ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីស្រាអែលវាយប្រហារទូទាំងតំបន់ហ្កាហ្សា ខណៈក្រសួងសុខាភិបាលតំបន់នោះថាអ្នកស្លាប់កើនដល់យ៉ាងតិច ២៤.១០០ នាក់


ទិដ្ឋភាព​នៃទីក្រុង Khan Younis ក្នុង​តំបន់​ហ្កាហ្សា​ក្រោម​ការ​វាយប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល ខណៈ​សង្គ្រាម​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់​នៅតែបន្ត នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។
ទិដ្ឋភាព​នៃទីក្រុង Khan Younis ក្នុង​តំបន់​ហ្កាហ្សា​ក្រោម​ការ​វាយប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល ខណៈ​សង្គ្រាម​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់​នៅតែបន្ត នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។

កងទ័ព​អ៊ីស្រាអែល​បានវាយ​ប្រហារ​ថ្មីៗ​តាម​អាកាស​នៅ​ទូទាំង​តំបន់​ហ្កាហ្សា (Gaza) ស្រប​ពេល​ដែល​ក្រសួង​សុខាភិបាល​ដែល​គ្រប់គ្រង​ដោយ​ក្រុម​ហាម៉ាស់ (Hamas) នៅ​ក្នុង​តំបន់​នោះ​បាន​បញ្ជាក់​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ការវាយ​ប្រហារ​របស់​អ៊ីស្រាអែល​បាន​សម្លាប់​មនុស្ស​ជាង​១៣០​នាក់​ក្នុង​ពេល​មួយ​ថ្ងៃ​កន្លង​មក។

យោធា​អ៊ីស្រាអែល​បាន​លើកឡើង​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ប្រតិបត្តិការ​របស់​ខ្លួន​គឺ​រួម​មាន​ផងដែរ​នូវ​ការ​សម្លាប់​ជន​សកម្ម​ប្រយុទ្ធ ៥ នាក់​នៅ​ភាគ​ខាង​ជើង​តំបន់​ហ្កាហ្សា​ដែល «បាន​ប៉ុនប៉ង​ស្វែងរក​អាវុធ» និង​ការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​និង​ផ្លូវ​គោក​ដែល​បាន​បំផ្លាញ​កន្លែង​ស្តុកទុក​សព្វាវុធ​នៅ​ក្នុង​តំបន់​ទីក្រុង Khan Younis នៅ​ភាគ​ខាង​ត្បូង​តំបន់​ហ្កាហ្សា។

ក្រសួង​សុខាភិបាល​តំបន់​ហ្កាហ្សា​បាន​បញ្ជាក់​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា អ្នក​ស្លាប់​ដោយសារ​យុទ្ធនាការ​យោធា​របស់​អ៊ីស្រាអែល​បាន​កើន​រហូត​ដល់​យ៉ាង​តិច ២៤.១០០ នាក់ ហើយ​អ្នក​រង​របួស​មាន​ចំនួន​ជាង ៦០.០០០ នាក់។ ក្រសួង​នេះ​មិន​បាន​ធ្វើ​ការ​បែងចែក​រវាង​យុទ្ធជន​ក្រុម​ហាម៉ាស់​និង​ជន​ស៊ីវិល​នោះ​ទេ​នៅ​ក្នុង​តួលេខ​របស់​ខ្លួន​នេះ។

អ៊ីស្រាអែល​បាន​ចាប់ផ្ដើម​យុទ្ធនាការ​យោធា​របស់​ខ្លួន​ដើម្បី​បោស​សម្អាត​ក្រុម​ហាម៉ាស់ បន្ទាប់ពី​យុទ្ធជន​ក្រុម​នេះ​បាន​វាយ​ប្រហារ​ដ៏​ឃោរឃៅ​លើ​ផ្នែក​ខាង​ត្បូង​អ៊ីស្រាអែល​កាលពី​ថ្ងៃ​ទី ៧ ខែ​តុលា​ឆ្នាំ មុន​ដោយ​សម្លាប់​មនុស្ស​ប្រហែល ១.២០០ នាក់​និង​ចាប់​មនុស្ស ២៤០ នាក់​ធ្វើ​ជា​ចំណាប់ខ្មាំង។

រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី​អ្នកស្រី Penny Wong បាន​អំពាវនាវ​នៅ​ថ្ងៃ​ចន្ទ​នេះ​ឱ្យ​មាន «បទ​ឈប់បាញ់​គ្នា​ជា​និរន្តន៍» មួយ​នៅ​ក្នុង​តំបន់​ហ្កាហ្សា នៅ​ពេល​អ្នកស្រី​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​តំបន់​នោះ​ដើម្បី​ពិភាក្សា​អំពី​សង្គ្រាម​នេះ​និង​កិច្ច​ប្រឹងប្រែង​មនុស្សធម៌។

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu បាន​សន្យា​បន្ត​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​ក្រុម​ហាម៉ាស់​រហូត​ទាល់តែ​ទទួល​បាន​ជ័យជម្នះ។

លោក Netanyahu បាន​និយាយ​នៅ​ឯ​សន្និសីទ​កាសែត​មួយ​កាលពី​យប់​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​ថា អ៊ីស្រាអែល​នឹង​មិន​រារែក​ដោយសារ​តែ​ការ​ចោទ​ប្រកាន់​ដែល​ថា​អ៊ីស្រាអែល​កំពុង​ប្រព្រឹត្តអំពើ​ប្រល័យ​ពូជសាសន៍​លើ​ជនជាតិ​ប៉ាឡេស្ទីន​នោះ​ឡើយ៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP ទីភ្នាក់ងារ​សារព័ត៌មាន AFP និង​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG