ប្រទេសវៀតណាម ដែលស៊ាំនឹងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធបន្ថែមរបស់ចិនជាយូរមកហើយនៅក្នុងតំបន់ជម្លោះប្រជុំកោះ Paracel និង Spratly នោះ កំពុងតែខ្វល់ខ្វាយនឹងការបង្កើនការនាំចេញរបស់ខ្លួន ហើយក៏ចង់មានពាណិជ្ជកម្មកាន់តែរឹងមាំជាមួយចិន ដែលមានសេដ្ឋកិច្ចធំលំដាប់ទី២នៅលើពិភពលោក។ អ្នកវិភាគនិយាយថា ក្រុមមន្ត្រីវៀតណាម មិនប្រាកដទេថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (Donald Trump) អាចជួយវៀតណាមការពារខ្លួនពីចិន នៅក្នុងករណីចាំបាច់នោះ។
វៀតណាមទំនងជ្រើសយកមធ្យោបាយការទូតរយៈពេលយូរជាផ្លូវបន្តដំណើរទៅមុខ
ក្រុមមន្ត្រីនៅក្នុងទីក្រុងហាណូយ ទំនងយល់ថា មានតែទំនាក់ទំនងស្ថិរភាពរយៈពេលយូរជាមួយរដ្ឋាភិបាលក្រុងប៉េកាំងទេ ដែលអាចជំរុញនាំឲ្យមានការចរចាលើតំបន់ជម្លោះ Paracels ឬ Spartly នេះបើតាម លោក Oscar Mussons អ្នកប្រឹក្សាអាជីវកម្មអន្តរជាតិឲ្យក្រុមហ៊ុនប្រឹក្សាយោបល់ Dezan Shira & Associates ក្នុងទីក្រុងហូជីមិញ។ ចិនស្ថិតនៅលេខរៀងទី៣ ដែលមានយោធារឹងមាំបំផុតលើពិភពលោក ហើយវៀតណាមស្ថិតនៅលេខរៀងទី១៧ នេះបើតាមប្រព័ន្ធទិន្នន័យ GlobalFirePower.com។
លោក Mussons និយាយថា៖ «យ៉ាងហោចណាស់ពួកគេដឹងថា ពួកគេកំពុងស្វែងរកអ្វីមួយ។ ពួកគេកំពុងស្វែងរកបក្ខពួកតែមួយគត់ ហើយដូច្នេះពួកគេគឺជាសមមិត្តគ្នា។ វិធីតែមួយដែលនៅសល់សម្រាប់វៀតណាម ប្រហែលជាប្រើប្រាស់យុទ្ធសាស្ត្រការទូត។ វៀតណាមមិនអាចប្រជែងជាមួយនឹងអំណាចយោធារបស់ចិនបានទេ»។
ចិនពង្រឹងការគ្រប់គ្រងរបស់ខ្លួននៅប្រជុំកោះ Paracel
គម្រោងស្តីពីសមុទ្រចិនខាងត្បូង ដែលជាការងារស្រាវជ្រាវរបស់ក្រុមអ្នកវិភាគដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន សម្រាប់ការសិក្សាអន្តរជាតិនិងយុទ្ធសាស្ត្រនៅខែកុម្ភៈនេះ បានរៀបរាប់ថា មានភស្តុតាងថ្មី ដែលបង្ហាញថា រដ្ឋាភិបាលក្រុងប៉េកាំងកំពុងបន្ថែមកងទ័ពជើងទឹកនិងសម្ភារៈសម្រាប់ទ័ពអាកាស នៅប្រជុំកោះ Paracel។
ចិននិងវៀតណាម ក៏កំពុងប្រជែងយកការគ្រប់គ្រងលើប្រជុំកោះ Spratly ដែលត្រូវបានទាមទារដោយភាគីប្រទេសព្រុយណេ ម៉ាឡេស៊ី តៃវ៉ាន់ និងហ្វីលីពីនផងដែរ។
ក្រសួងការបរទេសវៀតណាម មិនបានបោះពុម្ពផ្សាយជាការឆ្លើយតបលើគេហទំព័ររបស់ខ្លួនទៅលើរបាយការណ៍រកឃើញរបស់ក្រុមអ្នកវិភាគទាំងនេះទេ កាលពីថ្ងៃចន្ទ ដោយប្រកាន់យកយុទ្ធសាស្ត្រទន់ភ្លន់ ស្របតាមរដ្ឋាភិបាលក្រុងប៉េកាំង បន្ទាប់ពីមានកិច្ចប្រជុំថ្នាក់កំពូល កាលពីខែកញ្ញាឆ្នាំទៅ និងខែមករាកន្លងទៅនេះ។
