ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​កើន​ឡើង​នៃ​ភ្ញៀវ​ទេសចរ​ជួយ​ឲ្យ​ទំនាក់ទំនង​ចិន​និង​វៀតណាម​មាន​ស្ថិរភាព


រូបឯកសារ៖ អ្នក​ទេសចរ​ចិន​ជិះ​ស៊ីក្លូ​កំសាន្ត​នៅ​ក្នុង​ទីក្រុង ហានណូយ ប្រទេស​ វៀតណាម កាលពី​ថ្ងៃ​ទី១ ខែ​ធ្នូ ឆ្នាំ២០១៦។ (រូបថត៖ AP/Tran Van Minh)
Chinese tourists ride rickshaws for sightseeing in Hanoi, Vietnam, Dec. 1, 2016.
រូបឯកសារ៖ អ្នក​ទេសចរ​ចិន​ជិះ​ស៊ីក្លូ​កំសាន្ត​នៅ​ក្នុង​ទីក្រុង ហានណូយ ប្រទេស​ វៀតណាម កាលពី​ថ្ងៃ​ទី១ ខែ​ធ្នូ ឆ្នាំ២០១៦។ (រូបថត៖ AP/Tran Van Minh) Chinese tourists ride rickshaws for sightseeing in Hanoi, Vietnam, Dec. 1, 2016.

ការ​កើនឡើង​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​ចិន​ បាន​ទាក់​ទាញ​ចំណាប់​អារម្មណ៍​របស់​ប្រទេស​​វៀតណាម​កាល​ពី​ឆ្នាំ​មុន​ នៅ​ពេល​ដែល​តួ​លេខ​ភ្ញៀវ​ទេសចរ​ចិន​មក​កាន់​ប្រទេស​នេះ​បាន​ឈាន​ដល់​ប្រហែល​២លាន​២​សែន​នាក់​គិត​ចាប់​ពី​ខែ​មករា​ដល់​ខែ​តុលា។

ប្រទេស​ចិន​បាន​ក្លាយ​ជា ប្រភព​ទេសចរណ៍​លំដាប់​កំពូល​របស់​វៀតណាម​ចាប់​តាំងពី​ឆ្នាំ​កន្លង​ទៅ។ ការណ៍​នេះ​បានជួយ​ស្តារ​ទំនាក់ទំនង​រវាង​ប្រទេស​ចិន​និង​វៀតណាម​ឲ្យ​បាន​ទូលំទូលាយ​ជាង​មុន​ខណៈដែល​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​កំពុងរងការ​ប៉ះពាល់​ដោយ​ជម្លោះ​ដែន​សមុទ្រ​និង​ភាព​មិន​ជឿជាក់​លើគ្នា​នៅ​ក្នុង​ប្រវត្តិសាស្រ្ត។ លោក ជូន​សេចក្តី​រាយការណ៍​ពី​ទីក្រុង ។

ចំនួនភ្ញៀវ​ទេសចរ​ចិន​ដែល​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​វៀតណាម​ ដែល​ជា​ប្រទេស​ជិត​ខាង​ស្ថិត​នៅ​ប៉ែក​អាស៊ីអាគ្នេយ៍​ បាន​កើន​ឡើង​រហូត​ដល់​២សែន​៥ម៉ឺន​នាក់​កាលពី​ខែ​ខែ​មករា ដែលនាំ​មុខ​បណ្តា​ប្រទេស​ដទៃ​ទៀត ​ជាមួយ​នឹង​ចំនួន​អ្នក​ទេសចរ​ប្រហែល​ជា​មួយ​ភាគ​បួន​នៃ​ចំនួន​អ្នក​ទេសចរ​សរុប​ប្រចាំ​ខែ​មករា។ ចំនួន​ភ្ញៀវ​ទេសចរ​សរុបមក​ពី​ប្រទេស​ចិនបានកើន​ឡើង ៦៨​ ភាគ​រយ​ក្នុង​ខែ​មករា​ឆ្នាំ​២០១៦។ នេះ​បើ​យោង​តាម​តួលេខ​រដ្ឋាភិបាល​វៀតណាម​ដែល​បង្ហាញ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ។

ភ្ញៀវ​ទេសចរ​ចិន​បាន​កែប្រែ​សេដ្ឋកិច្ច​ក្រុង​ហុងកុង​ និង​កោះ​តៃវ៉ាន់​កាលពី​ទសវត្សរ៍​កន្លង​ទៅ​ ដោយ​ធ្វើ​ឲ្យ​ក្រុង​ហុងកុង​និង​កោះ​តៃវ៉ាន់​មាន​ទំនាក់ទំនងជិតដិត​ជាង​មុន​ជាមួយ​នឹង​រដ្ឋាភិបាលក្រុង​ប៉េកាំង​ បន្ទាប់​ពី​មាន​ទំនាក់ទំនង​ដ៏​រកាំ​រកូស​នា​ពេល​កន្លង​មក។

លោក ​Frederick​ Burke ​ដៃ​គូ​នៅ​ក្នុងក្រុមហ៊ុន​ច្បាប់​ពហុជាតិ​ដែល​មាន​ឈ្មោះ​ថា Baker & ​McKenzie​ នៅក្នុង​ទី​ក្រុង​ហូជីមីញ​បាន​ថ្លែង​ថា៖

«មាន​ភាព​តានតឹង​ទាក់​ទង​នឹង​សមុទ្រ​ខាង​កើត ​ឬ​សមុទ្រ​ចិន​ខាង​ត្បូង ​ប៉ុន្តែ​ទោះ​ជា​យ៉ាងណា​ក៏​ដោយ​ ប្រទេស​វៀតណាម​គឺ​ជា​កន្លែង​ដែល​អ្នក​ទេសចរ​ចិន​មាន​អារម្មណ៍​ថា​ស្រួល​ក្នុង​ការ​ទៅដើរ​កម្សាន្ត។ ប្រទេស​វៀតណាម​ងាយស្រួល​សម្រាប់​ទេសចរ​ចិន​ចូល​ទៅ​កម្សាន្ត។ ប្រទេស​នេះ​នៅ​ក្បែរ​ប្រទេស​ចិន។ វប្បធម៌​របស់​វៀតណាម​និង​ចិន​មាន​លក្ខណៈ​ស្រដៀង​គ្នា​ ប៉ុន្តែ​ប្រទេស​ទាំង​ពីរ​គឺ​ខុសប្លែក​ពី​គ្នា ដូច្នេះ​វា​គួរ​ឲ្យចាប់​អារម្មណ៍​ណាស់។ ការ​ទៅ​កម្សាន្ត​នៅ​ប្រទេស​វៀតណាម​មិន​ថ្លៃ​នោះ​ទេ​ ហើយ​នៅ​វៀតណាម​ក៏​មាន​ម្ហូប​ចិន​ផង​ដែរ»។

ជម្នះ​ភាព​តាន​តឹង

ការ​កើនឡើង​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​ចិន​ បាន​ទាក់​ទាញ​ចំណាប់​អារម្មណ៍​របស់​ប្រទេសវៀតណាម​កាល​ពី​ឆ្នាំ​មុន​ នៅ​ពេល​ដែល​តួ​លេខ​ភ្ញៀវ​ទេសចរ​ចិន​មក​កាន់​ប្រទេស​នេះ​បាន​ឈាន​ដល់​ប្រហែល​២លាន​២​សែន​នាក់​គិត​ចាប់​ពី​ខែ​មករា​ដល់​ខែ​តុលា។

ចំនួន​ភ្ញៀវ​ទេសចរ​ចិន​បាន​ធ្លាក់​ចុះ​កាលពី​ឆ្នាំ​២០១៤​ បន្ទាប់​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ប្រេង​រដ្ឋ​មួយ​បោះ​ទីតាំង​ខួងប្រេង​មួយ​កន្លែងក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង ​ដែល​បាន​បង្ក​ឲ្យ​មាន​កុប្បកម្ម​ដ៏​ប្រល័យ​ប្រឆាំងនឹង​ចិន​ក្នុង​ប្រទេស​វៀតណាម។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ និង​រដ្ឋាភិបាល​ក្រុង​ហាណូយ​មានជម្លោះ​អធិបតេយ្យភាព​ដែន​សមុទ្រ​ដ៏​ជូរចត់​ ដែល​ក្នុង​នោះ​រួមមាន​ជម្លោះ​ទៅ​លើ​ខ្សែ​សង្វាក់​កូន​កោះ​តូចៗ​ចំនួន​ពីរ​ផង​ដែរ។

ក្រុម​អ្នក​វិភាគ​បាន​និយាយ​ថា​ ទោះ​ជា​យ៉ាង​ណា ​ការ​នៅ​តែ​បន្ត​ហូរ​ចូល​នៃ​ចំនួន​ភ្ញៀវ​ អាច​ផ្សះផ្សា​ទំនាក់ទំនង​រវាង​ប្រជាពលរដ្ឋ​និង​ប្រជាពលរដ្ឋ​ ដែល​រងការ​ប៉ះពាល់​ដោយ​ការ​ប្រកួតប្រជែង​នយោបាយ​ និង​សង្គ្រាម​ព្រំដែន​នៅ​ក្នុង​ឆ្នាំ​១៩៧៩​ ក៏ដូចជា​ ដែន​ជម្លោះ​សមុទ្រ​ផង​ដែរ។

លោក​ Hoang ​Viet​ Phuong ​ ជា​ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ​និង​ជា​ទី​ប្រឹក្សា​វិនិយោគ​នៅ​ក្រុមហ៊ុន ​SSI​ Securities ​Services​ នៅ​ក្នុង​ទី​ក្រុង​ហាណូយ​បាន​ឱ្យ​ដឹង​ថា ​ការ​រីក​ចម្រើន​នៅ​ក្នុង​វិស័យ​ទេសចរណ៍​នេះ​គឺ​ជា​ចំណុច​វិជ្ជមាន​នៃ​ទំនាក់ទំនង​អាជីវកម្ម​រវាង​ចិន​និង​វៀតណាម​រហូត​ដល់​ចុងឆ្នាំ ​២០១៦ ។

លោក​ Louie ​Nguyen ​និពន្ធ​នាយក​ និង​ជា​ស្ថាបនិក​គេហទំព័រ​ព័ត៌មាន​ VietnamAdvisors​ បាន​ថ្លែង​ថា៖

«វៀតណាម​ចង់​ងាក​ចេញ​ពី​ការ​ដែល​គ្រាន់​តែ​ជា​មជ្ឈមណ្ឌល​ផលិត​កម្ម។ អ្នក​អាច​មើល​ឃើញ​តាម​រយៈ​កំណើន​នៃ​គំនិត​ផ្តួចផ្តើម​អាជីវកម្ម​បង្កើតថ្មី ក្នុង​វិស័យ​បច្ចេកវិទ្យា។ សូម្បី​តែ​នៅ​ក្នុង​វិស័យភាពយន្ត ភាពយន្ត​ដែល​មាន​ចំណង​ជើង​ថា«King Kong‍» ដែល​ភាពយន្ត​ខ្នាតធំ​ថ្មី​បំផុត​មួយ ក៏​ត្រូវ​បាន​ផលិត​នៅ​ក្នុង​ប្រទេស​វៀតណាម​ផង​ដែរ​។ ដូច្នេះ​មាន​គំនិត​ផ្ដួចផ្ដើម​ផ្សេងៗ​ដែល​ងាកចេញ​ពី​វិស័យ​ផលិតកម្ម។ វិស័យ​ទេសចរណ៍​ក៏​ជា​ផ្នែក​មួយ​នៃ​គំនិត​ផ្តួចផ្តើម​ទាំង​នេះ​ផង​ដែរ»។

ប្រទេស​ចិន​ឥឡូវ​នេះ​គឺ​ជា ​ប្រភព​ទេសចរណ៍​ធំ​បំផុត​របស់​វៀតណាម។ នេះ​បើ​យោង​តាម​ទី​ភ្នាក់ងារ​សារព័ត៌មាន​ស៊ីនហួ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​របស់​ប្រទេស​ចិន។

លោក ​Burke​ បាន​ថ្លែង​ថា ​ទោះ​បី​ជាប្រទេស​វៀតណាម​ពឹង​ផ្អែក​ខ្លាំង​ទៅ​លើ​ឧស្សាហកម្ម​នាំចេញក៏​ដោយ​ក្តី ក៏​ការងារ​មួយ​ក្នុងចំណោម​ការងារចំនួន​ប្រាំបី​គឺ​ស្ថិត​នៅ​ក្នុងវិស័យ​បដិសណ្ឋារកិច្ច។ កាល​ពី​ឆ្នាំ​មុន វិស័យ​ទេសចរណ៍រ៉ាប់រង ​៦.៦​ ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប។

ការ​លើកស្ទួយ​ជំហាន​ដំបូង

ការ​ឆ្លងកាត់​ព្រំដែន​ដី​គោក​និង​ការ​ហោះហើររយៈពេល​ខ្លី​ពី​ទីក្រុង​នានា​នៅ​ភាគ​ខាងត្បូង​ប្រទេសចិន​គឺ​ជា​ការ​លើក​ស្ទួយ​ជំហាន​ដំបូងដល់​វិស័យ​ទេសចរណ៍​របស់​វៀតណាម។

កាលពី​ខែ​មករា ខេត្ត ​Quan​ Ninh ​តាម​បណ្តោយ​ព្រំដែន​វៀត​ណាម​ ដែល​ជា​តំបន់​ទេសចរណ៍​ដ៏​ពេញនិយម​មួយ បាន​អនុញ្ញាត​ឱ្យ​ភ្ញៀវ​ទេសចរ​ចិន​ស្នាក់​នៅ​រយៈពេល​បី​ថ្ងៃ​ដោយ​មិន​ចាំបាច់​មាន​ទិដ្ឋាការ។

ប្រជាជន​ចិន​ចូលចិត្តទេសភាព​តាមឆ្នេរ​សមុទ្រ​ ចូលចិត្ត​ការ​ដើរ​ទិញ​ទំនិញ​ និង​ចូលចិត្ត​អាហារ​ប៊ូហ្វេ ​នេះ​បើ​យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក។

លោក ​Ma ​Wensheng ​អាយុ ​៤៨​ ឆ្នាំ​ ជា​ភ្ញៀវ​ទេសចរ​មក​ពី​ទីក្រុង​ប៉េកាំង​ដែល​ទើប​តែ​ចំណាយ​ពេល​បី​ថ្ងៃ​ជាមួយ​នឹង​ក្រុម​គ្រួសារ​របស់​លោក​នៅ​ភាគខាងត្បូងប្រទេស​វៀតណាមបាន​និយាយ​ថា ទោះបី​ជា​លោក​មិន​បាន​ជួប​ប្រទះ​អារម្មណ៍​ប្រឆាំង​នឹងជនជាតិចិនក៏​ដោយ ក៏​មិន​មែន​អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​ល្អ​ឥតខ្ចោះ​នោះ​ទេ។

«យើង​បាន​ទៅ​ប្រទេស​ថៃ​ និងម៉ាល់ឌីវ​ (Maldives)​ ក្នុង​អំឡុង​ពេល​ពីរ​ឆ្នាំកន្លង​ទៅ​នេះ បន្ទាប់​មក​យើង​បាន​ឃើញ​ការ​ណែនាំ​មួយ​ចំនួន​ ហើយ​យើង​បាន​គិតថា​ ​ប្រទេស​វៀតណាម​នឹង​ល្អ​ប្រសើរ​ជាង​ប្រទេស​ទាំង​នេះ​បន្តិច ​និង​មាន​ការ​ទាក់ទាញ​ជា​ច្រើន​ទៀត។ ហេដ្ឋារចនា​សម្ព័ន្ធ​ទេសចរណ៍​មួយ​ចំនួន​នៅ​មាន​ភាព​ខ្វះ​ខាត មិន​ទាន់​ពេញ​លេញ​នៅ​ឡើយ។ ហើយ​គុណសម្បត្តិ​របស់​វៀតណាម គឺ​ថា ការ​ចំណាយ​នៅ​ក្នុង​ប្រទេស​វៀតណាម​នៅ​តែ​ថោក​ជាងប្រទេស​ថៃ ​ម៉ាល់ឌីវ​និង​ប្រទេស​ដទៃ​ទៀត»។

ចំនួន​ក្រុមអ្នក​ទេសចរចិន​ដែល​ទៅ​កម្សាន្ត​នៅ​ប្រទេស​ម៉ាឡេស៊ី​ សិង្ហបុរី ​និង​ប្រទេស​ថៃ ​មាន​ចំនួន​ច្រើន​ជា​ធម្មតា​ ព្រោះ​ប្រទេស​ទាំង​បី​នេះ​បាន​ក្លាយ​ជា​ទីផ្សារ​ទេសចរណ៍​ក្រៅ​ប្រទេស​ដំបូង​គេ​នៅ​ក្នុង​ឆ្នាំ ​២០០៣។

ប៉ុន្តែ​ការ​បាត់យន្តហោះ​ដឹក​អ្នកដំណើរម៉ាឡេស៊ី ​MH​ 370​ កាល​ពី​ខែ​មីនា​ឆ្នាំ​ ២០១៤​ ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់ដល់​ចំនួន​ភ្ញៀវ​ទេសចរ​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី​ ហើយ​ប្រទេស​សិង្ហបុរីបាន​រាយការណ៍​ពី​ការ​ធ្លាក់​ចុះ​នៃ​ចំនួន​ភ្ញៀវទេសចរ ២៤​ភាគរយ​នៅ​ចន្លោះ​ឆ្នាំ​២០១៣​និង​ឆ្នាំ ​២០១៤​ មុន​ពេល​ដែល​ប្រទេស​នេះចាប់ផ្តើម​សម្រួល​លក្ខខណ្ឌ​អនុញ្ញាតសម្រាប់​ការ​ធ្វើ​ដំណើរ​ជា​លក្ខណៈ​គ្រួសារ។

ប្រទេសថៃ​មិន​ទាន់ឃើញ​មាន​ការ​ធ្លាក់ចុះ​រយៈពេល​យូរណា​មួយ​នៃ​ការ​មក​លេង​របស់​ភ្ញៀវ​ទេសចរ​ពី​ប្រទេស​ចិន​នោះ​ទេ។ ចំនួន​ភ្ញៀវ​ទេសចរចិន​ធ្វើ​ដំណើរ​កម្សាន្ត​ក្រៅ​ស្រុក​ពី​ប្រទេស​ចិន​បានកើន​ឡើង​២០​ភាគ​រយ​នៅ​ឆ្នាំ ​២០១៥។

​ហុងកុង ​និង​តៃវ៉ាន់

ចំនួន​តួលេខ​ដ៏​ធំ​នៃ​អ្នក​ធ្វើ​ដំណើរ​របស់​ចិន​បាន​ផ្លាស់ប្តូរ​ផ្នែក​ដទៃទៀត​នៃ​តំបន់​អាស៊ី​ផង​ដែរ។

ឧទាហរណ៍​ ការ​មក​លេង​របស់​ភ្ញៀវ​ទេសចរ​ពី​ប្រទេស​ចិន​បាន​នាំ​មក​នូវ​ការ​រីកចម្រើន​ដល់​វិស័យ​សេវាកម្ម​នៅទីក្រុង​ហុងកុង​ បន្ទាប់​ពី​មាន​ការ​បន្ធូរបន្ថយច្បាប់ក្នុង​ឆ្នាំ​ ២០០៣។ ទីក្រុង​ហុងកុង​ទទួល​បាន​ភ្ញៀវ​ទេសចរ​ចិន​ដីគោក​ចំនួន​៤៥,៨​លាន​នាក់​ក្នុង​ឆ្នាំ​២០១៥។

ចាប់​តាំង​ពី​ឆ្នាំ ​២០០៨​ ភ្ញៀវ​ទេសចរ​ចិន​បាន​ធ្វើ​ឲ្យ​រីកចម្រើន​ដល់​វិស័យ​សេវាកម្ម​នៅ​ផ្នែក​ខ្លះ​នៃ​កោះ​តៃវ៉ាន់​ ដែល​ស្ថិត​នៅ​ក្បែរ​តំបន់ទេសចរណ៍។ តួ​លេខ​សរុប​នៃ​ភ្ញៀវ​ទេសចរ​បាន​ឈាន​ដល់​កម្រិត​ខ្ពស់​បំផុតជិត​៣,៥​ លាន​នាក់​ក្នុង​ឆ្នាំ​២០១៥ ។

លោក​ Burke បាន​ថ្លែង​ថា ប្រទេស​ចិន​ហាក់​ដូច​ជា​មិន​ជំរុញ​វិស័យ​ទេសចរណ៍​នៅ​ក្នុង​ប្រទេស​វៀតណាម​ដើម្បី​យុទ្ធសាស្រ្ត​ចំណេញ​នោះ​ទេ ប៉ុន្តែ​ទីបំផុត​ប្រទេស​នេះ​អាច​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ទេសចរណ៍​ចិន​ធ្វើ​ការ​អូស​ទាញ​អ្នក​ទេសចរ​មក​វិញ ​ប្រសិន​បើ​ទំនាក់ទំនង​ចុះ​ដុនដាប។

ក្រុម​មន្រ្តី​កោះ​តៃវ៉ាន់​បាន​រាយការណ៍​ពី​ការ​ធ្លាក់ចុះ​នៃ​ចំនួន​ភ្ញៀវទេសចរជា​ក្រុម​ដែលធ្វើ​ដំណើរ​មក​ពី​ប្រទេស​ចិន​ ពី​៣០​ទៅ​៤០​ភាគ​រយ​ ចាប់​តាំង​ពី​ការ​ឡើង​កាន់​តំណែង​នៅ​ខែ​ឧសភា​របស់​ប្រធានាធិបតី ​ដែល​ជំទាស់​នឹង​គោល​បំណង​របស់​រដ្ឋាភិបាលក្រុង​ប៉េកាំង​ដែល​ចង់​បង្រួបបង្រួម​ផ្នែក​នយោបាយ​រវាង​ភាគី​ទាំងពីរ។ ការ​ធ្លាក់​ចុះ​នៃ​ចំនួន​អ្នក​ទេសចរ​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ប្រតិបត្តិការ​ផ្នែក​សណ្ឋាគារ​ និង​រថយន្ត​ក្រុង​សម្រាប់​ទេសចរណ៍។

ភ្ញៀវទេសចរ​មក​ពី​ចិន​ដីគោក​ទៅ​កាន់ក្រុង​ហុងកុង​បាន​ធ្លាក់ចុះ​ ៣​ភាគ​រយ​នៅ​ក្នុង​ឆ្នាំ ​២០១៥ ​ដែល​ជា​ឆ្នាំ​បន្ទាប់ពី​មានចលនា​ឆ័ត្រ​ (Umbrella Movement) ដែល​ជា​ការ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។ លោក​ Johathan ​Spangler​ នាយក​នៃ​ក្រុម​វិភាគ​គោល​នយោបាយ​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​មាន​មូលដ្ឋាន​នៅ​ក្រុង​តៃប៉ិ​បាន​និយាយ​ថា​វៀតណាម​យល់​ពី​ហានិភ័យ​នៃ​ការ​ធ្លាក់​ចុះ​ចំនួន​អ្នក​ទេសចរ។

«រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ត្រូវ​បាន​គេ​ដឹង​ថា ​ធ្លាប់​បាន​កំណត់​ចំនួន​ភ្ញៀវ​ទេសចរធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេសដើម្បី​ប្រើ​ប្រាស់​ជា​ឧបករណ៍​នយោបាយ​ ប៉ុន្តែ​រដ្ឋាភិបាល​វៀតណាម​យល់​ថា​ ហានិភ័យ​នេះ​គឺ​គ្រាន់​តែ​ជា​ផ្នែក​តូច​មួយ​រវាង​ទំនាក់ទំនង​សេដ្ឋកិច្ច​របស់​ខ្លួន​ជាមួយ​នឹង​ប្រទេស​ចិន​ ជាមួយ​និង​ផល​ប្រយោជន៍​ការ​ទូត​និង​នយោបាយ​ដែល​ទូលំ​ទូលាយ​ជាង​មុន​តែ​ប៉ុណ្ណោះ»៕

​ប្រែ​សម្រួល​ដោយ​ ផន​ បុប្ផា

XS
SM
MD
LG