លោក Donald Trump និងលោកស្រី Hillary Clinton បានបញ្ចេញហិរញ្ញវត្ថុរបស់ពួកគេរៀងខ្លួនៗ ជាមួយនឹងឯកសារដែលបង្ហាញថា បេក្ខជនដែលសង្ឃឹមថានឹងទទួលបានតំណែងជាប្រធានាធិបតីអាមេរិកទាំង២រូបនេះ រកប្រាក់ចំណូលបានរាប់លានដុល្លារ ថ្វីត្បិតតែក្នុងកម្រិតខុសគ្នាក៏ដោយ។
នៅក្នុងឯកសារដែលបានលាតត្រដាងកាលពីថ្ងៃពុធទៅកាន់គណៈកម្មាធិការរៀបចំការបោះឆ្នោតសហព័ន្ធ លោក Trump ដែលរំពឹងថានឹងក្លាយជាបេក្ខជនប្រធានាធិបតីដែលតែងតាំងដោយគណបក្សសាធារណរដ្ឋនោះ រកចំណូលបានចំនួន៥៥៧លានដុល្លារ និងមានកំណើនប្រាក់ចំណេញពីជំនួញរបស់លោកចំនួន១៩០លានដុល្លារនៅក្នុងរយៈពេល១៧ខែកន្លងទៅនេះ។
តួលេខនេះមានការលំបាកក្នុងការបញ្ជាក់ ពីព្រោះថា លោក Trump បានបដិសេធមិនព្រមលាតត្រដាងឯកសារពន្ធរបស់លោកនោះទេ ដោយលោកបាននិយាយថា សវនកម្មរបស់សេវាកម្មពន្ធដារផ្ទៃក្នុងអាមេរិកដែលហៅកាត់ថា (IRS) បានរារាំងលោកមិនឲ្យធ្វើដូច្នេះនោះទេ។ IRS មិនបាននិយាយទេថា ខ្លួនកំពុងតែធ្វើសវនកម្មលើលោក Trump ឬយ៉ាងណា ប៉ុន្តែស្ថាប័ននេះបានឲ្យដឹងថា ការធ្វើសវនកម្មមិនរារាំងដល់ការលាតត្រដាងឯកសារពន្ធនោះទេ។
ប៉ុន្តែឯកសារដែលមានចំនួន១០៤ទំព័ររបស់លោក Trump បង្ហាញថា យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកមានផលប៉ះពាល់តិចតួចណាស់ទៅលើជំនួញរបស់លោក បើទោះបីជាមានការគំរាមកំហែងឲ្យធ្វើពហិការទៅលើជំនួញមួយចំនួនរបស់លោកកាលពីពេលដែលលោកចាប់ផ្តើមធ្វើយុទ្ធនាការឃោសនាក៏ដោយ។
លោកស្រី Clinton ដែលជាបេក្ខជនដែលរំពឹងថានឹងទទួលបានតំណែងជាប្រធានាធិបតីពីគណបក្សប្រជាធិបតេយ្យនោះ បានរៀបចំឯកសារហិរញ្ញវត្ថុរបស់លោកស្រីកាលពីមួយថ្ងៃមុននេះ ហើយបានប្រើប្រាស់ឯកសារនេះជាឱកាសមួយ ជំរុញឲ្យលោក Trump លាតត្រដាងពីឯកសារពន្ធរបស់ខ្លួនផងដែរ។ លោកស្រី Christina Reynolds អ្នកនាំពាក្យនៃយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកស្រី Clinton បានមានប្រសាសន៍ថា «វាគឺជាលក្ខខណ្ឌផ្លូវច្បាប់ដែលតម្រូវដល់បេក្ខជនឈរឈ្មោះជាប្រធានាធិបតីទាំងអស់»៕