វៀតណាមអាចនឹងបន្តប្រឆាំង ប៉ុន្តែនឹងមិនធ្វើសកម្មភាពអ្វីឡើយ
ក្រុមអ្នកជំនាញនិយាយថា មេដឹកនាំក្នុងទីក្រុងហាណូយ កំពុងចាប់ផ្តើមទទួលស្គាល់ដោយស្ងាត់ស្ងៀម ចំពោះការគ្រប់គ្រងរបស់ចិននៅលើប្រជុំកោះ Paracel ទោះបីជាបានតស៊ូប្រឆាំងអស់រយៈពេល៤៣ឆ្នាំក៏ដោយ។
ប៉ុន្តែ លោក Carl Thayer សាស្ត្រាចារ្យចូលនិវត្តន៍ផ្នែកនយោបាយនៅសាកលវិទ្យាល័យ New South Wales ក្នុងប្រទេសអូស្ត្រាលីនិយាយថា ដោយសារចលនាប្រឆាំងចិនក្នុងចំណោមប្រជាជនជាង៩៣លាននាក់របស់ខ្លួន រដ្ឋាភិបាលវៀតណាមនឹងបន្តជ្រើសយកការទាមទារអធិបតេយ្យភាពជាសាធារណៈ ប៉ុន្តែនឹងបំបិទសំឡេងមន្ត្រីណាដែលមានកំហឹងឬធ្វើការតបតនឹងសកម្មភាពរបស់ចិន ខណៈពេលដែលវៀតណាមកំពុងចាក់គ្រឹះពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រួមទាំងសមុទ្រជាមួយចិនផងនោះ។
លោកនិយាយថា៖ «ខ្ញុំគិតថា វៀតណាមនឹងធ្វើការប្រឆាំងតាមបែបបទឯកសារ ចំពោះសកម្មភាពរបស់ចិននៅប្រជុំកោះ Paracel ពីព្រោះវៀតណាមក៏ទាមទារដែនដីអធិបតេយ្យភាពដែរ។ នេះប្រហែលជាតាមក្បួនទម្លាប់។ វៀតណាមមិនអាចធ្វើអ្វីបានទេចំពោះបញ្ហានេះ ក្រៅពីសម្របខ្លួនទៅតាមនោះ»។
ចិនបានដកស្រង់កំណត់ត្រាប្រវត្តិសាស្ត្រលើការប្រើប្រាស់សមុទ្រ ដើម្បីទាមទារយកដែនទឹក៩៥%ពីសមុទ្រចិនខាងត្បូង ដែលលាតសន្ធឹងពីកោះតៃវ៉ាន់ ដល់ប្រទេសសិង្ហបុរី។ ប្រទេសទាមទារទាំង៦ ចង់បានដែនសមុទ្រនេះ ដោយសារភាពសម្បូរបែបនៃធនធានជលផល។ ប្រទេសខ្លះកំពុងរពឹងទទួលបានប្រេងឥន្ធនៈដែលស្ថិតនៅបាតសមុទ្រ និងផលប្រយោជន៍នៃការដឹកជញ្ជូនតាមផ្លូវសមុទ្រ។
វៀតណាមមានលទ្ធភាពតិចតួចដើម្បីចូលទៅកាន់ប្រជុំកោះ Paracel ដែលមានកោះតូចៗចំនួន ១៣០ រាប់ចាប់ពីឆ្នេរសមុទ្រខាងកើតរបស់ខ្លួន រហូតដល់ភាគនិរតីនៃទីក្រុងហុងកុង។ វាកើតឡើងចាប់តាំងពីកងទ័ពរំដោះនៃប្រជាជនចិន បានកាន់កាប់ប្រជុំកោះនោះក្នុងឆ្នាំ១៩៧៤ បន្ទាប់ពីឈ្នះចម្បាំងសមុទ្រជាមួយប្រទេសវៀតណាមខាងត្បូងនាពេលនោះ។
ក្នុងចំណោមកោះទាំង២០ដែលចិនបានកាន់កាប់នៅប្រជុំកោះ Paracels មានកោះបីដែលមានកំពង់ផែ អាចឲ្យនាវាកងទ័ពជើងទឹកនិងស៊ីវិលដែលផ្ទុកមនុស្សចំនួនច្រើនអាចចូលចតបាន នេះបើយោងតាមរបាយការណ៍របស់អង្គការកិច្ចផ្ដួចផ្ដើមដើម្បីតម្លាភាពសមុទ្រអាស៊ី (Asian Maritime Transparency Initiative) ចុះផ្សាយលើគេហទំព័រកាលពីថ្ងៃទី៨ ខែកុម្ភៈ។ ចិនបានចាក់ដីបន្ថែមដើម្បីពង្រីកកន្លែងដែលគ្មានមនុស្សតាំងទីលំនៅពីមុននៅលើប្រជុំកោះ Paracels បន្ថែមទៅលើទំហំដីប្រហែល ៣២០០ហិកតា ដែលចិនចាក់បន្ថែមលើប្រជុំកោះជម្លោះមួយទៀតគឺកោះ Spratly។
