កាលពី៤៧ឆ្នាំមុន នៅចំថ្ងៃទី២៩ ខែមីនា ឆ្នាំ១៩៧៣ កងទ័ពប្រយុទ្ធតស៊ូរបស់សហរដ្ឋអាមេរិកទាំងអស់បានដកចេញពីវៀតណាម ដោយបានបញ្ចប់នូវការប្រឡូកផ្នែកយោធាដោយផ្ទាល់នៅក្នុងសង្គ្រាមវៀតណាម បន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពដើម្បីបញ្ចប់សង្គ្រាមវៀតណាមត្រូវបានចុះហត្ថលេខានៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំងមក។
កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ១៩៧៣ អ្នកតំណាងសហរដ្ឋអាមេរិក វៀតណាមខាងជើង វៀតណាមខាងត្បូង និងពួកវៀតកុង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមវៀតណាមនេះ ដែលកិច្ចព្រមព្រៀងនោះតម្រូវឲ្យកងទ័ពសហរដ្ឋអាមេរិកដកខ្លួនចេញដោយកិត្តិយសពីសង្គ្រាម ដែលបានសម្លាប់ទាហានអាមេរិកាំងអស់ជាង៥ម៉ឺន៨ពាន់នាក់ និងបានធ្វើឲ្យសហរដ្ឋអាមេរិកមានការបែកបាក់យ៉ាងខ្លាំង។
ចំណុចសំខាន់ៗរបស់កិច្ចព្រមព្រៀងនេះ មានដូចជា ការឈប់វាយប្រយុទ្ធគ្នានៅទូទាំងវៀតណាម ការដកទ័ពសហរដ្ឋអាមេរិកចេញពីទឹកដីវៀតណាម ការដោះលែងអ្នកទោសសង្គ្រាម និងការរួបរួមឡើងវិញរវាងវៀតណាមខាងជើង និងវៀតណាមខាងត្បូង តាមរយៈមធ្យោបាយសន្តិវិធីជាដើម។ រដ្ឋាភិបាលវៀតណាមខាងត្បូងនៅតែមានសិទ្ធិអំណាចដដែល រហូតទាល់តែការបោះឆ្នោតថ្មីត្រូវបានធ្វើឡើង។ ចំណែកឯកងទ័ពវៀតណាមខាងជើងដែលកំពុងស្ថិតនៅវៀតណាមខាងត្បូង នឹងមិនត្រូវធ្វើអ្វីបន្ថែមទៀត ឬបន្ថែមកម្លាំងបន្ថែមទៀតនោះទេ។
កិច្ចព្រមព្រៀងសន្តិភាពនេះទទួលការបរាជ័យភ្លាមៗ ក្រោយពីបានចុះហត្ថលេខាមក។ នៅមុនកងទ័ពអាមេរិកាំងចុងក្រោយដកថយចេញពីវៀតណាមកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ១៩៧៣ ពួកកុម្មុយនិស្តបានរំលោភលើកិច្ចព្រមព្រៀងនេះ ហើយមកទល់នឹងដើមឆ្នាំ ១៩៧៤ សង្គ្រាមបានចាប់ផ្ដើមឡើងវិញ។
នៅចុងឆ្នាំ ១៩៧៤ អាជ្ញាធរវៀតណាមខាងត្បូងបានបញ្ជាក់ថា កងទ័ព និងជនស៊ីវិលរបស់ខ្លួនចំនួន ៨ ម៉ឺននាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រយុទ្ធគ្នា ដែលធ្វើឲ្យឆ្នាំ១៩៧៤ ជាឆ្នាំដែលមានមនុស្សស្លាប់ច្រើនបំផុតនៅក្នុងសង្គ្រាមនៅវៀតណាម។
នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ ទាហានអាមេរិកាំងចុងក្រោយប៉ុន្មាននាក់ ដែលនៅវៀតណាមខាងត្បូង ត្រូវបានយន្តហោះដឹកចាកចេញទៅ គឺនៅពេលដែលទីក្រុងសៃហ្គនបានដួលរលំធ្លាក់ចូលក្នុងដៃពួកកងកម្លាំងកុម្មុយនិស្ត៕