ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឱសថ​សម្រាប់​ចំណាប់​ខ្មាំង​និង​ជនស៊ីវិល​ប៉ាឡេស្ទីន​បាន​ទៅ​ដល់​ហ្កាហ្សា បន្ទាប់ពីកិច្ចព្រមព្រៀង


រថយន្តដែលដឹក​ជំនួយ​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ក្រុង Rafah ភាគខាងត្បូង​តំបន់​ហ្កាហ្សា កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤។
រថយន្តដែលដឹក​ជំនួយ​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ក្រុង Rafah ភាគខាងត្បូង​តំបន់​ហ្កាហ្សា កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤។

ឱសថ​សម្រាប់​ចំណាប់​ខ្មាំង​ក្នុង​កណ្តាប់​ដៃ​ពួក​សកម្ម​ប្រយុទ្ធ​ហាម៉ាស់នៅតំបន់​ហ្កាហ្សា​ត្រូវបានចែកចាយ​នៅថ្ងៃ​ពុធ​នេះ​ ក្រោម​កិច្ច​ព្រមព្រៀង​ដែល​សម្រប​សម្រួល​ដោយ​ប្រទេស​បារាំងនិ​ង​កាតា។​

ប្រទេស​បារាំង​បាន​និយាយ​ថា ​ ឱសថ​សម្រាប់​ចំណាប់​ខ្មាំង ៤៥​ នាក់ ​ដែល​មាន​ជំងឺ​រ៉ាំរ៉ៃ​ហើយ​ការ​ផ្តល់​ឱ្យ​ នឹង​ធ្វើ​ឡើង​ដោយមាន​ជំនួយ​ពី​កាកបាទ​ក្រហម​អន្តរជាតិ។​

ប្រទេស​កាតា​បាន​និយាយ​ថា​ កិច្ច​ព្រមព្រៀង​នេះ​ក៏​រួម​បញ្ចូល​ថ្នាំពេទ្យ​ និង​ជំនួយ​មនុស្ស​ធម៌​ផ្សេង​ទៀត​សម្រាប់​ជន​ស៊ីវិល​ប៉ាឡេស្ទីន​នៅ​តំបន់​ហ្កាហ្សាផង​ដែរ។​

ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស់​បាន​ចាប់​មនុស្ស​ប្រមាណ​ ២៤០​ នាក់ ​ក្នុង​អំឡុង​ពេល​វាយ​ប្រហារ​លើ​អ៊ីស្រាអែល​កាលពី​ថ្ងៃ​ទី ៧​ ខែ​តុលា​ឆ្នាំមុន​ ដែល​អំឡុង​ពេល​នោះ​ពួក​គេ​បាន​សម្លាប់​មនុស្ស​ប្រហែល​ ១២០០​នាក់​ផង​ដែរ។​ នេះ​បើ​យោង​តាម​តួលេខ​របស់​អ៊ីស្រាអែល។ ​អ៊ីស្រាអែល​បាន​ចាប់​ផ្តើម​យុទ្ធនាការ​យោធា​របស់​ខ្លួន​ដើម្បី​កម្ចាត់​ក្រុម​ហាម៉ាស់បន្ទាប់​ពី​ការ​វាយ​ប្រហារ​នោះ។​

ចំណាប់​ខ្មាំង​ជាង ១០០​ នាក់​ ត្រូវ​បាន​ដោះលែង​ក្នុង​អំឡុង​ពេល​មាន​បទ​ឈប់​បាញ់​បណ្តោះ​អាសន្ន​កាលពីខែ​វិច្ឆិកា ​ប៉ុន្តែ​ប្រហែល​ ១៣០​ នាក់ ​ត្រូវ​បាន​គេ​ជឿ​ថា​នៅ​ក្នុង​កណ្តាប់​ដៃ​ក្រុម​ហាម៉ាស់នៅ​ហ្កាហ្សា​នៅ​ឡើយ។​

សហ​រដ្ឋ​អាមេរិក​បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា​ ខ្លួន​មាន​ក្តី​សង្ឃឹម​ថា​ កិច្ច​ពិភាក្សា​សម្រប​សម្រួល​ដោយ​ប្រទេស​កាតា​អាច​នាំ​ឱ្យ​មាន​កិច្ច​ព្រមព្រៀង​ថ្មី​ដើម្បី​ដោះលែង​ចំណាប់​ខ្មាំង​ជាថ្នូរ​នឹង​បទ​ឈប់​បាញ់​រវាង​ក្រុម​ហាម៉ាស់និង​អ៊ីស្រាអែល។​

សង្រ្គាម​បាន​បន្ត​នៅ​ថ្ងៃ​ពុធ​នេះ​ដោយ​យោធា​អ៊ីស្រាអែល​និយាយ​ថា ​ខ្លួន​បាន​សម្លាប់​យុទ្ធជន​ប៉ាឡេស្ទីន​ ៦​នាក់​ រួម​ទាំង​មន្ត្រី​ក្រុម​ហាម៉ាស់​ម្នាក់​ដែល​អ៊ីស្រាអែល​និយាយ​ថា ​ជា​អ្នក​ទទួល​បន្ទុក​ក្នុង​ការ​សួរ​ចម្លើយ​ចារបុរស​ដែល​សង្ស័យ​នៅ​តំបន់​ហ្កាហ្សា​ភាគ​ខាងត្បូង។​

