ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីស្រាអែលវាយប្រហារតំបន់ហ្កាហ្សាក្រោយរដ្ឋមន្ត្រីការពារជាតិនិយាយថា តំណាក់កាលសង្គ្រាម​ដ៏ខ្លាំងមួយនឹងត្រូវបញ្ចប់ឆាប់ៗនេះ


ទាហាន​អ៊ីស្រាអែល​ប្រមូល​ផ្តុំ​គ្នា​នៅ​លើ​រថក្រោះ​មួយ​ បន្ទាប់​ពី​ធ្វើ​ប្រតិបត្តិការ​នៅ​តំបន់​ហ្កាហ្សា​ប្រឆាំង​ក្រុម​ហាម៉ាស់ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។
ទាហាន​អ៊ីស្រាអែល​ប្រមូល​ផ្តុំ​គ្នា​នៅ​លើ​រថក្រោះ​មួយ​ បន្ទាប់​ពី​ធ្វើ​ប្រតិបត្តិការ​នៅ​តំបន់​ហ្កាហ្សា​ប្រឆាំង​ក្រុម​ហាម៉ាស់ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។

អ៊ីស្រាអែលរាយការណ៍​ពី​ការវាយប្រហារ​តាម​អាកាសជាច្រើននៅ​ភាគ​ខាងជើង​និង​ខាងត្បូង​នៃ​តំបន់​ហ្កាហ្សា​នៅ​ថ្ងៃ​អង្គារ​នេះ​ ​មួយ​ថ្ងៃ​ក្រោយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​របស់​ខ្លួននិយាយ​ថា តំណាក់កាល​នៃ​សង្គ្រាមដ៏​ខ្លាំង​ក្លា​មួយ​ប្រឆាំង​នឹង​ក្រុម​ហាម៉ាស់​ នឹង​ត្រូវ​បញ្ចប់​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

កង​កម្លាំង​អ៊ីស្រាអែល​និយាយ​ថា​ ការវាយប្រហារ​តាម​អាកាស​របស់​ខ្លួន​ គឺ​សំដៅ​លើ​ទីតាំង​ក្រុម​យុទ្ធជន​ហាម៉ាស់​នៅ​ក្នុង​តំបន់ Shati ភាគ​ខាង​ជើង ​និង​ទីក្រុង Khan Younis។​ ​

កងទ័ពអ៊ីស្រាអែល​បាន​សម្លាប់​ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស់រាប់​សិបនាក់ និង​បាន​រកឃើញ​ទីតាំង​បាញ់​គ្រាប់រ៉ុក្កែតរបស់​ក្រុម​នេះ​ប្រមាណ​ ១០០ កន្លែងផង​ដែរ។​

ការវាយប្រហារ​តាម​អាកាស​កាលពី​យប់​មិញ​ក៏​បានកម្ទេច​ជើង​ទម្របាញ់​រ៉ុក្កែត​ប្រឆាំង​រថគ្រោះ​ នៅ​ភាគ​ខាង​ត្បូងប្រទេស​លីបង់​ផង​ដែរ​ ដែល​នេះ​ជា​ការ​វាយប្រហារ​ឆ្លង​ព្រំដែនក្នុង​ពេល​ថ្មីៗ​ចុងក្រោយ ​ដែល​ធ្វើ​ឱ្យ​មាន​ការបារម្ភ​ពីជម្លោះ​មួយ​ដែល​អាចរាលដាល​ក្នុង​តំបន់​។​

រដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ីស្រាអែល​លោក ​Yoav Gallant​ បាន​បដិសេធ​បទឈប់បាញ់​គ្នា​មួយ​ ​ក្នុង​ពេល​លោក​ប្រាប់​ក្រុម​អ្នក​សារព័ត៌មានកាល​ពី​ថ្ងៃ​ចន្ទ​ ដោយ​និយាយ​ថា​ អ៊ីស្រាអែល​មិន​អាច​បញ្ឈប់ប្រតិបត្តិការ​យោធា​ទាំង​ស្រុង​របស់​ខ្លួន​ក្នុង​តំបន់​ហ្កាហ្សា​នោះ​ឡើយ​ ព្រោះ​ក្រុម​ហាម៉ាស់​ មិន​យល់​ស្រប​ដោះលែង​ក្រុម​ចំណាប់​ខ្មាំង​បន្ថែម​ទៀតទេ​ បើគ្មាន​សម្ពាធយោធានោះ​ទេ។ ​

នៅ​ក្នុង​ហេតុការណ៍ដាច់ដោយ​ឡែក​មួយ​ទៀត​ ​ក្រុម​ឧទ្ទាម​ហ៊ូធី​ក្នុង​ប្រទេស​យេម៉ែន​ បាន​បាញ់​មីស៊ីលមួយ​គ្រាប់ សំដៅ​លើនាវា​ដឹកទំនិញ​របស់​សហរដ្ឋ​អាមេរិក​ នៅ​ក្នុង​ឈូងសមុទ្រ Aden ក្បែរឆ្នេរសមុទ្រយេម៉ែន។​ ការវាយប្រហារ​ទៅ​លើ​នាវា​អាមេរិក​ Gibraltar Eagle កើត​មាន​ឡើង​តិច​ជាង​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ ក្រោយ​ពី​ពួក​ឧទ្ទាម​ហ៊ូធីនៅ​ក្នុង​ប្រទេស​យេម៉ែន​ ​បាន​បាញ់​មីស៊ីល​ស្វ័យ​នាំផ្លូវប្រឆាំង​នាវា​ មួយ​គ្រាប់​សំដៅ​លើ​នាវា​ពិឃាដ​អាមេរិក​ នៅ​ក្នុង​សមុទ្រ​ក្រហម​មក៕

ផ្នែក​ខ្លះ​នៃ​ព័ត៌មាន​នេះ​ត្រូវ​បាន​ផ្តល់​ឱ្យ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​ The Associated Press, Agence France-Presse និង​ Reuters ។​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG