ក្រុមគ្រូពេទ្យបាននិយាយកាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះថា ការវាយប្រហារតាមអាកាសដោយអ៊ីស្រាអែលលើផ្ទះមួយខ្នងបានសម្លាប់មនុស្ស ១៦នាក់ ដោយពាក់កណ្តាលជាកុមារនៅក្នុងក្រុង Rafah នាប៉ែកខាងត្បូងតំបន់ហ្កាហ្សា។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន AP ។
នៅពេលជាមួយគ្នានេះ នៅមិនទាន់មានដំណឹងអំពីថាតើឱសថដែលបានដឹកជញ្ជូនចូលក្នុងដែនដីនេះកាលពីថ្ងៃពុធ ជាផ្នែកមួយនៃកិច្ចព្រមព្រៀងសម្របសម្រួលដោយប្រទេសបារាំងនិងកាតា ត្រូវបានចែកចាយហើយឬនៅ ដល់ចំណាប់ខ្មាំងរាប់សិបនាក់ ដែលមានជំងឺរ៉ាំរ៉ៃដែលក្រុមហាម៉ាស់បានចាប់ឃុំឃាំង។
ក្នុងពេលជាង ១០០ថ្ងៃ ក្រោយក្រុមហាម៉ាស់បង្កើតសង្គ្រាមដោយសារការវាយប្រហាររបស់ពួកគេកាលពីថ្ងៃទី ៧ ខែតុលាឆ្នាំមុន អ៊ីស្រាអែលនៅតែបន្តយុទ្ធនាការយោធាដ៏ប្រល័យនិងហិនហោចបំផុតក្នុងប្រវត្តិសាស្ត្រថ្មីៗនេះ ដោយមានគោលដៅបំផ្លាញក្រុមជនសកម្មប្រយុទ្ធនេះ ដែលបានគ្រប់គ្រងតំបន់ហ្កាហ្សា តាំងពីឆ្នាំ ២០០៧ ហើយបានវិលត្រឡប់ទៅវិញជាមួយចំណាប់ខ្មាំងជាច្រើននាក់។ សង្គ្រាមនេះបាននាំឱ្យមានភាពតានតឹងនៅទូទាំងតំបន់នោះ ដោយគំរាមកំហែងឱ្យមានសង្គ្រាមឯទៀតៗផងដែរ។
លោកវេជ្ជបណ្ឌិត Talat Barhoum នៃមន្ទីរពេទ្យ el-Najjar នៅក្រុង Rafah បានបញ្ជាក់ថាពិតអំពីចំនួនមនុស្សស្លាប់ដោយការវាយប្រហារតាមអាកាសនេះក្នុងក្រុង Rafah ហើយលោកបាននិយាយថា មនុស្សរាប់សិបនាក់ទៀតបានត្រូវរបួស។ រូបភាពវីដេអូរបស់ទីភ្នាក់ងារសារព័ត៌មាន Associated Press ពីមន្ទីរពេទ្យនោះបង្ហាញឱ្យឃើញញាតិសន្តានយំសោកនៅជិតសាកសពជនជាទីស្រឡាញ់។
បើតាមអង្គការ NetBlocks ថា គ្មានសេវា Internet និងទូរស័ព្ទដៃក្នុងតំបន់ហ្កាហ្សាប្រាំថ្ងៃមកហើយ ដែលជារយៈពេលមិនមានសេវាទាំងនេះយូរបំផុតក្នុងសង្គ្រាមនេះ។ ការគ្មានសេវាទាំងនេះនាំឱ្យមានការពិបាកដល់ការប្រឹងប្រែងជួយសង្គ្រោះនិងក្នុងការទទទួលព័ត៌មានអំពីការវាយប្រហារថ្មីៗបំផុតនិងអំពីចំនួនមនុស្សស្លាប់និងរបួស៕
វេទិកាបញ្ចេញមតិ