នៅក្នុងសហរដ្ឋអាមេរិក មនុស្សចំនួន ១០ លាននាក់ រួមមានយុវវ័យក្មេងៗ និងអ្នកចូលសញ្ជាតិអាមេរិក ដែលមិនទាន់មានសិទ្ធិបោះឆ្នោតកាលពីឆ្នាំ ២០១២ ឥឡូវនេះ ពួកគេមានសិទ្ធិគ្រប់គ្រាន់ក្នុងការបោះឆ្នោតរើសប្រធានាធិបតីសហរដ្ឋអាមេរិកនាឆ្នាំ ២០១៦ នេះហើយ។
ពួកគេជាក្រុមមនុស្សចម្រុះជាតិសាសន៍ ដែលនេះបង្ហាញឲ្យឃើញពីសហរដ្ឋអាមេរិក ដែលជាប្រទេសមួយកកើតឡើងដោយសារជនអន្តោប្រវេសន៍។ ពួកគេក៏ជួបប្រទះនឹងបញ្ហាផ្សេងៗគ្នាជាច្រើនផងដែរ។ ដូច្នេះ វាមិនមែនជាការចម្លែកទេ ដែលពួកគេមានទស្សនៈផ្សេងៗគ្នាអំពីអ្វីដែលធ្វើឲ្យសហរដ្ឋអាមេរិកអស្ចារ្យ និងអំពីអ្វីដែលប៉ះពាល់ដល់សហរដ្ឋអាមេរិកនោះ។
នៅទូទាំងសហរដ្ឋអាមេរិក មនុស្សពេញវ័យ ដែលមានអាយុចន្លោះពី ១៨ ឆ្នាំ ដល់ ២៩ ឆ្នាំ ជាចំនួនភាគច្រើននៃអ្នកដែលទើបនឹងមានសិទ្ធិបោះឆ្នោតលើកដំបូង ដែលចំនួននេះស្មើនឹង ៦២ ភាគរយ នៃចំនួនអ្នកបោះឆ្នោតលើកដំបូងនៅក្នុងឆ្នាំ ២០០៨។ ប៉ុន្តែ ពួកគេទាំងនេះ ជាក្រុមអ្នកបោះឆ្នោតដែលមិនសូវចាប់អារម្មណ៍ចំពោះការចុះឈ្មោះបោះឆ្នោត និងទៅបោះឆ្នោតនៅថ្ងៃបោះឆ្នោតនោះទេ ទោះបីជាពួកគេបានចុះឈ្មោះរួចទៅហើយ។
ទោះជាយ៉ាងណាក៏ដោយ ក៏មានយុវជនសកម្មផ្នែកនយោបាយមួយចំនួន ដែលជាអ្នកបោះឆ្នោតលើកដំបូងផងដែរ។
នាង Elle Rogers ដែលជាយុវជនមានសិទ្ធិបោះឆ្នោតលើកដំបូង បាននិយាយថា៖ «ការបោះឆ្នោតគឺជាវិធីមួយដែលក្រើនរំឭកដល់មេដឹកនាំរបស់ពួកយើងថា ពួកគេមានការទទួលខុសត្រូវចំពោះពួកយើង ដែលជាប្រជាពលរដ្ឋ។ ពួកគេទទួលបានភាពស្របច្បាប់នៃការដឹកនាំរបស់ពួកគេតាមការឯកភាពជារួមរបស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត»។
កាលពីឆ្នាំ ២០១២ ជនជាតិអាមេរិកាំងដើមកំណើត Hispanic និងជនជាតិអាមេរិកាំងដើមកំណើតអាស៊ី ត្រូវបានគេកត់ត្រាថា ជាក្រុមស្ថិតក្នុងចំណោមក្រុមដែលចេញទៅបោះឆ្នោតតិចជាងគេបំផុត៕