ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​សហរដ្ឋ​អាមេរិក​ជំរុញ​ឱ្យ​សមាជិក​សភា​ ​អនុម័ត​​កិច្ចព្រមព្រៀង​ពិដាន​បំណុល​អាមេរិក​​


រូប​ឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក Joe Biden ជួប​ជាមួយ​ប្រធាន​រដ្ឋសភា​លោក Kevin McCarthy​ ដើម្បី​ពិភាក្សា​បញ្ហា​ពិដាន​បំណុល នៅ​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី២២ ខែ​ឧសភា ឆ្នាំ​២០២៣។
រូប​ឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក Joe Biden ជួប​ជាមួយ​ប្រធាន​រដ្ឋសភា​លោក Kevin McCarthy​ ដើម្បី​ពិភាក្សា​បញ្ហា​ពិដាន​បំណុល នៅ​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី២២ ខែ​ឧសភា ឆ្នាំ​២០២៣។

សមាជិក​សភា​សហរដ្ឋអាមេរិក​កំពុង​ពិនិត្យ​មើលកិច្ចព្រមព្រៀង​មួយ​ ដើម្បី​បង្កើនកម្រិត​ប្រាក់​បំណុល​របស់​សហរដ្ឋអាមេរិក​ នៅមុន​ការបោះឆ្នោត​អនុម័ត​យល់​ព្រម​មួយ ​ដែល​គេ​រំពឹង​ថា ​នឹង​ត្រូវ​ធ្វើ​ឡើង​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ឆាប់ៗ​ខាង​មុខ​នេះ​ ស្រប​ពេល​ដែល​ទាំង​ប្រធានាធិបតីនិង​ប្រធាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក​ បាន​ជំរុញ​ឱ្យ​ពួក​គេ​សម្រេច​យល់​ព្រម​អនុម័ត​កិច្ចព្រមព្រៀង​នេះ។

សេចក្តី​ស្នើ​នេះ​ រួម​មានការ​លើក​លែង​ពិដានបំណុល​រហូតដល់​ខែ​មករា​ ឆ្នាំ​២០២៥ និង​កិច្ចព្រមព្រៀង​ថវិកា​រយៈពេល​២ឆ្នាំ​ ដែល​នឹង​រក្សា​ការ​ចំណាយ​សហព័ន្ធ​ក្នុង​ឆ្នាំ​២០២៤​នៅ​ដដែល ហើយ​នឹង​បង្កើន​ប្រមាណត្រឹម​១ភាគរយ​ក្នុង​ឆ្នាំ​២០២៥។​

នៅ​ក្នុងចំណោមចំណុច​សម្របសម្រួល​ជា​កញ្ចប់​នោះ​ គឺ​ការ​កាត់​បន្ថយមូលនិធិ​ខ្លះទៅលើ​ការ​ជ្រើសរើស​ថ្មី​បន្ថែម​ទៀត​នៃ​ភ្នាក់ងារ​សេវា​ប្រមូល​ពន្ធឬ​ IRS លុប​ចោល​ថវិកា​ចំនួន​៣០​ពាន់​លាន​ដុល្លារ​សម្រាប់​ការ​ជួយ​ទៅលើ​ជំងឺ​កូវីដ១៩​ និង​ធានាថា ពលរដ្ឋ​អាមេរិក​ដែល​មានអាយុ​ចន្លោះពី​៤៩​ទៅ​៥៤​ឆ្នាំ​មាន​លក្ខណៈ​សម្បត្តិការងារ​គ្រប់គ្រាន់​ ក្នុងទទួល​បានជំនួយ​ស្បៀង​អាហារ​ជាដើម។​ ​

លោក​ Biden និង​លោក​ McCarthy ​បាន​ឯកភាព​គ្នាលើ​កិច្ចព្រមព្រៀង​នេះ​កាល​ពី​ថ្ងៃ​អាទិត្យ​ បន្ទាប់​ពី​មាន​ការ​ចរចា​គ្នា​អស់​ពេល​ជា​ច្រើន​សប្តាហ៍​កន្លង​មក​ ក្រោយ​កាល​បរិច្ឆេទ​ចុង​ក្រោយ​នៃ​ថ្ងៃ​កំណត់ការ​បង្កើន​ពិដាន​បំណុល​អាមេរិក​ខិត​កាន់​តែ​ជិត​នៅ​ដើម​ខែ​មិថុនា​ខាង​មុខ​ សម្រាប់​រដ្ឋាភិបាល ដែល​នឹង​ត្រូវ​អស់​លុយ​ដើម្បី​បង់​ថ្លៃ​សេវា​ផ្សេងៗ។

លោក ​Biden បាន​និយាយ​នៅ​សេតវិមាន​ថា​ «កិច្ចព្រមព្រៀង​នេះ​បាន​បញ្ចៀស​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​មួយដែល​អាច​កើត​ចេញ​ពី​ការ​ដែល​រដ្ឋាភិបាល​គ្មាន​លុយ​សង​បំណុល​ ​និង​ជា​លើក​ទី​១​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​សហរដ្ឋ​អាមេរិក។​ កិច្ចព្រមព្រៀង​នេះ​បាន​បញ្ចៀស​ការ​គំរាមកំហែង​ដ៏មហន្តរាយ​មួយ»។

ដោយឡែក​ប្រធាន​រដ្ឋសភា​អាមេរិក​លោក ​McCarthy ដែល​កំពុង​ពិភាក្សា​កិច្ចព្រមព្រៀង​នេះ​នៅ​វិមាន​សភា ​និយាយ​ថា​ «​នៅ​ទី​បំផុតយើង​អាច​ធ្វើ​ការ​នេះ​រួម​គ្នាដើម្បី​ ​ឆ្លងផុត​រឿង​នេះ»។

ខណៈ​ពេល​ដែល​មេដឹកនាំ​សហរដ្ឋ​អាមេរិក​ទាំង​ពីរ​គាំទ្រ​លើ​កិច្ចព្រមព្រៀង​គ្នានេះ​ សមាជិក​សភាបក្ស​ប្រជាធិបតេយ្យ​ដែល​មាន​ទស្សនៈ​ឆ្វេងនិយម​និងគាំទ្រការ​កែ​ទម្រង់​ ក៏​ដូចជា​សមាជិក​សភា​គណបក្ស​សាធារណរដ្ឋស្តាំនិយម​ ក៏​បាន​សម្តែងការ​ប្រឆាំង​របស់​គេភ្លាមៗ​ផង​ដែរកាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ៕​ ​

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP, AFP និង​ Reuters។

XS
SM
MD
LG