ទីភ្នាក់ងារសេវាប្រាក់ចំណូលរដ្ឋាភិបាលសហព័ន្ធ (IRS) របស់សហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃទី ៨ ខែកញ្ញាថា ខ្លួនកំពុងចាប់ផ្ដើមនូវកិច្ចប្រឹងប្រែងដើម្បីតាមដានឱ្យបានខ្លាំងក្លាលើអ្នកមានធនធានច្រើនចំនួន ១.៦០០ នាក់និងក្រុមហ៊ុនអាជីវកម្មធំៗចំនួន ៧៥ ដែលជំពាក់ពន្ធដារចំនួនរាប់រយលានដុល្លារ។
លោក Daniel Werfel ប្រធានទីភ្នាក់ងារ IRS បាននិយាយថា ដោយមានការបង្កើនការផ្តល់ថវិកាពីរដ្ឋាភិបាលសហព័ន្ធនិងការជួយជ្រោមជ្រែងពីឧបករណ៍បច្ចេកវិទ្យា AI ទីភ្នាក់ងារ IRS មានវិធីថ្មីៗក្នុងការដៅទិសដៅលើអ្នកមានធនធានច្រើនដែល «គេចវេះ» មិនបង់ពន្ធគ្រប់គ្រាន់។
លោក Werfel បាននិយាយថា៖ «ប្រសិនបើអ្នកបង់ពន្ធទាន់ពេលវេលា អ្នកអាចស្រងាកចិត្តជាពិសេសនៅពេលដែលឃើញពួកអ្នកមានមិនបានបង់ពន្ធ»។
លោកបានបន្ថែមថា អ្នកមានលុយរាប់លានដុល្លារចំនួន ១.៦០០ នាក់ដែលជំពាក់ពន្ធយ៉ាងតិច ២៥០.០០០ ដុល្លារក្នុងម្នាក់ៗ និងក្រុមហ៊ុនអាជីវកម្មធំៗចំនួន ៧៥ ដែលមានធនធានប្រមាណ ១០ ពាន់លានដុល្លារជាមធ្យម គឺជាគោលដៅនៃ «កិច្ចប្រឹងប្រែងដែលតម្រូវឱ្យធ្វើតាមច្បាប់» ថ្មីៗទាំងនេះ។
លោក Werfel បានលើកឡើងថា កិច្ចប្រឹងប្រែងជួលបុគ្គលិកទ្រង់ទ្រាយធំនិងឧបករណ៍ស្រាវជ្រាវដែលប្រើបច្ចេកវិទ្យា AI ដែលបង្កើតឡើងដោយបុគ្គលិកនិងអ្នកធ្វើការតាមកុងត្រារបស់ទីភ្នាក់ងារ IRS បានបំពេញមុខនាទីធំក្នុងការរកឃើញអត្តសញ្ញាណក្រុមអ្នកគេចវេះមិនបង់ពន្ធដែលមានធនធានច្រើន។
ទីភ្នាក់ងារនេះកំពុងព្យាយាមបង្ហាញលទ្ធផលវិជ្ជមានដែលបានមកពីការបង្កើនថវិកាថ្មីនៅក្រោមរដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden ស្របពេលដែលគណបក្សសាធារណរដ្ឋនៅសភាកំពុងរកវិធីទាញយកថវិកាទាំងនេះមួយចំនួនមកវិញ។
លោក Werfel បានថ្លែងដូច្នេះថា៖ «មធ្យោបាយថ្មីៗជួយយើងឱ្យឃើញលំនាំនិងទំនោរដែលយើងមិនដែលឃើញពីមុន ហើយជាលទ្ធផល យើងមានទំនុកចិត្តច្រើនជាងមុនអំពីកន្លែងណាដែលយើងត្រូវពិនិត្យមើលនិងរកឃើញប្រាក់ចំណូលដែលក្រុមហ៊ុនអាជីវកម្មធំៗលាក់បាំង»។
កាលពីខែកក្កដា ថ្នាក់ដឹកនាំទីភ្នាក់ងារ IRS បាននិយាយថា ទីភ្នាក់ងារនេះបានប្រមូលប្រាក់ពន្ធល្មើសចំនួន ៣៨ លានដុល្លារពីអ្នកបង់ពន្ធដែលមានប្រាក់ចំណូលច្រើនចំនួនជាង ១៧៥ នាក់នៅក្នុងរយៈពេលតែពីរបីខែប៉ុណ្ណោះ។
លោក Werfel បានបញ្ជាក់ថា នៅពេលនេះទីភ្នាក់ងារ IRS នឹងបង្កើនកិច្ចប្រឹងប្រែងនេះបន្ថែមទៀត។
លោកថ្លែងដូច្នេះថា៖ «ទីភ្នាក់ងារ IRS នឹងមានមន្ត្រីខាងប្រាក់ចំណូលចំនួនរាប់សិបនាក់ដែលផ្តោតលើករណីប្រមូលពន្ធល្មើសក្នុងចំនួនដ៏ច្រើនទាំងនេះនៅក្នុងឆ្នាំសារពើពន្ធ ២០២៤»។
ក្រុមសេដ្ឋវិទូនៃស្ថាប័នអប់រំនិងអ្នកស្រាវជ្រាវរបស់ទីភ្នាក់ងារ IRS បានរកឃើញកាលពីឆ្នាំ ២០២១ ថា ពលរដ្ឋ ១% ដែលមានប្រាក់ចំណូលច្រើនជាងគេបង្អស់នៅក្នុងសហរដ្ឋអាមេរិកមិនបានរាយការណ៍អំពីប្រាក់ចំណូលរបស់ពួកគេជាង ២០% ទៅទីភ្នាក់ងារ IRS នោះទេ៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