របាយការណ៍របស់អង្គការកិច្ចផ្តួចផ្តើមដដែលនោះបានឲ្យដឹងថា កោះតូចៗ៤ទៀតក្នុងប្រជុំកោះ Paracel គ្រប់គ្រងដោយចិន មានកំពង់ផែ ហើយកោះទី៥ក៏កំពុងត្រូវបានសាងសង់ ដែលពីមុនខ្វះខាតហេដ្ឋារចនាសម្ព័ន្ធយោធា។ កោះទាំង៥នឹងផ្គត់ផ្គង់គាំទ្រកោះ Helipads និង កោះ Duncan ជាកោះមានយោធាកម្រិតខ្ពស់បំផុតទី២ ដែលមានមូលដ្ឋាននៅប្រជុំកោះនោះ ដោយមានមូលដ្ឋានឧទ្ធម្ភាគចក្រចុះចតពាសពេញនោះ។
របាយការណ៍នោះបានបន្ថែមថា កោះ Woody ដែលជាកោះដែលមានផ្ទៃដីធំជាងគេបង្អស់ មានផ្លូវចុះយន្តហោះ ឃ្លាំងផ្ទុកយន្តហោះ និងការដាក់ពង្រាយកាំជ្រួចមីស៊ីលលើដីតម្រង់ទិសទៅលើអាកាសផងដែរ។
កាលពីថ្ងៃទី៥ខែកុម្ភៈ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមបានរៀបរាប់ថា មានការបង្កើតសាខាធនាគារចិន «ដោយខុសច្បាប់» នៅលើកោះ Woody Island។ ប៉ុន្តែសារព័ត៌មានរាយការណ៍ថា អាជ្ញាធរវៀតណាមបានបង្ក្រាបបាតុកម្មដែលមានមនុស្សជាង១០០នាក់កាលពីខែមុននៅទីក្រុងហាណូយ នៅថ្ងៃខួបរំឭកការគ្រប់គ្រងរបស់ចិនលើប្រជុំកោះ Paracel។
កុបកម្មប្រឆាំងចិនដែលមានមនុស្សស្លាប់ បានកើតឡើងក្រោយពីរដ្ឋាភិបាលក្រុងប៉េកាំងនៅឆ្នាំ២០១៤ អនុញ្ញាតឲ្យក្រុមហ៊ុនប្រេងមួយ រុករកអណ្ដូងប្រេងនៅក្នុងដែនទឹកមានជម្លោះ ក្បែរឈូងសមុទ្រ Tonkin ដែលស្ថិតនៅជិតភាគខាងកើតវៀតណាម និងភាគខាងត្បូងចិន។
ចិននិងវៀតណាមនឹងធ្វើការរួមគ្នា
បន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនរបស់អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong កាលពីខែមុន ដើម្បីជួបប្រជុំជាមួយប្រធានាធិបតីចិន លោក Xi Jingping ភាគីទាំងពីរបានចេញសេចក្ដីថ្លែងការណ៍មួយ យល់ព្រមដោះស្រាយជម្លោះដែនសមុទ្រដោយសន្តិភាព ហើយធ្វើការរួមគ្នាដើម្បីការអភិវឌ្ឍនៅក្នុងឈូងសមុទ្រ។
ប្រទេសទាំងពីរបានគោរពទៅតាមកិច្ចព្រមព្រៀងនេសាទមួយអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ ហើយក៏បានពិភាក្សាជាមួយគ្នាអំពីប្រតិបត្តិការរុករកប្រេងផងដែរ។
កាលពីខែកញ្ញា មេដឹកនាំកំពូលរបស់ចិននិងប្រធានាធិបតីវៀតណាម បានសន្យាថា ពួកគេនឹង «គ្រប់គ្រងឲ្យបានត្រឹមត្រូវលើការខ្វែងគំនិតគ្នាខាងសមុទ្រ ហើយបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី»។
ចិនគឺប្រទេសមួយក្នុងចំណោមប្រទេសជាដៃគូពាណិជ្ជកម្មកំពូលរបស់វៀតណាម ដែលមានទឹកប្រាក់ ៦៦ពាន់លានដុល្លារអាមេរិកសម្រាប់ការនាំចេញនិងនាំចូលក្នុងឆ្នាំ២០១៥ នេះបើយោងតាមសារព័ត៌មានអនឡានរបស់រដ្ឋចិន China Daily។
