ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណៈកម្មាធិការ​ពន្ធដារ​នៃ​រដ្ឋសភា​អាមេរិក​ស្នើ​ទីភ្នាក់ងារ​កិច្ចការ​ប្រាក់​ចំណូល​ឲ្យ​ប្រគល់​ឯកសារ​ប្រកាស​ពន្ធ​របស់​លោក Trump


រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក Donald Trump និយាយជាមួយតំណាងអង្គការណាតូលោក Jens Stoltenberg នៅសេតវិមានកាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩នេះ។ 
រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក Donald Trump និយាយជាមួយតំណាងអង្គការណាតូលោក Jens Stoltenberg នៅសេតវិមានកាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩នេះ។ 

លោក Trump គឺ​ជា​ប្រធានាធិបតី​អាមេរិក​តែ​មួយ​គត់​នៅ​ក្នុង​រយៈពេល​ជាង ៤០ ឆ្នាំ​ចុង​ក្រោយ​នេះ ដែល​បដិសេធ​មិន​បង្ហាញ​ឯកសារ​ប្រកាស​ពន្ធ​របស់​លោក​ជា​សាធារណៈ។

ប្រធាន​គណៈកម្មាធិការ​ត្រួត​ពិនិត្យ​កិច្ចការ​ពន្ធដារ និង​ការ​ចាយវាយ​នៃ​រដ្ឋសភា​សហរដ្ឋ​អាមេរិកបាន​ស្នើ​ជា​ផ្លូវការ​ដល់​ទីភ្នាក់ងារ​កិច្ចការ​ប្រាក់​ចំណូល​របស់​រដ្ឋាភិបាល​សហព័ន្ធឲ្យ​ប្រគល់​ឯកសារ​ប្រកាស​ពន្ធ​របស់​លោក​ប្រធានាធិបតី Donald Trump រយៈពេល ៦ ឆ្នាំ​ចុង​ក្រោយ។

លោក Richard Neal គឺ​ជា​ប្រធាន​នៃ​គណៈកម្មាធិការ ដែល​ទទួល​បន្ទុក​កិច្ចការ​គោល​នយោបាយ​ពន្ធដារ​នេះ ស្រប​ពេល​ដែល​គណបក្ស​ប្រជាធិបតេយ្យ​មាន​បំណង​ត្រួត​ពិនិត្យ​លើ​អាណាចក្រ​អាជីវកម្ម​ដ៏​ស្មុគស្មាញ​របស់​លោក Trump។

លោក Trump គឺ​ជា​ប្រធានាធិបតី​អាមេរិក​តែ​មួយ​គត់​នៅ​ក្នុង​រយៈពេល​ជាង ៤០ ឆ្នាំ​ចុង​ក្រោយ​នេះ ដែល​បដិសេធ​មិន​បង្ហាញ​ឯកសារ​ប្រកាស​ពន្ធ​របស់​លោក​ជា​សាធារណៈ។

លោក Neal បាន​និយាយ​ដូច្នេះ​ថា៖ «វា​ជា​ការ​សំខាន់​ណាស់​នៅ​ក្នុង​ការ​ធានា​ថា រដ្ឋាភិបាល និង​មន្ត្រី​រដ្ឋាភិបាល​មាន​ការ​ទទួល​ខុស​ត្រូវ។ ដើម្បី​រក្សា​ការ​ទុក​ចិត្ត​លើ​លទ្ធិ​ប្រជាធិបតេយ្យ​របស់​យើង យើង​ត្រូវ​ធានា​ដល់​ពលរដ្ឋ​អាមេរិកាំង​ថា រដ្ឋាភិបាល​របស់​ពួកគេ​ដំណើរការ​ដោយ​ត្រឹមត្រូវ​ស្រប​តាម​ច្បាប់»។

លោក Trump បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា លោក​មិន​អាច​ផ្សព្វផ្សាយ​អំពី​ឯកសារ​ប្រកាស​ពន្ធ​របស់​លោក​ពី​ឆ្នាំ ២០១៣ ដល់​ឆ្នាំ ២០១៨ បាន​ទេ ដោយសារ​លោក​បញ្ជាក់​ថា លោក​កំពុង​ត្រូវ​គេ​ធ្វើ​សវនកម្ម។

ប៉ុន្តែ​លោក Neal មិន​មែន​ស្នើ​លោក Trump ឲ្យ​ប្រគល់​នូវ​ឯកសារ​ប្រកាស​ពន្ធ​របស់​លោក​នោះ​ទេ ប៉ុន្តែ​ស្នើ​ទីភ្នាក់ងារ​កិច្ចការ​ប្រាក់​ចំណូល​របស់​រដ្ឋាភិបាល​សហព័ន្ធ​អំពី​រឿង​នេះ ហើយ​គ្មាន​ច្បាប់​ណា​មួយ​ដែល​រារាំង​ទីភ្នាក់ងារ​នេះ​មិន​ឲ្យ​ផ្សព្វផ្សាយ​ឯកសារ​ប្រកាស​ពន្ធ​របស់​លោក Trump នោះ​ទេ ប្រសិនបើ​ឯកសារ​នោះ​កំពុង​ត្រូវ​បាន​គេ​ធ្វើ​សវនកម្ម៕

XS
SM
MD
LG