យោធា​អ៊ីស្រាអែល​បាន​និយាយ​នៅ​ថ្ងៃពុធ​នេះ​ថា​ ខ្លួន​បានវាយ​ប្រហារ​តាម​អាកាស​ដែល​បាន​សម្លាប់​មន្ត្រី​សកម្ម​ប្រយុទ្ធ​ជាន់​ខ្ពស់​ប៉ាឡេស្ទីន​ម្នាក់​នៅ​ក្នុង​ទីក្រុង​ Nablus នៅ​ West Bank។​ យោធា​អ៊ីស្រាអែល​បាន​ចោទ​ប្រកាន់​ថា​ លោក ​Ahmed Abdullah Abu Shalal​ ជា​អ្នក​ទទួល​ខុសត្រូវ​ចំពោះ​ការ​រៀបចំ​ផែនការ​វាយ​ប្រហារ​ជាច្រើន​ប្រឆាំង​នឹង​ជនជាតិ​អ៊ីស្រាអែល​នៅក្នុង​ទីក្រុង​ហ្សេរុយសាឡឹម។​

រដ្ឋមន្ត្រី​ការបរទេសសហរដ្ឋអាមេរិក​ លោក Antony Blinken បាន​និយាយជាថ្មី​ទៀត​អំពី​សេចក្តី​ត្រូវការឱ្យមាន «ការបង្កើត​រដ្ឋប៉ាឡេស្ទីន‍» នៅថ្ងៃ​ពុធ​នេះ ​ក្នុង​ការប្រជុំ​ប្រចាំ​ឆ្នាំ​នៃវេទិកា​សេដ្ឋកិច្ច​ពិភពលោកនៅ​កន្លែង​កម្សាន្ត Davos ក្នុង​ប្រទេស​ស្វីស។

លោក​ Blinken បានថ្លែង​នៅ​ថ្ងៃ​ពុធ​នេះ​ថា ​អ៊ីស្រាអែល«នឹង​មិនមានសន្តិសុខពិត​ប្រាកដ​ទេ បើគ្មាន​រដ្ឋប៉ាឡេស្ទីន​ទេនោះ‍»។ លោក​មាន​ប្រសាសន៍​ថា​ ប្រសិន​បើរដ្ឋជ្វីហ្វ ​អាចចូល​ក្នុងចំណោម​បណ្តាប្រទេសនៅមជ្ឈិមបូព៌ា​បាន ​តំបន់​នេះនឹងរួបរួមគ្នា​ធ្វើ​ឱ្យអ៊ីរ៉ង់​និង​ ​កូនអុក​របស់ខ្លួន​នៅ​ឯកោ​ពីគេ។ ​កូនអុករបស់អ៊ីរ៉ង់មានរួម​ក្រុម​ឧទ្ទាម​ហ៊ូធី​ ដែលបាន​វាយ​ប្រហារ​នាវា​ពាណិជ្ជកម្ម​ក្នុង​សមុទ្រក្រហម។​ លោក​បានបញ្ជាក់​ថា​អ៊ី រ៉ង់​ជា​កង្វល់​ខាងសន្តិសុខ​ធំបំផុត។

កង​កម្លាំង​ប្រតិបត្តិការ​ពិសេស​របស់​កងទ័ព​ជើងទឹក​សហរដ្ឋ​អាមេរិក​បាន​រឹបអូស​គ្រឿង​បន្លាស់​មីស៊ីល​ធ្វើ​នៅ​អ៊ីរ៉ង់​និង​សព្វាវុធ​ផ្សេង​ទៀត​ពី​កប៉ាល់​មួយ​គ្រឿង ​ដែល​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​រក​ក្រុម​ឧទ្ទាម​ហ៊ូធី​ នៅ​ក្នុង​ប្រទេស​យេម៉ែន ​នៅ​ក្នុង​ការ​វាយឆ្មក់​មួយ​កាលពី​សប្ដាហ៍​មុន ដែល​នៅ​ក្នុង​ការ​វាយឆ្មក់​នោះ​ទាហាន​កុម្មង់ដូ​របស់​ខ្លួន​ពីរ​នាក់​បាន​បាត់​ខ្លួន។

ការ​វាយឆ្មក់​នេះ​គឺជា​ការ​រឹបអូស​ថ្មី​ចុងក្រោយ​បង្អស់​របស់​កងទ័ព​ជើងទឹក​សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​នូវ​ការ​ដឹក​ជញ្ជូន​អាវុធ​ ដែល​ធ្វើ​ដំណើរ​សំដៅ​ឆ្ពោះ​ទៅ​រក​ក្រុម​ឧទ្ទាម​ហ៊ូធី។

ក្រុម​ហ៊ូធី​នេះ​បាន​ធ្វើ​ការ​វាយ​ប្រហារ​ជា​ច្រើន​លើក​ច្រើន​សារ​ដែល​បង្អាក់​ដល់​ពាណិជ្ជកម្ម​អន្តរជាតិ​នៅ​សមុទ្រ​ក្រហម​និង​ឈូង​សមុទ្រ​អាដេន (Gulf of Aden)។ ក្រុម​នេះ​អះអាង​ថា ខ្លួន​ធ្វើការ​វាយ​ប្រហារ​ដូច្នេះ​ដោយសារ​តែ​អ៊ីស្រាអែល​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​ក្រុម​ហាម៉ាស់​នៅ​ក្នុង​តំបន់​ហ្កាហ្សា។

ស្រប​ពេល​នេះ​ដែរ កប៉ាល់​ថ្មី​មួយ​គ្រឿង​បាន​រង​ការ​បាញ់​ប្រហារ​ដែល​គេ​សង្ស័យ​ថា​ធ្វើ​ឡើង​ដោយ​ក្រុម​ហ៊ូធី​នៅ​សមុទ្រ​ក្រហម ​និង​បាន​រង​ការ​ខូចខាត​មួយ​ចំនួន បើ​ទោះបីជា​គ្មាន​នរណា​ម្នាក់​រង​របួស​ក៏ដោយ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ដែល​ដឹង​រឿង​នេះ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG