកស្រាយកិច្ចព្រមព្រៀងនេះនៅខែមករា សមាជិកសភាមួយចំនួនបានចោទជាសំណួរអំពីស្ថានភាពសង្គមសេដ្ឋកិច្ចរបស់ប្រទេសវៀតណាម។
លោក Frederick Burke ដែលជាដៃគូពាណិជ្ជកម្មជាមួយក្រុមហ៊ុនមេធាវីពហុជាតិសាសន៍ឈ្មោះ Baker & McKenzie ក្នុងទីក្រុងហូជីមិញ បាននិយាយថា៖
«សមាជិកសភាទាំងនោះ មើលឃើញពីភាពស្ទាក់ស្ទើរយ៉ាងខ្លាំងដែលថាសភាជាតិនៃបណ្តាប្រទេសសមាជិកទាំង២៧ ព្រមផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងមួយនេះ។ ការណ៍នេះ គឺជាបញ្ហាប្រឈមក្នុងការទទួលបានសច្ចាប័នគ្រប់ប្រទេសសមាជិកទាំងអស់»។
សហភាពអឺរ៉ុបចង់ចូលទីផ្សារក្នុងប្រទេសវៀតណាម ស្របពេលដែលវៀតណាមកំពុងតែស្វែងរកភាពឯករាជ្យផ្នែកសេដ្ឋកិច្ចពីប្រទេសចិន
សហភាពអឺរ៉ុបបានបន្តកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសវៀតណាម ដូច្នេះការណ៍នេះអាចធ្វើឲ្យសហភាពអឺរ៉ុបបោះជំហានចូលទីផ្សារដៃគូរបស់ខ្លួនដែលមានអ្នកមានកាន់តែច្រើនឡើងនិងដែលមានប្រជាជនប្រមាណ៩៣លាននាក់។ កិច្ចព្រមព្រៀងនេះ ក៏នឹងឈានទៅរកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសហភាពអឺរ៉ុបជាមួយនឹងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ទាំង១០ប្រទេស ដែលប្រទេសវៀតណាមក៏ជាសមាជិកនោះផងដែរ។
ប្រទេសវៀតណាមចង់ឲ្យកិច្ចព្រមព្រៀងនេះក្លាយជាចលករជំរុញកំណើនការនាំចេញរបស់ខ្លួនដើម្បីពង្រីកវិសាលភាពទីផ្សារ និងចង់បានភាពឯករាជ្យផ្នែកសេដ្ឋកិច្ចពីប្រទេសចិន ដែលជាគូប្រជែងផ្នែកនយោបាយជាយូរណាស់មកហើយ។
កិច្ចព្រមព្រៀង TPP បានផុតរលត់ក្នុងរដ្ឋបាលលោក Trump
ប្រទេសវៀតណាមធ្លាប់ជាសមាជិកនៃកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក ឬ ហៅកាត់ថា TPP ដែលជាកិច្ចព្រមព្រៀងលុបចោលពន្ធនាំចូលផលិតផលទៅកាន់ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក។ កិច្ចព្រមព្រៀងពាណិជ្ជកម្ម បានត្រូវផុតរលត់បន្ទាប់ពីប្រធានាធិបតីស.រ.អា. លោក Donald Trump ដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនេះកាលពីខែមករា។
កិច្ចព្រមព្រៀងសហភាពអឺរ៉ុប-វៀតណាម មានទឹកប្រាក់ប្រហែល៤០,១ ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ប្រទេសវៀតណាម ចាត់ទុកទីផ្សារសហភាពអឺរ៉ុបដែលមានមនុស្សប្រមាណ៥០០ លាននាក់ ជាដៃគូពាណិជ្ជកម្មទី៣ បន្ទាប់ពីប្រទេសចិន និងសហរដ្ឋអាមេរិក។