ក្រុមអ្នកវិភាគនិយាយថា ក្រុមមន្ត្រីនៅក្នុងទីក្រុងហាណូយ ទំនងជាឲ្យតម្លៃទៅប្រទេសចិនជាងមុន ខណៈដែលពួកគេព្យាយាមវាស់ស្ទង់គោលនយោបាយរបស់សហរដ្ឋអាមេរិកលើសមុទ្រចិនខាងត្បូង។
លោកប្រធានាធិបតី ត្រាំ មិនបានបញ្ជាក់ទេថា តើលោកនឹងជួយប្រទេសវៀតណាមនៅក្នុងជម្លោះដែនទឹកជាមួយប្រទេសចិន ដូចប្រធានាធិបតីអាណត្តិមុន លោក អូបាម៉ា ធ្លាប់បានធ្វើនោះទេ។
ប៉ុន្តែលោក Trump កំពុងតែខឹងនឹងប្រទេសចិន។ រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Rex Tillerson បានស្នើឲ្យមានការរារាំងចិនពីប្រជុំកោះ ដែលចិនបានទាមទារ ហើយកាលពីថ្ងៃចន្ទមុន នាវាផ្ទុកយន្តហោះចម្បាំង USS Carl Vinson បានមកដល់សមុទ្រចិនខាងត្បូង។ ការផ្លាស់ប្ដូរនេះបានបង្កជា «ការគំរាមកំហែងយោធាដល់ប្រទេសចិន» នេះបើយោងតាមសារព័ត៌មានអនឡាន Global Times បានរាយការណ៍។
ការរក្សាតុល្យភាពសម្រាប់វៀតណាម
លោក Mussons និយាយថា សេចក្ដីសម្រេចរបស់លោក ត្រាំ ដែលដកខ្លួនចេញពីកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (Trans-Pacific Partnership) របស់ប្រទេសចំនួន១២ បានធ្វើឲ្យសហរដ្ឋអាមេរិកមើលទៅដូចជាមិនរឹងមាំទាល់តែសោះសម្រាប់វៀតណាម។ ប្រទេសវៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសនៅអាស៊ីខាងកើតទាំងបួន ដែលជាសមាជិកនៃកិច្ចព្រមព្រៀងនោះ។
លោកនិយាយថា បើប្រៀបធៀប ចិនមើលទៅហាក់ដូចជា «គួរឲ្យទុកចិត្ត» ជាង ហើយបើទំនាក់ទំនងសេដ្ឋកិច្ចដំណើរការរលូន នោះនាពេលចុងក្រោយចិនប្រហែលជាបើកចំហកិច្ចពិភាក្សាជាមួយវៀតណាមអំពីសិទ្ធិកាន់កាប់ទៅលើប្រជុំកោះ Paracels។
លោក Jonathan Spangler នាយកស្ថាប័នអ្នកវិភាគបញ្ហាសមុទ្រចិនខាងត្បូង (South China Sea Think Tank) នៅក្នុងទីក្រុងតៃប៉ិនិយាយថា រដ្ឋាភិបាលវៀតណាមដឹងថា ខ្លួនត្រូវ«តែជៀសវាងការធ្វើឲ្យចិនមិនសប្បាយចិត្ត» ខណៈពេលដែលវៀតណាមបន្តបើកចំហទំនាក់ទំនងវិស័យការពារជាតិជាមួយសហរដ្ឋអាមេរិក។
លោក Spangler និយាយថា៖ «សម្រាប់ប្រទេសវៀតណាម ស្ថិរភាពក្នុងតំបន់ គឺមានទំនាក់ទំនងជិតស្និទ្ធទៅនឹងសន្តិសុខជាតិ»។«វៀតណាម ក៏ដូចជាប្រទេសដែលទាមទារផ្សេងទៀត ត្រូវការរក្សាតុល្យភាពនៃការចំណេញផ្នែកសេដ្ឋកិច្ចជាមួយចិន និងការប្រថុយផ្នែកនយោបាយដែលមិនការពារការទាមទារអធិបតេយ្យភាពរបស់ខ្លួន ដែលលេចចេញនូវភាពទន់ខ្សោយនៅក្នុងប្រទេស»៕
ប្រែសម្រួលដោយ នូវ ពៅលក្ខិណា