មេដឹកនាំជាច្រើននៅជុំវិញពិភពលោកបានប្រើប្រាស់សិទ្ធិសេរីភាពរបស់ខ្លួនដើម្បីធ្វើការវាយតម្លៃទៅលើការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅក្នុងសហរដ្ឋអាមេរិក ដោយមិនបានគិតដល់ថា ប្រទេសរបស់ខ្លួនកំពុងតែមានបញ្ហាសិទ្ធិមនុស្សហើយប្រជាជនរបស់ខ្លួនកំពុងតែរស់នៅរងទុក្ខវេទនា ហើយថែមទាំងប្រើប្រាស់ការបោះឆ្នោតនៅសហរដ្ឋអាមេរិកក្នុងគោលបំណងឃោសនាសំឡេងគាំទ្ររបស់ខ្លួនទៅវិញ។
ថ្លែងកាលពីថ្ងៃអាទិត្យនៅក្នុងសុន្ទរកថាមួយដែលត្រូវបានបញ្ចាំងតាមកញ្ចក់ទូរទស្សន៍នៅក្នុងទីក្រុង Ark ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani បានថ្លែងថា លោកមិនទំនោរទៅលើការបោះឆ្នោតនៅក្នុងសហរដ្ឋអាមេរិកនោះទេ ហើយជម្រើសដែលពលរដ្ឋអាមេរិកាំងមាននោះគឺរវាងបេក្ខជនអាក្រក់ និងបេក្ខជនដែលអាក្រក់ជាងបេក្ខជនដែលអាក្រក់នោះទៅទៀត ដោយលោកសំដៅទៅលើការប្រកួតប្រជែងដណ្តើមតំណែងប្រធានាធិបតីរវាងលោកស្រី Hillary Clinton និងលោក Donald Trump។
លោក Rouhani បានចោទសួរថា៖ «តើអ្នកមានបានទស្សនាការជជែកដេញដោល ហើយនិងរបៀបដែលពួកគេនិយាយ ការដែលពួកគេចោទប្រកាន់និងឌឺដងដាក់គ្នាឬទេ? តើពួកយើងចង់បានលទ្ធិប្រជាធិបតេយ្យរបៀបនេះនៅក្នុងប្រទេសយើងឬយ៉ាងណា? តើពួកយើងចង់បានការបោះឆ្នោតរបៀបហ្នឹងនៅក្នុងប្រទេសយើងដែរឬយ៉ាងណា»? លោកបានបន្តធ្វើអត្ថាធិប្បាយបន្ថែមទៅលើសហរដ្ឋអាមេរិក ដោយបានលើកឡើងថា៖«អាមេរិកអះអាងថាខ្លួនមានលទ្ធិប្រជាធិបតេយ្យតាំងពីជាង២០០ឆ្នាំមុនមកម្លេះ ប៉ុន្តែស្ថានភាពបច្ចុប្បន្នបានបង្ហាញថា ប្រទេសនោះគ្មានសីលធម៌នោះទេ»។
លោក Rohani បានថ្លែងក្នុងអំឡុងពេលមហាសន្និបាតរបស់អង្គការសហប្រជាជាតិកាលពីខែកញ្ញានៅពេលដែលលោកត្រូវបានគេចោទសួរលោក ថាតើលោកមានទំនោរទៅលើបេក្ខជនមួយណា ហើយលោកបានសួរតបទៅវិញថា «តើលោកគួរគាំទ្របេក្ខជនដែលអាក្រក់ ឬបេក្ខជនដែលអាក្រក់ជាងបេក្ខជនដែលអាក្រក់នោះ»?
បេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណៈរដ្ឋលោក Donald Trump ធ្លាប់បានថ្លែងថា លោកនឹងហែកកិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរជាមួយនឹងអ៊ីរ៉ង់ចោល ហើយថ្នាក់ដឹកនាំកំពូលរបស់អ៊ីរ៉ង់លោក Ayatollah Ali Khamenei បានឆ្លើយតបទៅកាន់លោក Trump ថា លោករីករាយនឹងដុតកិច្ចព្រមព្រៀងនោះចោលប្រសិនលោក Trump ចង់ហែកវាចោល៕