លោកស្រី Hoang Viet Phuong ប្រធានផ្នែកស្រាវជ្រាវស្ថាប័ន និងជាទីប្រឹក្សាផ្នែកវិនិយោគនៃក្រុមហ៊ុនសេវាសន្តិសុខ SSI ក្នុងទីក្រុងហាណូយ បាននិយាយថា៖
«ប្រសិនបើកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះត្រូវបានគេផ្តល់សច្ចាប័ន វានឹងធ្វើឲ្យមានភាពប្រសើរច្រើនណាស់។ ការផ្តល់សច្ចាប័នកាន់តែឆាប់ វាកាន់តែប្រសើរសម្រាប់ប្រទេសវៀតណាម»។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហភាពអឺរ៉ុបជួយការនាំចេញសម្លៀកបំពាក់ និងវាយនភ័ណ្ឌរបស់វៀតណាម
លោកស្រីបានបន្តថា៖
«វាមិនគួរជាបញ្ហាចោទទេ ពីព្រោះកិច្ចព្រមព្រៀងនេះត្រូវបានគេចុះហត្ថលេខារួចទៅហើយ។ ខ្ញុំគិតថា យើងទាំងអស់គ្នាមានការរំពឹងលើកិច្ចព្រមព្រៀង TPPនេះ ច្រើនណាស់ ប៉ុន្តែនៅពេលដែល TPP មិនបានបំពេញសមនឹងការរំពឹងនោះ កិច្ចព្រមព្រៀង FTA ក៏នឹងអាចជួយពួកយើងផងដែរ។ យើងអាចនាំចេញផលិតផលទៅកាន់សហភាពអឺរ៉ុបច្រើនណាស់ តួយ៉ាងក្នុងវិស័យសម្លៀកបំពាក់ និងវាយនភ័ណ្ឌ»។
កិច្ចព្រមព្រៀងនេះនឹងលុបចោលស្ទើររាល់ពន្ធនាំចូលទាំងអស់ក្នុងរយៈពេល៧ឆ្នាំ និងបើកទ្វារឲ្យប្រទេសវៀតណាមប្រើប្រាស់សេវានានាក្នុងសហភាពអឺរ៉ុប តួយ៉ាងសុខាភិបាល ការវេចខ្ចប់ និងការតាំងបង្ហាញផលិតផលផ្សេងៗ។
អស់រយៈពេលជិត១ឆ្នាំមុនពេលគណៈកម្មាធិការសភាសហភាពអឺរ៉ុបធ្វើទស្សនកិច្ចនៅប្រទេសវៀតណាម ក្រុមអ្នកតស៊ូមតិបារាំងដែលមានឈ្មោះថា ចលនាពិភពលោកសម្រាប់សិទ្ធិមនុស្ស ឬ «Worldwide Movement for Human Rights» បានចោទប្រកាន់សហភាពអឺរ៉ុបលើការបរាជ័យក្នុងការសិក្សាពីផលប៉ះពាល់នៃការអនុវត្តសិទ្ធិមនុស្ស។
ការទាមទារសិទ្ធិមនុស្សដ៏ខ្លាំងក្លា ក៏ប៉ុន្តែ ពាក្យពេចន៍មានលក្ខណៈស្រាលជាងពាក្យពេចន៍ក្នុងកិច្ចព្រមព្រៀង TPP
យោងតាម លោក Mauro Petriccione ប្រធានក្រុមអ្នកសម្របសម្រួលការងារសហភាពអឺរ៉ុប ដែលបានថ្លែងក្នុងសេចក្តីថ្លែងការណ៍កាលពីឆ្នាំមុនថា កិច្ចព្រមព្រៀង FTA មានរួមបញ្ចូលទាំង «ការប្តេជ្ញាមុះមុតក្នុងការការពារសិទ្ធិមនុស្សជាមូលដ្ឋាននៅកន្លែងធ្វើការ សិទ្ធិមនុស្សមានលក្ខណៈទូលំទូលាយ និងការការពារបរិស្ថាន»។
ទោះជាយ៉ាងនេះក្តី ភាសានៃកិច្ចព្រមព្រៀងសហភាពអឺរ៉ុប មានភាពស្រាលជាងអត្ថបទឆ្លើយឆ្លងក្នុងកិច្ចព្រមព្រៀង TPP នេះបើតាមសម្តីរបស់លោក Burke។
កិច្ចព្រមព្រៀង TPP ធ្លាប់តម្រូវឲ្យមានការកែប្រែការគាំទ្រសហជីពក្នុងច្បាប់ការងាររបស់វៀតណាម ក្នុងគោលដៅបញ្ឈប់ការកេងប្រវ័ញ្ចកម្មករ និងបង្ខំឲ្យឧស្សហកម្មធុនធ្ងន់បង់ថ្លៃផាកពិន័យប្រសិនបើការគ្រប់គ្រងកាកសំណល់ពុលធ្វើឲ្យខូចខាតលើប្រយោជន៍ពាណិជ្ជកម្ម ដែលអ្នករំលោភបំពាននឹងត្រូវប្រឈមការបង់ពន្ធបន្ថែម។
លោក Burke បានបន្តថា៖
«កិច្ចព្រមព្រៀង FTA របស់សហភាពអឺរ៉ុប មិនបានចែងច្បាស់ដូចកិច្ចព្រមព្រៀង TPP ទេ។ ការប្រើប្រាស់ភាសា មិនមានលក្ខណៈចាប់បង្ខំលើបុគ្គលឡើយ។ វាមានលក្ខណៈផ្អែកលើសុឆន្ទៈ និងឆន្ទៈបុគ្គលក្នុងការអនុវត្ត»។
ការរំលោភសិទ្ធិមនុស្សនៅតែមានជាបន្តនៅប្រទេសវៀតណាម
រដ្ឋអំណាចវៀតណាម បានធ្វើទុក្ខបុកម្នេញ និងចាប់អ្នកសរសេរប្លុក និងសកម្មជននយោបាយនានាជាច្រើនដាក់ពន្ធនាគារ នេះបើយោងតាមក្រុមតស៊ូមតិសហរដ្ឋអាមេរិកនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch។ កម្មករមិនអាចបង្កើតសហជីពសម្រាប់ពួកគេបានឡើយ ហើយកសិករកំពុងតែបាត់បង់ដីធ្លីដោយសារគម្រោងអភិវឌ្ឍន៍នានា នេះបើតាមការរាយការណ៍របស់ក្រុមតស៊ូមតិនេះ។
ក្រុមតស៊ូមតិសហរដ្ឋអាមេរិក ឈ្មោះ Open Doors បានលើកឡើងថា ប្រជាជនខ្លះក្នុងចំណោមប្រជាជនប្រមាណ៨លាននាក់ដែលជាគ្រិស្តសាសនិកនៅក្នុងប្រទេសវៀតណាម ត្រូវបានគេចាប់ខ្លួនពីបទបង្ហាញជំនឿសាសនារបស់ពួកគេ ពីព្រោះរដ្ឋាភិបាលយល់ឃើញថា ជំនឿសាសនារបស់ពួកគេ «មានជាប់ពាក់ព័ន្ធនឹងឥទ្ធិពលរបស់បរទេស»។
ដើម្បីតម្រូវចិត្តសមាជិកសភាសហភាពអឺរ៉ុប ប្រទេសវៀតណាមប្រហែលជានឹងអនុម័តច្បាប់មួយចំនួន ឬក៏ដោះលែងអ្នកទោសនយោបាយមួយចំនួនជំនួសការកែប្រែជាដុំកំភួននានា នេះបើតាមសម្តីរបស់លោក Carl Thayer ដែលជាអ្នកស្រាវជ្រាវអំពីប្រទេសវៀតណាម និងជាសាស្ត្រាចារ្យចូលនិវត្តន៍ដែលធ្លាប់បង្រៀនផ្នែកនយោបាយនៅសាកលវិទ្យាល័យ New South Wales ប្រទេសអូស្ត្រាលី។
លោកបានបញ្ជាក់ថា រដ្ឋាភិបាលក្រុងហាណូយ ធ្លាប់បានធ្វើការកែប្រែខ្លះនូវអ្វីដែលគេតម្រូវឲ្យធ្វើមុនពេលខ្លួនចូលជាសមាជិកកិច្ចព្រមព្រៀង TPP។ ក្រុមសកម្មជនសិទ្ធិមនុស្សអាចនៅតែបន្តរិះគន់រដ្ឋាភិបាលវៀតណាមលើបញ្ហាសិទ្ធិមនុស្ស ក៏ប៉ុន្តែ ក្រុមមន្ត្រីសហរដ្ឋអាមេរិកពេញចិត្តនឹងការកែប្រែនោះ។
លោកបានបន្តថា៖
«ចម្លើយដ៏ពិតប្រាកដ គឺថាប្រទេសវៀតណាមនឹងនៅតែជម្នះ ប៉ុន្តែ មិនជម្នះដោយបើកចំហរដូចដែលគេធ្លាប់ធ្វើជាមួយស.រ.អា.នោះទេ ពួកគេនឹងអនុវត្តវិធីសាស្ត្រធម៌ត្រជាក់»៕
ប្រែសម្រួលដោយ កោះ សុគន្ធី