បេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ លោក Donald Trump បានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ថា លោកនឹងទទួលយកលទ្ធផលនៃការបោះឆ្នោតថ្ងៃទី៨ ខែវិច្ឆិកា ដោយមានការដាក់លក្ខខណ្ឌ។
«ខ្ញុំនឹងទទួលលទ្ធផលដែលច្បាស់លាស់ ប៉ុន្តែខ្ញុំក៏នឹងរក្សាសិទ្ធិរបស់ខ្ញុំដើម្បីដាក់ពាក្យតវ៉ាតាមផ្លូវច្បាប់ផងដែរ ប្រសិនបើលទ្ធផលនាំឲ្យមានការចោទជាសំណួរ» នេះបើយោងតាមសម្តីរបស់លោក Trump ដែលបានថ្លែងប្រាប់ក្រុមអ្នកគាំទ្រលោក នៅកន្លែងឃោសនារកសំឡេងឆ្នោតមួយនៅក្នុងទីក្រុង Delaware រដ្ឋ Ohio។
ដំបូងឡើយលោក Trump បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកនឹង «ទទួលយកទាំងស្រុងនូវលទ្ធផលនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីដ៏អស្ចារ្យមួយក្នុងប្រវត្តិសាស្ត្រ ប្រើសិនបើលោកឈ្នះ» ប៉ុន្តែក្រោយមកលោកបានបញ្ជាក់ពីគោលជំហររបស់លោកថា លោកនឹងទទួលស្គាល់ដោយរក្សាសិទ្ធិដើម្បីដាក់ការតវ៉ាចំពោះលទ្ធផលឆ្នោត។
លោក Trump និងដៃគូប្រជែងខាងគណបក្សប្រជាធិបតេយ្យគឺលោកស្រី Hillary Clinton កំពុងតែបង្កើនសន្ទុះនៃយុទ្ធនាការរកសំឡេងឆ្នោត មួយថ្ងៃបន្ទាប់ពីលោក Trump បាននិយាយឡើងវិញថា ដំណើរការបោះឆ្នោតមានការលួយបន្លំ ដោយមិនព្រមនិយាយថាលោកនឹងទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនោះទេ៕